ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​កាន់​អំណាច​ថា ខ្លួន​មិន​បារម្ភ​ចំពោះ​ការអំពាវនាវ​ឱ្យ​មាន​ការ​បង្រួបង្រួម​អ្នកគាំទ្រ​បក្ស​ជំទាស់​សង្គ្រោះ​ជាតិ​ឡើង​វិញ


រូបឯកសារ៖ លោក សុខ ឥសាន ដែល​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​សមាជិក​ព្រឹទ្ធសភា បាន​ថ្លែង​ទៅ​កាន់​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​​ក្នុង​ស្រុក​រមាសហែក ខេត្តស្វាយរៀង ក្នុង​យុទ្ធនាការ​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

លោក អេង ឆៃអ៊ាង អនុ​ប្រធាន​បក្ស​ជំទាស់​បាន​អំពាវនាវ​ឲ្យ​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ប្រើ​ភាសា​តែ​មួយ​ដើម្បី​ជ្រោម​ជ្រែង​គណបក្ស​នេះ​​ឡើង​វិញ​ ​និង​បាន​​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​នៅ​បរទេស​បន្ត​ឧបត្ថម្ភ​គណបក្ស​ ​ដោយ​ថា ​អ្នក​នៅ​ក្នុង​ស្រុក​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​លើកឡើ​ងថា​ ​ការ​ប្រកាសរបស់​ ​លោក​ ​អេង ឆៃអ៊ាង​ ​ស្នើឲ្យ​មានការ​រួបរួមគ្នា​រវាង​អ្នកគាំទ្រ​លោក​ ​សម រង្ស៊ី​ ​និង​អ្នកគាំទ្រ​លោក​ ​កឹម សុខា​ ​គឺជា​ការ​ប្រកាស​ដែល​មិន​អាច​ទៅរួច​ ​និង​ថា​ ​ប្រសិន​បើ​មានការ​រួមរួមគ្នា​ឡើង​វិញក៏​ដោយ​ ​ក៏​គ្មាន​ឥទ្ធិ​ពល​ណាមួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​កាន់​អំណាច​នោះ​ដែរ។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ លើក​ឡើង​ថា​ គណ​បក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​នឹង​មិនអាច​ធ្វើ​ឲ្យ​ជះឥទ្ធិពល​ណាមួយ​ដល់​គណ​បក្ស​កាន់អំណាច​នោះ​ទេ​ ​បើទោះ​ជា​អ្នក​មាន​និន្នាការ​គាំទ្រ​លោក​ ​កឹម សុខា​ ​និង​អ្នកគាំទ្រ​លោក​ ​សម រង្ស៊ី រួមរួមគ្នា​ឡើង​វិញ​ក៏​ដោយ។​

​លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​ថ្លែង​បែប​នេះ​ ​បន្ទាប់​ពី​លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ​ ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​និង​ លោក​ ​កឹម សុខា​ ​រួមរួមគ្នា​ឡើង​ ​ដើម្បី​ប្តូរ​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

លោក​ ​សុខ ឥសាន​ ​ប្រាប់​ ​VOA​ ​នៅ​ដើម​សប្តាហ៍​នេះ​ថា​ ​មន្រ្តី​ដែល​មាន​និន្នា​ការ​គាំទ្រ​លោក​ ​កឹម សុខា​ ​និង​អ្នក​ដែល​មាននិន្នាការ​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​នឹង​មិនអាច​មាន​ថ្ងៃ​រួម​បញ្ចូល​គ្នា​បាន​វិញ​នោះ​ទេ។ ​លោក​បន្ថែម​ថា​ ​បើទោះ​បីជា​មន្រ្តី​ដែល​មាន​និន្នាការគាំទ្រ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រឆាំងទាំងនោះ​ អាច​រួមគ្នា​វិញ​ក៏​ដោយ​ ​ក៏​លោក​ថា​ ​នឹង​មិនអាច​ធ្វើ​ឲ្យ​ប៉ះពាល់ដល់គណបក្សកាន់​អំណាចបាននោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការ​និយាយ​បែប​នេះ​ហ្នឹង​វា​ច្រំដែលៗ​ ​ដដែលៗ​ហ្នឹង​ ​ក៏​ប៉ុន្តែ​វា​អត់​មាន​ប្រសិទ្ធភាព​អី​ ​ហើយ​ចេញ​ជា​លទ្ធ​ផល​អី​ទាល់តែ​សោះ។​ ​អញ្ចឹង​ទេ​ ​ទោះបី​គាត់​មាន​យោបល់​យ៉ាង​ម៉េច​ក៏​ដោយ​ ​ក៏​វាឋិតក្នុង​ខ្លឹមសារ​ដដែល​ ​។ដូច្នេះ​វាអត់មាន​ប្រសិទ្ធ​អី​ធ្វើឲ្យ​ប្រជាជន​ មហាជន​ហ្នឹង​ទទួល​យក​បាន​ទេ»។​

