ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ដាក់​វិធាន​ការ​ពិន័យ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក


នារីពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងធ្វើដំណើរតាមទោចក្រយានយន្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។
នារីពីរនាក់ដែលមានពាក់ម៉ាស់ដើម្បីការពារការឆ្លងជំងឺកូវីដ១៩ កំពុងធ្វើដំណើរតាមទោចក្រយានយន្ត នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាលកម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អនុម័ត​អនុក្រឹត្យ​មួយ ដោយ​ដាក់​ពិន័យ​ជា​ប្រាក់​លើ​អ្នក​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ឬ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ដើម្បី​បង្ការ​ជំងឺ​កូវីដ១៩ ដែល​ជា​ធម្មតា​មាន​រយៈ​ពេល​១៤​ថ្ងៃ។ នេះ​បើ​យោង​តាម​អនុក្រឹត្យ​ស្តីពី​វិធាន​ការ​ចត្តាឡីស័ក ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០២១។

មាត្រា​១​ នៃ​អនុក្រឹត្យ​ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន ​ចែង​ថា​ ការ​ធ្វើ​ចត្តា​ឡីស័ក​ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ការពារ​អាយុ​ជីវិត សុខភាព​របស់​ប្រជា​ពលរដ្ឋ និង​ដើម្បី​បញ្ចៀស​ឲ្យ​បាន​ជា​អតិបរមា​នូវ​ផល​ប៉ះពាល់​ដល់​ផ្នែក​សង្គម​និង​សេដ្ឋកិច្ច។

ក្រសួង​សុខាភិបាល​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​ក្នុង​ការ​ចាត់​វិធាន​ការ​ចត្តាឡីស័ក ហើយ​ក្នុង​ករណី​ចាំបាច់ ក្រសួង​នេះ​ត្រូវ​សហការ​ជាមួយក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

បើ​តាម​អនុក្រឹត្យ​ការ​ធ្វើ​ចត្តាឡីស័ក​ត្រូវ​អនុវត្ត​ចំពោះ​រាល់​ពលរដ្ឋ​ខ្មែរ និង​ជន​បរទេស​ ដែល​ធ្វើ​ដំណើរ​ពី​ក្រៅ​ប្រទេសចូល​មក​កម្ពុជា​តាម​គ្រប់​មធ្យោបាយ និង​បុគ្គល​ដែល​បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​ជំងឺ​កូវីដ​១៩ ​ឬ​ជាមួយ​អ្នក​ដែល​សង្ស័យ​ថា​ មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ​១៩។ ការ​ធ្វើ​ចត្តាឡីស័ក​ត្រូវ​ធ្វើ​នៅ​ក្នុង​មណ្ឌល​ចត្តាឡីស័ក​ណាមួយ​ ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល ឬទីកន្លែង​ណា​មួយ​ផ្សេង​ទៀត តាម​ការ​កំណត់​របស់​ក្រសួង ឬ​ដោយ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ។

អនុក្រឹត្យ​ចែង​ថា ​ត្រូវ​ពិន័យជា​ប្រាក់​ពី​ ១ ​លាន​រៀល​ទៅ ​៥ ​លាន​រៀល ​ចំពោះ​បុគ្គល​ដែល​គេច​វេះមិន​ចង់​ធ្វើ​ចត្តា​ឡីស័ក ឬ​បុគ្គល​ដែល​គេ​ច​ចេញ​ពី​ទីកន្លែង​ធ្វើ​ចត្តាឡីស័ក។

រយៈ​ពេល​នៃ​ការ​ធ្វើ​ចត្តាឡីស័ក​ត្រូវ​កំណត់​ដោយ​ក្រសួង​សុខាភិបាល។ ការ​អនុវត្ត​កាល​ពី​កន្លង​ទៅរបស់​ក្រសួង​សុខាភិបាល គឺ​មាន​រយៈ​ពេល ​១៤ ​ថ្ងៃ​នៃ​ការ​ធ្វើ​ចត្តាឡីស័ក ហើយ​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​សំណាក​យ៉ាងតិច​ ២ ​ដង។

ចំណែក​បុគ្គល​ដែល​មិន​សហ​ការ​ជាមួយ​មន្រ្តី​សុខាភិបាល ដើម្បី​យក​សំណាក​ទៅ​វិភាគ​រក​មេរោគ ក៏​ត្រូវ​ពិន័យពី​ ១ ​លាន​រៀល​ទៅ​ ៥ ​លាន​រៀល​ដែរ ហើយ​បើ​ទោះបង់​ប្រាក់​ពិន័យ​នេះបុគ្គល​នោះ​ក៏​ត្រូវយក​សំណាក​ទៅ​វិភាគ​ដដែល។

បើ​តាម​អនុក្រឹត្យ​ដដែល ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១០ ​លាន​រៀល (ប្រមាណ​ ២៥០០​ ដុល្លារ)​ ទៅ ​៥០ ​លាន​រៀល ​(ប្រមាណ​ ១២៥០០ ​ដុល្លារ) ចំពោះ​អ្នក​ផ្តើម​គំនិត​ដឹកនាំ ណែនាំ ញុះញង់ បញ្ចុះបញ្ចូល ​ឬ​ជួយ​សម្រួល​ដោយ​ចេតនា​ដល់​បុគ្គល​ដែល​ធ្វើ​ចត្តាឡីស័ក ​ឲ្យ​គេច​ចេញ​ពី​ការ​ត្រួត​ពិនិត្យ​របស់​មន្រ្តី​ចត្តាឡីស័ក ​ឬ​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក ​ឬ​គេច​ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក។

ចំពោះ​គ្រឹះ​ស្ថាន​សុខាភិបាល​ឯកជន​ទាំង​អស់ ដែល​ជួយ​លាក់​បាំង​និង​មិន​បានជូន​ដំណឹងជា​បន្ទាន់​ទៅ​ក្រសួង​សុខាភិបាល​ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា ​អ្នក​ជំងឺ​ដែល​កំពុង​ទទួល​សេវា​ព្យាបាល​គេច​ពី​ការ​ធ្វើ​ចត្តាឡីស័ក ក៏​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​ ១០​ លាន​រៀល​ដល់​ ៥០ ​លាន​រៀល​ដែរ។

អនុក្រឹត្យ​បញ្ជាក់​ថា ​ប្រាក់​ពិន័យ​នឹង​កើន​ឡើង​ទ្វេដង ក្នុង​ករណី​ដែល​អំពើ​ល្មើស​ត្រូវ​បាន​ប្រព្រឹត្ត​ម្តង​ទៀត។

មាត្រា ​២០ ​នៃ​អនុក្រឹត្យ​នេះ​ចែង​ដែរ​ថា ​ចំពោះ​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស នឹង​អាច​ត្រូវ​លើក​លែង​ឲ្យ​រួច​ផុត​ពី​ការ​ទទួល​ពិន័យ ប្រសិន​បើ​បុគ្គល​នោះ​បង្ហាញ​ប្រាប់​ព័ត៌មាន​ដល់​មន្រ្តី​សុខាភិបាល ឬ​មន្រ្តី​មាន​សមត្ថកិច្ច ឬ​បាន​ផ្តល់​កិច្ច​សហ​ការ​ចាំបាច់​នានា ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ​១៩។

រដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​ពិន័យ​ជា​ប្រាក់​នេះ មិន​ធ្វើ​ឲ្យ​បុគ្គល​ប្រព្រឹត្ត​ល្មើស​រួច​ផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ខាង​ព្រហ្ម​ទណ្ឌ​ឡើយ។

នៅ​សប្តាហ៍​នេះ អតីត​អធិការ​នគរបាល​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង គឺ​លោក គឹម ពន្លក ត្រូវឃាត់​ខ្លួន ហើយ​តុលាការខេត្ត​បាត់​ដំបង​បានចោទ​ប្រកាន់​លោកពី​បទ «ការ​នាំ​យក​ចេញ​ដោយ​មិន​ស្រប​ច្បាប់​សម្រាប់​នាំ​ឆ្លង​ដែន» ពាក់ព័ន្ធ​នឹង​ករណី​ឲ្យ​មនុស្ស​ចាក​ចេញ ដោយ​មិន​ធ្វើ​ចត្តាឡី​ស័ក។ ការ​ចាប់​ខ្លួនអធិការ​រូប​នេះ បន្ទាប់​ពីការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថា​ មាន​ករណី​មិន​ឲ្យ​ធ្វើ​ចត្តាឡីស័ក ដែល​លោក​ព្រមានចាត់​វិធាន​ការ​តឹងរ៉ឹង។

