ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​គណបក្ស​កាន់​អំណាច​អនុម័ត​វិសោធនកម្ម​​លើក​ទីពីរ​ក្នុង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ


រូបឯកសារ៖ សមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)
រូបឯកសារ៖ សមាជិកព្រឹទ្ធសភា នៅក្នុងសម័យប្រជុំលើកទី៧ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥។ (រូបថតផ្តល់ដោយ ៖ ព្រឹទ្ធសភា)

សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​កាន់​អំណាច​ចំនួន​៤២រូប​ ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ ​បាន​លើក​ដៃ​អនុម័ត​វិសោធនកម្ម​លើក​ទី២​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​បើ​ទោះ​ជា​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​របស់​គណ​បក្ស​ប្រឆាំង​ធ្វើ​ពហិការ​ មិន​ចូល​រួម​ប្រជុំ​ ​ដោយ​អះអាង​ថា​ ​សេចក្តី​ស្នើច្បាប់​នេះ​មាន​ចរិត​នយោបាយ​ ​និង​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ។​

កាល​ពី​សប្តាហ៍​មុន​ ​រដ្ឋ​សភា​ដែល​មាន​តែ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច ក៏​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ដោយ​គ្មាន​វត្តមាន​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ផង​ដែរ។​

លោក​ ម៉ម ប៊ុននាង​ ​អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​ ​បាន​ប្រាប់​ ​VOA ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​កាន់​អំណាច​បាន​សម្រេច​អនុម័ត​ច្បាប់​វិសោធនកម្ម​ស្តីពី​គណបក្ស​នយោបាយ ​ដោយ​យល់​ស្រប​ទាំង​ស្រុង​ទៅ​តាម​រដ្ឋសភា។ ​លោក​អះអាង​ថា​ ​ការ​អនុម័ត​នេះ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​គោល​ការណ៍​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​បាន​សម្រេច​យក​មតិ​ភាគ​ច្រើន។​

រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក ​ម៉ម ប៊ុននាង​ ​អ្នក​នាំ​ពាក្យ​ព្រឹទ្ធ​សភា​ មាន​ប្រសាសន៍​ថា៖​

«ការ​សម្រេច​ហ្នឹង ​គឺ​យើង​សម្រេច​ជា​ឯកឆន្ទ​ហើយ​ ​៤២​លើ​៤២។​ ​វា​អាចគ្រប់​កូរ៉ុម​ប្រជុំ​ ​ហើយ​បើ​យើង​យក​សំឡេង​៥០%​បូក​មួយ​ តែ​៣៣ទេ។​ ​ហើយ​យើង​សម្រេច​ដល់​៤២។ ​អីចឹង​គឺ​លើស​លុប​ហើយ»។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ថា​ ​ព្រឹទ្ធ​សភា​នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​ដែល​ទើប​តែ​អនុម័ត​នេះ​ត្រឡប់​ទៅ​រដ្ឋ​សភា​វិញ​ ​ហើយ​រដ្ឋសភា​នឹង​បញ្ជូន​ថ្វាយ​ព្រះ​មហាក្សត្រ​ដើម្បី​ឡាយ​ព្រះហស្ថ​លេខា​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ការ​ប្រញាប់។​

វិសោធន​កម្មលើក​ទី​ពីរ​នៃ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ ស្នើ​ឡើង​ដោយ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​កាន់​អំណាច​ ស្រប​ទៅ​តាម​ការ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។​

វិសោធនកម្ម​ច្បាប់​នេះ​បាន​កំណត់​ថា ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​នឹង​ត្រូវ​រំលាយ​ចោល​ ​ប្រសិន​បើ​មាន​ទំនាក់​ទំនង​ជា​មួយ​បុគ្គល​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​មជ្ឈឹម​ ឬ​បទ​ឧក្រិដ្ឋ​ណា​មួយ។

កាល​ពី​សប្តាហ៍​កន្លង​ទៅ​ ​មន្ត្រី​សំខាន់ៗ​នៃ​គណ​បក្ស​សង្គ្រោះជាតិ​ ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ហុងកុង​ ​ដើម្បី​ជួប​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ ជាលើក​ចុង​ក្រោយ​ មុន​ពេល​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ចូល​ជា​ធរមាន។​

ខណៈ​ព្រឹទ្ធ​សភា​កំពុង​ពិភាក្សា​ ​និង​អនុម័ត​វិសោធន​កម្ម​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដោយ​ប្រកាស​ពី​មូលហេតុ​នៃ​ការ​ធ្វើ​ពហិការ​ ​មិន​ចូល​រួម​ជាមួយ​ក្រុម​សមាជិក​គណបក្ស​កាន់​អំណាច។ សេចក្តី​ប្រកាស​នេះ​លើកឡើង​ថា វិសោធនកម្ម​នោះ​មាន​ចរិត​នយោបាយ​ ​និង​បាន​គាប​សង្កត់​លើ​គណបក្ស​នយោបាយ​ជា​ដៃគូ​ ​ក្នុង​ន័យ​កម្ចាត់​ខ្មែរ​គ្នា​ឯង។​ សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ត​ថា​ ​សេចក្តី​ស្នើ​ច្បាប់​នេះ​មិន​ស្រប​តាម​គោល​ការណ៍​នីតិរដ្ឋ​ ​និង​ផ្ទុយ​ពី​គោល​ការណ៍​ប្រជាធិបតេយ្យ​ សេរី​ ​ពហុបក្ស​ ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា។​

រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ នៅថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ២០១៥។ (ហ៊ាន សុជាតា/VOA)

សេចក្តី​ថ្លែង​ការណ៍​នោះ​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«ក្រុម​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ មិន​គាំទ្រ​ ​និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ពិភាក្សា​ ​និង​ការ​អនុម័ត​ ពិនិត្យ​ផ្តល់​យោបល់​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ ​និង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ ​ដើម្បី​ធានា​ការពារ​ផល​ប្រយោជន៍​ជាតិ​ ​ការ​បង្រួប​បង្រួម​ជាតិ ​ផ្សះផ្សារ​ជាតិ​ ​និង​ឯកភាព​ជាតិ»។​

លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ បាន​ប្រាប់​ ​VOA​ ​អំពី​មូលហេតុ​នៃ​ការធ្វើ​ពហិការ​មិន​ចូល​រួម ​គឺ​ដោយ​សារ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ធ្វើ​ឡើង​សំដៅ​តែ​លើ​គណបក្ស​នយោបាយ​ ​ឬ​បុគ្គល​ណាមួយ​ ​ដោយ​មិន​បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​ជា​ទូទៅ។​ លោក​បន្ថែម​ថា​ ​បើ​ទោះ​ជា​វិសោធន​កម្មច្បាប់​នេះ​ធ្វើឡើង​ផ្ទុយ​ពី​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​ក៏​ដោយ ក៏​គណបក្ស​ប្រឆាំង​នឹង​បង្ខំ​ចិត្ត​អនុវត្ត​ទៅតាម​ការ​សម្រេច​នោះ​ ​នៅ​ពេល​ដែល​វិសោធន​កម្ម​ច្បាប់​នេះ​ចូល​ជាធរមាន។

លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ ​បញ្ជាក់​ប្រាប់​ ​VOA ​យ៉ាង​ដូច្នេះ​ថា៖​

«នៅ​ពេល​ណា​ដែល​ច្បាប់នេះ​ចូល​ជាធរមាន​ ​នេះ​ខ្ញុំ​និយាយ​ក្នុង​គណបក្ស​សម រង្ស៊ី​ ​ចាំបាច់​ត្រូវ​ធ្វើការ​ផ្លាស់​ប្តូរ​ឈ្មោះ​ ​ព្រោះ​ឈ្មោះ​គណបក្ស​ហ្នឹង​វា​ទាក់ទង​នឹង​ឯកឧត្តម​សម រង្ស៊ី​ ​ដែល​រាជរដ្ឋាភិបាល​ថា​ គាត់​ជា​ទណ្ឌិត។​ ​ហើយ​យើង​ដឹង​ហើយ​ប្រជារាស្រ្តខ្មែរ​រាប់​លាន​នាក់ ដែល​បាន​បោះឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះជាតិ​ ដឹងថា ​រឿង​ឯកឧត្តម​សម រង្ស៊ី គឺ​ជា​រឿង​នយោបាយ​សុទ្ធសាធ»។​

ក្រុម​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ ​និង​សង្គម​ ​លើក​ឡើង​ថា​ ​វិសោធនកម្ម​ច្បាប់​នេះ​ធ្វើ​ឡើង​ក្នុង​ចេតនា​សំដៅ​ទៅ​លើ​គណបក្ស​ប្រឆាំង​ ​បន្ទាប់​ពី​លោក​ សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់​ ​និង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ក្រោយ​លោក​ ហ៊ុន សែន​ ប្តឹង​ជា​ច្រើន​ករណីនោះ បាន​បង្ហោះ​សារ​វាយ​ប្រហារ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ជា​បន្ត​បន្ទាប់​ ​និង​បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក កន សាវាង្ស​ ​មន្ត្រី​ផ្នែក​អង្កេត​នៃ​អង្គការ​ខុមហ្វ្រែល​ ដែល​ជា​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​ប្រព្រឹត្ត​ទៅ​របស់​សភា​ លើក​ឡើង​ថា​ ​ការ​ស្នើច្បាប់​ណាមួយ​ដោយ​គ្មានការ​ចូល​រួម​ផ្តល់​យោបល់​ពី​អ្នក​ពាក់ព័ន្ធ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ ​និង​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​មិន​ស្មើភាព​រវាង​គណបក្ស​នយោបាយ។​

លោក​បញ្ជាក់​ថា៖​

«បើ​សិន​គណបក្ស​ពីរ​ ប្រឆាំង​គ្នា​ហ្នឹង ​មាន​កម្លាំង​ស្មើគ្នា​ ​មាន​សំឡេង​នៃ​ការ​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា ​ហើយ​ទៅ​រំលាយ​ ​តើ​យើង​ធ្វើ​ម៉េច?​ ​ធ្វើ​ម៉េច​ដែល​វា​អាច​ឲ្យ​ការ​បោះឆ្នោត​មួយ​សេរី​បាន?​ ​ធ្វើ​ម៉េច​ប្រជា​ពលរដ្ឋ​ចូល​រួម​ដោយ​សេរី​បាន?​ ​ចូលរួម​ដោយ​ការ​ជឿ​ទុក​ចិត្ត​បាន?​ ​ត្រង់​នេះ​ហើយ​ដែល​យើង​មើល​ឃើញ​ថា​ ​ចំណុច​ទាំង​ហ្នឹង​ ​ការ​អនុវត្ត​លក្ខណៈ​បែប​ហ្នឹង​ ​វា​ហាក់​ដូច​ជា​វា​អត់​បាន​ល្អ​ ​ហើយ​វា​មាន​ការ​ប៉ះពាល់​ដល់​ការ​ចូលរួម​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ»។​

លោក​ សម រង្ស៊ី​ កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ដើម្បី​គេច​ចេញ​ពី​ការ​ដាក់ទោស​ដោយ​តុលាការ​កម្ពុជា​ក្នុង​សំណុំ​រឿង​ជា​ច្រើន​ ​នៅ​ពេល​ដែល​លោក​ស្ថិត​ក្នុង​តំណែង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ខណៈ​កំពុង​រស់​នៅ​ប្រទេស​បារាំង​ ​លោក​ ​សម រង្ស៊ី​តែង​បង្ហោះ​សារ​ជា​សំណេរ​ ​ជា​រូបភាព​ ​និង​ជា​វីដេអូ​ ​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ ​ព្រមទាំង​ឃោសនា​ឲ្យ​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ។​ ​ការណ៍​នេះ​ធ្វើ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​លោក​ ហ៊ុន សែន​ និង​អ្នក​គាំទ្រ​មួយ​ចំនួន​របស់​គណបក្ស​កាន់​អំណាច។​

ការ​បង្កើត​និង​ការ​អនុម័ត​សេចក្តី​ស្នើ​វិសោធន​កម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ទំាង​ពីរ​លើក​យ៉ាង​តក់ក្រហល់​ដូច​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ជា​ចេតនា​ផ្តាច់​លោក​ សម រង្ស៊ី ចេញ​ពី​នយោបាយ​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ៕

XS
SM
MD
LG