ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ថ្លែង​ការពារ​ការ​រុះរើ​គណៈរដ្ឋមន្ត្រី​របស់​លោក


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ជូន​ដំណើរព្រះបាទ​ នរោត្តម សីហមុន្នី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៩ ខែ​តុលា ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្តាល) ជូន​ដំណើរព្រះបាទ​ នរោត្តម សីហមុន្នី នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ថ្ងៃច័ន្ទ ទី១៩ ខែ​តុលា ឆ្នាំ​២០១៥។ (AP/ហេង ស៊ីនិត)

លោក ហ៊ុន សែន​ បាន​លើក​អំពី​កំណើន​សេដ្ឋកិច្ច​៧%​ក្នុង​មួយ​ឆ្នាំ​ ដែល​លោក​អះអាង​ថា​ ជា​កំណើន​ដែល​បាន​មក​ពី​សកម្មភាព​ការងារ​របស់​មន្ត្រី​ចាស់ៗ​ ដែល​លោក​បាន​សម្រេច​បន្ត​ឲ្យ​ស្ថិត​ក្នុង​មុខងារ​ជា​រដ្ឋមន្ត្រី​ ឬ​ក៏​តំណែង​ក្រោម​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ថ្លែង​ការ​ពារ​ផែនការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល​ បាន​ធ្វើ​ការ​វាយតម្លៃ​ក្នុង​ផ្លូវ​អវិជ្ជមាន​ចំពោះ​ការ​ទុក​ឲ្យ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​មួយ​ចំនួន ​នៅ​បន្ត​គ្រប់​គ្រង​ក្រសួង។

ថ្លែង​នៅ​ក្នុង​ពិធី​កែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ដំណាក់​កាល​ទី​បី​ ដែល​រៀបចំ​ឡើង​នៅ​ឯ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ លោក ហ៊ុន សែន​ បាន​លើក​អំពី​កំណើន​សេដ្ឋកិច្ច​៧%​ក្នុង​មួយ​ឆ្នាំ​ ដែល​លោក​អះអាង​ថា​ ជា​កំណើន​ដែល​បាន​មក​ពី​សកម្មភាព​ការងារ​របស់​មន្ត្រី​ចាស់ៗ​ ដែល​លោក​បាន​សម្រេច​បន្ត​ឲ្យ​ស្ថិត​ក្នុង​មុខងារ​ជា​រដ្ឋមន្ត្រី​ ឬ​ក៏​តំណែង​ក្រោម​នេះ។

លោក​បាន​រិះគន់ក្រុម​សង្គមស៊ីវិល​ និង​ក្រុម​បក្ស​ជំទាស់​ថា​ ក្បាល​ម៉ាស៊ីន​នៅ​ក្នុង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង ​ក៏​នៅ​មាន​មនុស្ស​ចាស់ៗ​ និង​មុខ​ដដែលៗ​ដែរ។

«ខ្ញុំ​គ្រាន់​តែ​ផ្តាំ​ទៅ​អ្នក​ អ្នក​ក៏​មុខ​ដដែលៗ​ ដែរ​តើ​អា​អ្នក​និយាយ​ហ្នឹង។​ ម៉េច​ក៏​ចាំបាច់​ថា​គេ​មុខ​ដដែលៗ?​ មុខ​ឲ្យ​គេ​យក​គ្នា​មុខ​ទៅ​ទុក​នៅ​ឯណា​ បើ​មុខ​វា​នៅ​ហ្នឹង​ហើយ!​ លោក​ឯង​អ្នក​និយាយ​ហ្នឹង​ អា​បក្ស​ប្រឆាំង​ មេ​បក្ស​ប្រឆាំង​ស្អី​ហ្នឹង​ វា​ក៏​មុខ​ដដែល​ហ្នឹង​ ហ្អ៎ា!​ វា​និយាយ​ហ្អ៎ា!​ អ្នក​ធ្វើ​អត្ថាធិប្បាយ​ វា​ក៏​មុខ​ដដែល​ និយាយ​ដដែល​ វា​តែ​ប៉ុណ្ណឹង។

ឲ្យ​គ្នា​យក​មុខ​ទៅ​ណា​វ៉ី? អា​ហ្នឹង​គឺ​វា​ អញ្ចឹង​មាន​តែ​កាត់​កករ​ចោល​ទាំង​អស់​គ្នា​បាន​វា​មុខ​ គិត​ដូរ​មុខ​អី​ ធ្វើ​ស្អី​មុខ​សិប្បនិម្មិត​អ្ហេ​ គិត​ធ្វើ​កែសម្ផស្ស​អ្ហេ»។

លិខិត​ស្នើ​សុំ​ឲ្យ​មាន​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ចុះ​ហត្ថលេខា​ដោយ​លោក​ ហ៊ុន សែន​ កាលពី​ថ្ងៃ​ទី១៦​ ខែ​មីនា​ ដែល​ VOA​ ទទួល​បាន​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន បាន​បង្ហាញ​ថា​ លោក​ ស៊ុន ចាន់ថុល​ ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ហើយ​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ នឹង​ត្រូវ​ប្ដូរ​ឲ្យ​ទៅ​គ្រប់​គ្រង​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​លោក​ ត្រំា​ អ៊ីវតឹក។

លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសនៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)
លោក​ ហោ​ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេសនៅ​ក្នុង​ជំនួប​ប្រជុំ​ជាមួយ​ក្រុម​មន្ត្រី​ទូត​ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​។ (​ហ៊ាន​ សុជាតា/​ VOA)

លោក​ ត្រាំ​ អ៊ីវតឹក​ នឹង​ត្រូវ​ផ្លាស់​ឲ្យ​ទៅ​គ្រប់​គ្រង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរ​គមនាគមន៍​ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​ដោយ​លោក ប្រាក់​ សុខុន។ លោក​ ប្រាក់​ សុខុន​ នឹង​ត្រូវ​ប្តូរ​ទៅ​កាន់​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ ជំនួស​លោក​ ហោ ណាំហុង​ ដែល​សុំ​លាឈប់​ពី​តំណែង តែ​នៅ​ជា​ឧបនាយក​រដ្ឋមន្ត្រី។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​យូរ​ជាង​គេ​បង្អស់​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ នៅ​ក្នុង​តំបន់​អាស៊ី​ថ្លែង​ថា​ ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ គឺ​ជា​ចលនា​ផ្លាស់​ប្ដូរ​មួយ ដើម្បី​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋាភិបាលលោក​បន្ថែម​ទៀត។

លោក​បន្ថែម​ថា​ មន្ត្រី​ចាស់ៗ​របស់​លោក​គ្រាន់​តែ​ត្រូវ​ការ​ប្ដូរ​ឥរិយាបថ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​តែប៉ុណ្ណោះ​ នៅ​ពេល​ពួកគេ​ចូល​កាន់​តំណែង​ ដែល​លោក​បាន​សម្រេច​តែង​តាំង។

«ខ្ញុំ​សូម​ផ្ដាំ​អស់​លោក​អ្នក​ បើ​ទោះបី​មុខ​ចាស់​ក៏ដោយ​ ប៉ុន្តែ​ចរិត​ការងារ​ឲ្យ​វា​ថ្មី។​ អា​ហ្នឹង​ហើយ​ការ​ផ្លាស់​ប្ដូរ​នោះ។​ វា​មិន​ចាំបាច់​តែ​មុខ​ថ្មី​ បាន​វា​ហៅ​ការ​ផ្លាស់​ប្ដូរ​ទេ។​ មុខ​ចាស់​ក៏ប៉ុន្តែ​ធ្វើ​សកម្មភាព​ផ្លាស់​ប្ដូរ។​ អា​ហ្នឹង​គឺ​វា​ផ្លាស់​ប្ដូរ។​ វា​នៅ​កន្លែង​ហ្នឹង​ឯង។​ អា​មុខ​ថ្មី​វា​មិន​ទាន់​ប្រាកដ​ថា​ វា​ផ្លាស់​ប្ដូរ​ទេ។​ វា​ផ្លាស់ប្ដូរ​តែ​មនុស្ស​ ក៏​ប៉ុន្តែ​វា​ទៅ​រឿង​មួយ​ផ្សេង។​ តែ​អា​មុខ​ចាស់​ ដែល​វា​ផ្លាស់​ប្ដូរ​ទើប​វា​ខ្លាំង​ ទើប​វា​ខ្លាំង​ ព្រោះ​វា​ពូកែ ​វាទាំង​ហ្នឹង​ ឥឡូវ ហិរញ្ញវត្ថុ​របស់​យើង​កែសម្រួល​ប៉ុន្មាន​លើក​ហើយ​ នេះ​ជា​លើក​ទីបី។​ ហើយ​កំណើន​សេដ្ឋកិច្ច​៧.៧​%​ ក្នុង​មួយ​ឆ្នាំ​គិត​ជាមធ្យម​ ហើយ​១០​ឆ្នាំ​ចុង​ក្រោយ​៨.៨%​ បើ​សិន​មនុស្ស​មិន​កែប្រែ​ទេ​ សួរ​ថា​តើ​មាន​កំណើន​សេដ្ឋកិច្ច​ឬ​អត់?»

ប្រតិកម្មនេះ​បាន​កើត​មាន​ បន្ទាប់​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​វិភាគ​នយោបាយ​ ព្រម​ទាំង​មន្ត្រី​នៃ​គណបក្ស​ជំទាស់​ បាន​រិះ​គន់​ទៅ​លើ​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​លោក ហ៊ុន សែន។

ពួកគេ​និយាយ​ថា មន្ត្រី​ថ្មី​និង​វ័យ​ក្មេង ​គួរ​ត្រូវ​បាន​តែង​តាំង​ឲ្យ​កាន់​ការងារ​ជំនួស​មន្ត្រី​ចាស់ៗ​ ដែល​ពុំ​មាន​ឆន្ទៈ​ច្បាស់លាស់​នៅ​ក្នុង​ការ​កែទម្រង់​ស្ថាប័ន​របស់​ខ្លួន។

ពួកគេ​យល់​ឃើញ​ថា ប្រសិនបើ​មន្ត្រី​ចាស់ៗ​នៅតែ​បន្ត​កាន់​ការងារ​ក្នុង​នាម​ជា​រដ្ឋមន្ត្រី នោះ​ការ​ផ្ដល់​សេវា​សាធារណៈ​ នឹង​នៅ​ស្ថិត​ក្នុង​សភាព​អាប់អួរ។ បើ​ទោះ​ជា​ពួក​បាន​លើក​ឡើង​យ៉ាង​នេះ​ក្ដី​ ពួក​គេ​ខ្លះ​នៅ​តែ​ស្វាគមន៍​ឲ្យ​មន្ត្រី​ ដែល​បាន​ធ្វើ​កិច្ចការ​ច្រើន​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បន្ត​ភារកិច្ច។

លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​ ថ្លែង​ប្រាប់​VOA ថា​ ប្រមុខ​រាជ​រដ្ឋាភិបាល​ ​ទំនង​ជា​មិន​មាន​ភាព​ប្រាកដ​និយម​នៅ​ក្នុង​ការ​រៀបចំ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​ថ្មី​របស់​លោក​ទេ​ ព្រោះ​លោករក្សា​ទុក​មន្ត្រី​ចាស់ៗ​ច្រើន។​ លោក​បន្ថែម​ថា​ គណបក្ស​គ្រប់គ្រង​ប្រទេស​សម្បូរ​ធនធាន​មនុស្ស​ និង​មាន​មន្រី្ត​ល្អៗ​ និង​មាន​សមត្ថភាព​ ដែល​អាច​កាន់​ការ​ជំនួស​មន្ត្រី​វ័យ​ចំណាស់​ទាំងនោះ​បាន។

«អ្វី​ដែល​យើង​ឲ្យ​យោបល់​នេះ​ ដោយសារ​តែ​យើង​ឃើញ​ថា​ ក្បាល​ម៉ាស៊ីន​របស់​ ក្រសួង​មួយ​ចំនួន​ ដែល​សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី​ខ្លួនឯង​ហ្នឹង ក៏​គាត់​ថា​ដែរ​សម្ពឹក។​ អញ្ចឹង​បើ​គាត់​នៅ​ក្រសួង​ចាស់​ហ្នឹង​ សម្ពឹក​អញ្ចឹង​ គាត់​ទៅ​ក្រសួង​ថ្មី​ក៏​អាច​ថា​នឹង​ស្ពឹក​តែ​ដដែល​ហ្នឹង។ វា​អត់មាន​អី​ថ្មី​ទេ។ ហើយ​ខ្ញុំ​មិន​ជឿ​ថា​ ធនធាន​មនុស្ស​នៅ​កម្ពុជា​ មន្ត្រី​សកម្មៗ​នៅ​កម្ពុជា​ តាម​ក្រសួង​ស្ថាប័ន​នីមួយៗ​ហ្នឹង​ មិនមែន​មាន​តែ​ប៉ុណ្ណឹង​នាក់​ទេ​ ដែល​ធ្វើ​រដ្ឋមន្ត្រី​កើត​នោះ»។

អ្នក​ជំនាញ​ផ្នែក​គណនេយ្យភាព​រូប​នេះ​ មិនបាន​មើល​ឃើញ​តែ​ទិដ្ឋភាព​អវិជ្ជមាន​ចំពោះ​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​នេះ​ទេ។​ លោក​ក៏បាន​ទទួល​ស្គាល់​ចំណុច​វិជ្ជមាន​ខ្លះ​ចំពោះ​មន្ត្រី​ចាស់ៗ​មួយ​ចំនួន​ ដែល​អាច​នឹងស្ថិត​នៅ​ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​បាន​ ដោយសារ​តែ​រដ្ឋមន្ត្រី​វ័យ​ចំណាស់​ទាំង​នោះ​មាន​ភាព​សកម្ម​នៅ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​ក្រសួង​ដែល​ខ្លួន​គ្រប់​គ្រង​ ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ។

លោក​ ស៊ុន ចាន់​ថុល (ឆ្វេង) បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរិ៍​ ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ អំពី​ការ​បេ្តជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ (ហ៊ុល​ រស្មី/VOA)
លោក​ ស៊ុន ចាន់​ថុល (ឆ្វេង) បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​សៅរិ៍​ ទី​១៩​ ខែ​មីនា​ ឆ្នាំ​២០១៦​ នៅ​ឯ​វិទ្យាសា្ថន​បច្ចេកវិទ្យា​នៃ​កម្ពុជា​ អំពី​ការ​បេ្តជ្ញាចិត្ត​របស់​លោក​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។​ (ហ៊ុល​ រស្មី/VOA)

រដ្ឋមន្ត្រី​ទាំងនោះ​ រួម​មាន​លោក​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល​ និង​លោក ជា សុផារ៉ា​ ដែល​ជា​អតីត​អភិបាល​រាជធានី​ភ្នំពេញ​ និង​ជា​អតីត​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែន​ដី​ នគរ​រូបនីយកម្ម​ និង​សំណង់។​

យោង​ទៅ​តាម​សំណើ​របស់​លោក ហ៊ុន សែន ​ដែល​ស្នើ​សុំ​ការ​ដោះដូរ​សមាសភាព​គណៈ​រដ្ឋមន្ត្រី​ លោក​ ជា សុផារ៉ា​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ នឹង​ត្រូវ​មកគ្រប់​គ្រង​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយ​កម្ម​ និង​សំណង់​ បន្ទាប់លោក​រដ្ឋមន្ត្រី ​អ៊ឹម ឈុន​លឹម​ ចូល​និវត្តន៍។

លោក​ ហ៊ុន សែន​ បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​សប្ដាហ៍​មុន​នេះ​ ថា​ គម្រោង​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​នេះ​ គឺ​មាន​គោលដៅ​បង្កើន​ប្រសិទ្ធ​ការងារ​នៃ​រដ្ឋបាល​របស់​លោក ដែល​ជា​រដ្ឋាភិបាល​អេឡិចត្រូនិក។

នៅមុន​ការ​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ចុង​ខែ​កុម្ភៈ​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ទៅ​លើ​ភាព​យឺតយ៉ាវ​ និង​កម្សោយ​ការងារ​របស់​ក្រសួង​ចំនួន​ពីរ​គឺ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ។

លោក​ថ្លែង​នៅ​ពេល​នោះ​ផង​ដែរ​ថា​ពេល​វេលា​សម្រាប់​ «ការ​មុជ​ទឹក​ ឆ្លុះ​កញ្ចក់​ ដុះ​ក្អែល ​និង​ព្យាបាល» របស់​ថ្នាក់​ដឹកនាំ​ ឬ​មន្ត្រី​នៃ​ក្រសួង​នីមួយៗ​ ដែល​លោក​បាន​ទុក​ឲ្យ​ គឺ​ផុត​កំណត់​បាត់​ទៅ​ហើយ។ លោក​ក៏បាន​ផ្ដល់​ចំណាត់​ថ្នាក់​ F ​ជា​ចំណាត់​ថ្នាក់​អន់​បំផុត​ដល់​ក្រសួង​ទាំង​ពីរ​នេះ។

ក៏ប៉ុន្តែ លោក​ អ៊ូ​ វីរៈ​ ជា​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​ជា​ប្រធាន​វេទិកា​អនាគត ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ បាន​ថ្លែង​ថា ផែនការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​ពាក់​កណ្ដាល​អាណត្តិ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​អសកម្ម​នានា​បាន​ឡើយ ខណៈ​ដែល​ភាគច្រើន​នៃ​រដ្ឋមន្ត្រី​ដែល​នឹង​ត្រូវ​ដោះដូរ​ក្រសួង​សម្រាប់​គ្រប់​គ្រង ​នៅ​តែ​ជា​មន្ត្រី​ចាស់ៗ។

​ដោយ​ឡែក ​លោក​ អេង ឆៃ​អ៊ាង អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​ជំទាស់​ មិន​បាន​អធិប្បាយ​ទៅ​លើ​ការ​រុះរើ​គណៈ​រដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន សែន​នោះ​ទេ។​ យ៉ាងណា​ក៏ដោយ​ លោក​បាន​ហៅ​ការ​រិះគន់​របស់​លោក​ ហ៊ុន សែន​ ទាក់​ទិន​ក្បាល​ម៉ាស៊ីន​ដឹកនាំ​គណបក្ស​ជំទាស់​ថា​ជា​រឿង​មួយ​ដាច់​ដោយ​ឡែក​ពី​ការ​ដឹកនាំរដ្ឋាភិបាល។

«ការដឹកនាំ​របស់​រដ្ឋាភិបាល​ គឺ​ការ​ទទួល​ខុសត្រូវ​ចំពោះ​ជោគ​វាសនា​ប្រទេសជាតិ​ ព្រោះ​រដ្ឋាភិបាល​ជា​អ្នក​ប្រមូល​ពន្ធដារ​ពី​ប្រជាពលរដ្ឋ។​ រដ្ឋាភិបាល​គេ​មាន​ចាយ​លុយ​ប្រជាពលរដ្ឋ។​ អញ្ចឹង នៅ​ប្រទេស​ណា​ក៏​ដោយ​ គឺ​គេ​តែង​តែ​មាន​ការ​ផ្លាស់​ប្ដូរ កុំ​ថា​ឡើយ​ដល់​ទៅ​ថា​យើង​ផ្លាស់​ប្ដូរ​ដល់​ថ្នាក់​លើ។ ឧទាហរណ៍​ថា​ ដូច​មន្ត្រី​ មន្ត្រី​រាជការ​អញ្ចឹង​ បើ​កាលណា​ធ្វើ​កិច្ចការ​នៅ​កន្លែង​ណាមួយ​ គេ​មិន​ដែល​ឲ្យ​មន្ត្រី​ហ្នឹង​ធ្វើ​នៅ កន្លែង​ហ្នឹង​រាប់​ឆ្នាំ​ទេ។​ បើ​កាល​ណា​ធ្វើការ​រាប់​ឆ្នាំ​ គឺ​វា​ដឹង​រាក់​ជ្រៅ​រឿង​អាក្រក់ រឿង​ល្អ​ទាំង​អស់។​ អញ្ចឹង​វា​អាច​មាន​ការ​ឃុបឃិត​គ្នា​ក្នុង​ការ​ប្រព្រឹត្តិ​អំពើពុករលួយ​ អញ្ចឹង​ហើយ​គេ​តែង​តែ​មានការ​ប្ដូរ​វេន»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ មិន​បាន​លើកឡើង​អំពី​អាណត្តិ​របស់​លោក​ទេ ​នៅ​ក្នុង​ការ​ថ្លែង​ការពារ​ជំហរ​រុះរើ​គណៈ​រដ្ឋមន្ត្រីដ៏​សំពីងសំពោង​របស់​លោក ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។

ផ្ទុយទៅវិញ​ លោក​ ហ៊ុន​ សែន​ ​បាន​បញ្ជាក់​សារ​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​ស្ថិត​នៅក្នុង​កៅអីនាយក​រដ្ឋ​មន្ត្រី​ រហូត​ដល់​លោក​មាន​ភាព​នឿយណាយ​នឹង​តួនាទី​ដែល​លោក​បាន​ក្ដោបក្ដាប់​ជាង​បី​ទសវត្ស​មកនេះ៕

XS
SM
MD
LG