លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងការពារការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដោយរាជរដ្ឋាភិបាលកម្ពុជា។ ការថ្លែងបែបនេះ បានធ្វើឡើងដោយឈរលើមូលដ្ឋានច្បាប់ និងប្រកបដោយតម្លាភាព។ នេះបើយោងទៅតាមឃ្លីបវីដេអូមួយ ដែលបានបង្ហោះលើទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ។
ឃ្លីបវីដេអូលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បង្ហាញពីកូនប្រុសច្បងរបស់លោក បកស្រាយពីបញ្ហាបូរណភាពទឹកដីនេះ កើតមានបន្ទាប់ពីមានការចេញផ្សាយរបាយការណ៍ក្នុងស្រុកមួយចំនួនថា កងអង្គភាពទ័ពវៀតណាមមួយ កំពុងក្ដោបក្ដាប់ដែនដីកម្ពុជាចំនួន៤០០០០ហិកតា នៅក្នុងខេត្តរតនគិរីជាប់ព្រំប្រទល់វៀតណាម តាមរូបភាពដីសម្បទានសេដ្ឋកិច្ច ដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន។
នៅក្នុងឃ្លីបវីដេអូនោះ លោកនាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត និងជានាយរងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងទៅអ្នកស្ដាប់នៅក្នុងប្រទេសបារាំងថា ឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានពុះពារក្នុងការការពារព្រំដែនកម្ពុជាជាមួយប្រទេសក្បែរខាង រួមមានប្រទេសវៀតណាម ដោយឈរលើមូលដ្ឋានច្បាប់ ក្នុងការបោះបង្គោលព្រំដែន។
(មើលវីដេអូឃ្លីបដែលបង្ហាញពីកូនប្រុសច្បងរបស់លោក ហ៊ុន សែន បកស្រាយពីបញ្ហាបូរណភាពទឹកដី )
លោកថ្លែងបញ្ជាក់ថា ឪពុកលោក មិនមានបំណងបង្កើតកំហុសណាមួយ ទាក់ទិនបញ្ហាព្រំដែននេះទេ ហើយក៏មិនមានបំណងឲ្យកូនខ្មែរជំនាន់ក្រោយបង្កទំនាស់ជាមួយគ្នា ដោយសារបញ្ហាព្រំដែននេះដែរ។
«អត់មានពីណាចង់ឲ្យគិតថា ខ្លួនចាំរាប់រយឆ្នាំ កូនចៅក្រោយថា ហ៊ឺអ្នកធ្វើឲ្យបាត់ដីខ្មែរ អត់ទេ។ អញ្ចឹង យើងមានបញ្ហាចោទសួរ។ ទីមួយ ទុកកុំប៉ះពាល់ កុំនិយាយ ទុកឲ្យកូនចៅជំនាន់ក្រោយធ្វើម៉េច ធ្វើទៅ បន្សល់ទុក តជំនាន់ទៀត នៅតែឈ្លោះគ្នាដូចឈូងសមុទ្រភាគខាងត្បូងចិន ហើយនឹងនេះ នៅឈ្លោះគ្នារាល់ថ្ងៃហ្នឹង ឬមួយក៏ដោះឲ្យចប់កុំឲ្យកូនចៅក្រោយពិបាក ហើយដោះដោយការទទួលខុសត្រូវ»។
លោកឲ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោះបង្គោលព្រំដែនជាមួយប្រទេសក្បែរខាងកន្លងមក ប្រកបដោយតម្លាភាព និងគ្មានការលាក់លៀម ហើយចុងក្រោយនេះ ការផ្ទៀងផ្ទាត់ផែនទី ដែលកម្ពុជា បានប្រើជាមួយវៀតណាម ក៏ត្រូវបានផ្សព្វផ្សាយឲ្យដឹងជាសាធារណៈ។
«អញ្ចឹង យើងចរចា កន្លែងខ្លះយើង នៅចរចា អត់បញ្ចេញសន្លឹកបៀ ឲ្យដៃគូទេ រួចដល់ពេលចរចាហើយ យើងនឹងលាតសន្ធឹងហើយ ព្រោះបោះព្រំប្រទល់ បោះបង្គោលនៅលើ ព្រំដែនហ្នឹង ទៅមុខទៀត ពេលដែលយើងចរចាហើយ ប្រជាពលរដ្ឋ អាចទៅមើល ព្រោះអត់មានលាក់ក្នុងកេសតុទេ ពេលហ្នឹងគឺវា transparent ហើយ វាតម្លាភាពហើយលាក់ទៅណារួច។ ហើយបើសិនជាខុស គឺប្រជាជនថ្កោលទោសពេលហ្នឹងហើយ គ្រាន់តែពេលនេះ កន្លែងខ្លះយើងនៅដំណាក់កាលចរចា ដូចយើងលេងបៀអញ្ចឹង។ រឿងតែប៉ុណ្ណឹង»។
លោក ហ៊ុន ម៉ាណែត ថ្លែងបន្តថា ការលាក់លៀម អាចធ្វើទៅបានតែជាមួយភាគី ដែលរាជរដ្ឋាភិបាលកម្ពុជាចរចាជាមួយ តែរាជរដ្ឋាភិបាលកម្ពុជា មិនបានលាក់លៀមពលរដ្ឋខ្លួនឯងនោះទេ។ លោក ពន្យល់យ៉ាងដូច្នេះថា៖
«ព្រោះជួនកាលបងប្អូនខ្លះ គិតថា អ្ហេ បើច្បាស់លាស់អញ្ចឹង ម៉េចមិនព្រមបង្ហាញគេ នៅលាក់លៀមៗ វាមិនមែនលាក់លៀមគ្នាយើងទេ។ យើង លាក់លៀមតែភាគីម្ខាងទៀត ដែលគេចរចា ដើម្បីការពារដីគេដែរ ព្រោះកុំភ្លេចព្រំដែន ព្រំដែនការពារផលប្រយោជន៍ប្រទេសទាំងសងខាង មិនឲ្យយើងលូកទៅដីគេ មិនឲ្យគេលូកមកដីយើង រឿងតែប៉ុណ្ណឹង»។
ព្រឹត្តិបត្រព័ត៌មានក្នុងស្រុក The Cambodia Daily ចេញផ្សាយកាលពីសប្ដាហ៍មុន ឲ្យដឹងថា កងពល១៥ ជាសាខានៃកងទ័ពប្រជាជនវៀតណាម បានគ្រប់គ្រងដីនៃខេត្តរតនគិរី ទំហំ៣៩៥៨៤ហិកតា ជាទំហំដី ដែលធំជាងខេត្តកែបទៅទៀត។
ការគ្រប់គ្រងដីនៃខេត្តរតនគិរីដោយកងពល១៥នេះ កើតមាន «បន្ទាប់ពីការលក់ដូរ និងការផ្ទេរកម្មសិទ្ធិដីធ្លី» រវាងក្រុមហ៊ុនកសិឧស្សាហកម្មចំនួន៤ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចដាច់ដោយឡែកពីគ្នាពីរាជរដ្ឋាភិបាលកម្ពុជា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិ ថ្លែងប្រាប់ VOA ថា គណបក្សសង្គ្រោះជាតិ មិនអាចទទួលយកបានទាំងស្រុងទេ ចំពោះការបោះបង្គោលព្រំដែនជាមួយភាគីវៀតណាម ដោយហេតុតែមានសេចក្ដីរាយការណ៍ដោយផ្ទាល់ពីប្រជាពលរដ្ឋ រស់នៅតាមខ្សែបន្ទាត់ព្រំដែនមកថា ការបោះបង្គោលព្រំដែនមួយចំនួន ត្រូវបានធ្វើឡើងក្នុងសភាពមិនច្បាស់លាស់។
លោកបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ក៏នៅមិនទាន់ទទួលស្គាល់ការផ្ទៀងផ្ទាត់ផែនទីដែលត្រូវបានធ្វើឡើងកាលពីពេលកន្លងទៅនោះដែរ។
«ជំហរគណបក្សសង្គ្រោះជាតិ យើងមិនទាន់បញ្ជាក់ថា តើផែនទីនោះត្រឹមត្រូវ ឬមិនត្រឹមត្រូវទេ។ យើង គ្រាន់តែពិនិត្យមើល ធ្វើម៉េចឲ្យរដ្ឋាភិបាលហ្នឹង គឺនៅពេលណាមានការបោះបង្គោលព្រំដែន បោះអីហ្នឹង ឲ្យមានភាគីច្រើនចូលរួមគ្នាដើម្បីជួយត្រួតពិនិត្យគ្នាទៅ»។
ទាក់ទិននឹងបញ្ហាព្រំដែនកម្ពុជា វៀតណាមនេះ តុលាការក្រុងភ្នំពេញ បានបញ្ជាឲ្យឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ីពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់» កាលពីខែសីហាកន្លងទៅនេះ។
ការសម្រេចឃុំខ្លួនសមាជិកព្រឹទ្ធសភាកាន់សញ្ជាតិបារាំងនិងខ្មែរនេះ គឺធ្វើឡើង ក្រោយពីលោក បានបង្ហោះកិច្ចព្រមព្រៀងនាឆ្នាំ១៩៧៩ទៅលើទំព័រហ្វេសប៊ុក ដែលក្នុងនោះលោក បង្ហាញថា វៀតណាមចូលក្នុងទឹកដីកម្ពុជា ច្រើនជាងកម្ពុជាចូលទៅវៀតណាម។
លោក ហុង សុខហួរ ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារ និងប្រើឯកសារក្លែងក្លាយ។
លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សានៅសាលានាយទាហានជាន់ខ្ពស់ West Pointដ៏ល្បី ល្បាញ នៅស.រ.អា.កាលពីឆ្នាំ១៩៩៩ ហើយមកទល់នឹងពេលនេះ លោក ក៏មានតួនាទីជា មេបញ្ជាការអង្គភាពប្រឆាំងអំពើភេរវកម្ម និងជាមេបញ្ជាការរងនៃកងអង្គរក្សរបស់ឪពុកលោកផងដែរ៕