គណបក្ស​សង្គ្រោះជាតិ​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ខណៈ​មន្រ្តី​ ​និង​តំណាងរាស្រ្ត​គណបក្ស​នេះ​ចំនួន​១១៨​រូប​ ​ត្រូវ​បាន​ព្យួរ​សិទ្ធិ​នយោបាយ​ម្នាក់ៗ​ ​៥ឆ្នាំ។​ ​ការ​រំលាយ និង​ព្យួរសិទ្ធិ​នយោបាយ​នេះ​ ​ធ្វើឡើង​ក្នុង​រយៈ​ពេល​តែ​ជាង​មួយខែ​ប៉ុណ្ណោះ​ ​ក្រោយ​ការចាប់ខ្លួន​លោក ​កឹម សុខា​ ដោយ​ចោទ​ប្រកាន់​ពី​បទល្មើស​ដូចគ្នា។​

ក្រោយ​គណបក្ស​ប្រឆាំង​ដែល​មាន​អ្នកគាំទ្រ​ជាង​៤០​ភាគ​រយ​នៅ​ទូទាំង​ប្រទេស​មួយ​នេះ​ ​ត្រូវ​បាន​តុលាការ​រំលាយ​ ​គេ​ឃើញ​មន្រ្តី​គណបក្ស​ប្រឆាំង​ដែល​មាន​និន្នាការ​គាំទ្រ​លោក​ ​សម រង្ស៊ី​ ​ជាច្រើន​រូប បាន​ភៀស​ខ្លួន​ទៅ​បរទេស។​ ​មន្ត្រី​មួយ​ចំនួន​ដែល​បានភៀស​ខ្លួន​ទៅ​បរទេស​ ​តែង​ប្រើ​វោហារ​សាសន៍​ផ្លែផ្កា​ឲ្យ​មន្រ្តី​ដែល​មាននិន្នា​គាំទ្រ​លោក​ ​កឹម សុខា​ ​ជាបន្ត​បន្ទាប់។

ទោះយ៉ាង​ណា​ ​ក្នុង​វេទិកា​សាធារណៈ​ជាមួយ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​ ​Seatle​ ​រដ្ឋ Washington​ ​កាល​ពី​ថ្ងៃអាទិត្យ​ ​លោក​ ​អេង ឆៃអ៊ាង​ ​ថ្លែង​ថា​ ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ប្រជា​ពលរដ្ឋ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​គឺ​កើត​ឡើងដោយ​សារ​ការ​ចាប់ដៃ​គ្នា​របស់​លោក​ ​សម រង្ស៊ី​ ​និង​លោក​ ​កឹម សុខា។​ ​លោក​បន្ថែម​ថា​ ​បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយ​ ​គេ​ឃើញ​អ្នក​មាន​និន្នាការ​គាំទ្រ​គណ​បក្ស​ ​សម រង្ស៊ី​ ​ទម្លាក់​កំហុស​ទៅ​លើ​លោក​ ​កឹម សុខា​ ​ចំណែក​អ្នកមាន​និន្នាការ​គាំទ្រ​លោក​ ​កឹម សុខា​ ​បាន​ទម្លាក់​កំហុស​ទៅ​លើ​លោក​ ​សម រង្ស៊ី​ ​ថា​ជាដើម​ចមបណ្តាល​ឲ្យ​មាន​ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ។

រូបឯកសារ៖ លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក​ ​អេង ឆៃអ៊ាង​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ ​និង​ព្យួរ​សិទ្ធិ​នយោបាយ។ (កាន់ វិច្ឆិកា/VOA)

លោក អេង ឆៃអ៊ាង បន្ថែម​ថា ដើម្បី​អាច​យក​ជោគ​ជ័យ​លើ​របប​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ ​លុះត្រា​តែអ្នកមាន​និន្នាការ​គាំទ្រ​មេដឹកនាំ​ទាំង​ពីរ​សហការ​ ​និង​ចាត់ទុក​ថ្នាក់ដឹកនាំ​ទាំងពីរ​ជា​និមិត្តរូប​ស្មើគ្នា​ ​ដោយ​ឈប់​ខ្វែង​គំនិត​ចំពោះ​ហេតុផល​ដែល​ឈាន​ដល់​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​តទៅទៀត។​ ​

លោកអេង ឆៃអ៊ាង​ ​បញ្ជាក់​ថា៖​

«សង្គ្រោះជាតិ​ពិត​ទាល់តែ​និយាយ​ឲ្យ​ច្បាស់ថា​ ​មាន​ ​សម រង្ស៊ី​ ​កឹម សុខា​ ​ជា​និមិត្តរូប​ ​ជាព្រលឹង អាហ្នឹង​បាន​ហៅ​ថា​ជាសង្គ្រោះជាតិ​ពិត។​ ​ប៉ុន្តែ​បើ​នរណា​មក​ប្រើ​សង្គ្រោះជាតិ​លើក​ ​សម រង្ស៊ី​ ​វាយ​ប្រហារ​ ​កឹម សុខា​ ​អាហ្នឹង​សង្គ្រោះ​ ​ហ៊ុន សែន។​ ​អ្នកណា​ដែល​មកនិយាយ​ថា​ខ្លួន​ឯង​សង្គ្រោះជាតិ ​លើក​ ​កឹម សុខា​ ​វាយ​ប្រហារ​ ​សម រង្ស៊ី​ ក៏​សង្គ្រោះ​ ​ហ៊ុន សែន​ ​ដែរ។​ ​ម៉េច​បាន​ខ្ញុំ​និយាយ​ថា​សង្គ្រោះ ហ៊ុន សែន?​ ​បងប្អូន​មាន​ពិបាក​គិត​អី?​ ​បើ​លើក​មួយ​វាយ​មួយ មានន័យ​ថា​បែក​គ្នា​ហើយ បើ​បែក​គ្នា​មាន​ន័យ​ថា​ ហ៊ុន​ សែន ឈ្នះ​រហូត​ហើយ ​មិន​សង្គ្រោះ​ ​ហ៊ុន សែន?»។​

លោក​ ​អេង ឆៃអ៊ាង​ ​បាន​អំពាវ​នាវឲ្យ​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ប្រើ​ភាសា​តែ​មួយ​ដើម្បី​ជ្រោម​ជ្រែង​គណបក្ស​នេះឡើង​វិញ​ ​និង​បានអំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​នៅ​បរទេស​បន្ត​ឧបត្ថម្ភ​គណបក្ស​ ​ដោយ​ថា ​អ្នក​នៅ​ក្នុង​ស្រុក​មិន​អាច​ធ្វើ​សកម្មភាព​អ្វី​បាន។​

VOA មិនអាច​សុំការ​អធិប្បាយ​ពី​លោក​ ​អេង ឆៃអ៊ាង​ ​ដើម្បី​បញ្ជាក់​ពីមូលហេតុ​នៃ​ការ​ថ្លែង​របស់​លោក​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​អង្គារនេះ។​

ការ​ថ្លែង​របស់​លោក​ ​អេង ឆៃអ៊ាង​ ​ធ្វើ​ឡើង​ខណៈដែល​មាន​ការ​មើលឃើញ​ថា​ ​មន្រ្តី​ដែល​មាន​និន្នាការ​គាំទ្រលោក​ ​សម រង្ស៊ី​ ​និង​មន្រ្តី​គាំទ្រ​លោក​ ​កឹម សុខា​ ​បែកបាក់​គ្នា​ ​ចាប់តាំងពី​លោក​ ​សម រង្ស៊ី​ ​បាន​បង្កើត​ចលនា​សង្គ្រោះជាតិ​ ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​រំលាយ ​ដោយ​លោក​ ​សម រង្ស៊ី​ ​បាន​ប្រកាស​ធ្វើ​ជាប្រធាន​ចលនា​នេះ ​ស្របពេល​ដែល​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំ និង​មន្រ្តី​គាំទ្រ​លោក​ ​កឹម សុខា​ ​មួយ​ចំនួន​ បាន​ប្រកាស​មិន​គាំទ្រ​ការ​បង្កើត​ចលនា​នេះ។​

លោក​ ​ម៉ៅ មុនីវណ្ណ​ ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​រូប​ដែល​ត្រូវ​បាន​តុលាការ​ព្យួរ​សិទ្ធិ​នយោ​បាយ​រយៈពេល​៥​ឆ្នាំ ប្រាប់​ ​VOA​ ​ថា ​លោកគាំទ្រការ​ប្រកាស​របស់​លោក​ ​អេង ឆៃអ៊ាង​ ​ក្នុងការ​អំពាវ​នាវឲ្យ​មានការ​រួបរួម​គ្នា​រវាង​អ្នកមាន​និន្នា​ការ​គាំទ្រ​លោក​ ​កឹម សុខា​ ​និង​អ្នកគាំទ្រ​លោក​ ​សម រង្ស៊ី។​ ទោះ​យ៉ាង​ណា​លោក​រំពឹង​ថា​ ​ការ​ថ្លែង​របស់​លោក​ ​អេង ឆៃអ៊ាង​ ​ជាការ​ថ្លែង​ដោយ​ចេញ​ពីចិត្ត និង​ថា លោក​តែង​ត្រៀម​ខ្លួន​ក្នុងការ​រួបរួម​ដើម្បីកសាង​ជាតិ ​គ្រប់ពេល។​

តំណាង​រាស្រ្ត​ដែល​មាន​និន្នាការស្និទ្ធ​នឹង​លោក​ ​កឹម សុខា​ ​រូបនេះ​បញ្ជាក់​ថា៖​

«ម៉ៅ មុនីវណ្ណ​ ​អត់​ដែល​មិន​សហការ​ជាមួយ​អ្នកណា​ទេ​ ​សហការ​ជានិច្ច​កាល​ ​ដើម្បី​ផល​ប្រយោជន៍​ជាតិ។​ ​ស៊ូ​អត់ធ្មត់​ ​ឈឺ​ចាប់​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន តែ​មិន​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ទេ។​ ដើរ​តាម​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ ​រួបរួម​ជាមួយ​ប្រជាពលរដ្ឋ​ ​អ្នកស្នេហា​ជាតិ​ដទៃទៀត​ ​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ»។​

កាល​ពី​ឆ្នាំ​២០១២​ ​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី​ ​ដែល​ពេល​នេះ​ប្តូរ​ឈ្មោះ​មក​ជា​គណ​បក្ស​ភ្លើង​ទៀន​ ​និង​លោក​ ​កឹម សុខា​ ​អតីត​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​ ​សម្រេច​ចាប់​ដៃ​គ្នា​បង្កើត​បាន​ជា​គណបក្ស​សង្រ្គោះជាតិ​ ​ដើម្បី​អាច​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន ដែល​បាន​កាន់​អំណាច​ជាង​៣០ឆ្នាំ។

ការ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​គណបក្ស​សង្រ្គោះជាតិ​ ​បាន​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​នេះ​ ​ទទួល​បាន​សំឡេង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ ​គឺ​ទទួល​បាន​កៅអី​តំណាងរាស្រ្ត​រហូត​ដល់​៥៥​រូប​ ​ក្នុង​ចំណោម​១២៣​រូប​ ​កាល​ពី​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៣៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG