ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេច​ ដាឡៃ ឡាម៉ា​ ប្រកាស​ចុះចេញ​ពី​តំណែង​ មេដឹកនាំ​នយោបាយ


សម្តេចសង្ឃ​ ដាឡៃ​ ឡាម៉ា​នៃប្រទេសទីបេត៍ នៅ​ទី​ក្រុង​ធម្ម​សាលា​ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១០​ខែ​មិនា​ ឆ្នាំ​២០១១។
សម្តេចសង្ឃ​ ដាឡៃ​ ឡាម៉ា​នៃប្រទេសទីបេត៍ នៅ​ទី​ក្រុង​ធម្ម​សាលា​ ប្រទេស​ឥណ្ឌា នៅ​ថ្ងៃ​ទី​១០​ខែ​មិនា​ ឆ្នាំ​២០១១។

នៅ​ក្នុង​ការវិវឌ្ឍ​ដែល​គេ​បាន​រំពឹងទុក​ជា​មុន​មួយ​ សម្តេចសង្ឃ​ដាឡៃ​ ឡាម៉ា​បាន​ប្រកាស​អំពី​ការសម្រេច​របស់​ព្រះអង្គដែល​ថា​ព្រះអង្គ​នឹង​ចុះចេញ​ពី​តំណែងជា​អ្នកដឹកនាំ​នយោបាយ​នៃ​ចលនា​និរទេស​ខ្លួន​ទីបេ។​ ប្រទេសចិន​បាន​ហៅ​ សេចក្តី​ប្រកាស​នោះ​ ថា​ជា​’កលល្បិច’​មួយ។

សម្តេចសង្ឃ​ ដាឡៃ​ ឡាម៉ា​ មាន​បន្ទូល​ថា​ ពេល​វេលា​បាន​មក​ដល់​ហើយ​ដើម្បី​ផ្ទេរ​តួនាទី​នយោបាយ​របស់​ព្រះអង្គ​ទៅ​ឲ្យ​មេដឹកនាំ​ថ្មី​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ទីបេ​បោះឆ្នោត​ជ្រើសរើស​ដោយ​សេរី​នោះ។

សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ មាន​បន្ទូល​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពិធី​ខួប​ការបះបោរ​ដែល​បរាជ័យ​នៅ​ក្នុង​ឆ្នាំ​១៩៥៩​ ប្រឆាំង​នឹង​ការត្រួតត្រា​របស់​ប្រទេស​ចិន។​ ពិធី​ខួប​ការ​បះបោរ​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ក្រុង​ តារ៉ាមសាលា​(Dharamsala)​ ដែល​ឋិត​នៅ​ភាគខាងជើង​ប្រទេស​ឥណ្ឌា​ ជា​ទី​ដែល​មេដឹកនាំ​និរទេស​ខ្លួន​ទីបេ​ បាន​រស់នៅ​ ចាប់តាំងពី​បាន​ភៀស​ខ្លួន​ពី​មាតុភូមិ​របស់​ព្រះអង្គ​កាលពី​ជាង​កន្លះ​សតវត្សរ៍​កន្លង​ទៅ​នេះ។

សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ ដែល​មាន​ព្រះជន្មាយុ​ ៧៦​ ព្រះវស្សា​ បាន​មាន​បន្ទូល​ថា​ សេចក្តី​ប្រាថ្នា​របស់​ព្រះអង្គ​ ដើម្បី​ផ្ទេរ​អំណាច​នយោបាយ​ គឺ​គ្មាន​ការពាក់ព័ន្ធ​ទៅ​នឹង​ការ​គេច​វេស​ពី​ការទទួលខុសត្រូវ​នោះ​ទេ​ ក៏ប៉ុន្តែ​ គឺ​មាន​គោលបំណង​រក​ផល​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទីបេ​សម្រាប់​រយៈ​ពេលយូរ។

សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ ដែល​បាន​ស្វះស្វែង​រក​ឯករាជ្យភាព​សម្រាប់​ទីបេ​ពី​ប្រទេសចិន​នោះ​ មាន​បន្ទូល​ថា​ ព្រះអង្គ​នៅតែ​ប្តេជ្ញា​ថា​ នឹង​បន្ត​តួនាទី​របស់​ព្រះអង្គ​សម្រាប់​បុព្វហេតុ​សេរីភាព​ទីបេ។

ការប្រកាស​របស់​ព្រះអង្គ​នេះ​ ត្រូវ​បាន​គេ​រំពឹងទុក​ជាទូទៅ​ ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​វិធី​មួយ​ដើម្បី​បង្កើត​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ស្ថិរភាព​ ដែល​អាច​រក្សា​សហគមន៍​ទីបេ​ឲ្យ​នៅ​ជា​ធ្លុង​មួយ។

សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​មាន​បន្ទូល​ថា​ ចាប់តាំងពី​ដើម​ទសវត្សរ៍​១៩៦០​មក​ ព្រះអង្គ​បាន​រៀបចំ​កំណែទម្រង់​ ដើម្បី​នាំ​ប្រជាពលរដ្ឋ​ទីបេ​ឆ្ពោះ​ទៅ​រកមាគ៌ា​លទ្ធិ​ប្រជាធិបតេយ្យ។

សម្តេច​សង្ឃ​ដាឡៃ​ ឡាម៉ា​បាន​ផ្ទេរ​អំណាច​នយោបាយ​ដោយ​សន្សឹមៗ​ទៅ​ឲ្យ​រដ្ឋបាល​ប្រជាធិបតេយ្យ ខណៈដែល​ព្រះអង្គ​រក្សា​តួនាទី​ដ៏សំខាន់​របស់​ព្រះអង្គជា​មេដឹកនាំ​សាសនា​នៃ​ចលនា​ទីបេ។

បាស្ហខា រ៉យ(Bhashkar Roy) ជា​អ្នកវិភាគ​អំពី​នយោបាយ​និង​ប្រទេសចិន​នៅ​ទីក្រុង​ញូឌេលី។​ លោក​ បាន​និយាយ​ថា​ ការវិវឌ្ឍ​របស់​សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​និរទេស​ខ្លួន​ទីបេ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ តារ៉ាមសាលា​ មាន​ការពឹងផ្អែក​លើ​ខ្លួន​ឯង​ជាង​ពេល​មុន។

«ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់​ នោះ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​មួយ។​ នោះ​ជា​វិធី​ ធ្វើ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ទីបេ​មានទំនើបកម្ម។​ ហើយ​នោះ​ជា​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​នេះ​ មាន​អំណាច​ថែម​ទៀត»។

នៅ​ឯ​ទីក្រុង​ប៉េកាំង​វិញ​ អ្នកស្រី​ ជាង​ យុ​ (Jiang Yu)​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន​ បាន​ពិព័ណ៌នា​ថា​ ការវិវឌ្ឍ​របស់​សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ គឺ​ជា​ ’កលល្បិច’​មួយ។

អ្នកស្រី​ថ្លែង​ថា​ សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ បាន​មាន​បន្ទូល​អំពី​ការចូលនិវត្តន៍​នេះ​ ពីរ​ បី​ឆ្នាំ​មក​ហើយ​ ហើយ​ការប្រកាស​នោះ​ មាន​ន័យ​ថា​ ជា​ការ​បោកប្រាស់សហគមន៍​អន្តរជាតិ។

អ្នកស្រី​ ជាង​ បាន​ហៅ​ព្រះអង្គ​ថា​ ជា​អ្នក​នយោបាយ​និរទេស​ខ្លួន​ដោយ​គ្រង​ស្បង់​ជីពរ​មួយ​រូប​ ដែល​ឥឡូវ​នេះ​ ចូល​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ដែល​មាន​គោលបំណង​បំបែកបំបាក់​ប្រទេស​ចិន។

ប្រទេសចិន​បាន​បន្ទោស​ សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ ចំពោះ​ការកកូរ​កកាយ​ធ្វើ​ឲ្យ​គ្មានភាពស្ងប់សុខ​ក្នុង​ដែនដី​ទីបេ​ និង​ចោទ​អ្នក​ដែល​គាំទ្រ​ព្រះអង្គ​ថា​ គាំទ្របាតុកម្ម​ហិង្សា​ប្រឆាំង​នឹង​ចិន​ ដែល​មាន​នៅ​ក្នុង​ទីបេ​កាលពី​បី​ឆ្នាំ​មុន។

នៅ​ក្នុង​សុន្ទរកថា​របស់​ព្រះអង្គ​ សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ បាន​អំពាវនាវ​ឲ្យ​ចិន​ធ្វើការ​អភិវឌ្ឍ​ឲ្យ​មានតម្លាភាព​ថែម​ទៀត​ ដើម្បី​បាន​ទទួល​ការគោរព​ និង​ទំនុកចិត្ត​ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ។​ ដោយ​ហៅ​ចិន​ ថា​ជា​ប្រទេស​មួយ​ដែល​ងើប​ឡើង​ជា​ប្រទេស​មាន​អំណាច​មួយ​ក្នុង​ពិភពលោក​ ព្រះអង្គ​បាន​មាន​បន្ទូល​ថា​ រដ្ឋាភិបាល​ក្រុងប៉េកាំង​ មាន​សក្តានុពល​យ៉ាងខ្លាំង​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ដំណើរការ​មនុស្សធម៌​ និង​សន្តិភាព​ក្នុង​ពិភពលោក។

សម្តេច​សង្ឃ​ ដាឡៃ​ ឡាម៉ា​ បាន​មាន​បន្ទូល​ថា​ ព្រះអង្គ​នឹង​ចាប់ផ្តើម​ដំណើរការ​ដក​ថយ​ពី​តួនាទី​របស់​ព្រះអង្គ​ នៅ​ពេល​ដែល​រដ្ឋាភិបាល​និរទេស​ខ្លួន​ទីបេ​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

ការវិវឌ្ឍ​នេះ​ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទីបេ​ខ្លះ​មាន​ការព្រួយបារម្ភ​ ពីព្រោះ​គ្មាន​នរណាម្នាក់​មាន​ឋានៈ​ និង​ឥទ្ធិពល​ដូច​សម្តេច​សង្ឃ​ដាឡៃ​ ឡាម៉ា​ទេ៕

ប្រែ​សម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់

XS
SM
MD
LG