ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ដាក់​ទោស​ជាប់​ពន្ធនាគារ​លើ​​​អ្នក​គេច​វេះ​ចត្តាឡីស័ក​និង​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩


ទិដ្ឋភាពមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់អ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)
ទិដ្ឋភាពមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់អ្នកជំងឺកូវីដ១៩ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

សេចក្តី​ព្រាង​ច្បាប់​ថ្មី​ប្រឆាំងនឹង​ជំងឺ​កូវីដ​១៩ នឹង​អនុញ្ញាតឲ្យ​ដាក់​ទោស​ទណ្ឌជាប់​ពន្ធនា​គារ​លើអ្នក​គេច​វេះ​ពីការ​ធ្វើ​ចត្តាឡីស័ក និង​អ្នក​ដែល​គេច​ពី​ការ​ព្យាបាល​ជំងឺ​កូវីដ​១៩។ នេះ​បើ​តាមសេចក្តី​ព្រាង​ច្បាប់​ស្តីពី​ «វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំងឺ​ឆ្លង​កាច​សាហាវ និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត»។

សេចក្តី​ព្រាង​ច្បាប់ ​ដែល​មាន​ ១៨ ​មាត្រា​នេះ កំពុង​ត្រួត​ពិនិត្យ​ដោយ​រដ្ឋសភា​និងគ្រោង​អនុម័ត​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ។

មាត្រា​ ៧ ​នៃ​សេចក្តី​ព្រាង​ច្បាប់​ ដែល VOA​ ទទួល​បាន ​ចែង​ថា ​ការ​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​ ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ពី​ ៦ ​ខែ​ទៅ​ ៣ ​ឆ្នាំ ហើយ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ២ ​លានរៀល​ទៅ​ ១០ ​លាន​រៀល កាលបើ​អំពើ​ខាង​លើ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​ទៅ​អ្នក​ដទៃ។

ចំណែក​មាត្រា ​៨​ ចែង​ថា​ ការគេច​វេះ​ពី​ការ​ព្យាបាល ឬ​គេច​ពី​កន្លែង​ព្យាបាល នឹង​ត្រូវ​ផ្តន្ទា​ទោស​ពី​ ១​ ឆ្នាំ​ទៅ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៨​លាន​រៀល​ទៅ​ ២០ ​លានរៀល។ ​បើ​អំពើ​នេះ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​កូវីដ​១៩ ​ដល់​អ្នក​ដទៃ ត្រូវ​ដាក់​ពន្ធនាគារពី ​៥ ​ឆ្នាំ​ទៅ ​១ ០​ឆ្នាំ។

ចំណែក​មាត្រា ​៩ ​ចែង​ថា ​អំពើ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូវីដ​១៩​ ទៅ​អ្នក​ដទៃ ​នឹង​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារពី​ ៥ ​ឆ្នាំ​ទៅ​ ១០ ​ឆ្នាំ។

មាត្រា ១០ ​ចែង​ពី​បទ​មិន​គោរព​តាមវិធានការ​រដ្ឋ​បាល នឹង​ត្រូវ​ផ្តន្ទា​ទោសពី​ ៦ ​ខែ​ទៅ ​៣ ​ឆ្នាំ កាល​បើ​អំពើនេះ​នាំ​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​ទៅអ្នក​ដទៃ។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ​វិធាន​ការ​រដ្ឋបាល​ដូច​ជាការ​រឹត​ត្បិត​ឬ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ ការ​ហាម​ឃាត់​ការ​ប្រមូល​ផ្តុំ​មនុស្ស ការ​កម្រិត​សកម្មភាព​ការងារ ឬ​មុខ​របរ និង​ការ​បិទ​ខ្ទប់​តំបន់​ឬ​ទី​កន្លែង​មួយ​ចំនួន​ជាដើម។

បុគ្គល​ដែល​មិន​គោរ​ព​តាម​វិធានការ​រដ្ឋបាល ក៏​ត្រូវ​ទទួល​ទណ្ឌ​កម្ម​នៃ​ការ​ព្យួរ ដក​ហូត​អាជ្ញា​បណ្ណ ឬ​បិទ​អាជីវ​កម្ម។ ចំណែក​មាត្រា​ ១១ ​ចែង​ថា ​អំពើ​រារាំង​ ឬ​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​ការ​អនុវត្ត​វិធានការ ​ដែល​ដាក់​ចេញ​ស្រប​តាម​ច្បាប់ នឹង​ត្រូវ​ដាក់​ពន្ធនាការ​ពី​ ៦ ​ខែ​ទៅ ​៣ ​ឆ្នាំ។ កាល​បើ​អំពើ​នេះ​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​ជំងឺ​ដល់​អ្នក​ដទៃ នឹង​ត្រូវ​ផ្តន្ទា​ទោស​ពី​ ២ ​ឆ្នាំ​ទៅ ​៥ ​ឆ្នាំ។

ទោះ​ជា​យ៉ាងណា សេចក្តី​ព្រាងច្បាប់​នេះ​ក៏​អនុ​ញ្ញាត​ឲ្យ​មាន​ការ​លើក​លែង​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ ឬ​ទទួល​បាន​នូវ​ការ​សម្រាល​ការ​ទទួល​ខុស​ត្រូវ​ព្រហ្ម​ទណ្ឌ ក្នុង​ករណី​ក្រុម​គ្រួសារ​នៃ​បុគ្គលប្រព្រឹត្ត​បង្ហាញ​ប្រាប់​ព័ត៌មាន​ដល់​មន្រ្តី​សុខាភិបាល​ ឬ​មន្រ្តី​មាន​សមត្ថកិច្ច ឬ​ផ្តល់​កិច្ច​សហការ​ចាំបាច់​នានា ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាល​ដាល។

សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា សំដៅ​កា​រពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ សុខ​ភាព​សាធារណៈ និង​សណ្តាប់​ធ្នាប់​សាធារណៈ ព្រម​ទាំង​កា​ត់​បន្ថយ​ឲ្យ​បាន​ជា​អតិបរមានូវ​ផល​ប៉ះពាល់​នៃ​ការ​ឆ្លង​ជំងឺ​នេះ ចំពោះ​វិស័យ​សង្គម និង​សេដ្ឋកិច្ច។

បើ​តាម​សេចក្តី​ព្រាង​ច្បាប់​នេះ ច្បាប់នេះ​ត្រូវ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​ការ​ប្រញាប់។

លោក ឡេង ប៉េងឡុង អ្នក​នាំពាក្យ​របស់​រដ្ឋសភា ប្រាប់​ VOA ​នៅ​រសៀល​ថ្ងៃ​អង្គារ​ថា ​រដ្ឋសភា​កំពុង​ពន្លឿន​ពិនិត្យ និងអនុម័ត​សេចក្តី​ព្រា​ង​ច្បាប់​នេះ តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​បង្កើត​និង​ពន្លឿន​ ស្រប​ពេល​កម្ពុជា​កំពុង​ប្រឈម​ការ​ឆ្លង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ក្នុង​សហគមន៍​ជន​ជាតិ​ចិន ដែល​កំពុង​រាល​ដាល​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ។

ក្រសួងសុខាភិបាលឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្ស ២៤ នាក់បន្ថែមទៀត បានឆ្លងជំងឺកូវីដ១៩ ដែលនាំឲ្យករណីឆ្លងសរុបក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ កើនទៅដល់ ៣៤០ នាក់ ដែលភាគច្រើនជាជនជាតិចិន៕

XS
SM
MD
LG