ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ានី៖​ទំនាក់​ទំនង​កម្ពុជា​និង​អាមេរិក​ល្អ​ប្រសើរ​ត្រូវ​មាន​ការ​យោគយល់​គ្នា 


Hun Many, son of Prime Minister Hun Sen, speaks at the US-Korean Institute under Johns Hopkins’ School for Advanced International Studies, Washington DC, Wednesday January 20, 2016. (Photo: Men Kimseng/VOA Khmer)
Hun Many, son of Prime Minister Hun Sen, speaks at the US-Korean Institute under Johns Hopkins’ School for Advanced International Studies, Washington DC, Wednesday January 20, 2016. (Photo: Men Kimseng/VOA Khmer)

អ្នកតំណាងរាស្ត្រ​វ័យ​ក្មេង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ​លំហរ​សម្រាប់​បង្កើន​ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​នៅ​មាន​ច្រើន។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ​ដែរ ​កម្ពុជា​ក៏​ត្រូវការ​មាន​មិត្ត​ច្រើន​លើស​ពី​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​ចិន​ដែរ។

លោក ហ៊ុន ម៉ានី​ អ្នក​តំណាងរាស្រ្ត​មណ្ឌល​កំពង់ស្ពឺ​ និង​ជា​កូនប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ប្រាប់​ដល់​ក្រុម​អ្នក​ចូលរួម​ស្តាប់​ការ​ពិភាក្សា​នៅ​សាកលវិទ្យាល័យ​ Johns Hopkins​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​ថា ​សហ​ប្រតិបត្តិការ​ក្នុង​ពេល​កន្លង​មក​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​បាន​ល្អ​ប្រសើរ​ទាំង​ខាង​ផ្នែក​យោធា ​ប្រឆាំង​ភេរវកម្ម ​និង​ពាណិជ្ជកម្ម​ជាដើម។ ប៉ុន្តែ​ក៏​នៅ​មាន​កម្រិត​បន្ថែម​ឱ្យ​ទំនាក់​ទំនង​នេះ​កាន់តែ​ប្រសើរ​នោះ​ គឺ​ត្រូវ​មាន​ការ​យោគយល់​គ្នា៖

«និយាយ​ដោយ​ស្មោះ​ទៅ​ ខ្ញុំ​ជឿ​ថា​ មាន​ឱកាស​ល្អ​ដែល​អាច​ឱ្យ​យើង​មាន​ទំនាក់​ទំនង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​ល្អ​ជាង​នេះ។ ប៉ុន្តែ​វា​ត្រូវ​ចាប់​ផ្តើម​ដោយ​យើង​ព្យាយាម​ស្វែង​យល់​ពី​គ្នា​ ព្យាយាម​ដាក់​ខ្លួន​យើង​នៅ​ក្នុង​ស្ថានការណ៍​របស់​អ្នក​ដទៃ​ ហើយ​ការ​សម្រេចចិត្ត​ណា​មួយ​ គឺ​ត្រូវ​មាន​ហេតុផល​របស់​គេ ​ដោយ​ឈរ​លើ​ទស្សន​វិស័យ​នៃ​ផល​ប្រយោជន៍​ជាតិ​ផ្ទាល់​ខ្លួន​យើង‍»។

លោក​មិន​បាន​និយាយ​លម្អិត​ដល់​អ្វី​ទៅ​ជា​ផល​ប្រយោជន៍​ផ្ទាល់​ ដែល​កម្ពុជា​ត្រូវ​រក្សា​ទេ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​ កម្ពុជា​ត្រូវ​រក្សា​សិទ្ធិ​ក្នុង​ការ​មាន​មិត្ត​ភក្តិ​ច្រើន​ធ្វើ​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​ គឺ​មិនមែន​ត្រូវ​ផ្តោត​តែ​លើ​សហរដ្ឋ​អាមេរិក ​ឬ​ប្រទេស​ចិន​មួយ​ទេ។ លោក​បញ្ជាក់​ថា​ កម្ពុជា​ក៏​ចង់​មាន​មិត្ត​ភក្តិ​ច្រើន​ទៀត​ដូចជា​ រុស្ស៊ី ​ជប៉ុន ​និង​កូរ៉េ​ជាដើម។

