រដ្ឋាភិបាលកម្ពុជាបានផ្តល់ភ្លើងខៀវឲ្យ «គណបក្សភ្លើងទៀន» អតីតគណបក្ស សម រង្ស៊ីរបស់លោកសម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង រំលាយខ្លួនទៅតាមសមាជវិសាមញ្ញរបស់គណបក្សនេះ ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០១៨។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃសុក្រនេះ។
លិខិតរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយ លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សរសេរថា ក្រសួងមហាផ្ទៃបានទទួលស្គាល់លទ្ធផលនៃសមាជវិសាមញ្ញរបស់គណបក្សភ្លើងទៀន ដែលបានធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយបានអនុម័តធ្វើវិសោធនកម្មលក្ខន្តិកៈ និងបានបោះឆ្នោតគាំទ្រ លោកទាវ វណ្ណុលជាប្រធានគណបក្ស និងលោក ចេប គីមអ៊ាង ជាអនុប្រធានគណបក្ស ដោយមានការបោះឆ្នោតគាំទ្រពីសមាជិកគណៈកម្មាធិការនាយក និងគណៈកម្មការអចិន្ត្រៃយ៍។
ក៏ប៉ុន្តែ លោកស ខេង បានតម្រូវឲ្យគណបក្សនេះ បំពេញលក្ខខណ្ឌបន្ថែម។ លិខិតរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរក្នុងន័យដើមថា៖ «ទន្ទឹមនេះ ក្រសួងស្នើឲ្យគណបក្សភ្លើងទៀនបំពេញនូវលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងមាត្រា២៦ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ»។
លោកទាវ វណ្ណុល ដែលជាប់ឆ្នោតធ្វើជាប្រធានគណបក្សភ្លើងទៀន គឺជាអតីតសមាជិកព្រឹទ្ធសភារបស់គណបក្សសម រង្ស៊ី។ VOA មិនទាន់អាចសុំការអធិប្បាយពីលោក ទាវ វណ្ណុលបានទេ នៅថ្ងៃសុក្រនេះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ គណបក្សភ្លើងទៀនបានរៀបចំសមាជវិសាមញ្ញដែលមានអ្នកចូលរួមប្រមាណជា៦០នាក់ ដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំមួយចំនួន និងប្តូរលក្ខន្តិកៈដើម្បីអាចឲ្យគណបក្សនេះរំលាយខ្លួនឯងបាន ដោយត្រឹមតែមានការសម្រេចពីគណៈកម្មការនាយក។
ភ្លាមៗ ក្រោយការធ្វើសមាជវិសាញ្ញនាពេលនោះ លោក ទាវ វណ្ណុល បានប្រាប់ VOA ថា ការប្តូរលក្ខន្តិកៈនេះធ្វើឡើងដើម្បីឲ្យគណបក្សភ្លើងទៀនមានភាពងាយស្រួលនៅពេលដែលចង់រំលាយខ្លួនឯង។ ប៉ុន្តែលោកបញ្ជាក់ថា នេះមិនមែនមានន័យថា គណបក្សភ្លើងទៀននឹងរំលាយខ្លួនឯងដូចគណបក្សសិទ្ធិមនុស្សនោះទេ។
លោកក៏មិនបានបញ្ជាក់ឲ្យច្បាស់ថា គណបក្សភ្លើងទៀននឹងចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិដ៏ចម្រូងចម្រាស់នៅក្នុងខែកក្កដា ឆ្នាំ២០១៨នេះឬយ៉ាងណានោះទេ ដោយសារគណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមបណ្តឹងរបស់រដ្ឋាភិបាលកាលពីចុងឆ្នាំ២០១៧។
ក្នុងការបោះឆ្នោតព្រឹទ្ធសភាឆ្នាំ២០០៨ គណបក្ស សម រង្ស៊ី ដែលជាអតីតគណបក្សជាតិខ្មែរឈ្នះបានអាសនៈចំនួន១១ក្នុងចំណោមអាសនៈព្រឹទ្ធសភាសរុបចំនួន៦១។ នៅឆ្នាំ២០១៧ គណបក្សសម រង្ស៊ីបានសម្រេចប្តូរឈ្មោះទៅជាគណបក្សភ្លើងទៀនវិញ ក្រោយមានវិសោធនកម្មច្បាប់គណបក្សនយោបាយដែលហាមមិនឲ្យប្រើឈ្មោះបុគ្គលធ្វើជាឈ្មោះគណបក្ស។
កាលពីឆ្នាំ២០១២ លោក សម រង្ស៊ី អតីតប្រធានគណបក្ស សម រង្ស៊ី និងលោក កឹម សុខា អតីតប្រធានគណបក្សសិទ្ធិមនុស្ស បានសម្រេចចាប់ដៃគ្នាបង្កើតបានជាគណបក្សសង្រ្គោះជាតិ ដើម្បីអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាដែលបានកាន់អំណាចជាងបីទសវត្សរ៍។ បន្ទាប់ពីការច្របាច់បញ្ចូលគ្នានៃគណបក្សទាំងពីរនោះមក គណបក្សសង្គ្រោះជាតិបានទទួលសំឡេងគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេស រហូតដល់ទៅជាង៤០ភាគរយ កាលពីការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧៕