ប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាមរយៈពេល១ខែ ចាប់ពីថ្ងៃអាទិត្យទី១៨ ខែកក្កដានេះតទៅ ដោយលើកហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនៃជំងឺកូវីដ១៩ចូលក្នុងប្រទេស។ នេះបើយោងតាមលិខិតមួយច្បាប់របស់ក្រសួងការបរទេសកម្ពុជាចុះថ្ងៃទី១៣ ខែកក្កដា ផ្ញើជូនឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម ដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានចុះផ្សាយនៅថ្ងៃពុធនេះ។
ការសម្រេចនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសវៀតណាម បានរាយការណ៍អំពីករណីឆ្លងរាលដាលជំងឺកូវីដ១៩ច្រើនបំផុតមិនធ្លាប់មានក្នុងប្រទេសកុម្មុយនីស្តមួយនេះ គឺរហូតដល់ជាង១០០០ករណីក្នុងមួយថ្ងៃក្នុងរយៈពេល៧ថ្ងៃជាប់ៗគ្នា ជាពិសេសនៅក្នុងទីក្រុងហូជីម៉ិញ ឬព្រៃនគរ កាលពីសប្តាហ៍មុន។
លិខិតក្រសួងការបរទេសកម្ពុជា បញ្ជាក់ថាការផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនបណ្តោះអាសន្នរវាងប្រទេសទាំងពីរនេះ អនុវត្តចំពោះតែកម្មករជំនាញ អ្នកបច្ចេកទេសនិងបុគ្គលិកក្រុមហ៊ុនវៀតណាមតែប៉ុណ្ណោះ។ ចំណែកអ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត ឬមន្ត្រីរាជការដែលមានបេសកកម្មតាមការអញ្ជើញរវាងអាជ្ញាធរនៃប្រទេសទាំងពីរ ឬករណីមានការអនុញ្ញាតពិសេសពីរដ្ឋាភិបាល ត្រូវបានលើកលែង។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជា មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៦៣.៦១៥នាក់ និងស្លាប់សរុប៩៨៦នាក់ ខណៈវៀតណាម មានអ្នកឆ្លងសរុបចំនួន៣៥.៤០៩ នាក់ និងស្លាប់សរុប១៣២នាក់។ នេះបើផ្អែកតាមទិន្នន័យរបស់សាកលវិទ្យាល័យJohns Hopkinsក្នុងសហរដ្ឋអាមេរិក៕