ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​សង្គ្រោះ​ជាតិ​ផ្តល់​សក្ខីកម្ម​នៅ​សភា​កាណាដា​ពី​វិបត្តិ​នយោបាយ​កម្ពុជា


រូបឯកសារ៖ លោកស្រី ​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិថត​នៅ​ក្រោយ​បទ​សម្ភាសន៍​មួយ​នៅ​​ការិយាល័យ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១០ ខែ​មីនា ឆ្នាំ​២០១៦។ (សឹង សុផាត/VOA)

ប្រទេស​កាណាដា​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​ចំនួន​៤៤ផ្សេងទៀត​​នៅ​ឯក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះលទ្ធិ​ប្រជាធិបតេយ្យ។ នៅឯកិច្ច​ប្រជុំ​កាលពី​សប្តាហ៍​មុន​តំណាង​របស់​កាណាដា​បាន​សម្តែងការ​«ព្រួយបារម្ភ​យ៉ាងខ្លាំង‍»​ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​លើកលែង​បម្រាម​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដូច​ជា​ដោះលែង​លោក​កឹម​សុខា​ប្រធាន​គណបក្ស​។

គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​ឱ្យ​តំណាង​សភា​ប្រទេស​កាណាដា​ទៅធ្វើ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​ដើម្បី​ស្វែង​យល់​បន្ថែម​ពីការធ្លាក់ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យហើយ​សាកសួរ​ក្រុមអ្នកតំណាងរាស្រ្ត​ដែល​បាន​មក​អង្គុយ​អាសនៈ​របស់​អតីត​គណបក្ស​ប្រឆាំង​នេះ​ថាពួកគេបានចូលរួម​អ្វីខ្លះ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ។

ការស្នើសុំ​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ដែល​លោកស្រី​មូរ សុខហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ផ្តល់​សក្ខីកម្ម​ដល់​គណៈកម្មាធិ​ការសិទ្ធិ​មនុស្ស នៃ​សភា​កាណាដា​អំពី​វិបតិ្ត​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី ២៧ ខែ​មីនានៅ​ទីក្រុង​អូតាវ៉ា។

លោកស្រី​មូរ សុខហួរ​បាន​បញ្ជាក់​ឡើង​វិញ​តាម​សារហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖​

«ខ្ញុំ​បាន​សូមឱ្យ​តំណាងរាស្ត្រ​ទាំងបី​គណបក្ស​នៃ​ប្រទេស​កាណាដា​សូម​បញ្ជូន​គណៈប្រតិភូ​ជាបន្ទាន់​ទៅ​ប្រទេស​កម្ពុជា​ទៅ​មើល​ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា​ជាបន្ទាន់​ហើយ​ម្យ៉ាង​ទៀត​ទៅ​សួរ​អ្នក​តំណាងរាស្ត្រ​ដែល​យក​កៅអី​របស់​គណបក្ស​សង្គ្រោះជាតិ​ថា​តើ​អ្នក​តំណាងរាស្រ្ត​ទាំងអស់​នោះ​ដែល​ប្លន់​យក​កៅអី​គណបក្ស​សង្គ្រោះជាតិ​តើ​អ្នកទាំងអស់​នោះ​បាន​ជួយ​លទ្ធិ​ប្រជាធិបតេយ្យ​របៀបណា?‍»​

ប្រទេស​កាណាដា​បាន​ចូលរួម​ជាមួយ​នឹង​ប្រទេស​ចំនួន​៤៤ផ្សេងទៀតនៅ​ឯក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឱ្យ​ធ្លាក់​ចុះលទ្ធិ​ប្រជាធិបតេយ្យ។ នៅឯកិច្ច​ប្រជុំ​កាលពី​សប្តាហ៍​មុន​តំណាង​របស់​កាណាដា​បាន​សម្តែងការ​«ព្រួយបារម្ភ​យ៉ាងខ្លាំង‍»​ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​លើកលែង​បម្រាម​ដែល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ក៏​ដូច​ជា​ដោះលែង​លោក​កឹម​សុខា​ប្រធាន​គណបក្ស​។