អាជ្ញាធរ​នៅ​តាម​ព្រំដែនកម្ពុជា​និង​ថៃ ក៏​បន្ត​វិធាន​ការ​របស់​ខ្លួន​ក្នុង​ការ​ធានា​ថា​ពលករ​ដែល​វិល​ត្រឡប់​ពី​ប្រទេស​ថៃ ត្រូវ​បាន​ធ្វើ​ចត្តាឡីស័ក​ត្រឹម​ត្រូវ និង​មិន​មាន​អ្នក​រត់​គេច។

អភិបាល​រង​ខេត្ត​បន្ទាយ​មានជ័យ និង​ជា​អ្នក​នាំពាក្យ​របស់​សាលា​ខេត្ត​នេះ​គឺ លោក លី សារី ប្រាប់​VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះថា​ បច្ចុប្បន្ន​នេះ ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​ថៃ​កើន​ឡើង ដោយសារ​ជិត​ចូល​ឆ្នាំ​ខ្មែរ ដោយ​ក្នុង​មួយ​ថ្ងៃ មាន​ពលករចន្លោះ​ពី​ ២០០ ​ទៅ​ ៤០០ ​នាក់ ចូល​មក​តាម​ច្រក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​បន្ត​ថា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ពលករ​ខ្មែរ​ម្នាក់​ដែល​ស្ថិត​ក្នុង​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​សម្តេច​ឪ បាន​រត់​គេច​ពី​មណ្ឌល ហើយ​អាជ្ញាធរ​កំពុង​តាម​យក​មក​វិញ។

អភិបាលរង​ខេត្ត​រូប​នេះ​បន្ថែម​ថា​ អាជ្ញាធរ​នឹង​អនុវត្តយ៉ាង​តឹងរ៉ឹង​តាម​អនុក្រឹត្យ​របស់​រដ្ឋាភិបាល ដើម្បី​ធានាថា​ មិន​មាន​ករណី​រត់​គេច។

លោក​មាន​ប្រសាសន៍​ថា៖ «ទាក់​ទង​នឹង​អនុក្រឹត្យ យើង​ត្រូវ​មាន​វិធានការរឹត​បន្តឹង​អនុវត្ត​ច្បាប់​ហើយ។ ទោះ​ជា​ពលករ​គេច​វេះ​ ឬ​មួយ​អី យើង​ត្រូវ​អនុវត្ត​ទៅ​តាមប្រការ​ដែល​បាន​ចែង»។

លោក​បន្ត​ថា ​រដ្ឋាភិបាល​បាន​ផ្គត់​ផ្គង់​អាហារ​ដល់អ្នក​ធ្វើ​ចត្តាឡីស័ក និង​បាន​បន្ថែម​មី​និង​ទឹក​សុទ្ធ​ជូន​ពួក​គាត់​ទៀត​ផង។

លោក ឃុន ថារ៉ូ មន្ត្រី​សម្របសម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់ មាន​ប្រសាសន៍​ថា​ ការ​ដាក់​ពិន័យ​ជា​រឿង​មួយ ប៉ុន្តែ​លោក​ថា ​វិធីសាស្រ្ត​ដែល​ល្អ​បំផុត គឺ​ការ​មានវិធាន​ការ​តឹងរ៉ឹង​ក្នុង​ការ​ធានា​អនុវត្តឲ្យ​បាន​ពេញលេញ​សម្រាប់​អ្នក​ធ្វើ​ចត្តាឡីស័ក។ លោក​បន្ថែម​ថា ​ពលករនឹង​ពិបាកបង់​ប្រាក់​ពិន័យ​នេះ ដោយសារ​ពួកគេ​មិន​មាន​ការងារ​ធ្វើ ហើយ​ប្រឈម​នឹង​ការ​បង់​បំណុល។

លោក​ប្រាប់​ VOA ​ថា៖ «ការ​ផាក​ពិន័យ ខ្ញុំ​គិត​ថា​វា​គ្រាន់​តែ​ជាផ្នែក​មួយ​ទេ ប៉ុន្តែ​វា​មិន​អាច​ធានា​ថា​ប្រជាពលរដ្ឋគាត់​អាច​មាន​លទ្ធភាពនៅ​ក្នុង​ការ​បង់​ទៅ​នឹង​ប្រាក់​ពិន័យហ្នឹង​ដែរ​ទេ»។

លោក ឃុន ថារ៉ូ បន្ត​ថា ​ការ​ទំនុក​បម្រុង​អាហារ ការ​ស្នាក់​នៅ​ឲ្យ​បាន​សមរម្យ​ និង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល ជា​រឿង​សំខាន់​មួយ​សម្រាប់​ពលករ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG