ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អា្រហ្វិកខាងត្បូងថ្លែង​ថា​​​ភាព​ខ្វះ​​សេចក្តី​ថ្លៃថ្នូរធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែងដើម្បី​ឲ្យ​​មាន​បង្គន់​អនាម័យ


នៅក្នុង​សហគម ដៀពស្លូត (Diepsloot) ដែល​ជាទីក្រុង​ក្រីក្រ​មួយ នៅភាគខាងជើង​នៃ​ជាយ​រដ្ឋធានី ចូហាននែសប័ក (Johannesburg) អ្នកដែលរស់នៅទីនោះ ត្រូវ​ប្រើប្រាស់​បង្គន់​មួយរួម​គ្នា​​ជាមួយ​មនុស្ស​៣០នាក់។
នៅក្នុង​សហគម ដៀពស្លូត (Diepsloot) ដែល​ជាទីក្រុង​ក្រីក្រ​មួយ នៅភាគខាងជើង​នៃ​ជាយ​រដ្ឋធានី ចូហាននែសប័ក (Johannesburg) អ្នកដែលរស់នៅទីនោះ ត្រូវ​ប្រើប្រាស់​បង្គន់​មួយរួម​គ្នា​​ជាមួយ​មនុស្ស​៣០នាក់។
ដោយ Solenn Honorine
ប្រែសម្រួល​ដោយ ឌី ខាំបូលី
នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង (South Africa) ប្រជាពលរដ្ឋ​ពីរលាននាក់ ដែល​កំពុង​រស់នៅ​ក្នុង​លំនៅស្ថាន​ក្រៅផ្លូវការ នៅតែមាន​លទ្ធភាព​តិចតួចក្នុងការទទួលបាន​សេវាកម្ម​មូលដ្ឋាន​ ​ដូចជា ការផ្គត់ផ្គង់ទឹក ចរន្ត​អគ្គិសនី និង​អនាម័យជាដើម។ បញ្ហា​នេះ​មាន​លក្ខណៈ​ស្រួចស្រាវ​ខ្លាំងណាស់ ដែលបាន​បង្កឱ្យមាននូវអ្វី​ដែល​ត្រូវបាន​ហៅថា «ការ​តវ៉ា​ដើម្បី​ឲ្យមានការផ្គត់ផ្គង់​សេវាកម្ម» ត្រូវបាន​ធ្វើឡើង​ជាទៀងទាត់​នៅទូទាំងប្រទេស។ នៅក្នុង​សហគម ដៀពស្លូត (Diepsloot) ដែល​ជាទីក្រុង​ក្រីក្រ​មួយ នៅភាគខាងជើង​នៃ​ជាយ​រដ្ឋធានី ចូហាននែសប័ក (Johannesburg) អ្នកដែលរស់នៅទីនោះ ត្រូវ​ប្រើប្រាស់​បង្គន់​មួយរួម​គ្នាជាមួយ​មនុស្ស​៣០នាក់។ ប៉ុន្តែ ដូចដែលអង្គការ​តូចមួយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​សហគម​បាន​រកឃើញ រដ្ឋាភិបាល​មិនមែន​ជា​តួអង្គ​តែមួយគត់ ដែល​ត្រូវ​ស្តីបន្ទោស​ចំពោះ​សេវាកម្មដ៏​យ៉ាប់​យ៉ឺននេះ​ទេ។ ការខ្វះខាត​នូវ​សេចក្តី​ថ្លៃថ្នូរ​នៅក្នុង​ទីក្រុងនេះ ក៏កំពុង​ធ្វើ​ឲ្យ​ខូច​ដល់​កិច្ចខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជីវិត​របស់​ប្រជាពលរដ្ឋ​ផងដែរ។
លោក ឡាក់គី មែនយីស៊ី (Lucky Manyisi) ពិនិត្យមើលអ្វី​ដែល​គាត់ហៅថា «យុត្តាធិការ» របស់​លោក។ សហគម​ដៀពស្លូត ផ្នែកទី១ ៖ សិស្សានុសិស្សនៃសហគម​នេះ​ដែល​កំពុង​សើច​ក្អាកក្អាយ​ កំពុង​សប្បាយ​ជាមួយនឹង​វិស្សមកាល​រដូវក្តៅ​របស់​ពួកគេ ខ្ទម​បណ្តោះអាសន្ន​របស់​ពួកគេ ផ្លូវដែលមិនទាន់​ឈូសឆាយ​របស់​ពួកគេ ដែល​នៅទីនោះ ថ្មស្រួចៗ​លានចេញ​មក។ ប៉ុន្តែ ការផ្តោត​ការយកចិត្ត​ទុកដាក់​របស់​គាត់ ដែល​ជា​ការងារស្នូល​របស់​គាត់ និង​ជាកាតព្វកិច្ច​របស់​គាត់​ចំពោះ​សហគម គឺជា​ប្រអប់មានពណ៌​ភ្លឺថ្លា ដែល​បង្កើតបាន​ជាចំណុច​នៅលើ​ផ្លូវ​នៃ​សហគម​នេះ។ ទាំងនោះ​គឺជា​បង្គន់។
«ដូចដែលអ្នក​អាចឃើញ មាន​ការបែកបាក់​បន្តិចបន្តួចដែរ​ ដែល​ត្រូវការ​ការយកចិត្ត​ទុកដាក់​ពី​យើង។ យើងមិនចង់​ឃើញ​ការបែក​បាក់​នេះទេ ពីព្រោះ​វាជា​ការខ្ជះខ្ជាយ​ទឹក។ បន្ទាប់មក យើង​ត្រូវតែ​ធានា​ឱ្យបាន​ច្បាស់​ថា យើង​សម្អាត​ទីនេះ យើង​ជួសជុល​ការបែកបាក់នេះ ហើយ​បន្ទាប់មក អ្វី​ៗ​ទាំង​អស់​នឹង​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ»។
នៅក្នុង​សហគម ដៀពស្លូត ដែល​ជាទីក្រុង​ថ្មី​បំផុត​មួយនៅជុំវិញ​រដ្ឋធានី ចូហាននែសប័ក ដែលបង្កើត​បាន​ជាការរស់នៅ បន្ទាប់​ពីការ​ដួលរលំ​នៃ​របប​អាផាថេត (apartheid) កាលពី​ជិត​១៩​ឆ្នាំ​មុន រដ្ឋាភិបាល​បាន​តំលើង​បង្គន់​ ព្រម​ទាំងប្រព័ន្ធ​ទឹក។ ប៉ុន្តែ លោក ឡាក់គី និយាយ​ថា មិនមាន​អ្នកណា​ម្នាក់មកថែរក្សា​បង្គន់​និង​ប្រព័ន្ធ​ទឹក​ទាំងនេះ​ទេ។ ដូច្នេះ កាលពី​ពីរ​ឆ្នាំមុន​ លោក​បាន​ប្រមូល​អ្នកស្ម័គចិត្ត​ប្រហែល​២៤នាក់ ដើម្បី​ចាប់យក​ការងារ​ដ៏​សមសួនមួយ គឺ​ការជួសជុល​បង្គន់។
រហូតមកដល់ពេល​ឥឡូវនេះ លោក​ ឡាក់គី គឺជា​មនុស្ស​ម្នាក់​នៅក្នុង​ចំណោម​មនុស្ស​៥នាក់ ដែល​ប្រកាន់ខ្ជាប់​នូវ​បេសកកម្ម​របស់​ខ្លួន ដោយ​ទទួល​បាន​នូវ​តម្លៃ​តបស្នងជាមូលដ្ឋាន​ចំនួន​១៥០​រ៉ង់ ឬ​ស្មើនឹង១៧​ដុល្លា​សហរដ្ឋអាមេរិក​ក្នុង​មួយថ្ងៃ​ធ្វើការ។ លោក​ ឡាក់គី ដែល​ជា​សមាជិក​របស់​គណបក្ស​កាន់អំណាច ដែល​ហៅកាត់ថា​គណបក្ស ANC ធ្លាប់ត្រូវបាន​បោះឆ្នោតជ្រើសរើស​ជាអគ្គលេខាធិការ សម្រាប់​សង្កាត់​នេះ។ លោក​និយាយ​ថា ការងារ​ថ្មី​របស់​លោកគឺជា​ការបង្ហាញ​មួយទៀតអំពី​ការលះ​បង់​របស់​លោកចំពោះ​សហគម​របស់​លោក។