លោក ហ៊ុន ម៉ានី (ឆ្វេង) កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយនឹង​លោកសាស្ត្រាចារ្យ Karl D. Jackson ពិភាក្សា​ជាមួយ​អ្នកចូលរួម​ស្តាប់អំពី​អនាគត​រវាង​ទំនាក់​ទំនងរបស់​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក នៅ​វិទ្យាស្ថាន​កូរ៉េ-អាមេរិកនៃ​សកលវិទ្យាល័យ John Hopkins នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃពុធ ទី២០ ខែ​មករា ឆ្នាំ​២០១៦។ (រូបថត៖ ម៉ែន គឹមសេង/VOA)
លោក ហ៊ុន ម៉ានី (ឆ្វេង) កូន​ប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយនឹង​លោកសាស្ត្រាចារ្យ Karl D. Jackson ពិភាក្សា​ជាមួយ​អ្នកចូលរួម​ស្តាប់អំពី​អនាគត​រវាង​ទំនាក់​ទំនងរបស់​កម្ពុជា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក នៅ​វិទ្យាស្ថាន​កូរ៉េ-អាមេរិកនៃ​សកលវិទ្យាល័យ John Hopkins នៅ​រដ្ឋ​ធានីវ៉ាស៊ីនតោន កាល​ពី​ថ្ងៃពុធ ទី២០ ខែ​មករា ឆ្នាំ​២០១៦។ (រូបថត៖ ម៉ែន គឹមសេង/VOA)

«មេដឹកនាំ​របស់​យើង​តែងតែ​មាន​ប្រសាសន៍​ថា​កម្ពុជា​ត្រូវការ​មិត្តភក្តិ​ច្រើន។ យើង​មិន​ត្រូវ​មើល​តែ​ជ្រុង​ចង្អៀត​ថា​ ខ្ញុំ​ត្រូវ​ជ្រើសរើស​មិត្ត​មួយ​នេះ​ ហើយ​ចោល​មួយ​នោះ​ទេ‍»។

ការ​ពិភាក្សា​របស់​លោក​ ហ៊ុន ម៉ានី​ កើត​មាន​ឡើង​ ស្រប​ពេល​គ្នា​ដែល​លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ចន ឃែរី​ (John Kerry) គ្រោង​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា​នៅដើម​សប្តាហ៍​ក្រោយ​ ដើម្បី​រៀបចំ​កិច្ចការ​ចាំបាច់​សម្រាប់​ជំនួប​កំពូល​របស់​លោក​ប្រធានាធិបតី​ បារ៉ាក់ ​អូបាម៉ា​ ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​ខែ​ក្រោយ។ ដំណើរ​ទស្សនកិច្ច​របស់​លោក ចន ​ឃែរី ក៏​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​លើ​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ TPP ​ផង​ដែរ។

លោក Coner Cronin ​អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​ CSIS​ ដែល​បាន​មក​ចូលរួម​ស្តាប់​ការ​បកស្រាយ​របស់​លោក​ ហ៊ុន ម៉ានី​ បាន​បញ្ជាក់​ថា៖

«នៅក្នុង​បរិបថ​បច្ចុប្បន្ន​នេះ​ ខ្ញុំ​គិតថា​ គេ​អាច​នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​សហរដ្ឋ​អាមេរិក​បាន​ប្រសើរ​ឡើង​ដោយ​ផ្អែក​លើ​បរិបថ​មួយ​ចំនួន ។ សហរដ្ឋ​អាមេរិក​ចង់​ឱ្យ​មាន​ការ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ។ ប៉ុន្តែ​គេ​ក៏មិន​ចង់​ធ្វើ​មិន​ដឹង​ មិន​ឮ​ចំពោះ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ ​បញ្ហា​អំពើ​ពុករលួយ​ និង​អភិបាល​កិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ដូច្នេះ ​ខ្ញុំ​គិត​ថា​ ទាំង​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ចង់​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​នឹង​គ្នា។ ប៉ុន្តែ​ពួកគេ​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ចង់​បាន​ខុសគ្នា​សិន​មុន​នឹង​អាចធ្វើ​ដូច​នេះ​បាន‍»។​

លោក ហ៊ុន ម៉ានី​ បាន​ទទួល​ស្គាល់​ថា​ មាន​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ដូចជា​ការ​រំលោភ​យក​ដីធ្លី​ជាដើម។ ប៉ុន្តែ​ លោក​ត្រូវ​ជ្រើសរើស​សំឡឹង​មើល​មក​កម្ពុជា​តាម​ជ្រុង​វិជ្ជមាន ​ដើម្បី​ឱ្យ​លោក​អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន។

