ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​អំពាវនាវ​​​​ឲ្យ​មាន​ការ​ដោះ​លែង​មេបក្ស​ប្រឆំាង​ ​លោក​ ​កឹម សុខា​ ​និង​កែ​ប្រែ​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិ​ជាបន្ទាន់


រូបឯកសារ៖ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​សារព័ត៌មាន​អន្តរជាតិឈ្មោះ Reuters នៅ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​សង្គ្រោះជាតិ កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦។

សហភាព​អឺរ៉ុប​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ទាម​ទារ​​​​​ឲ្យ​មាន​ការកែប្រែ​ជា​បន្ទាន់​ចំពោះ​ការរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ ​និង​ផ្តល់​សិទ្ធិចូលរួម​ធ្វើនយោបាយ​ឡើង​វិញ​ជូនដល់​តំណាង​រាស្រ្ត​ ​និ​ងក្រុម​ប្រឹក្សា​មូលដ្ឋាន​ទាំង​អស់។

បន្ទាប់​ពីរដ្ឋាភិបាល​កម្ពុជា​មិន​ឆ្លើយ​តប​នឹង​ការអំពាវនាវ​ជា​ច្រើន​ដង​ ​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ពុធ​នេះ​ ​បាន​រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​សហ​ប្រជាជាតិ​ ​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា​ ​សហភាព​អឺរ៉ុប​នៅ​តែ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ​អំពីការបន្ត​ធ្លាក់​ដុនដាប​ធ្ងន់ធ្ងរ​នៃ​ស្ថាន​ភាព​នយោ​បាយ​ ​និងសិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​លើក​ឡើង​ថាកម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិបតេយ្យ​ភាព​ ​និងមិនធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​នរណា​ឡើយ។​

​សហភាព​អឺរ៉ុប​អំពាវនាវ​ជា​ថ្មី​ឲ្យ​មានកា​រ​ដោះ​លែង​លោក​ ​កឹម សុខា​ ​និង​កែប្រែ​ជាបន្ទាន់​ចំពោះ​ការ​សម្រេច​រំលាយគណបក្ស​សង្រ្គោះជាតិ​ ​ព្រម​ទាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជាអនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បំពេញ​តួនាទី​របស់​ពួកគេ។​ ​ការ​អំពាវនាវ​ជាថ្មី​របស់​ ​សហភាព​អឺរ៉ុប​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​អំពាវនាវជា​ច្រើន​ក្នុង​ពេល​កន្លង​មក​ ​មិន​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់។​

​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​ដែលផ្សាយ​លើ​គេហទំព័រ​របស់សហភាព​អឺរ៉ុប​ ​កាលពី​ថ្ងៃ​ពុធ​ ​ហើយ​ចែក​ចាយ​ឱ្យ​អ្នក​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ​បញ្ជាក់​ថា​ ​សហ​ភាពអឺរ៉ុប​បាន​រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​សហប្រជាជាតិ អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​របស់​ប្រទេស​មួយ​ចំនួន​លើ​ពិភព​លោក ​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង។​ ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ ​សហភាព​អឺរ៉ុប​បញ្ជាក់​ថា​ ​ខ្លួន​នៅ​តែ​ព្រួយ បារម្ភ​យ៉ាងខ្លាំង​អំពី​ការសង្កត់​សង្កិន​កាន់​តែ​ខ្លាំង​ទៅ​លើ​គណបក្សប្រឆាំង​ ​សង្គម​ស៊ីវិល​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​និង​ការបន្ត​ធ្លាក់​ដុនដាប​ធ្ងន់ធ្ងរ​នៃ​ស្ថាន​ភាព​នយោ​បាយ​ ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

សហភាព​អឺរ៉ុប​ក៏បាន​ទាមទារ​ជាថ្មី​ទៀត​ ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​ជាបន្ទាន់ ​និង​បាន​លើកឡើង​ថា​ ​ដំណើរការ​ដែល​គណបក្ស​ប្រឆាំង​ត្រូវ​បាន​រំលាយ​តាម​ទំនើង​ចិត្ត​ ​គឺជា​ដំណើរ​ដែល​ ​«មិនមាន​ភាព​ស្រប​ច្បាប់»។​

សេចក្តី​ថ្លែងការណ៍​ដដែល​នោះ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖

«សហភាព​អឺរ៉ុប​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ទាម​ទារ​ឲ្យ​មាន​ការកែប្រែ​ជា​បន្ទាន់​ចំពោះ​ការរំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ ​និង​ផ្តល់​សិទ្ធិចូលរួម​ធ្វើនយោបាយ​ឡើង​វិញ​ជូនដល់​តំណាង​រាស្រ្ត​ ​និ​ងក្រុម​ប្រឹក្សា​មូលដ្ឋាន​ទាំង​អស់។​ សហភាព​អឺរ៉ុប​ក៏​រំពឹង​ផង​ដែរ​ថា​ ​រដ្ឋាភិបាល​នឹង​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ ​ដើម្បី​បំពេញ​តួនាទី​ស្រប​ច្បាប់​របស់​ពួកគេ»។​

អំឡុងពាក់​កណ្តាល​ឆ្នាំ​២០១៧​ ​រដ្ឋាភិបាល​កម្ពុជា​បាន​បិទ​ ​និង​បណ្តេញ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិប​តេយ្យ​ ​(NDI)​ ​របស់​សហរដ្ឋ​អាមេរិក​ចេញ​ពី​កម្ពុជា​ ​ហាមប្រាម​មិន​ឱ្យ​ស្ថានីយ៍​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួនផ្សាយបន្ត​កម្មវិធី​របស់​វិទ្យុ​អាស៊ីសេរី​ ​និង​ VOA ​ទារ​ពន្ធ​យ៉ាង​ច្រើន​លើ​កាសែត​ ​The Cambodia Daily ដែល​នាំ​ឲ្យ​សារព័ត៌មាន​នេះ​ត្រូវ​បិទ​ទ្វារ​ ​ព្រមទាំង​បាន​ផ្អាក​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន។​

ក្រោយ​ពី​ការ​ចាប់​ឃុំ​ខ្លួន​ ​មេបក្ស​ជំទាស់​សង្គ្រោះជាតិ​គឺ លោក​កឹម សុខា​ ​ទាំង​កណ្តាល​យប់​ក្នុង​ខែ​កញ្ញា​ ​មួយ​ខែ​ក្រោយ​មក​តុលាការ​កំពូល​កម្ពុជាបាន​សម្រេច​ ​រំលាយ​គណបក្ស​សង្រ្គោះជាតិដោយ​ចោទ​ថា​ ​គណ​បក្ស​នេះបាន​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​ ​តុលាការ​កំពូល​ក៏​បាន​សម្រេច​ព្យួរ​សិទ្ធិ​របស់​ក្រុម​មន្ត្រី​ ​និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំងចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើនយោបាយ​ម្នាក់ៗ​៥​ឆ្នាំ។​

មុន​បន្តិច​នៃការ​រំលាយ​គណ​បក្ស​ប្រឆាំង​ ​ដែល​ជា​គណបក្ស​ទទួល​បានការ​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​ ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​កន្លង​ទៅ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណ​បក្ស​នេះ​ ​ក៏​ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​ ​និង​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​ក្បត់ជាតិ​ដូចគ្នា។​

ក្រោយ​ហេតុការណ៍​ទាំង​នោះ​កើត​ឡើង​ ​សហរដ្ឋ​អាមេរិក​ ​និង​សហភាព​អឺរ៉ុប​ ​បាន​ប្រកាស​ដក​ខ្លួន​ឈប់គាំទ្រ​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ ​ជាងនេះទៀត​ ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដាច់​ជំនួយ​អភិវឌ្ឍន៍​ជា​ច្រើន​មក​កម្ពុជា​ ​ដោយ​ថារដ្ឋាភិបាល​កម្ពុជាបាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ ​និង​មិន​អើពើ​ជុំវិញ​ការ​ទទូច​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើង​វិញ។​ ​ចំណែក​សភា​អឺរ៉ុប​ ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ ​ដោយ​ទទូច​ឲ្យ​បណ្ដា​ប្រទេស​នៅ​សហគមន៍​អឺរ៉ុប​ ​ពន្លឿន​ការ​ដាក់​ទណ្ឌ​កម្មប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន ​ផង​ដែរ។​

លោក​ ​ផៃ ស៊ីផាន​ ​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សេចក្តី​ថ្លែង​ការណ៍​របស់​សហភាព​អឺរ៉ុប ធ្វើ​ឡើង​ដោយ​គ្រាន់តែ​បង្ហាញ​ពីជំហរ​ដែល​មាន​ភាព​ផ្ទុយ​គ្នា​ពីការ​សម្រេច​របស់​តុលាការ​កំពូល​កម្ពុជា​ប៉ុណ្ណោះ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​អធិប​តេយ្យ​ភាព​ក្នុងការ​សម្រេច​ជោគ​វាសនា​របស់​ខ្លួន​ ​ដោយ​ខ្លួនឯង។​

លោក​មាន​ប្រសាសន៍​ថា៖​

«សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ ជា​សាល​ដីកា​បិទ​ផ្លូវ​មិនឲ្យ​តវ៉ា ​អាហ្នឹង​ចំណុច​សំខាន់​សម្រាប់​កម្ពុជា។​ ហើយ​កម្ពុជា​ទោះ​បី​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​សហភាព​អឺរ៉ុប​ហ្នឹង​ ​ក៏​យើង​ជឿជាក់​ខ្លួន​ឯង​ថា​យើង​គ្រាន់តែ​ជា​ដៃគូ​ ហើយ​យើង​មិនអាច​ធ្វើទៅតាម​បង្គាប់​បញ្ជា​របស់ភាព​ជា​ដៃគូ​ទេ។ អ្វីៗ​យើង​ធ្វើ​ ទៅ​តាម​ច្បាប់​ដែល​មាន​ដែន​កំណត់​រួច​ស្រេច​ទៅ​ហើយ»។​

សហ​ភាព​អឺរ៉ុប​ជាអ្នក​ផ្តល់​ជំនួយ​ធំ​ជាង​គេ​មក​កម្ពុជា។​ ​ក្នុង​គម្រោង​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​គេទំព័រ​របស់​ខ្លួន​ ​សហភាព​អឺរ៉ុបផ្តល់​ជំនួយ​ដល់​កម្ពុជាសម្រាប់​ឆ្នាំ​២០១៤​ ដល់​២០២០ ​ចំនួន​ប្រមាណ​ជា​ជាង​៥០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ​ដើម្បី​អភិវឌ្ឍន៍​ផ្នែក​អភិបាល​កិច្ច​ ​ចំណេះ​ដឹង​ ​និង​ជំនាញ កសិកម្ម​ ​និង​ការអភិវឌ្ឍ​ធនធាន​ធម្មជាតិ​ជាដើម៕

XS
SM
MD
LG