ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស ​សម រង្ស៊ី​ គ្រោង​រៀបចំ​សមាជ​ប្ដូរ​ឈ្មោះ​គណបក្ស


លោក​ ទាវ វណ្ណុល​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​  ផ្តល់​បទសម្ភាស​ដល់​​ VOA​ អំពី​វិសោធនកម្ម​ច្បាប់​ស្តី​អំពី​គណបក្ស​នយោបាយ​ នៅ​ទីស្នាក់​ការគណបក្ស​សង្គ្រោះជាតិ​, នៅរាជធានី​ភ្នំពេញ​, នៅ​ថ្ងៃទី​១៩​ ខែកក្កដា​​ ឆ្នាំ២០១៧។​ (ខាន់​ សុគុំមនោ​/ VOA)

គណបក្ស​សម រង្ស៊ី ​ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិ​​មនុស្ស​កាល​ពី​ឆ្នាំ​២០១២​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅ​​តែ​​បន្ត​​វត្ត​មាន​​រក្សា​កូតា​អាសនៈ​បក្ស​ជំទាស់​នៅ​ព្រឹទ្ធ​សភា ​​ហើយ​​បាន​​ធ្វើ​​ពហិការ​​មិន​​ចូល​​រួម​​សម័យ​​ប្រជុំ​​ពេញ​​អង្គ​​របស់​​សភា​​ជាន់​​ខ្ពស់​​កាល​​ពី​​ថ្ងៃ​​ចន្ទ​​ឡើយ។

កំណត់​និពន្ធ៖ ​ជាមួយ​នឹង​ការ​ធ្វើ​វិសោធនកម្ម​លើក​ទីពីរ​ក្នុង​រយៈ​ពេល​មិន​ដល់​៦ខែ​ចុង​ក្រោយ​នេះ ​ច្បាប់​ស្ដីពី​គណបក្សនយោបាយបានឆ្លង​ផុត​រដ្ឋ​សភា ​និង​ព្រឹទ្ធ​សភា​កាល​ពី​សប្ដាហ៍​កន្លង​ទៅ ​ហើយ​អាច​នឹង​ចូល​ជា​ធរមាន​ក្នុង​ពេល​ក្រុម​ប្រឹក្សាធម្មនុញ្ញ ​ផ្ដល់​ភ្លើង​ខៀវ ​និងមាន​ការ​ឡាយ​ព្រះហស្ថលេខា​ពី​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា។ ​ការ​កែ​កុន​ច្បាប់​មួយ​នេះ ​ត្រូវបាន​អ្នករិះ​គន់មើលឃើញថា មានគោលដៅ​ផាត់​លោក ​សម ​រង្ស៊ី ​មេដឹកនាំ​ចលនា​នយោបាយ​ជំទាស់​ពីឆាក​នយោបាយដោយមានមាត្រាមួយចំនួនឃាត់ឃាំងទណ្ឌិត ដែលត្រូវបាន​តុលាការ​កាត់​ទោស​ដូច​ជា​ លោក ​សម ​រង្ស៊ី ​មិន​ឱ្យ​ជាប់​ពាក់​ព័ន្ធនឹងគណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ ​គណបក្ស​សម រង្ស៊ី ​ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​សិទ្ធិមនុស្ស​កាល​ពី​ឆ្នាំ​២០១២​ ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅតែបន្តវត្ត​មានរក្សា​កូតា​អាសនៈ​បក្ស​ជំទាស់​នៅ​ព្រឹទ្ធ​សភា ហើយបានធ្វើពហិការមិនចូលរួមសម័យប្រជុំពេញអង្គរបស់សភាជាន់ខ្ពស់កាលពីថ្ងៃចន្ទឡើយ។ លោក ​ទាវ ​វណ្ណុល ​សមាជិក​ព្រឹទ្ធ​សភា ​និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សមរង្ស៊ី ​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដាច់​ដោយ​ឡែក ​ជាមួយ​លោក​ អូន ឆេងប៉រ នៃវិទ្យុសម្លេង​សហរដ្ឋអាមេរិច​(VOA) ​និយាយ​ពី​អនាគត​គណបក្ស​កេរ​ដំណែល​មួយ​នេះ ​ក្រោយពេល​វិសោធនកម្មច្បាប់គណបក្សនយោ​បាយ​ចូល​ជាធរ​មាន​ក្នុង​ពេល​ខាង​មុខ។

VOA៖ ជាមួយ​នឹង​ពហិកា​រមិន​ចូល​ប្រជុំ​ពេញ​អង្គ​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ​ចន្ទ ​អ្វី​ទៅ​ជា​ជំហរ​គណបក្ស​សម​រង្ស៊ី​ចំពោះ​វិសោធនកម្ម​ច្បាប់​ថ្មី​នេះ?​

​ទាវ វណ្ណុល៖ ​ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​ស្ដីទី​គណបក្ស​សម រង្ស៊ី ​ម្សិល​មិញ​ហ្នឹង​យើង​បាន​ធ្វើ​ពហិការ ​មិន​ចូល​ក្នុង​ការ​ធ្វើ​ជជែក​ ធ្វើ​វិសោធន​កម្ម​ច្បាប់​ស្ដីពីគណ​បក្ស​នយោបាយ​នេះ​ទេ ​ដោយ​យើង​យល់ថា ​ច្បាប់​នេះ​មិន​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​ខ្មែរ​យើង​ទេ។ ​ច្បាប់​នេះ​បើ​យើងពិនិត្យមើលទៅ ​ហាក់​បី​ដូច​ជា​មាន​លក្ខណៈ​បម្រើ​បុគ្គល ​ឬ​មួយ​ក៏​បក្ស​នយោបាយ​ណា​មួយ ជា​ជាង​បម្រើ​ផល​ប្រយោជន៍​ប្រជាពល​រដ្ឋខ្មែរ​ទូទៅ។ ​ហើយ​លើស​ពី​ហ្នឹង​ទៀត ​ច្បាប់​នេះ​បាន​ធ្វើ​ឱ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ​ហាក់​បី​ដូច​ជា​ដើរ​ថយ​ក្រោយអ៊ីចឹង។ ​ដូច្នេះ​ហើយ​បាន​ជា​គណបក្ស​សម​រង្ស៊ី ​ប្រជុំ​សម្រេច​មិន​ចូល​រួម​ពិភាក្សា​អំពី​ច្បាប់​នេះ ​កាល​ពី​ម្សិល​មិញ។​

VOA៖ តាម​ខ្លឹម​សារ​នៃ​វិសោធនកម្មច្បាប់​គណបក្ស​នយោបាយ ​តើ​គណបក្ស​សម​រ ង្ស៊ី ​ដែល​មាន​ឈ្មោះ​លោក ​សម​ រង្ស៊ី ​ជាប់​នៅ​ទី​នោះ ​អាចនឹងប្ដូរឈ្មោះ​ទៅរក​ឈ្មោះ​ថ្មីដែរ​ឬ​ទេ?​

​ទាវ វណ្ណុល៖ យើង​បាន​ពិភាក្សា​ជាមួយ​នឹង ​ឯកឧត្តម ​សម ​រង្ស៊ី ​ក៏​ដូច​ជា ​ឯកឧត្ដម ​គង់ ​គាំ ​ជាមួយ​នឹង​សមាជិក​អចិន្ត្រៃយ៍ ​ថា​ក្នុង​រយៈ​ពេល​បី​ខែទៅមុខ​នេះ ​បាន​ន័យ​ថា​ក្នុង​រយៈ​ពេល​ឆាប់ៗ​នេះ ​គណបក្ស​សម រង្ស៊ី ​នឹង​ធ្វើ​សមាជ​វិសាមញ្ញ​មួយ ​ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះ ​គណបក្ស​សម ​រង្ស៊ី ទៅ​ជា​គណបក្ស​ស្អី​មួយ ដែល​យើងនឹ​ង​រក​ឈ្មោះ​ដែល​យើង​នឹង​រក​ដាក់​ក្នុង​ពេល​ខាង​មុខ​នេះ។ ​ឧទាហរណ៍​ដូច​ថា ​ខ្ញុំ​បាន​ឱ្យ​ជា​គំនិតទៅខាង​សមាជិក​អចិន្ត្រៃយ៍​ថា ​«គណបក្ស​ភ្លើង​ទៀន» ​ខ្លី​ងាយ​យល់ ​ឬ​មួយ​ក៏​ដាក់​ថា ​«គណបក្ស​ពន្លឺ​ប្រជាធិបតេយ្យ»។ ​អា​ហ្នឹង​គ្រាន់​តែជា​គំនិត​ទេ ​ហើយ​សម្រេច​ចុង​ក្រោយ ​គឺ​នៅ​ពេល​ដែល​យើង​ធ្វើ​សមាជក្នុង​រយៈពេល​ពីរ​ទៅ​បី​ខែ​ទៅ​ខាង​មុខ​នេះ។​

VOA៖ តើសមាជអាចធ្វើឡើងនៅខែប៉ុន្មានទៅឱ្យប្រាកដ?

ទាវ វណ្ណុល៖ ខ្ញុំ​គិត​ថា​មើល​ទៅ ​ប្រហែល​ជា​ក្នុង​ខែ​ប្រាំបួន។ ​Likely ​[ទំនងជា] ​ទៅ​ដល់​ខែ​ប្រាំ​បួន​ឯ​ណោះ ​ទើប​យើង​អាច​ធ្វើ​សមាជ​វិសាមញ្ញ​របស់ ​គណបក្ស​សម​រង្ស៊ី ​ដើម្បី​ដូរ​ឈ្មោះ​ទៅ​ជា​គណបក្ស​ណា​មួយ​ ដើម្បី​ឱ្យ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​ថ្មី ​ដែលគេទើបនឹងធ្វើ​វិសោធនកម្មថ្មី​នេះ។​ មិន​យឺត​ពេល​ទេ ​ពី​ព្រោះ​ក្រោយ​ពី​ច្បាប់​ ក្រោយ​ពី​ព្រះ​ករុណា ​លោក​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​ច្បាប់​ហ្នឹង​ យើងមានរយៈ​ពេល​បីខែ ដែល​យើង​អាច​ធ្វើការ​ផ្លាស់​ប្ដូរ។​ យើង​នៅ​តែ​មាន​សមាជិក​ខ្លះ​[ដើម្បី​ចូល​រួម​សមាជ] ​វា​មិន​ច្រើន​រាប់​លាន​ដូច​គណ​បក្ស​សង្គ្រោះ​ជាតិ​ទេ ​ក៏​ប៉ុន្តែ​នៅ​តែ​មាន​សមាជិក​គណ​បក្ស​សម​រង្ស៊ី ​ដែល​គាត់​នៅ​តែ​ស្រឡាញ់​ឈ្មោះ​គណបក្ស​សម រង្ស៊ី​ហ្នឹងនៅតែ​ចូលរួម បាទ។

VOA៖ លោក ​សម ​រង្ស៊ី ​បាន​លា​ឈប់​ពីគណបក្ស​ដែល​ពាក់​ឈ្មោះ​របស់​លោក ​ហើយ​ទៅ​ដឹក​នាំ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ឆ្នាំ ​២០១២។ តើ​ប្រាំ​ឆ្នាំកន្លង​មក​នេះ ​លោក​ សម ​រង្ស៊ី ​មាន​ចំណែក​ទទួល​ខុស​ត្រូវ​ និង​សម្រេច​ចិត្ត​យ៉ាង​ណា​ខ្លះ​ដែរ​របស់​គណបក្ស​សមរង្ស៊ី?​