«ប៉ុន្តែ​អ្វី​ដែល​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត​បាន​គឺថា​ ប្រសិន​បើខ្ញុំ​ផ្តោត​លើ​ជ្រុង​អវិជ្ជមាន​ តើ​មាន​កត្តា​ជំរុញ​អ្វី​នាំ​ឱ្យ​ខ្ញុំ​បន្ត​ដំណើរ​ទៅមុខ​ទៀត​ក្នុង​ការជឿ​ជាក់​លើ​ប្រទេស​របស់​ខ្ញុំ? ខ្ញុំ​ជឿ​ជាក់​លើ​ប្រទេស​កម្ពុជា។ មាន​រឿងរ៉ាវ​វិជ្ជមាន​ច្រើន​ណាស់​កើត​មាន ដូចជា​មាន​យុវជន​ដែល​ប្រកប​ដោយ​ឋាមពល​ និង​ធនធាន​មនុស្ស ​និង​ការគិត​ដោយ​សេរី​ជាដើម។ ខ្ញុំ​នឹង​ជ្រើស​រើស​យក​ជ្រុង​វិជ្ជមាន​ដើម្បី​រក្សា​ខ្លួន​ខ្ញុំ​ឱ្យ​នៅ​មាន​ទឹកចិត្ត​ជំរុល​ទៅ​មុខ​ ដោយ​ក្តី​សង្ឃឹម​ថា​ យើង​នឹង​ចំណាយ​ពេល​មួយ​ជីវិត​ខ្ញុំ​ដើម្បី​ដោះស្រាយ​បញ្ហា​អវិជ្ជមាន​ទាំង​នោះ‍»។

យ៉ាង​ណា​ក៏​ដោយ​ការ​ពិភាក្សា ​និង​ពន្យល់​រយៈពេល​ជាង​មួយ​ម៉ោង​របស់​អ្នក​តំណាងរាស្រ្ត​នេះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ដែល​ចូលរួម​ស្តាប់​ ដូចជា​លោក​ ម៉ាយឃើល ដួង ​ដែល​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ម្នាក់​ទទួល​យក​បាន​នៅ​ឡើយ​ទេ។

លោក​បាន​បញ្ជាក់​ប្រាប់​ VOAថា៖

«គាត់​និយាយ​អំពី​យុវជន​ខ្មែរ ​ប៉ុន្តែ​សកម្មភាព​អ្វី​ដែល​គាត់​ធ្វើ​សម្រាប់​យុវជន​ខ្មែរ​មាន​ការ​ស្តួច​ស្តើង​ណាស់។ ​កម្មករ​ខ្មែរ​យុវជន​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​សៀម ​ធ្វើការ​នៅកូរ៉េ​ សឹងតែ​លាន​នាក់​ទៅ​ហើយ​បាន​ន័យ​ថា​ វាដូច​ជា​ទឹក​មួយ​តំណក់​ធ្លាក់​ទៅ​លើ​ដី​ក្រៀម​ក្រហែង​អីចឹង។ វា​ស្តួចស្តើង​ណាស់។ វា​គ្រាន់​តែ​ចាប់​ផ្តើម​ទេ។ បើ​ថា​ធ្វើ​ទាល់​តែ ​ធ្វើ​ហ្នឹង​ឱ្យ​មាន​ជាខ្នាត​ជាតិ​បាន​អាច​ ទៅរួច​បាន​អាច​សង្គ្រោះ​យុវជន​យើង​បាន។ ហើយ​យុវជន​ខ្មែរ​ ការ​សិក្សា​អប់រំ​ឱ្យ​វា​ទូលំ​ទូលាយ​ ហើយ​ការ​អប់រំ ​ឱ្យ​មាន​គុណភាព​ហើយ​ចប់​ការសិក្សា ​ហើយ​គួរណាស់​តែ​មាន​ការ​ងារ​ធ្វើ​បើ​ចប់​ការ​សិក្សា ​ហើយ​ទៅ​ធ្វើ​ខ្ញុំ​គេ​ដដែល​ចាំបាច់​ទៅរៀន​ធ្វើ​អ្វី​នាំតែ​អស់​ថ្លៃ​សាលា‍»។​

ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ភាពប៉ិន​ប្រសព្វ​របស់​ខ្លួន​ក្នុង​ការ​គៀងគរ​ជំនួយ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​រួម​ទាំង​ចិន​ សហរដ្ឋ​អាមេរិក​ ជប៉ុន​ និង​សហគមន៍​អឺរ៉ុប​ជាដើម។ ប៉ុន្តែ​ ការ​ជាប់​ជំពាក់​យ៉ាង​ស្និទ្ធស្នាល​ជាមួយ​នឹង​ប្រទេស​ចិន​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​លើក​ឡើង​ក្នុង​ពេល​កន្លង​មក​ថា​អាច​នឹង​ឱ្យ​កម្ពុជា​ខាត​ប្រយោជន៍​នៅ​ក្នុង​រយៈពេល​យូរ។ ពួកគេ​តែងតែ​លើក​ឡើង​ពី​ការ​បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ត​របស់​អាស៊ាន ​ដែល​មិន​អាច​ចេញ​សេចក្តី​ប្រកាស​រួម​បាន​ក្នុង​ឆ្នាំ២០១២ ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដោយសារ​តែ​ឥទ្ធិពល​របស់​ប្រទេស​ចិន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG