កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត ដែលជាកូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើជាប្រធាននាយដ្ឋានស្រាវជ្រាវចារកិច្ច។ សង្គមស៊ីវិលនិងអ្នកតាមដានស្ថានភាពនយោបាយនៅកម្ពុជាយល់ថា និន្នាការនេះមានលក្ខណៈគ្រួសារនិយម ដែលអាចប៉ះពាល់ដល់ប្រសិទ្ធភាពការងារ។
ក្រុមអ្នកតាមដានសភាពការណ៍នយោបាយកម្ពុជាមើលឃើញថា ការតែងតាំងឲ្យលោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់មុខងារជានាយកនាយកដ្ឋានស្រាវជ្រាវចារកិច្ចនោះគឺមានលក្ខណៈគ្រួសារនិយម។
យោងតាមអនុក្រឹត្យ ដែល VOA ទើបបានទទួលនាថ្ងៃនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចតែងតាំងមុខងារថ្មីឲ្យកូនប្រុសទីពីររបស់លោក គឺលោក ហ៊ុន ម៉ានិត ធ្វើជានាយកនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ចរបស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ជំនួសលោកឧត្តមសេនីយ៍ ជា តារា។ អនុក្រឹត្យដែលចុះហត្ថលេខាដោយលោក ហ៊ុន សែន នាថ្ងៃទី២៦ ខែកញ្ញានោះ បានសម្រេច សុពលភាពនៃការតែងតាំងនេះចាប់ពីថ្ងៃចុះហត្ថលេខានោះតទៅ។
គេដឹងថា នាពេលបច្ចុប្បន្ន លោក ហ៊ុន ម៉ានិត វ័យ៣៥ឆ្នាំ បានកាន់មុខតំណែងជាច្រើនក្នុងជួររដ្ឋាភិបាលកម្ពុជា។ ក្រៅពីតំណែងដែលត្រូវបានតែងតាំងថ្មីនេះ លោកក៏មានតំណែងផ្សេងៗទៀត ដូចជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មផងដែរ។
VOA មិនអាចទំនាក់ទងសុំការអធិប្បាយពីលោក ហ៊ុន ម៉ានិត និងមន្ត្រីក្រសួងការពារជាតិបានទេ ដោយសារមន្ត្រីមួយចំនួនសុំមិនធ្វើការអធិប្បាយនោះទេ។ តែទោះជាយ៉ាងណាក្តី មន្ត្រីសង្គមស៊ីវិល ដែលតាមដានស្ថានភាពសង្គមកម្ពុជាយល់ថា ការណ៍នេះបង្ហាញពីលក្ខណៈបក្សពួក និងគ្រួសារនិយមដែលអាចប៉ះពាល់ដល់ប្រសិទ្ធភាពការងារនិងលទ្ធិប្រជាធិបតេយ្យ។
លោក អ៊ូ វីរៈ ដែលជានាយកវេទិកាអនាគត និងជាអ្នកវិភាគឯករាជ្យ មិនមានការភ្ញាក់ផ្អើលចំពោះការតែងតាំងមុខងាររបស់លោក ហ៊ុន ម៉ានិត នៅក្នុងអង្គភាពចារកម្មយោធានៃក្រសួងការពារជាតិនោះទេ។ លោកយល់ថា នេះជាបរិបទធម្មតាចំពោះស្ថានភាពនៅកម្ពុជា ដែលជារឿយៗអនុវត្តនូវទម្លាប់បក្សពួកនិយម។ លោក អ៊ូ វីរៈ បានឲ្យដឹងថា ជាទូទៅការដាក់សាច់ញាតិខ្លួនទៅក្នុងតួនាទីយោធាសំខាន់ៗបែបនេះគឺដើម្បីធានានូវស្ថិរភាពនៃការគ្រប់គ្រងអំណាចរបស់ប្រមុខរាជរដ្ឋាភិបាល។
«ខ្ញុំអត់ភ្ញាក់ផ្អើលទេ ដោយសារឯកឧត្តម ហ៊ុន ម៉ានិត នៅក្នុងតួនាទីហ្នឹងរួចទៅហើយ។ បើសិនជាយើងមើលទៅ ក្នេងដែលមានអាយុប៉ុណ្ណឹង ធ្វើការងារបានប៉ុណ្ណឹង ចំណេះដឹងប៉ុណ្ណឹង មិនមានឱកាសឡើងប៉ុណ្ណឹងទេ។ ដោយសារគាត់ជាកូនប្រុស[នាយករដ្ឋមន្ត្រី] អញ្ចឹងគាត់មានឱកាសជាងគេ និងត្រូវបានលើកឡើងលឿនជាងគេ»។
ថ្វីបើលោក អ៊ូ វីរៈ មិនទាន់បានមើលឃើញនូវសមត្ថភាពជាផ្លូវការ ឬជាសាធារណៈរបស់លោកហ៊ុន ម៉ានិតយ៉ាងណាក្តី ក៏ប៉ុន្តែលោក អ៊ូ វីរៈ ហាក់ដូចជាមានជំហរសុទិដ្ឋិនិយមចំពោះការតែងតាំងនេះ ដោយហេតុថា យុវជនជំនាន់ក្រោយមានសមត្ថភាពជាងអ្នកជំនាន់មុន។
លោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ដែលតាមដានការវិវត្តនៃសង្គមកម្ពុជា បានលើកឡើងថា ការដាក់សាច់ញាតិខ្លួនទៅក្នុងតួនាទីសំខាន់បែបនេះជាទំនោរមួយដែលកើតចេញពីការមិនទុកចិត្តអ្នកដទៃ។ ហើយទំនោរបែបនេះអាចបង្កឲ្យមានការល្អក់កករនៅក្នុងបរិយាកាសការងារ ជាពិសេសចំពោះអ្នកដែលមិនស្ថិតក្នុងរង្វង់បក្សពួករបស់គេនោះ។
«វាអាចធ្វើឲ្យអ្នកដទៃមានអារម្មណ៍ថា វាបក្សពួកនិយមចឹងវាឲ្យមនុស្សបាក់ទឹកចិត្តខ្លះ ក្រុមអ្នកដែលធ្លាប់ធ្វើការនៅកន្លែងហ្នឹង ហើយអ្នកដទៃដែលមិននៅក្នុងចង្កោមគាត់អាចធ្វើឲ្យអាក់អន់ចិត្ត»។
លោកស្រីធីតា ឃឹះយល់ថា ការគ្រប់គ្រងអំណាចបែបបក្សពួកនិយមអាចធ្វើឲ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងឲ្យឃើញពីកម្សោយនៃប្រព័ន្ធគ្រប់គ្រងក្នុងប្រទេស។
ក្រឡេកមកមើលអ្នកកាន់មុខតំណែងសំខាន់ៗក្នុងជួរថ្នាក់ដឹកនាំកម្ពុជា យើងឃើញថា នៅក្នុងនោះមានកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីចំនួនបីរូបគឺលោកហ៊ុន ម៉ាណែត ដែលជាឧត្តមសេនីយ៍ផ្កាយបីផ្នែកយោធា លោក ហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ និងលោកហ៊ុន ម៉ានិត ដែលជានាយករងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងជាឧត្តមសេនីយ៍ត្រីយោធាទទួលបន្ទុកជាប្រធានផ្នែកចារកម្មយោធា។ បន្ថែមពីនោះ មានលោកឧត្តមសេនីយ៍នគរបាល ឌី វិជ្ជា ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខក្រសួងមហាផ្ទៃ ដែលជាកូនប្រសាររបស់លោកហ៊ុន សែនគឺជាស្វាមីរបស់លោកស្រី ហ៊ុន ម៉ាណា ដែលកាន់កាប់ជំនួញធំៗមួយចំនួន និងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ និងវិទ្យុ៕