ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រមូល​មូលនិធិ​ពី​សាធារណជន​សម្រាប់​ធ្វើ​​អាជីវកម្ម​កំពុង​កើន​ឡើង​នៅ​ទ្វីប​អាហ្រ្វិក


សហគ្រិន Marion Moon បាន​ងាក​មក​រក​មូលនិធិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ចាប់​ដំណើរ​ការ​ក្រុមហ៊ុន​ជីសរីរាង្ក​របស់​នាង (រូបថត​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥)។
សហគ្រិន Marion Moon បាន​ងាក​មក​រក​មូលនិធិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដើម្បី​ចាប់​ដំណើរ​ការ​ក្រុមហ៊ុន​ជីសរីរាង្ក​របស់​នាង (រូបថត​កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥)។

អាជីវកម្ម​ថ្មោង​ថ្មីនៅ​ក្នុង​ទ្វីប​អាហ្វ្រិក​ជា​ញឹកញាប់​ បានត្អូញត្អែរ​អំពី​ធនាគារ​ដែល​គ្មាន​ឆន្ទៈ​ក្នុង​ការ ផ្តល់​ប្រាក់​កម្ចី​ដល់​ពួក​គេ។ ដោយសារ​អវត្ដមាន​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​នេះ​ ជា​រឿយៗ​ អាជីវកម្ម​ខ្នាត​តូច​បាន​ប្រើ​មូលនិធិ​ចេញ​ពី​ខ្លួន​ពួក​គេ​ផ្ទាល់​ ដូចជា​តាមរយៈ​ប្រាក់​សន្សំ​និង​ដើមទុន​ពី​មិត្តភក្តិ​ និង​ក្រុម​គ្រួសារ។ ក៏​ប៉ុន្តែ គោលការណ៍​ប្រមូល​មូលនិធិ​ពី​សាធារណជន​ (Crowdfunding) កំពុង​តែ​បំពេញ​គម្លាត​ហិរញ្ញវត្ថុ​បាន​យ៉ាង​ច្រើន​ និង​អាច​ស្រោចស្រង់អាជីវកម្ម​ថ្មោងថ្មីឲ្យ​មាន​ដំណើរការ​ឡើង​វិញ​ក្នុងទ្វីប​អាហ្រ្វិ​ក។

អ្នកស្រី ​Mira Mehta គឺជា​សហស្ថាបនិក​នៃ​កុ្រមហ៊ុន Tomato Jos ​ដែល​ជា​ក្រុមហ៊ុន​កសិកម្ម​ជួយ​ជ្រោមជ្រែង​ដល់​កសិករ​ដាំ​ប៉េងប៉ោះ​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ តាមរយៈ​ការ​ប្រើប្រាស់​កម្មវិធី​ Kickstarter ដែល​បាន​អះអាង​ថា​ ជា​កម្មវិធីផ្តល់​មូលនិធិ​តាមរយៈ​ការ​ប្រមូល​មូលនិធិ​ពី​សាធារណជន​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ​កុ្រមហ៊ុន ​Tomato Jos​ ប្រមូល​បាន​មូលនិធិ​រហូត​ដល់​ទៅ​៥៥.០០០ដុល្លារ។

ក្រុម​វិនិយោគិន​ដែល​មាន​ធនធាន​នឹង​ឥទ្ធិពល​ បាន​សន្យា​ផ្តល់​ប្រាក់​២៣០.០០០ដុល្លារ​បន្ថែម​ទៀត ដល់​កុ្រមហ៊ុន ​Tomato Jos នៅ​ខាង​ក្រៅ​កម្មវិធី​នេះ។ អ្នកស្រី ​Mehta ​បាន​ប្រាប់វីអូអេ ​ពី​ទី​ក្រុង​អាប៊ូចា (Abuja) ប្រទេសនី​ហ្សេរីយ៉ា៖

