ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​វាយ​បក​​ការ​លើក​ឡើង​របស់​តំណាងរាស្ត្រ​ជំទាស់​ជុំវិញ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​ និង​លោក​សម​ រង្សី​ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​ដៃ​គ្នា​នៅ​មុខ​​រដ្ឋសភាជាតិ​ បន្ទាប់​ពី​ការ​បោះឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី​៩​ ខែ​មេសា​ ឆ្នាំ​២០១៥។​​ (នូវ​ ពៅ​លក្ខិណា/VOA

បន្ទាប់ពី​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ ព្រះ​តម្រិះ​ចំពោះ​ការ​ឡាយ​ព្រះ​ហស្ថលេខា​លើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​ដោយ​លើក​ឡើង​ក្នុង​ញត្តិ​នោះ​ថា​ ​ច្បាប់​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ​និង​អាច​គំរាម​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ច្រានចោល​ការ​លើក​ឡើង​ក្នុង​ញត្តិ​នោះ​ថា ​ជា​ការ​លើក​ឡើង​ខុស​ពី​ការ​ពិត​ ​ហើយ​ថា​ ព្រះ​មហាក្សត្រ​មាន​ព្រះរាជ្យ​សិទ្ធិ​ពេញលេញ​ក្នុង​ការ​ឡាយ​ព្រះ​ហស្ថលេខា។

អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ ​ច្រាន​ចោល​ការ​លើកឡើង​របស់​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ដែល​បាន​សរសេរ​ក្នុង​ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ថា​ ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​អាច​គំរាម​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២៩​រូប​ ​បាន​សរសេរ​ញ្ញត្តិ​ថ្វាយ​ព្រះ​មហាក្សត្រ​ព្រះ​បាទ ​នរោត្តម​ សីហមុនី​ «ព្រះ​តម្រិះ» ​ចំពោះ​ការ​ឡាយ​ព្រះ​ហស្ថលេខា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ដែល​ពួក​គេ​អះអាង​ថា​ ​អាច​គំរាម​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​បោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​រួម​ទាំង​មាន​ចេតនា​ ​នយោបាយ​អាក្រក់​ក្នុង​ការ​បំបែក​បំបាក់​ខ្មែរ​និង​ខ្មែរ។

លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​ប្រាប់​ VOA ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ការ​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​ ​គឺ​ជា​សិទ្ធិ​របស់​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​លោក​ថា វិសោធនកម្មច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ ធ្វើ​ឡើង​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ ​និង​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។

លោក​ សុខ ឥសាន​ មាន​ប្រសាសន៍​ថា៖

«ជា​សិទ្ធិ​របស់​គាត់​ ​ក៏​ប៉ុន្តែ​ត្រង់​ថា​ ព្រះ​មហាក្សត្រ​ធ្វើ​តាម​គាត់​ ​ឬ​មិន​ធ្វើ​តាម​គាត់​ ​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។​ ខ្ញុំ​យល់​ថា​ គ្មាន​ការ​គំរាម​កំហែង​អី​ដល់​អ្នកណា​ទេ​ ​ព្រោះ​រឿង​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​គ្មាន​គំរាម​កំហែង​ដែរ​ ​គ្រាន់តែ​និយាយ​កុំ​ឲ្យ​គណបក្ស​ទាក់ទង​ជាមួយ​ទណ្ឌិត​តែ​ប៉ុណ្ណឹង​ទេ។​ អាហ្នឹង​រឿង​ច្បាប់​តែ​ប៉ុណ្ណឹង​ទេ អត់​ឃើញ​មាន​ពាក្យ​ថា​គំរាម​ប្រជាធិបតេយ្យ​ផង»។

ក្នុង​ញ្ញត្តិ​ដែល​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ពុធ​ តំណាងរាស្ត្រ​សំខាន់ៗ​ចំនួន​២៩​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​ទូល​ថ្វាយ​ព្រះ​មហាក្សត្រ​ថា​ ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​បង្កើត​ឡើង​មិន​ស្រប​គោលការណ៍​នីតិរដ្ឋ​ និង​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ​ ​សេរី​ពហុបក្ស។​ ពួក​គេ​បន្ត​ថា​ ​វិសោធនកម្ម​នេះ​ក៏​ផ្ទុយ​ពី​ព្រះ​រាជ​បំណង​របស់​ព្រះ​បរម​រតនកោដ្ឋ​ នរោត្តម សីហនុ​ ដែល​ចង់​ឲ្យ​ខ្មែរ​រួបរួម​គ្នា​ ដោះស្រាយ​បញ្ហា​រវាង​ខ្មែរ​និង​ខ្មែរ​ផង​ដែរ។