«កាលពីសប្តាហ៍មុន ខ្ញុំ​បានចូលរួម​នៅក្នុង​សន្និសីទ​មួយទៀត ជាមួយ​នឹង​រោងចក្រទឹក ក្នុង​រដ្ឋធានី ចូហាននែសប័ក។ នៅទីនោះ ខ្ញុំ​ទទួលបាន​ឈ្មោះ​ដ៏ល្អមួយ ដែល​គេហៅថា​លាមក។ ពួកគេ​ហៅវា​ថា «ភក់ខាប់»។ វាគឺជា​ឈ្មោះ​ដ៏ល្អមួយ។ ដូច្នេះ ឥឡូវនេះ ខ្ញុំ​បានចេញ​ពី​មុខ​តំណែង​នោះហើយ។ ខ្ញុំ​ពាក់​សម្លៀកបំពាក់​ពណ៌ខៀវ ហើយ​ខ្ញុំ​កំពុង​ធ្វើការ​ជាមួយ​លាមក​សម្រាប់​សហគមវិញ»។
ប៉ុន្តែ ការលះបង់​របស់ លោក ឡាក់គី មិនមាន​ន័យថា គាត់នឹង​ទទួលបាន​ការគោរព​ដោយ​ស្វ័យប្រវត្តិ​ពី​សហគម​នោះទេ។ អានឌីស៊ីវ៉ា (Andisiwa) ដែល​ជា​ស្រ្តី​វ័យក្មេង​មួយរូប ដែល​កំពុងមមាញឹកជាមួយនឹង​ការបោក គក់​ខោអាវ​របស់​នាង នៅឯ​ក្បាលរ៉ូប៊ីណេទឹកសហគមន៍​នៅ​ខាង​ក្រៅ​បង្គន់ និយាយ​ថា នាង​ចំណាំគាត់​មិនបានទេ បើ​ទោះ​ជា​គាត់​គ្មាន​ពាក់​ស្បែកជើង​កវែង និងខោ​ជាប់​អាវ​ពណ៌​ខៀវ​ ទោះបីជា​នាងធ្លាប់បាន​ឃើញ​គាត់​នៅ​កន្លែង​ធ្វើការកាលពីរ​បី​ថ្ងៃក្នុងមួយសប្តាហ៍​ក៏ដោយ។
«និយាយ​តាមត្រង់ទៅ ប្រសិនបើ​ប្រជាពលរដ្ឋ​មិនជួយគ្នា​ទេ វាហាក់​ដូចជា​ឥតប្រយោជន៍​ទេ​សម្រាប់​ពួកគេ​ក្នុង​ការធ្ធើ​កិច្ចការ​នេះ។ ពីព្រោះ​ដូចដែល​អ្នក​បាន​ឃើញ​ប្រជាពលរដ្ឋ ពួកគេ​បោះរបស់​របរ​ចោល​នៅទីនេះ គឺ​នៅលើ​ប្រឡាយ​បង្ហូរទឹក។ យើងជា​អ្នក​ដែល​បង្កើតឱ្យមាន​សម្រាម​ទាំងអស់​នេះ ហើយ​នឹងអ្វីៗ​ទាំងអស់​ដែល​កំពុង​តែ​កខ្វក់​នៅជុំវិញ​នេះ។ តាមពិតទៅ យើងខ្លួន​ឯង​តែ​ម្តង។»
លោក ឡាក់គី ក៏បាន​ត្អូញត្អែរ​អំពី​ការបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​ដោយឥតអៀនខ្មាស់​ផងដែរ ដូចជា​ការលួចកៅអី ការធ្វើឱ្យ​បែកបាក់​ទ្វារ ការគូសវាស​តាមជញ្ជាំង។ លោក​និយាយ​ថា អ្នកជិត​ខាង​របស់​លោក គឺជា​សត្រូវ​ដ៏អាក្រក់​បំផុត​របស់ពួកគេ។
«រៀងរាល់ពេល នៅពេល​ដែល​យើង​ដាក់​ក្បាលរ៉ូប៊ីណេ​ទឹក​ ដែល​ធ្វើពី​ស្ពាន់ មនុស្ស​ខិលខូច​មួយចំនួន​នៅក្នុង​សហគម​បានមក​ដោះ​វាចេញ ហើយ​យក​ទៅប្រើ​ជា​របស់​ផ្ទាល់ខ្លួន ដែល​យើង​មិនយល់​ទាល់តែ​សោះ។ ប្រហែលជា​ពួកគេយកទៅសម្រាប់​ការច្នៃដែក​ប្រើ​ឡើង​វិញ ឬ​រំលាយ​វាសម្រាប់​អេតចាយ។ យើង​មិនយល់ទេ។ ប៉ុន្តែ ក្បាល​រ៉ូប៊ីណេទឹក​នេះ ត្រូវបាន​យកចេញ​ពីសហគម​ជាញឹកញាប់ ដែល​យើង​កំពុង​តែ​ជួយ​ក្នុង​នាម​ជា​អង្គការ វាស់អាប់ (Wassup)។»
អង្គការ​របស់​លោក ដែលមាន​ឈ្មោះ​ថា វាស់អាប់ ដៀពស្លូត (Wassup Diepsloot) បាន​សរសេរសារ​ប្រកបដោយពណ៌ភ្លឺថ្លា​នៅលើ​ជញ្ជាំង​បង្គន់ ដើម្បី​ព្យាយាម​លើកកម្ពស់​ការយល់ដឹងថា ឧបករណ៍​ទាំងអស់ដែលត្រូវបាន​ដាក់នៅទីនេះ​ គឺសម្រាប់​ប្រយោជន៍​សាធារណៈ ដែលសារ​ទាំងអស់​នោះ​មាន​ដូចជា «ស្រលាញ់ខ្ញុំ សម្អាតខ្ញុំ» «គោរពខ្ញុំ» «ប្រើប្រាស់​ខ្ញុំ​ដោយ​ប្រុង​ប្រយ័ត្ន»។ ប៉ុន្តែ ជេក ម៉ូឡូកូមេ (Jack Molokomme) ដែល​ជា​អ្នក​ស្ម័គ្រ​ចិត្ត​របស់​អង្គការ វាស់អាប់ មួយរូប និយាយ​ថា វា​មិនប្រាកដ​ថាមាន​ឥទ្ធិពល​នោះទេ។
«អ្នក​ទាំងឡាយ​ដែល​និយាយ​ថា «​នេះ​គឺជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋាភិបាល ដូច្នេះ ខ្ញុំ​អាច​កម្ទេច​វាបាន»។ យើង​នៅតែកំពុង​ដោះស្រាយ​ជាមួយនឹង​មនុស្ស​ទាំងអស់​នោះ។ រឿងតែ​មួយគត់​ដែល​ពួកគេ​ចង់បាននៅក្នុង​តំបន់​របស់​យើងគឺ​ថា ពួកគេ​ចង់​ឃើញ​ខ្លួនឯង​ទទួល​បាន​ផ្ទះ​មួយ​ពីកម្មវិធី​អភិវឌ្ឍន៍​និង​សាងសង់ ដោយ​ឥតគិត​ថ្លៃ​សម្រាប់​អ្នកក្រីក្រ​ខ្លាំង។ ដូច្នេះ នៅពេល​ដែល​អ្នក​បាន​ទៅដល់​តំបន់​នោះ នោះ​គឺជាពេល​ដែល​ពួកគេ​ចាប់ផ្តើម​និយាយ​ថា «តើអ្នក​អាច​ដោះស្រាយ​រឿងនោះ​ដោយ​របៀបណា? វា​មាន​ន័យ​ថា យើង​នឹង​មិនចាកចេញ​ពី​លំនៅស្ថាន​ក្រៅផ្លូវការទេ»។
កម្មវិធី​អភិវឌ្ឍន៍​និង​សាងសង់ ត្រូវបាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​របស់​លោកប្រធានាធិបតី នែលសុន ម៉ានដឺឡា (Nelson Mandela) នៅក្នុង​ឆ្នាំ​១៩៩៤ ដើម្បីសម្រាលបញ្ហា​សង្គម​សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ដែល​ជា​មរតក​ពី​របប​អាផាថេត ដោយ​ការផ្តល់​ជូន​សេវាកម្មនិង​ផ្ទះ​សម្បែង សម្រាប់​ប្រជាពលរដ្ឋ​អាហ្រ្វិក​ខាងត្បូង​ស្បែកខ្មៅ​ដ៏ក្រីក្រ។ ប្រទេស​នេះ​បានឲ្យ​ដឹងថា ខ្លួន​បាន​សាងសង់​ផ្ទះ​ចំនួន​១,៤​លាន​ខ្នង​រួចមកហើយ ចាប់តាំង​ពី​ឆ្នាំ​១៩៩៤ ហើយ​បាន​កំណត់​យក​ឆ្នាំ​២០១៤ ថាជា​គោលដៅ​មួយ​ដើម្បីលុបបំបាត់​ចោលនូវ​ការតាំងទីលំនៅ​ក្រៅផ្លូវការ៕
XS
SM
MD
LG