ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

យុវជន​បក្ស​ប្រជាជន​ឈាន​ចូលកាន់​តំណែង​សំខាន់ៗ​និង​ពង្រីក​កម្លាំង​ក្រៅ​ប្រទេស​


លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​នៅ​សាកលវិទ្យាល័យ Johns Hopkins ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។ (ម៉ែន គឹមសេង/VOA)
លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​នៅ​សាកលវិទ្យាល័យ Johns Hopkins ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក​កាល​ពីថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៦។ (ម៉ែន គឹមសេង/VOA)

ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​នេះ​ជា​ការ​មួយ​ដែល​គណបក្ស​កាន់​អំណាច​កំពុង​រៀបចំ​មនុស្ស​ស្រក​រក្រោយ​របស់​ខ្លួន​ឱ្យ​បន្ត​តំណែង​និង​រក្សា​នូវ​មរតក​ដែល​គណបក្ស​នេះ​​​។

នៅ​ក្នុង​សាល​ដ៏​ធំ​ល្មម​នៃ​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ប្រចាំសាកលវិទ្យាល័យ ​John Hopkins​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ​លោក​ ហ៊ុន ម៉ានី ​អ្នក​តំណាងរាស្រ្ត​វ័យក្មេង​របស់​កម្ពុជា​បាន​ចែក​រំលែក​ពី​អនាគត​នៃ​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កម្ពុជា។

បើ​ទោះបី​ជា​កម្រ​កើត​មាន​ឡើង​មែន​តែ​ការពិភាក្សា​ពី​បញ្ហា​ទំនាក់​ទំនង​កម្ពុជា​និង​សហរដ្ឋ​អាមេរិកនៅ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​លើក​នេះគឺ​មិនមែន​កើតឡើងជា​លើក​ទី​មួយ​ទេ។ ប៉ុន្តែ​អ្វី​ដែល​បាន​ធ្វើ​ឱ្យ​អ្នក​ចូលរួម​ស្តាប់​ជាង​១០០​នាក់ចង់​ដឹង​គឺ​ទស្សនាទាន​មួយ​ដែល​ចេញ​ពី​អ្នកនយោបាយ​វ័យក្មេង​និង​តំណាង​ឱ្យ​ក្រុម​យុវជន​វ័យក្មេង​ស្រករ​ក្រោយ។ ហើយ​លើស​ពី​នោះ​ទៀត​ គឺ​ការ​ត្រៀម​ខ្លួន​របស់​យុវជន​នៃ​គណបក្ស​កាន់​អំណាច​ក្នុង​ការ​បន្ត​វេន​ពី​អ្នក​ជំនាន់​មុន។

លោក ​ហ៊ុន ម៉ានី ​គឺ​ជា​តារា​មួយ​ដួង​កំពុង​រះ​ឡើង​នៃ​គណបក្ស​កាន់​អំណាច​ហើយផ្នែក​មួយនៃ​ជោគជ័យ​របស់​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺ​ដោយ​សារ​មាន​ឪពុកជា​នាយក​រដ្ឋមន្ត្រី​គឺ​លោក​ហ៊ុន សែន​ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ​មក​ហើយ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​ស្តាប់​កាលពី​ខែ​មករា​នៅ​សាកលវិទ្យាល័យ​ John Hopkins ​នោះ លោ​ក​ហ៊ុន ម៉ានី​ អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺបាន​ចែក​រំលែក​ទស្សនវិស័យ​របស់​គណបក្ស​កាន់​អំណាច​ចំពោះ​យុវជន។

លោក​ ហ៊ុន ម៉ានី ​មើល​ឃើញ​ថា​កត្តា​ជោគជ័យ​ឬ​មិន​ជោគជ័យវា​អាស្រ័យ​លើ​យុវជន​ខ្លួន​ឯង​ផ្ទាល់​ផង​ដែរ​ក្នុង​ការ​បញ្ចេញ​ស្នាដៃ​ដើម្បី​ឱ្យ​ទទួល​បាន​ទំនុក​ចិត្ត​ពី​មន្ត្រី​ចាស់ៗ​នៅ​ក្នុង​គណបក្ស។​

«សម្រាប់​ខ្ញុំ​ ខ្ញុំ​ជឿ​ថា ​វា​គឺ​ជា​ការ​ទទួល​ខុសត្រូវ​របស់​ក្រុម​យុវជន​ដែរ​ក្នុង​ការ​ធ្វើ​ការងារ​ហើយ​បង្កើត​នូវ​ការ​ជឿ​ទុក​ចិត្ត​ដោយ​ផ្អែកលើ​លទ្ធផល​ការងារ។ ធ្វើ​ដូច្នេះ​បាន​ថ្នាក់​ដឹកនាំ​ជំនាន់​មុន​អាច​អនុញ្ញាត​ឱ្យ​មាន​ដំណើរការ​នៃ​ការ​ផ្ទេរ​អំណាច»។​

លោក​ ហ៊ុន ម៉ានី​ បន្ថែម​ថា​ សូម្បីតែ​រូប​លោក​ក៏​ត្រូវ​បញ្ចេញ​សមត្ថភាព​ធ្វើ​ការងារ​ដែរ។

«វាជា​ការ​ពិត​ថា​ទោះបី​ជា​អ្នក​ជា​កូន​នាយក​រដ្ឋ​មន្ត្រី​ឬ​មិន​មែន​ក៏ដោយ ​បើ​អ្នក​មិន​អាច​ធ្វើ​ការងារ​បាន​គឺ​គ្មាន​អ្នក​ណា​គេ​យក​ចិត្ត​ទុកដាក់​ទេ។ នេះ​គឺ​ជា​ការពិត។ មាន​មេដឹកនាំ​ជាច្រើន​នៅ​លើ​ពិភព​លោក​ដែល​មាន​កូន​ហើយ​បើ​ពួកគេ​មិន​ខំធ្វើ​ការ​ទេ​ពលរដ្ឋ​នឹង​មិន​ទទួលស្គាល់​ទេ​ពីព្រោះ​នៅ​ទីបំផុត​គឺ​សាធារណជន​ទេ​ដែល​នឹង​សម្រេច​ថា​តើ​អ្នក​នឹង​មាន​តម្លៃ​ឬទេ​គឺ​មិន​មែន​ត្រកូល​របស់​អ្នក​ទេ‍»។​

ក្នុង​មួយ​រយៈពេល​ចុងក្រោយ​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​អ្នកនយោបាយ​វ័យក្មេង​របស់​ខ្លួន​ធ្វើ​ដំណើរ​មក​ក្រៅ​ប្រទេស​ជាច្រើន​ក្នុង​នោះ​មានសហរដ្ឋ​អាមេរិក​ផង​ដែរដើម្បី​ផ្សព្វផ្សាយ​ពី​ប្រទេស​កម្ពុជា​និង​ពង្រឹង​អ្នកគាំទ្រ។ ​

ក្រុម​ថ្នាក់​ដឹកនាំ​វ័យក្មេង​ដឹកនាំ​ដោយ​លោក ​ម៉ឹង ពន្លក​ ប្រធាន​ចលនា​យុវជន​កម្ពុជា​ឬ​ក្រុម១៥៧ ​បានមក​ចូលរួម​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​បាន​រៀបចំ ​ធ្វើ​នៅ​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វ័រញ៉ា ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ​និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ឧត្ដមសេនីយ៍​ ហ៊ុន ម៉ាណែត ​កូន​ប្រុស​ច្បង​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ជា​មេ​បញ្ជាការ​រង​កងទ័ព​ជើង​គោក ​នៅ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កាណាដា​នៅ​ខែ​មេសា​ខាងមុខដើម្បី​ពង្រឹង​អ្នកគាំទ្រ។ ​

ក្រុម​អ្នក​តាម​ដាន​នយោបាយ​កម្ពុជា​មើល​ឃើញ​ថា​នេះ​ជា​ការ​មួយ​ដែល​គណបក្ស​កាន់​អំណាច​កំពុង​រៀបចំ​មនុស្ស​ស្រក​រក្រោយ​របស់​ខ្លួន​ឱ្យ​បន្ត​តំណែង​និង​រក្សា​នូវ​មរតក​ដែល​គណបក្ស​នេះ​ទទួល​បាន​ក្រោយ​ពី​យក​ជ័យ​ជម្នះ​លើ​ក្រុម​ខ្មែរ​ក្រហម​ដោយ​មាន​ជំនួយ​ពី​វៀតណាម​ក្នុង​ខែ​មករា​ឆ្នាំ​១៩៧៩។

លោក ​ជាង សុខា ​ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជនបាន​សាទរ​ចំពោះ​ការវិវត្តន៍​ដែល​គណបក្ស​នយោបាយ​បាន​យក​ចិត្ត​ទុកដាក់​ដល់​យុវជន។​

លោក​សង្កេត​ឃើញ​ថា​ គណបក្ស​នយោបាយ​ធំៗ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​យក​ចិត្ត​ទុកដាក់​ដល់​ការចូលរួម​របស់​ក្រុម​យុវជន​ក្នុង​សកម្មភាព​នយោបាយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ប៉ុន្តែ​ការចូលរួម​របស់​ពួកគេ​នៅ​មាន​កម្រិត​នៅឡើយ។

«យើង​ឃើញ​ថា​គ្រាន់​តែ​មាន​វត្តមាន​យុវជន​ដែល​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ជួរបក្ស​ក៏ប៉ុន្តែ​ឱកាស​នៃ​ការ​ធ្វើការ​សម្រេច​ចិត្ត​នៅ​មាន​កម្រិត​នៅឡើយ​។ ចឹង​ហើយ​ត្រង់​ចំណុច​នេះ​បើ​សិន​ជា​យើង​ចង់​មើល​ឱ្យ​ឃើញ​ការចូលរួម​ពេញលេញ​របស់​យុវជន​នៅ​ក្នុង​កម្រិត​នយោបាយ​ទោះបី​ក្នុង​កម្រិត​បក្ស​វា​គួរ​តែ​យុវជន​ស្ថិត​នៅ​ក្នុង​ជួរ​មួយ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ដំណើរការ​នៃ​ការ​តាក់​តែង​ច្បាប់​ឬ​ក៏​គោលនយោបាយ​របស់​គណបក្ស»។​

ដោយឡែក​សម្រាប់​ការចូលរួម​របស់​ក្រុម​យុវជន​ទូទៅ​ក្នុង​សកម្មភាព​នយោបាយ​និង​ការឈឺឆ្អាលក្នុង​កិច្ច​ការ​សង្គមវិញ​ លោក​ជាង សុខា ​សង្កេត​ឃើញ​ថា​ឆ្នាំ​២០១៣​គឺ​ជា​ឆ្នាំ​ដែល​មានក្រុម​យុវជន​ចូលរួម​ច្រើន​ជាង​ពេល​កន្លង​មក។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​ការចូលរួម​នៅ​ពេល​នោះ​មិន​ទាន់​ស៊ី​ជម្រៅ​ក្នុង​ខ្លឹមសារ​នយោបាយ​នៅឡើយ​ទេ​ដោយ​សារ​ចូល​ក្នុង​លក្ខណៈ​តាមរយៈ​មិត្តភក្តិ​បបួល។ រី​ឯ​ក្រោយ​ការបោះឆ្នោត​គឺ​ពួកគេ​ងាក​មក​ផ្តោត​លើ​ខ្លឹមសារ​នយោបាយនិងកម្មវិធី​នយោបាយ​របស់​គណបក្ស​វិញ។​

«ពី​មុន​មើល​ទៅ​ជា​លក្ខណៈ​អារម្មណ៍​ច្រើន​ជាង​តែ​ដំណាក់​កាល​ចុងក្រោយ​គឺ​គាត់​ចាប់​ផ្តើម​ជជែក​ពី​របៀបវារៈ​នយោបាយ​ហើយ​គាត់​តាម​ដាន​សកម្ម​ភាព​របស់​អ្នក​នយោបាយ។ ខ្ញុំ​ថា​គឺ​ជា​ការវិវត្តន៍​មួយ​ដែល​ល្អ​សម្រាប់​យុវជន»។​

លោកស្រី​ ចក់ សុភាព ​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​សម្តែង​ក្តី​សង្ឃឹម​ថា​គណបក្ស​នយោបាយ​នឹង​យក​ទៅ​ពិចារណា​រិះរក​វិធី​ថា​តើ​ពួកគេអាច​ផ្តល់​ឱកាស​ហើយ​បញ្ចូល​នូវ​ការ​ចូលរួម​របស់​យុវជន​ដោយ​របៀបណាព្រោះ​លោកស្រី​ចង់​ឃើញ​ការចូលរួម​ប្រកប​ដោយ​គុណភាព​គឺ​មិន​មែន​លើ​បរិមាណ​ទេ។

លោក​ស្រី​បាន​បន្ថែម​ថា៖

«ខ្ញុំ​គិត​ថា​ទីមួយ​ចាប់​ផ្តើម​ពី​គណបក្ស​នយោបាយ​ខ្លួន​ឯង​និមួយៗ​ហ្នឹង​ថា​តើ​មាន​គោលការណ៍​យ៉ាង​ម៉េច​ចំពោះ​យុវជន​ គោលការណ៍​ចំពោះ​ស្ត្រី​ គោលការណ៍​ចំពោះ​ជន​ជាតិ​ដើម​ភាគតិច​។ល។ និង​ ។ល។ ​ថាតើ​គាត់​មាន​យន្តការ​យ៉ាង​ម៉េច។ ខ្ញុំ​លើក​ឧទាហរណ៍​មួយ​ ឧទាហរណ៍​ថា​បើ​យើង​និយាយ​ពី បេក្ខភាព​តើ​យើង​លើក​ទឹកចិត្ត​ឱ្យ​យុវជន​ចូល​រួម​ដោយ​របៀបណា​? យើង​សម្រួល​ឱ្យ​គាត់​ចូល​ដោយ​របៀបណា? មាន​គោលការណ៍​យ៉ាង​ម៉េច? ស្មើ​ភាព​យ៉ាង​ម៉េច?‍»។

យ៉ាងណា​ក៏ដោយ​លោក​ ហ៊ុន ម៉ានី​ ទទួលស្គាល់​ថា​នៅ​ក្នុង​គណបក្ស​របស់​លោក​ក៏​ដូច​ជា​គណបក្ស​នយោបាយ​ដទៃ​ទៀត​ដែរ​គឺ​មាន​ក្រុម​មន្ត្រី​ចាស់ៗ​ដែល​មិន​ចង់​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​ទេ។​

«នៅ​ក្នុង​សង្គម​ណា​ក៏ដោយ​ ក្នុង​គណបក្ស​ណា​ក៏ដោយ​តែង​តែ​មាន​អ្នក​អភិរក្ស​និង​អភិរក្ស​បំផុត។ អ្នកខ្លះ​អភិរក្ស​ខ្លាំង​មែន​ទែន​ដោយ​សារ​តែ​ពួកគេ​ចូលចិត្ត​អ្វីៗ​ដែល​កំពុង​ដំណើរការ​ ហើយ​អ្នក​ខ្លះ​ទៀត​អភិរក្ស​ពីព្រោះ​គេ​មិន​ដឹ​ង​ថា​តើ​យុវជន​ដែល​ឡើង​មក​អាច​ធ្វើការ​បាន​ឬ​មិន​បាន។ ដូច្នេះ​ពិតជា​មាន​ជ្រុង​ពីរ​ដូច្នេះ​មែន​ហើយ​ជា​ការ​ពិត​ដែល​ខ្ញុំ​មិន​បដិសេធ​ទេ។ ខ្ញុំ​គិត​ថា​នេះ​គឺជា​បញ្ហា​ប្រឈម​ដែល​យើង​ត្រូវ​ជម្នះ​ឱ្យ​បាន‍»។

សម្រាប់​អាណត្តិ​ទី៥​នេះ​គណបក្ស​គ្រប់គ្រង​ប្រទេស​បាន​បញ្ចូល​យុវជន​ជំនាន់​ក្រោយ​ទៅ​ក្នុង​តំណែង​សំខាន់ៗ​ជាច្រើន​ចាប់​តាំង​ពី​អនុ​រដ្ឋ​លេខាធិការ​រហូត​ដល់​រដ្ឋមន្ត្រី​និង​អ្នក​តំណាងរាស្រ្ត។ ហើយ​ក្នុង​ខណៈ​ពេល​ដែល​ត្រូវ​រង់ចាំ​យុវជន​ក្នុង​បក្ស​បញ្ចេញ​ស្នាដៃ​ដើម្បី​បាន​ការ​ទទួលស្គាល់​ ​អ្នក​ដែល​ទទួល​តំណែង​ខ្ពស់​មួយ​ចំនួន​ជា​កូនៗ​មន្ត្រី​ធំៗ​នៅ​ក្នុង​បក្ស​ដែល​មាន​ដូច​ជា​កូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​ប្រធាន​គណបក្ស​ កូន​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ​អនុប្រធាន​គណបក្ស​ កូនលោក​សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា​និង​ជា​អនុប្រធាន​គណបក្ស​និង​កូន​លោក​ឧបនាយករដ្ឋមន្ត្រីសុខ អាន ​រដ្ឋ​មន្ត្រី​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ជាដើម៕

XS
SM
MD
LG