រដ្ឋសភាកម្ពុជា គ្រោងនឹងអនុម័តសេចក្តីព្រាងច្បាប់ថ្មីមួយស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នៅថ្ងៃសុក្រ ទី៥ ខែមីនានេះ ដែលនេះជាវិធានការដែលស្ថាប័ននីតិបញ្ញត្តិនេះហៅថា គឺដើម្បី«ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍។
សេចក្តីព្រាងច្បាប់ដែលមាន ៦ ជំពូក និង១៨ មាត្រានេះ ផ្តល់អំណាចឲ្យអាជ្ញាធរក្នុងការដាក់ទោសទណ្ឌជាប់ពន្ធនាគារដល់អ្នកគេចវេះពីការធ្វើចត្តាឡីស័ក និងអ្នកដែលគេចពីការព្យាបាលជំងឺកូវីដ១៩។
កាលពីចុងខែកុម្ភៈ រដ្ឋាភិបាលបានសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត ក្រោយពីមានការផ្ទុះឡើងជាលើកទី៣នូវការឆ្លងរាលដាលជំងឺកូវីដ១៩ចូលសហគមន៍ក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈកន្លងទៅនេះ។
គិតមកត្រឹមយប់ថ្ងៃព្រហស្បតិ៍នេះ ចំនួនអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍ចុងក្រោយនេះ សរុបមានជាង៤០០នាក់ហើយ ភាគច្រើនជាជនជាតិចិនដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងក្រុងព្រះសីហនុ។
សេចក្តីព្រាងច្បាប់ស្តីពី«វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត» អនុញ្ញាតឲ្យមានវិធានការរដ្ឋបាល ដូចជាការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ ការហាមឃាត់ការប្រមូលផ្តុំគ្នា ការកម្រិតសកម្មភាពការងារ ឬមុខរបរ និងការបិទខ្ទប់តំបន់ ឬទីកន្លែងមួយចំនួនជាដើម។
មាត្រា៧ នៃសេចក្តីព្រាងច្បាប់នេះ ដែល VOA ទទួលបាន ចែងថា ការគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវជាប់ពន្ធនាគារពី៦ ខែទៅ៣ ឆ្នាំ ហើយត្រូវពិន័យជាប្រាក់ពី ២ លានរៀលទៅ ១០ លានរៀល កាលបើអំពើខាងលើបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ទៅអ្នកដទៃ។
ចំណែកមាត្រា៨ នៃសេចក្តីព្រាងច្បាប់នេះចែងថា ការគេចវេះពីការព្យាបាល ឬគេចពីកន្លែងព្យាបាល នឹងត្រូវផ្តន្ទាទោសពី ១ ឆ្នាំទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី៨លានរៀលទៅ ២០ លានរៀល។ បើអំពើនេះបណ្តាលឲ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ត្រូវដាក់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ឆ្នាំ៕