ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពិព័រណ៌​ពាណិជ្ជ​កម្មផ្តល់​ក្តី​សង្ឃឹម​ដល់​ពាណិជ្ជករ​ខ្នាត​តូចខ្មែរ​អាមេរិកាំង​


ទីក្រុង​ឡុងប៊ិច សហរដ្ឋអាមេរិក
ទីក្រុង​ឡុងប៊ិច សហរដ្ឋអាមេរិក
ទីក្រុង​ឡុងប៊ិច៖ ជារៀងរាល់​ឆ្នាំសមាគមពាណិជ្ជ​កម្មខ្មែរ​អាមេរិ​កាំងរៀបចំ​ការតាំងពិព័រណ៌ពាណិជ្ជ​កម្មនៅឯ​ក្រុងខ្មែរនៃ​ទីក្រុងឡុងប៊ិចរដ្ឋ​កា​លីហ្វញ៉ា។ សម្រាប់​ការតាំង​ពិព័ណ៌​នៅ​ឆ្នាំ​ទីបី​ដែល​បាន​រៀបចំ​កាលពីចុង​សប្តាហ៍​កន្លងមកនេះធ្វើ​ឱ្យ​មាន​ការយល់​ដឹង​ពី​ទំនិញ​ដែល​សហគមន៍​ខ្មែរ​មាន​និង​ជា​ឱកាស​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ​ផងដែរ។ ​

ការតាំង​ពិព័រណ៌​ពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​លើក​ទីបី​នៃ​សមាគម​ពាណិជ្ជ​កម្ម​ខ្មែរ​អាមេរិកាំង​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៦​ខែ​សីហា​នេះ។​

ការ​តាំង​ពិព័រណ៌​នៅ​ឆ្នាំ​នេះ​ជា​ឱកាស​សម្រាប់​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំ​ង​ដែល​មាន​មុខជំនួញតូចៗបង្ហាញពី​ផលិតផល​របស់​ខ្លួនបន្ថែម​ទៀត​និង​ក៏​ដើម្បី​ទំនាក់​ទំនង​ស្វែង​រក​លទ្ធភាព​ពង្រីក​ជំនួ​ញ​របស់​ពួក​គេ។

លោក Meng​ Steve ​មាន​មុខ​ជំនួញ​តូច​មួយ​គឺ​លក់​អាវ​និង​កន្សែង​តាម​ប្រព័ន្ធInternet ។​ ​ទំនិញរបស់លោក​ Steve​មាន​រូបសញ្ញាអក្សរ​ខ្មែរ​ដែល​លោក​ច្នៃ​ប្រឌិត​ឡើង​ដោយ​ខ្លួន​ឯង។
លោក Steve ​បញ្ជាក់​ពី​ការ​ចំណេញ​ដោយ​សារ​ការ​ចេញ​មក​បង្ហាញ​នេះ​ថា៖

«ចំពោះ​យើង​តូច​តាច​អីញ្ចេះ​បាន​ចេញ​មក​គេ​ស្គាល់​របស់​របរ​របស់​យើង​ក៏​មាន​ប្រសិទ្ធ​ភាព​លើ​Business​របស់​យើង​ដែរ»។

នៅ​ថ្ងៃ​តាំង​ពិព័រណ៌​បែប​នេះ ​ការ​លក់​ដាច់​ដើម្បី​ចំណេញ​បាន​កម្រៃ​ជា​លុយ​កាក់​មិន​សំខាន់​សម្រាប់​លោក​Steve ទេ​ដោយ​សារ​តែ​លោក​លក់​អាវ​មួយ​តម្លៃតែ​៥​ដុល្លារ​តែ​ប៉ុណ្ណោះ​បើ​ទោះ​បី​ជា​តម្លៃ​នៅ​តាម​ Internet គឺ​មាន​ពី ២០$​ ទៅ​ដល់​ជាង​៣០$ក៏ដោយ។

ចំណែកឯលោក​តូច​សែម​ម្ចាស់​តូប​លក់​សៀវ​ភៅ ​ទឹក​អប់​ប្រេង​ម្សៅ​ ស្បែក​ជើង​ក៏​បាន​ឆ្លៀត​ឱកាសនេះមកចូល​រួមលក់​ទំនិញ​របស់​គាត់ដែល​ជា​ធម្មតា​គាត់ ​លក់​ទំនិញ​របស់​គាត់​តែ​នៅ​ពេល​ចូល​ឆ្នាំខ្មែរ​តែប៉ុណ្ណោះ។​ ទំនិញ​របស់​គាត់​ភាគ​ច្រើន​គឺ​យក​មក​ពី​ប្រទេស​កម្ពុជា។
លោក​តូច​សែម​និយាយ​ថា៖

«នេះ​ដូច​ជួយ​ផ្សាយ​ពាណិជ្ជ​កម្ម​ឱ្យ​ខ្មែរ​អីចឹង​ដូច​យើង​លក់​សៀវភៅ​ហោរា​សាស្រ្ត​ ​សៀវ​ភៅ​កុមារ សៀវភៅ​ភាសារ​ខ្មែរ។ ខ្ញុំ​មាន​លក់​របស់​របរ​ខ្មែរមួយចំនួន»។

ការ​តាំង​ពិព័រណ៌​ទំនិញ​នៅ​ឆ្នាំ​នេះ​គឺ​មាន​អា​ជីវករ​ចូល​រួម​ប្រហែល​២០​តូប​ដែល​មាន​តាំង​ពី​សម្លៀក​បំពាក់​ប្រពៃណី​និង​សម័យ​ ម្ហូប​អាហារ​ ធានារ៉ាប់រង​ អ្នកតំណាង​ទិញលក់​អចលនទ្រព្យ​ ​និង ថ្នាំវីតាមីន ជាដើម។​ នៅឆ្នាំនេះគេ​សង្កេត​ឃើញ​មាន​តង់​លក់​ទំនិញ​មាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន​ដោយ​សារ​តែ​ម្ចាស់​មុខ​ជំនួញ​ខ្លះ​មិន​បាន​មក​ចូល​រួម។ ប៉ុន្តែ​កត្តា​នេះ​មិន​បាន​ធ្វើ​ឱ្យចំនួន​អ្នក​ចូលរួម​ទស្សនា​ថយ​ចុះ​នោះ​ទេ។

លោក​ស្រី គង់ សា​រាឌី បាន​មក​លេង​នៅ​កន្លែងតាំង​ពិព័រណ៌​នេះ​ជា​មួយ​បង​ប្អូន​គាត់។ ​លោក​ស្រី​និយាយ​ថា៖
«សប្បាយ​ចិត្ត​ណាស់​ឃើញ​ខ្មែរៗ​យើង​ចូល​រួម​គ្នា​ធ្វើ​ពិធី​នេះ​ឡើង»។
លោក​ស្រី​ក៏​ជួយ​ទិញទំនិញ​មួយ​ចំនួន​ផងដែរ។

«ហ្នឹង​ហើយ​ទិញ​ហើយ។ ទិញ​បាន អាវ​យឺត​មួយ ហើយ​ចាំ​មើល​ដើរ​ទៅ​មុខ​ទៀត​កន្លែង​ផ្សេងៗ​ទៀត បង​និង​ទិញ​អី​ទៀត»។

លោក​ស្រី រឿន ម៉ា​លីនី ជា​នាយិការ​រង​សមាគម​ពាណិជ្ជ​កម្ម​ខ្មែរ​អាមេរិកាំង​បញ្ជាក់​បន្ថែម​ពី​ ផល​ប្រយោជន៍​នៃ​ការ​តាំង​ពិព័ណ៌​នេះ​ចំពោះ​ក្រុម​អ្នកជំនួញ​តូចៗ៖

«ជំនួញ​នៅ​តាម​ទីក្រុង​ឡុង​ប៊ិច ពួក​គេ​ភាគ​ច្រើន​ជា​ជំនួញ​តូច​ៗ។​ បើ​និយាយ​ពី​មុខ​ជំនួញ​តូចៗ​ពួក​គាត់​អត់​មាន​ធន​ធាន​នោះ​ទេ​ដូច​ជា​ពួក​គាត់​មិន​ចេះ​ខាង​ទំនាក់​ទំនង។​ ឧទាហរណ៍ ទំនាក់​ទំនង​ជា​មួយ​គ្នា​គាត់​ឬ​សាលា​ក្រុង​ពី​ព្រោះ​ពួក​គាត់​គិត​តែ​ពី​ទិញ​ឥវ៉ាន់​ដើម្បី​លក់ដូរ​តែ​នេះ​ជា​របៀប​ធ្វើ​មុខ​ជំនួញ​គាត់។ ដូច្នេះនេះជាឱកាសសម្រាប់ពួក​គាត់​ជួប​ជាមួយ​អ្នកលក់​បោះ​ដុំ​ធំៗ​ និង​ អ្នក​លក់​ជិត​ខាង​គ្នា។ បើ​មាន​រឿង​អី​គាត់​មិន​ដឹង​ទៅ​រក​អ្នកណា​ទេ។ ​អីចឹង​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ជួបជាមួយ​មនុស្សក្នុងសហគមន៍​របស់​គាត់។ លើស​ពី​នេះ​ទៀត​គាត់​អាច​បង្ហាញ​មុខ​ទំនិញ​គាត់​ដល់​អ្នក​ដែល​មក​ដើរ​មើល​ក្នុង​កម្មវិធី​នេះ​និង​អាច​ឱ្យគេស្វែង​យល់​ពីគាត់»។

ក្រៅ​ពី​ការ​មក​មើល​ការ​តាំង​ពិព័រណ៌​ពាណិជ្ជ​កម្ម​និង​ការ​ទិញ​ទំនិញ​អ្នក​ទស្សនា​ក៏​អាច​កំសាន្ត​នឹង​ការ​សម្តែង​សិល្បៈ​ផ្សេងៗ​ដែល​មាន​ដូច​ជា​តន្ត្រី​សម័យ​របាំ​បុរាណ​និង​របាំ​ប្រជា​ប្រិយ៍​ផ្សេងៗ​ទៀត៕
XS
SM
MD
LG