គណៈប្រតិភូធុរកិច្ចកម្ពុជា ដែលដឹកនាំដោយក្រសួងពាណិជ្ជកម្មកម្ពុជាកំពុងធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងក្រុមហ៊ុនសាជីវកម្មធំៗរបស់សហរដ្ឋអាមេរិក។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់កម្ពុជា បានដឹកនាំគណៈប្រតិភូខាងពាណិជ្ជកម្មមកកាន់សហរដ្ឋអាមេរិក ដើម្បីជួបពិភាក្សាជាមួយនឹងអ្នកតំណាងឲ្យក្រុមហ៊ុនសាជីវកម្មធំៗរបស់អាមេរិក ដូចជា ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុន General Electics ដ៏ជោគជ័យរបស់អាមេរិក និងក្រុមហ៊ុនធំៗជាច្រើនទៀត រួមទាំងក្រុមប្រឹក្សាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍ (U.S.-ASEAN Business Council)។
លោក Kathleen Santillo នាយកគ្របគ្រងនៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងអាស៊ីអាគ្នេយ៍ ឲ្យដឹងថា ក្រុមហ៊ុនអាមេរិកកំពុងបន្តស្វែងរកឱកាសធ្វើវិនិយោគទុន និងធ្វើជំនួញនៅកម្ពុជា ក្រោយពីបានធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជាកាលពីដើមខែឧសភានេះ។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូពាណិជ្ជកម្មកម្ពុជាមកកាន់សហរដ្ឋអាមេរិកនេះបានកើតឡើង ក្រោយពេលដែលលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងព្យាយាមសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិដ៏ធំមួយនៅតំបន់អាស៊ីប៉ាស៊ីហ្វិកឈ្មោះ កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ឬ (TPP)។
សេដ្ឋវិទូកម្ពុជាមួយចំនួន យល់ថា ប្រទេសកម្ពុជានៅមានផ្លូវដ៏វែងឆ្ងាយទៀត ដើម្បីសម្រេចទៅតាមបទដ្ឋានផលិតភាពដើម្បីចូលទៅក្នុងប្លុកពាណិជ្ជកម្មដូចជា (TPP)។ សេដ្ឋវិទូទាំងនេះបានបន្តលើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាដៃគូពាណិជ្ជកម្ម និងវិនិយោគទុនក្នុងសន្ទុះឲ្យខ្លាំងជាមុនជាមួយដៃគូក្នុងតំបន់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដៃគូសេដ្ឋកិច្ចក្នុងតំបន់ (Regional Comprehensive Economic Partnership) ដែលដឹកនាំដោយប្រទេសចិន។
ស្របពេលដែលកម្ពុជាកំពុងបន្តពង្រីក និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសអភិវឌ្ឍន៍ជាច្រើន ដែលជាឱកាសរបស់ប្រទេសកម្ពុជក្នុងការបង្កើនកំណើនសេដ្ឋកិច្ចរបស់ខ្លួននោះ រាជរដ្ឋាភិបាលកម្ពុជាក៏បន្តព្យាយាមដោះស្រាយកត្តាប្រឈមមួយចំនួន ដូចជា បញ្ហាបទដ្ឋានផលិតភាពទាប អំពើពុករលួយ ការខ្វះកម្លាំងពលកម្មមានជំនាញ និងរួមទាំងកត្តាប្រឈមផ្សេងៗទៀត៕