លោកស្រី​មូរ សុខហួរ​ក៏​បានស្នើ​ឱ្យ​ប្រទេស​កាណាដា​ដាក់​ទណ្ឌកម្ម​ទិដ្ឋាការ​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ផងដែរ៖​

«លើសពីនេះ​ទៅទៀត​ខ្ញុំ​បាន​សូមឱ្យ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាបន្ទាន់​ដើម្បី​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​អាច​ទៅចូលរួម​ក្នុង​ការ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ​សេរី​និងយុត្តិធម៌។ ទណ្ឌកម្មនោះ​មិន​ឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ​ប៉ុន្តែ​សូមកុំ​ផ្តល់​ទិដ្ឋា​ការ​ដល់​មន្ត្រី​រាជរដ្ឋាភិបាល​ដែល​បាន​ប្រព្រឹត្ត​ពុករលួយ​ ហើយ​ប៉ះពាល់​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​កុំ​ឱ្យ​ចូលមកក្នុង​ប្រទេស​កាណាដា​ហើយ​សូម​ឱ្យ​បង្កក​ទ្រព្យ​សម្បត្តិ​អ្នក​ទាំងអស់​នេះ​ពីព្រោះ​យើង​ដឹង​ថា​មានអ្នក​តំណាង​ជាន់​ខ្ពស់​នៃប្រទេស​កម្ពុជា​យើង​មាន​ទ្រព្យ​សម្បត្តិ​នៅ​កាណាដា‍»។​

កាលពីខែ​វិច្ឆិកា​ឆ្នាំ​មុន​ តុលាការ​កំពូល​បាន​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ហើយ​បាន​ហាមឃាត់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន​១១៨នាក់​រួម​ទាំង​អ្នក​តំណាង​រាស្រ្ត​ទាំង​៥៥នាក់​មិន​ឱ្យ​ធ្វើ​នយោបាយ​ចំនួន​៥ឆ្នាំ។ អាសនៈ​តំណាងរាស្រ្ត​ទាំងនោះ​និង​អាសនៈ​ឃុំ​សង្កាត់​ជាង​៥០០០​ត្រូវ​បាន​គណបក្ស​កាន់អំណាច​រឹប​យក​ខ្លះ​និង​ខ្លះ​ទៀតបែងចែក​ឱ្យ​គណបក្ស​ដទៃ​ទៀត​ដែល​មិន​បាន​ជាប់​ឆ្នោត​ក្នុងការ​បោះឆ្នោត​ជាតិឆ្នាំ​២០១៣ និង​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ឆ្នាំ​២០១៧។

លោក​ញ៉េប ប៊ុនជិន ​អ្នកនាំពាក្យ​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច និង​ជា​អ្នកតំណាងរាស្រ្ត​ដែល​បាន​ទទួល​យក​អាសនៈនោះ​បាន​អះអាង​ថា​របៀប​ធ្វើការ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​គឺ​ទន់ភ្លន់​ជាង​គណបក្ស​សង្គ្រោះជាតិ​ដែល​ជួយ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​និង​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​។

«គណបក្ស​ហ៊្វុនស៊ិនប៉ិច​ជា​ប្រជាធិបតេយ្យ​មួយ​ហើយ​សង្គ្រោះជាតិ​ក៏​ជា​ប្រជាធិបតេយ្យ​មួយ​ដែរ។ យើង​មក​បន្ទោស​គ្នា​ឯង​ថា​មិនមែន​ប្រជាធិបតេយ្យ​គឺ​មិនមែន​អីចឹង​ទេ។ រឿង​ប្រជាធិបតេយ្យ​គឺ​ប្រជាធិបតេយ្យ​ប៉ុន្តែ​រឿង​អ្នក​អនុវត្ត​យក​ទៅ​សាប​ព្រោះ​ទេ​ យក​ប្រជាធិបតេយ្យ​មក​ប្រើ​មិន​ចេះ​ប្រើ​វា​ទៅជា​អនាធិបតេយ្យ។ ដល់​យើង​បង្ក​អនាធិបតេយ្យ​បាន​ជា​អ្នក​រងគ្រោះ​ភាគច្រើន​នៅ​តែ​រងគ្រោះ‍»។​

លោក​ញ៉េប ប៊ុនជិន​បាន​អះអាង​ថា​ឫសគល់​នៃ​បញ្ហា​គឺ​ការយល់ព្រម​រវាង​លោក​សម រង្ស៊ី​និង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ធ្វើ​វិសោធនកម្មរដ្ឋ​ធម្មនុញ្ញ​កាលពី​ឆ្នាំ​២០០៦ ​ពី​រូបមន្ត​ពីរភាគបី​មក​ជា​៥០បូក​មួយ​ក្នុងការ​បង្កើត​រាជរដ្ឋាភិបាល​និង​អនុម័ត​ច្បាប់​នានា។

«ចេញប្រភព​កំហុស​ប្រទេស​យើង​គឺ​ចេញពី​ឯកឧត្តម​សម រង្ស៊ី​ប្តូរ​ពីពីរភាគបី​មក​បូក​មួយ​ហ្នឹង​ហើយ​ប៉ុន្តែ​អត់​មាន​អ្នកការទូត​ណា​ អ្នកនយោបាយ​ណា​ឬ​អ្នកគាំទ្រ​ណា​និយាយ​ពីប្រភព​ហ្នឹង​ទេ​។ ចាប់ផ្តើម​មក​និយាយ​តែ​ហ៊្វុនស៊ិនប៉ិច​ស៊ុមគ្រលំ​ជាមួយ​រដ្ឋាភិបាល។ ហ៊្វុនស៊ិនប៉ិច​ពុករលួយ​។ ហ៊្វុនស៊ិនប៉ិច​ទន់ជ្រាយ​។ ហ៊្វុនស៊ិនប៉ិច​លក់ក្បាល អាយ៉ង​គណបក្ស​ប្រជាជន។ ហ៊្វុនស៊ិនប៉ិច​មិន​គិត​អ្នកតស៊ូ​ ភ្លេច​ចំណុច​ដែល​ចាប់​ផ្តើមបញ្ហា‍»។​

នៅឯ​សម័យ​ប្រជុំ​លើកទី​១៣៨​នៃ​សហភាព​អន្តរសភា​ដែល​បាន​ធ្វើ​ឡើង​កាលពីថ្ងៃ​ពុធ​ គណៈ​កម្មាធិការ​ការពារ​សិទ្ធិ​អ្នកតំណាងរាស្រ្ត​បាន​ពិនិត្យ​លើ​ការរំលោភបំពាន​សិទ្ធិ​អ្នក​តំណាងរាស្ត្រចំនួន​២២១​នាក់​នៅក្នុងប្រទេស​ចំនួន​៤​ក្នុងនោះ​មាន​កម្ពុជា​មួយដែរ​ហើយ​បាន​ថ្កោលទោសទង្វើរបស់​រដ្ឋាភិបាល​កម្ពុជា​ដោយ​ចាត់​ទុក​ថា​វា​ជាការ​«គំរាម​កំហែង​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​សភានិយម‍»។​

«សហភាព​អន្តរសភា​សន្និដ្ឋានថា​សកម្មភាព​ទាំងនេះ​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន​របស់​អ្នក​តំណាង​រាស្រ្ត​ទាំងនោះ​ច្បាស់​ក្រឡែត​ហើយ​សូមសម្តែង​ការសោកស្តាយ​ដែល​ពួកគេ​ត្រូវ​ជួប​នឹង​ទម្រង់​នៃ​ការរំលោភ​ដែល​មាន​ជាយូរណាស់​មក​ហើយ​លើ​បក្ស​ប្រឆាំង​ហើយ​ដែល​ត្រូវ​បាន​ចងក្រង​ដោយ​អន្តរសភា​នៅ​មុន​ពេល​ការបោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​អតីតកាល‍»។

សហភាព​អន្តរសភា​បានទទូច​ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​តំណែង​ដល់​អ្នកតំណាងរាស្ត្រ​ទាំង​៥៥នាក់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ជាបន្ទាន់​និង​ចាប់ផ្តើម​ការចរចារ​នយោបាយ​ប្រសិនបើ​ចាំបាច់​គឺ​ដោយ​មាន​ការ​គាំទ្រ​ពី​សហភាព​អន្តរសភា‍៕

XS
SM
MD
LG