«វា​បាន​ធ្វើ​ឲ្យ​មាន​លក្ខណៈ​ស្រប​ច្បាប់​ដល់​វិនិយោគិន​ដែល​មាន​ធនធាន​នឹង​ឥទ្ធិពលរបស់​យើង។ យើង​បាន​និយាយ​ថា​ អ្នក​ដឹង​ទេ! មនុស្ស​ពី​៥០០ ​ទៅ​ ៦០០​នាក់ ​មាន​ឆន្ទៈ​ក្នុង​ការ​ប្រគល់​ថវិកា​ឲ្យ​ពួក​យើង ​ដោយ​មិន​ទាមទារ​យក​តម្លៃ​ភាគហ៊ុន​ទេ។ នេះ​ ក៏ដោយសារ​តែ​ពួកគេ​គិត​ថា វា​ជា​គំនិត​ដ៏​ល្អ​មួយ។ អ្នក​វិនិយោគិន​ជា​លក្ខណៈ​ប្រពៃណី​បាន​និយាយ​ថា​ ពួកគេ​នឹង​មិន​ទទួល​ឥទ្ធិពល​អ្វី​ពី​រឿង​បែប​នេះ​ទេ តែ​ខ្ញុំ​គិត​ថា ​នេះ​គឺ​ជាការ​មិន​ចាញ់​មិន​ឈ្នះ​មួយ»។

ការ​ប្រមូល​មូលនិធិ​ពី​សាធារណជន​ទទួល​បានភាព​ជោគជ័យ​ដ៏​ធំ​ធេង​ នៅ​ក្នុង​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប។ នៅ​ក្នុង​ឆ្នាំ២០១៤ ​កម្មវីធី​ Kickstarter ​បាន​ប្រមូល​មូលនិធិ​បាន​ចំនួន​៥២៩លាន​ដុល្លារ ​សម្រាប់អនុវត្ត​គម្រោង​ចំនួន​ជាង​២២.០០០​គម្រោង។

ដូច្នេះ តើ​មូលនិធិ​នេះ​ដំណើរ​ការ​យ៉ាង​ដូចម្តេច? អាជីវកម្មដែល​ទើប​ចាប់ផ្តើម​ថ្មី​មួយ​ផ្សព្វផ្សាយ​គម្រោង​របស់​ខ្លួន​ តាមរយៈ​បណ្តាញ​អ៊ីនធឺណិត ហើយ​អ្នកគាំទ្រ​គម្រោង​នោះ​សន្យា​ផ្តល់ថវិកា ទោះ​បីជា​គម្រោងនោះ​ មិនមែន​ដើម្បី​រក​ប្រាក់​ចំណេញ​ក៏ដោយ។ ផ្ទុយ​ទៅ​វិញ អ្នក​បង្កើត​គម្រោង​ទាំងនោះ ​ផ្តល់​ជា​រង្វាន់​ដើម្បី​អរគុណ​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន។

នៅ​ក្នុង​ទីផ្សារដែលទើប​តែ​ងើបឡើង​ក្នុង​ទ្វីប​អាហ្រ្វិក ធនាគារ​ជា​ធម្មតា​មិន​ផ្តល់​ប្រាក់​កម្ចី​ទៅ​ដល់​អាជីវកម្ម​ថ្មី​ៗ​ទេ​ ដោយសារ​តែវត្ថុ​បញ្ចាំ​មាន​កម្រិត​ទាប និងមាន​ហានិភ័យ​ខ្ពស់​ដែល​អាជីវកម្ម​ទាំង​នោះ​មិនអាច​សងបំណុល។ នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​របស់​ទ្វីប​អាហ្រ្វិក ​មានសហគ្រាស​ខ្នាត​តូច​និង​មធ្យម​ (SME) តែ​១៤​ភាគរយ​ប៉ុណ្ណោះ​ដែលទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ ​ឬ​ទទួល​បាន​លទ្ធភាព​ដក​បា្រក់​លើស​ពី​ចំនួន​ទឹកប្រាក់​ដែល​ពួគ​គេ​មាន។ នេះ​បើ​យោង​តាមរបាយការណ៍​របស់​ធនាគារ​ពិភពលោក។

ការប្រមូល​មូលនិធិ​ពី​សាធារណជនកំពុង​តែ​បំពេញ​គម្លាត​ផ្នែក​ហិរញ្ញវត្ថុ​បាន​កាន់​តែ​ប្រសើរ​ឡើង​។

នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​ លោក Patrick Schofield ​បាន​ចូល​រួម​ស្ថាបនា​ក្រុមហ៊ុន​ Thundafund មួយ​ដើម្បី​ជួយ​ជំរុញ​ភាព​ច្នៃ​ប្រឌិត​និង​ភាព​ជា​សហគ្រិន​នៅ​ក្នុង​ទី្វប​អាហ្វ្រិក។ ចាប់​តាំង​ពី​ការ​បើក​ដំណើរការ​នៅ​ក្នុង​ឆ្នាំ២០១៣​មក ​ក្រុមហ៊ុន​ Thundafund ​ប្រមូល​មូលនិធិ​បាន​ជិត​ ៣៦៥.០០០ដុល្លារ​សម្រាប់​គម្រោង​ចំនួន​១១៧។

«មិន​មែន​តែ​គម្លាត​ថវិកា​ទេ​ដែលជាបញ្ហា​នោះ​ តែ​ការ​ព្យាយាម​ស្វែង​យល់​ ថា​តើ​គំនិត​មួយ​មាន​តម្លៃ​ដែល​គួរ​តែ​ជំរុញ​បន្ត​ទៅ​មុខឬ​ក៏​អត់​នោះ​ ក៏​ជាបញ្ហា​ដែរ។ អ្នក​បាន​ឃើញអត្រា​នៃ​ការ​បរាជ័យ​ខ្ពស់ សម្រាប់​សហគ្រាស​ថ្មីៗ​ដែល​ទើប​តែ​បាន​បើក​ដំណើរ​ការ។ តែ​ក្នុង​ចំណោម​សហគ្រាស​ថ្មីៗ​ទាំង​អស់​នោះ​ មាន​សហគ្រាស​មិន​ដល់៣០​ភាគរយ​ផង​ដែល​អតិថិជន​ត្រូវ​ការ​ ឬ​អាច​ទាក់ទាញ​តម្រូវការ​នៅ​លើ​ទី​ផ្សារ។ តាម​ពិត​ទៅ​ មូលនិធិ​ពី​សាធារណជន​គឺ​ជា​វិធី​មួយ​ដ៏​មាន​ប្រសិទ្ធភាព​ខ្លាំង​ណាស់ ក្នុង​ការ​សាកល្បង​គំនិត​ថ្មី​មួយ​ឬ​ផលិតផល​ថ្មីមួយ ​តាមរយៈ​ការ​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អ្នកប្រើប្រាស់ ជាជាង​និយាយ​ទៅ​កាន់​ពួក​វិនិយោគិន »។

កម្មវិធី​មួយ​ផ្សេង​ទៀត​ឈ្មោះ​ LelapaFund ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​អាណិក​ជន​អាហ្វ្រិក។ ចំពោះ​អ្នក​ដែល​ចាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ទីផ្សារ​កំពុង​រីក​ចម្រើន​ប៉ុន្តែ​នៅ​តែ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ហានិភ័យ​លើ​ការ​ចំណាយ​ពាក់ព័ន្ធ​ផ្សេងៗ​នោះ ការ​វិនិយោគ តាមរយៈ​ការ​ប្រមូល​មូលនិធិ​ពី​សាធារណជន ​គឺ​ជា​ការ​ព្រងព្រៀង​គ្នា​ដ៏​ល្អ​មួយ​។ នេះ​បើ​យោង​តាម​ប្រសាសន៍របស់​លោក ​Elizabeth Howard​ ដែល​ជា​សហស្ថាបនិក​កម្មវិធី​ LelapaFund ​មាន​ប្រសាសន៍​ពី​ទីក្រុង​ប៉ារីស។

«យើង​ចង់​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​សម្រាប់​អាណិកជន​អាហ្រ្វិក​ ដើម្បី​វិនិយោគ​នៅ​ក្នុង​វិស័យ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ នៅ​ក្នុង​មាតុ​ប្រទេស​របស់​ពួកគេ ​ដោយ​យើង​មាន​សម្មតិកម្ម​មួយ​ថា ​ពួក​វិនិយោគិន​ល្អ​បំផុត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក​គឺ​ជនជាតិ​អាហ្វ្រិក​ខ្លួន​ឯង»។

ក៏ប៉ុន្តែ​គម្រោង​ជា​ច្រើន​ត្រូវ​តែ​ប្រកួត​ប្រជែង​ជាមួយ​នឹង​គម្រោងរាប់​ពាន់​ផ្សេង​ទៀត​ដើម្បី​ទទួល​បាន​មូលនិធិ។ បន្ថែម​ពី​លើ​នេះ​ ថវិកា​ដែល​ប្រមូល​បាន​នៅ​ក្នុង​ប្រទេស​មួយចំនួន ​ដូចជា​សហរដ្ឋអាមេរិក​ជា​ដើម​ ត្រូវ​ការ​ការ​ចំណាយ​ខ្ពស់​និង​មាន​ការ​លំបាក​ក្នុង​ការ​ផ្ទេរ​ថវិកា​ទាំង​នោះ​ទៅ​ឲ្យដៃគូ​ម្ខាង​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក។

អ្នក​ស្រី Mira Mehta ​មាន​ប្រសាសន៍​ថា​ កម្មវិធី​មូលនិធិ​ពី​សាធារណជន​ អាច​បង្កើត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ដល់​សាធារណជន​ និង​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​អាជីវកម្ម​ថ្មីៗ​ទាំង​ឡាយ​ ក៏ប៉ុន្តែ​ នេះ​មិនមែន​មាន​ន័យ​ថា​ វាអាច​ទទួល​បាន​ថវិកា​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។

«យើង​អាច​ត្រឹម​តែ​កំណត់​គោលដៅ​ដ៏​ខ្ពស់​មួយ ពីព្រោះ​យើង​មាន​ភាព​ប្រាកដ​ប្រជា​ខ្លាំង​ណាស់​ថា យើង​នឹង​អាច​សម្រេច​គោលដៅ​នោះ​បាន​នៅ​ក្នុង​បណ្តាញ​របស់​យើង។ ខ្ញុំ​គិត​ថា ​មិន​មាន​សហគ្រិន​ច្រើន​ទេ​ដែល​បាន​ពិចារណា​ដូច្នេះ។ ពួកគេ​ប្រហែល​ជា​គិតថា កម្មវិធី​នេះ​ នឹង​រាលដាល​ពីមួយ​ទៅ​មួយ​យ៉ាង​ឆាប់​រហ័ស។ តើ​អ្នក​គិត​ថា​ នៅ​ក្នុង​បណ្តាញ​នៃ​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​អ្នក​ស្គាល់​ជា​លក្ខណៈ​បុគ្គល អ្នក​អាច​ប្រមូល​ថវិកា​ទាំងនេះ​បាន​ទេ? ហើយ​ប្រសិន​បើ​អ្នក​មិន​អាច​ធ្វើ​បាន បរាជ័យ​នេះ​អាច​រីក​ដាល​ដល់​គម្រោង​ដទៃ​ផ្សេងទៀត។ នេះ​ហើយជា​ផ្នែក​មួយ​នៃ​មូលហេតុ​ដែល​គម្រោង​ជា​ច្រើន​បាន​បរាជ័យ។ មហាជន​ពិត​ជា​មិន​បាន​គិត​ពិចារណា​ ថា​តើ​ថវិកា​ទាំង​នោះ​បាន​មក​ពី​ប្រភព​ណា​នោះ​ទេ»។

បើទោះជា​មាន​ហានិភ័យ​យ៉ាង​ណាក៏​ដោយ ​ការ​ប្រមូល​មូល​និធិ​ពីសាធារណជន​អាច​មានការវិវត្ត​ទៅមុខ​សម្រាប់​គម្រោង​ដែល​មាន​ឥទ្ធិពល​ដល់​សង្គម​និង​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីប​អាហ្រ្វិក៕

ប្រែសម្រួល​ដោយ ហង្ស វុទ្ធិកា

XS
SM
MD
LG