ញ្ញត្តិ​បួន​ទំព័រ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«សេចក្តី​ស្នើ​ច្បាប់​នេះ​មាន​ចរិត​នយោបាយ​គាប​សង្កត់​ទៅ​លើ​សិទ្ធិ​បុគ្គល​ ​បំបែក​បំបាក់​ជាតិ​ ​និង​គាប​សង្កត់​មក​លើ​គណបក្ស​នយោបាយ​ក្នុង​ន័យ​កម្ចាត់​កម្ចាយ​ខ្មែរ​គ្នាឯង​ ​និង​គាប​សង្កត់​គូ​ប្រជែង​នយោបាយ​តែ​ប៉ុណ្ណោះ​ ​ហើយ​អាច​បណ្តាល​ឲ្យ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​មិន​សេរី​ ​ត្រឹមត្រូវ​ ​និង​យុត្តិធម៌»។​

លោកស្រី​ មូរ សុខហួរ​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​ជា​តំណាងរាស្រ្ត​មួយ​រូប​ដែល​បាន​ចូលរួម​សរសេរ​ញត្តិ​ថ្វាយព្រះ​មហាក្សត្រ​ ​ប្រាប់​ ​VOA​ នា​ថ្ងៃ​សុក្រ​នេះ​ថា​ ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​មាន​តួនាទី​ក្នុង​ការ​លើកឡើង​នូវ​កង្វល់​ ​និង​សភាពការណ៍​ពាក់ព័ន្ធ​នឹង​សង្គម​ទៅ​តាម​នីតិវិធី។​ លោកស្រី​បន្ថែម​ដោយ​រំពឹង​ថា​ ​រាល់​បញ្ហា​នឹង​អាច​ត្រូវ​បាន​ដោះ​ស្រាយ​តាម​រយៈ​ខ្មែរ​ ​និង​ខ្មែរ​គ្នា​ឯង​ប៉ុណ្ណោះ។​

លោកស្រី​ ​មូរ សុខហួរ​ ​មាន​ប្រសាសន៍​ថា៖​

«ការ​ឈ្វេង​យល់​នៃ​ព្រះ​ករុណា​គឺ​ជា​ព្រះ​រាជ​សិទ្ធិ ហើយ​ជា​ព្រះ​រាជ​នាទី​នៃ​ព្រះ​អង្គ។ ​យើង​នៅ​តែ​រំពឹង ហើយ​យើង​ត្រូវ​តែ​នៅ​តែ​មាន​ជំនឿ​ថា ​ដំណោះ​ស្រាយ​យើង​មាន​តែ​ខ្មែរ​រវាង​ខ្មែរ​ទេ​ ​ដែល​អាច​រក​ដំណោះ​ស្រាយ​សម្រាប់​ប្រទេស​ជាតិ​យើង​បាន»។

VOA​ មិន​អាច​ទាក់ទង​មន្ត្រី​នៃ​ក្រសួង​ព្រះបរម​រាជវាំង​ដើម្បី​សុំ​ក្តី​អធិប្បាយ​បាន​ទេ​ នា​ថ្ងៃ​សុក្រ​នេះ​ ខណៈ​ដែល​លោក​ អ៊ុំ ដារ៉ាវុធ​ អ្នក​នាំ​ពាក្យ​ព្រះ​បរមរាជវាំង​បាន​ទេ​ ​ដោយ​លោក​មិនព្រម​ផ្តល់​អត្ថាធិប្បាយ។

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​ព្រឹទ្ធសភា​ដែល​មាន​តែ​សមាជិក​មក​ពី​បក្ស​កាន់​អំណាច​ ​បាន​អនុម័ត​វិសោធនកម្ម​លើក​ទី២​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​ ​ក្រោយ​ពី​រដ្ឋសភា​អនុម័ត​យ៉ាង​តក់​ក្រហល់។​ ការ​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រលូន​ទាំង​ក្នុង​ស្ថាប័ន​រដ្ឋសភា​ និង​ព្រឹទ្ធសភា​ ​បើ​ទោះ​ជា​មាន​ពហិការ​ពី​គណបក្ស​ជំទាស់​ក៏​ដោយ។

​ការ​បង្កើត​ និង​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទំាង​ពីរ​លើក​យ៉ាង​តក់ក្រហល់​ដូច​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ចេតនា​ផ្តាច់​លោក​ ​សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​នយោបាយ​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់​ទោស​ដោយ​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ជា​ច្រើន។​ ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក ​សម រង្ស៊ី​ តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និង​ជា​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ព្រម​ទាំង​ឃោសនា​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ជា​ដើម​ ​ធ្វើ​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​លោក ​ហ៊ុន សែន​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គណបក្ស​កាន់​អំណាច។

​នេះ​ជា​លើក​ទី២​ហើយ​ដែល​ក្រុម​តំណាងរាស្រ្ត​គណបក្ស​កាន់​អំណាច​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​បន្ទាប់​ពី​មាន​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។ ​វិសោធនកម្ម​ច្បាប់​លើក​ទី​១​ ​ដែល​មាន​បំណង​រំលាយ​ចោល​គណបក្ស​នយោបាយ​ណា​ដែល​មាន​មេដឹកនាំ​ជាប់​ទោស​ព្រហ្មទណ្ឌ​នេះ​ ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ឲ្យ​ប្រើប្រាស់​ដោយ​ប្រមុខ​រដ្ឋ​ស្ដីទី​ ​គឺ​លោក ​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​ ​បន្ទាប់ពី​ព្រះ​មហាក្សត្រ​បាន​យាង​ចេញ​ទៅ​ពិនិត្យ​ព្រះ​រាជ​សុខភាព​មុន​ពេល​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នោះ​ ​ត្រូវ​បាន​បញ្ជូន​ចូល​ក្នុង​ព្រះ​បរមរាជវាំង។

​ចំណែក​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ជា​លើក​ទី​២​នេះ​បាន​កំណត់​ថា​ គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មាន​ទំនាក់ទំនង​ជាមួយ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​មជ្ឈិម​ ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ។

កាល​ពី​ថ្ងៃ​ពុធ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១៩​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ភ្ជាប់​នឹង​ការ​វិភាគ​មាត្រា​នីមួយៗ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នោះ​ ​ដោយ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​វិសោធនកម្ម​នេះ និង​ថា​ជា​ការ​រឹត​បន្តឹង​យ៉ាង​អយុត្តិធម៌​បន្ថែម​ទៀត​លើ​សេរីភាព​ជួបជុំ​ ​និង​បញ្ចេញ​មតិ​ ​ដែល​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​ច្បាប់​អន្តរជាតិ​មួយ​ចំនួន។

ក្រុម​អង្គការ​ទាំង​១៩​នោះ​ ​បាន​លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​សម្រង់​ន័យ​ដើម​ថា៖

«យើង​សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ថា​ ​សិទ្ធិ​អំណាច​ធំ​ទូលាយ​ខ្លាំង​ពេក​ ​ដែល​ផ្ដល់​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ ​ក្រោម​សំណើ​វិសោធនកម្ម​នេះ​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ​របស់​កម្ពុជា​ ​និង​រំលោភ​បទប្បញ្ញត្តិ​ជាច្រើន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រម​ទាំង​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ ជា​អន្តរជាតិ​ចំពោះ​ការ​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ»។

​បើ​ទោះ​ជា​មាន​ការ​មិន​ពេញ​ចិត្ត​ពី​តំណាងរាស្ត្រ​បក្សជំទាស់​ ​និង​អង្គការ​សង្គម​ស៊ីវិល​ ​ក៏​ច្បាប់​នេះ​កំពុង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​បន្ត​បន្ទាប់​ដោយ​គ្មាន​ការ​អាក់ខាន។

លោក​ ឡេង ប៉េងឡុង​ អ្នក​នាំ​ពាក្យ​រដ្ឋសភា​ប្រាប់​ឱ្យ​ ​VOA​ ​ដឹង​ថា​ រហូត​មក​ដល់​ពេល​នេះ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ ​កំពុង​ស្ថិត​ក្នុង​ការ​ត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​ហើយ​និង​គ្រោង​បញ្ជូន​ទៅ​ព្រះ​បរមរាជវាំង​ដើម្បី​ឲ្យ​ព្រះ​មហាក្សត្រ​ឡាយ​ព្រះ​ហត្ថលេខា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ដើម្បី​ពេញ​លក្ខណៈ​ជា​ច្បាប់​សម្រាប់​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​អនុវត្តន៍៕

XS
SM
MD
LG