ទាវ វណ្ណុល៖ ការ​សម្រេច​ចិត្ត​ទាក់​ទង​មក​លើ​គណបក្ស​សម​រង្ស៊ី​នេះ ​មែន​ទែន​ទៅ ​ឯកឧត្ដម ​សម រង្ស៊ី ​គាត់​មិន​មាន​ការ​សម្រេច​ចិត្ត​អី ​ទាក់​ទង​នឹងគណបក្ស​សម រង្ស៊ី​ទេ។ ​តាមពិត​ គាត់ ​ភាគ​ច្រើន ​ដូច​យើង​បាន​ដឹង​រួច​ហើយ កំពុង​តែ​ផ្ដិត​អារម្មណ៍​របស់​គាត់ ​បាន​ន័យ​ថា ​គាត់​ Focus ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ខ្លាំង ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។ ​ចំពោះ​គណបក្ស​សម​រង្ស៊ី ​រូប​ខ្ញុំ​ហើយ​និង​ ឯកឧត្ដម ​គង់ ​គាំ ​ព្រម​ទាំង​សមាជិក​អចិន្ត្រៃយ៍ ​នៅ​ក្នុង​គណបក្ស​សម​ រង្ស៊ី​នេះ ​បាន​បំពេញ​ភារ​កិច្ច​ធ្វើ​ការ​បន្ត​ការងារ​របស់​គណបក្ស​សម​រង្ស៊ីត​ទៅ​មុខ​ទៀត​បាទ។​

VOA៖ ខាង​គណបក្ស​ជំទាស់​មាន​គម្រោង​យ៉ាង​ដូចម្ដេច​ដែរ​ចំពោះ​ការ​បោះ​ឆ្នោត​ព្រឺទ្ធ​សភា​នៅ​ដើម​ឆ្នាំ​ក្រោយ​នេះ?​

ទាវ វណ្ណុល៖ ខ្ញុំ​មិន​ទាន់​គិត​ច្បាស់​ថា ​ត្រូវ​ឈរ​ឈ្មោះ​បន្ត​នៅ​អាណត្តិ​ក្រោយ​ ឬ​អត់​ទេ ​ចាំ​មើល​សភាព​ការណ៍​នយោបាយ​ត​ទៅ​មុខ​ទៀត។​ ក៏​ប៉ុន្តែ​បើ​សិនជា​សម្រេច​ចិត្ត​ឈរ​ត​ទៅ​មុខ​ទៀត​នេះ ​ខ្ញុំ​នឹង​ឈរ​នៅ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ។ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ បើ​តាម​លទ្ធផល​នៃការបោះឆ្នោត​ឃុំ​សង្កាត់​ថ្ងៃទី​បួន​ មិថុនា ​ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ​លទ្ធ​ផល​ចេញ​មក​ហ្នឹង ​គណបក្ស​សង្គ្រោះ​ជាតិ​ រំពឹង​គិត​ថា ​នឹងបាន​ ២៦​អសនៈ​[ក្នុង​ព្រឹទ្ធ​សភា] ​ហើយ​គណបក្ស​ប្រជាជន​បាន​៣២ ​អា​ហ្នឹង​ខាង​ខ្ញុំ​ក៏​គិត​អ៊ីចឹង ​ហើយ​ខាង​គណបក្ស​ប្រជាជន​ ឯក​ឧត្ដម សុខ ​ឥសាន ​ក៏​បាន​និយាយ​អ៊ីចឹង​ដែរ។ ​ប៉ុន្តែ​វា​មាន​សមាជិក​ពីរ​ទៀត ​មក​ពី​ខា​ង​រដ្ឋ​សភា ​ខ្ញុំ​គិតថា នៅក្នុងគោលការណ៍លទ្ធិប្រជាធិបតេយ្យ វាគួរ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ជ្រើស​រើស​មួយ ​ហើយ​ខាង​គណ​បក្ស​ប្រជាជន​ត្រូវ​ជ្រើស​រើស​មួយដែរ ​ហើយ​ពីរ​ទៀត​ត្រូវ​ចាត់តាំង​ពី​ព្រះ​ករុណា ​អ៊ី​ចឹង​ខ្ញុំ​គិត​ថា​ ព្រះ​ករុណា ​ព្រះ​អង្គ​ក៏​បាន​គិត​លើ​រឿង​ហ្នឹង​ដែរ ​ដើម្បី​ឱ្យ​វា​មាន​យើង​ហៅ​ថា Check-and-Balance ​(គោល​ការណ៍​ត្រួត​ពិនិត្យ​អំណាចរដ្ឋ) ​ព្រះ​ករុណា​លោក​នឹង​មាន​ព្រះ​ទ័យ​គិត​ថា ​គួរ​តែ​មាន ​Check-and-Balance ​ហ្នឹង​ដែរ។​ ហើយបើសិន​អ្វី​ដូច​ការ​រំពឹង​ទុក ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ឡើង​ដល់​២៨ ​ហើយ​គណ​បក្ស​ប្រជាជន​អាច​ឡើង​ដល់​ ៣៤ ក្នុង​ចំណោម ៦២អសនៈ​នៅ​ក្នុង​ព្រឹទ្ធ​សភា។​

VOA៖ បើ​ដូច្នោះ​វា​អាច​នៅ​តែ​មាន​ចំនួន​តិច​ជាង​គណបក្ស​ប្រជាជន។ ​កន្លង​មក​នេះ ​ធ្លាប់​មាន​ការ​ជជែក​ជាច្រើន ​អំពី​ជំហរ​ក្នុង​ការ​ធ្វើ​ពហិការ របស់​សមាជិក​សភា​បក្ស​ជំទាស់​ទៅ​លើ​ការ​ធ្វើ​ច្បាប់​ចម្រូងចម្រាស​មួយ​ចំនួន​ តើ​នៅ​តែ​យល់​ថា​ការ​ធ្វើ​ពហិការ​ជា​ជម្រើស​ដ៏​ល្អ​ឬ​ទេ?

ទាវ វណ្ណុល៖ វា​មិនមែន​ពហិការ​គ្រប់​ច្បាប់​ទេ ​ច្បាប់​ខ្លះ​យើង​ចូល​ទៅ​ជជែក ​ដូច​ជា​ច្បាប់​ថវិកា ​បើ​ទោះ​ជា​យើង​ដឹង​ថា ​នឹង​មិន​ទទួល​បាន​ជោគ​ជ័យ​ក៏ដោយ​ ក៏​យើង​នៅ​តែ​ចូល​ទៅ​ពិភាក្សា ​តវ៉ា ​គ្រប់​បែប​យ៉ាង។ ​ប៉ុន្តែ​វា​មាន​ច្បាប់​ខ្លះ​ទៀត​ ដូច​ជា​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់​គណបក្សនយោបាយ​នេះ ​វា​ជា​ច្បាប់​មួយ​ដែល​មិន​បម្រើ​ប្រជា​ពលរដ្ឋ​សុទ្ធ​សាធ ​យើង​មើល​ទៅ​លក្ខណៈ​នៃ​ច្បាប់​ហ្នឹង ​វា​អត់​មាន​ប្រយោជន៍​ដល់ប្រជា​ពលរដ្ឋ​សោះ។ ​គឺ​ថា​វា​អត់​សម​ស្រប​នឹង​មក​ធ្វើ​ជា​ច្បាប់​សោះ ​អា​ហ្នឹង​ហើយ​ជា​ច្បាប់​ដែល​យើង​ធ្វើ​ពហិការ។ ​មិន​មែន​គ្រប់​ច្បាប់ដែល​ដាក់​មក​ព្រឹទ្ធ​សភា​យើង​ធ្វើ​ពហិការ​ទេ ​យើង​ជ្រើស​រើស​មើល​ច្បាប់​ណា​ ដែល​មិន​បម្រើ​ប្រយោជន៍​ប្រជាពល​រដ្ឋ​សោះ ​អា​ហ្នឹង​យើងធ្វើ​ពហិការ។ ​ចំណែក​ច្បាប់​ខ្លះ​ទៀត​ដែល​យើង​យល់​ថា​ វា​មាន​ផល​ប្រយោជន៍​សម្រាប់​ប្រជា​ពលរដ្ឋ​យើង​ដែរ​ ក៏​ប៉ុន្តែ​វានៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ ហើយ​យើង​ចង់​ធ្វើការ​ផ្លាស់​ប្ដូរ ​អា​ហ្នឹង​យើង​ចូល​ទៅ​ពិភាក្សា​គ្នា​ ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ៕​​

XS
SM
MD
LG