ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍ ​សៅ សុខា​ហៅ​ចលនា​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​ថា​ជា​ក្រុម​ភេរវកម្ម​ដែល​ត្រូវ​តែ​កម្ចាត់​ចោល


លោក​ សៅ​ សុខា ​សៅ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅក្នុង​កិច្ច​​ប្រជុំមួយ​ នៅ​ថ្ងៃ​​​ទី​២៥​ ខែសីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (VOA Khmer)

លោក​ ​សម រង្ស៊ី​ ​លើក​ឡើង​ថា​ ​ចលនា​សង្ក្រោះជាតិ​គឺ​ជា​ចលនា​អហិង្សា​ ​និង​ថា​ ​​ការ​ហៅ​ចលនា​សង្គ្រោះ​ជាតិ​ថា​ ជា​អំពើ​ភេរវកម្ម​ ​គឺ​ដោយ​សារ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន​ មាន​ការ​ព្រួយ​បារម្ភ​​​ពី​ចលនា​នេះ។

លោក​ សៅ សុខា​ មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នៅ​ថ្ងៃ​អង្គារ​នេះ​ប្រកាស​ថា​ ​«ចលនា​សង្គ្រោះ​ជាតិ»​ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​គឺ​ជា​សកម្មភាព​ភេរវកម្ម​ ​និងប្រកាសត្រៀម​បង្រ្កាប​ចលនានោះ​ចោល។​

ថ្លែង​បែប​នេះ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​កង​រាជ​អាវុធ​ហត្ថ​ ​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​ការងារ​ ​ឆ្នាំ២០១៨​ នាយ​ឧត្ដមសេនីយ៍​ សៅ សុខា​ អគ្គ​មេបញ្ជាការ​រង​ ​និង​ជា​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ​បាន​លើក​ឡើង​ថា​ ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​របស់​លោក​ សម រង្ស៊ី​ អតីត​មេ​បក្ស​ប្រឆាំង​មួយ​រូប​ ដែល​កំពុង​និរទេស​ខ្លួន​ឯ​បរទេស​ គឺជា​ទង្វើ​ភេរវកម្ម។​

លោក សៅ សុខា ​បញ្ជាក់​ថា៖​

«ពួក​ចលនា​សង្គ្រោះជាតិ​ដែល​ពួក​ជាប់​ពិរុទ្ធ​នៅ​ក្រៅ​ប្រទេស​កំពុង​បង្កើត​នេះ​ ​គឺ​គេ​កំពុង​តែរៀបចំ​ធ្វើ​ភេរវកម្ម​ បែប​មិន​មែន​នយោបាយ​ទេ គឺ​ភេរវកម្ម​តែ​ម្តង ព្រោះ​ស្អី​ក៏​ធ្វើៗ​ឲ្យ​តែ​បាន​ច្របល់​ទាំង​អស់»។​

លោក​ សៅ សុខា​ បន្ថែម​ថា​ ​កង​រាជអាវុធហត្ថ​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ទប់ស្កាត់ ​បង្ក្រាបចលនា​នោះ​ ​និង​រាល់​សកម្មភាព​ផ្សេងៗ​ដែល​រដ្ឋាភិបាល​ហៅ​ថា​ ជា​បដិវត្តន៍​ពណ៌។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចលនា​ណា​ក៏​ដោយ​ដែល​បង្កើត​មក​ដើម្បី​នាំ​ទៅ​រក​បដិវត្តន៍​ពណ៌​ ចលនា​ណា​ក៏​ដោយ​ដែល​នាំ​ទៅ​រក​សង្គ្រាម​ ​នាំ​ទៅ​រក​អំពើ​ហិង្សា​ ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ប្រជាជន​កម្ពុជា​មួយ​ទាំង​មូល​ដើម្បី​ថែរក្សា​សន្តិភាព។​ ​ហើយ​ក្នុង​នោះ​កង​រាជ​អាវុធហត្ថ​គឺ​ជា​ផ្នែក​មួយ​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ស្រប​តាម​ការ​ប្រគល់​ភារកិច្ច​ ​និង​ការ​ក្រើន​រំឭក​របស់​សម្តេច​សេនាពិជ័យ​ ទៀ បាញ់​ រដ្ឋមន្រ្តី​ការពារ​ជាតិ»។​

លោក​ សម រង្ស៊ី​ កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បង្ហោះ​សារ​ជា​អក្សរ​មួយ​លើ​ទំព័រ​ Facebook​ របស់​លោក​ថា ​ចលនា​សង្គ្រោះជាតិ​នឹង​ត្រូវរៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស​ ​ព្រម​ទាំង​បាន​អំពាវនាវ​កុំ​ឲ្យ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​សំខាន់ៗ​ ​ប្រកាស​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​ចលនា​នេះ​ជា​សាធារណៈ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​និង​ធានា​ប្រសិទ្ធភាព​ការងារ​របស់​ចលនា​នេះ។

​ចលនា​សង្រ្គោះ​ជាតិ​ ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើង​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៨ ក្នុង​គោល​បំណងស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ ​លោក​ ​កឹម សុខា ​និង​ទាមទារ​ឲ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា។​ ​ចលនា​នេះ​បង្កើត​ឡើង​បន្ទាប់​ពីគណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ឆ្នាំ​មុន ​ហើយ​មន្រ្តី​ជាន់​ខ្ពស់​ ​និង​តំណាងរាស្រ្ត​មួយ​ចំនួន​ទៀត​របស់​គណបក្ស​នេះ​ត្រូវ​បាន​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​ម្នាក់ៗ​ចំនួន​៥​ឆ្នាំ​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទ​ថា​ គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ និង​ជា​អ្នកបង្កើត​ចលនា​សង្គ្រោះជាតិ​ ​ប្រាប់​ VOA​ តាម​រយៈ​សារ​អេឡិចត្រូនិក​ ឬ​អ៊ីមែល​ ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ហៅ​ចលនា​សង្គ្រោះ​ជាតិ​ថា​ ជា​អំពើ​ភេរវកម្ម​ ​គឺ​ដោយសារ​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន មាន​ការ​ព្រួយ​បារម្ភ​ពី​ចលនា​នេះ។​ លោក​បន្ថែម​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ភាព​ទន់ខ្សោយ​ ​និង​ខ្វះ​ការ​គាំទ្រ​ ​ដូច្នេះ​លោក​ថា គណបក្ស​នេះ​តែង​ប្រើ​ហិង្សា​ដើម្បី​លុប​បំបាត់​សំឡេង​ប្រជាធិបតេយ្យ។​

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«គណបក្ស​សង្គ្រោះជាតិ​ ​និង​ចលនា​សង្គ្រោះជាតិ​ ​មិន​ត្រឹមតែ​ជា​ក្រុម​មិន​មាន​អំពើ​ហិង្សា​នោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ជា​ក្រុមប្រឆាំង​នឹង​អំពើ​ហិង្សា​ទៀត​ផង។​ យើង​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ ​ទាំង​អ្នក​តវ៉ា​ ​និង​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ជៀសវាង​ការ​ប្រើ​ហិង្សា។​ រាល់​ការ​ផ្ទុះ​ឡើង​នៃ​អំពើ​ហិង្សា​ ​នឹងអាច​កើត​ឡើង​តែ​ពី​សំណាក់​ក្រុម​របស់​លោក​ ហ៊ុន សែន​ និង​អ្នក​បង្ក​ផ្សេងៗ​ដែល​យើង​ទើប​តែ​បាន​ឃើញ​កាល​ពី​ពេល​ថ្មីៗ​ ដើម្បី​ដាក់​កំហុស​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​អ្នក​តវ៉ា​ដទៃ​ទៀត​ ​ហើយ​ពួកគេ​បាន​ប្រើ​លេស​ដើម្បី​បង្ក្រាប​ក្រុម​ប្រឆាំង​ និង​សង្គម​ស៊ីវិល»។

ការ​ប្តេជ្ញាបង្រ្កាប​រាល់​សកម្មភាព​ ​ឬ​គោល​បំណង​ណា​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ ​តែង​ត្រូវ​បានមេ​ដឹកនាំ​កងទ័ព​ ​មេដឹកនាំ​នគរបាល​ ​ប្រកាស​ជា​បន្ត​បន្ទាប់​ថា​នឹង​បង្ក្រាប​មិន​ឲ្យ​កើត​មាន។​ មេដឹកនាំ​ទាំង​នោះ​បាន​ប្តេជ្ញា​ការពារលោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ដែល​ជា​អ្នក​ដឹកនាំ​រដ្ឋាភិបាល​ ​និង​ក្រុម​គ្រួសាររបស់​លោក។​

លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​ សម រង្ស៊ី​ និង​លោក​ កឹម សុខា ​អតីត​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ ​បាន​ចាប់​ដៃ​គ្នា​បង្កើត​គណបក្ស​សង្រ្គោះ​ជាតិ​កាល​ពី​ឆ្នាំ​២០១២។​ ក្រោយ​ការប្រកាសបង្កើត​ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ សម រង្ស៊ី ​គេ​ឃើញ​ស្ថានភាព​របស់​អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​មាន​ភាព​រកាំរកូស​ ដោយ​សារ​ភាគច្រើន​នៃអ្នកគាំទ្រ​ចលនា​នោះ​ ​គឺ​ជា​អតីត​អ្នក​ដែល​មក​ពី​គណបក្ស ​សម រង្ស៊ី​ ចំណែក​អ្នកមិន​គាំទ្រ​ចលនា​នេះភាគ​ច្រើន​ជា​អតីត​អ្នក​ដែល​មក​ពី​គណបក្ស​សិទ្ធិ​មនុស្ស។​ ក្នុង​នោះ​ ​លោក​ ​កឹម សុខា​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់ឃុំ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ថា ​ក្បត់ជាតិ​ដែរ​នោះ​ ​ក៏​បាន​ប្រកាស​ពី​ក្នុង​ពន្ធនាគារ​មក​ថា​ ​លោក​មិនចូលរួមគាំទ្រ​ចលនាថ្មី​នេះ​ទេ៕​

XS
SM
MD
LG