អង្គការ UNICEF បានបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញផ្សាយកាលពីថ្ងៃអង្គារទី ២៣ ខែមិថុនាថា វីរុសកូរ៉ូណាបានគំរាមកំហែងដល់ជីវភាពរបស់កុមារ ៦ រយលាននាក់ ក្នុងទ្វីបអាស៊ីខាងត្បូង។
របាយយការណ៍ដែលមានចំណងជើងថា «ជីវិតក្រឡាប់ចាក់ (Lives Upended)» នេះ បានពណ៌នាអំពីវិធីដែលការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បាននាំឱ្យមានហានិភ័យដល់ដំណើរវិវឌ្ឍរាប់ទសវត្សរ៍កន្លងមកនេះ ទាក់ទិននឹងផ្នែកសុខាភិបាល ការសិក្សាអប់រំ និងការលូតលាស់ក្នុងផ្នែកផ្សេងទៀតសម្រាប់កុមារនៅក្នុងតំបន់អាស៊ីខាងត្បូង ហើយបានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់នោះឲ្យចាត់វិធានការជាបន្ទាន់។
អ្នកស្រី Jean Gough នាយិកាអង្គការ UNICEF ប្រចាំតំបន់អាស៊ីខាងត្បូង បាននិយាយថា៖ «ផលវិបាកនៃការរាតត្បាតជាសាកលនៃជំងឺនេះនៅទូទាំងតំបន់អាស៊ីខាងត្បូង ដែលក្នុងនោះមានទាំងការបិទសកម្មភាពសង្គម និងវិធានការឯទៀតៗ បាននាំឱ្យមានហានិភ័យដល់កុមារតាមវិធីផ្សេងៗ។ ក៏ប៉ុន្តែ ផលប៉ះពាល់ក្នុងរយៈពេលវែងនៃវិបត្តិសេដ្ឋកិច្ចលើកុមារនឹងមានទំហំខុសពីលើកមុនៗទាំងស្រុង។ បើគ្មានសកម្មភាពជាបន្ទាន់នៅពេលនេះទេ ជំងឺកូវីដ១៩ អាចបំផ្លាញសេចក្តីសង្ឃឹម និងអនាគតនៃមនុស្សមួយជំនាន់ទាំងមូល។
របាយការណ៍នេះបានលើកឡើងថា នៅពេលដែលផលប៉ះពាល់ខាងសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ ចាប់ផ្ដើមលេចជារូបរាងឡើង កុមាររហូតដល់ ១២០ លាននាក់ថែមទៀតនៅក្នុងតំបន់អាស៊ីខាងត្បូង អាចធ្លាក់ទៅក្នុងភាពទីទ័លក្រ។
សេវាសុខាភិបាលសំខាន់ៗ ដូចជាការចាក់ថ្នាំបង្ការ និងអាហារូបត្ថម្ភជាដើម ត្រូវបានបង្អាក់។
កុមារប្រមាណ ៧ លាន ៧ សែននាក់ក្នុងតំបន់អាស៊ីខាងត្បូង បានរងគ្រោះរួចមកហើយដោយសារ មានរាងកាយចុះខ្សោយជាលំដាប់ ដែលបណ្តាលមកពីមិនមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ឬមានជំងឺ។ ដើម្បីជួយក្រុមកុមារដែលមានរាងកាយចុះខ្សោយធ្ងន់ធ្ងរ អង្គការ UNICEF បានអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់នោះឱ្យចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងជាថ្មីឡើងវិញប្រឆាំងនឹងជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល និងជំងឺឯទៀតៗ។
របាយការណ៍នេះក៏បានលើកឡើងផងដែរថា អត្រាធ្លាក់ចុះនៃក្រុមកុមារបោះបង់ចោលការសិក្សា និងការរៀបការពីក្មេង គឺកើតមានឡើងស្របពេលដែលមានការធ្លាក់ចុះនៃការស្លាប់របស់ទារក និងម្ដាយនៅក្នុងតំបន់អាស៊ីខាងត្បូងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏ការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ បានបណ្តាលឱ្យកុមារជាង ៤៣០ លាននាក់នៅក្នុងតំបន់អាស៊ីខាងត្បូងពឹងផ្អែកលើការរៀនសូត្រតាមអនឡាញ ដែលនៅពេលនេះបន្ថែមទៅនឹងកុមារចំនួន ៣២ លាននាក់ទៀត ដែលបានបោះបង់ការសិក្សារួចស្រេចទៅហើយនោះ។
បើយោងតាមរបាយការណ៍នេះ គេឃើញថាមានការកើនឡើងនៃការហៅទូរស័ព្ទទៅកាន់លេខទូរស័ព្ទខាងផ្តល់ជំនួយ ពីក្រុមកុមារដែលបានរងគ្រោះដោយសារអំពើហិង្សា និងការរំលោភបំពានផ្សេងៗនៅពេលពួកគេស្ថិតនៅក្នុងផ្ទះ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។
ក្នុងឆ្នាំ ២០១៦ កុមារ ៦៤% ក្នុងចំណោមកុមារទាំងអស់នៅលើពិភពលោក ដែលបានជួបប្រទះអំពើហិង្សាធ្ងន់ធ្ងរ គឺជាកុមារនៃតំបន់អាស៊ីខាងត្បូង។
ដើម្បីដោះស្រាយផលប៉ះពាល់របស់វិបត្តិជំងឺកូវីដ១៩ លើជីវភាពរស់នៅរបស់កុមារ ៦០០ លាននាក់ នៅក្នុងតំបន់អាស៊ីខាងត្បូង អង្គការ UNICEF បានជំរុញដល់រដ្ឋាភិបាលនានានៅក្នុងតំបន់នោះឱ្យបង្វែរជាបន្ទាន់នូវធនធានច្រើនជាងមុនទៅកាន់កម្មវិធីការពារខាងសង្គម ដែលក្នុងនោះមានដូចជាអត្ថប្រយោជន៍ទូទៅសម្រាប់ក្រុមកុមារនៅគ្រាមានអាសន្ន និងកម្មវិធីផ្តល់អាហារដល់សិស្សក្នុងសាលារៀនផងដែរ។
អ្នកស្រី Jean Gough បានមានប្រសាសន៍ថា៖ «ការរៀបចំឱ្យមានវិធានការបែបនេះនៅពេលនេះនឹងជួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីខាងត្បូងឲ្យធ្វើអន្តរកាលបានលឿនចេញពីវិបត្តិមនុស្សធម៌ដែលបណ្តាលមកពីជំងឺកូវីដ១៩ ទៅរកគំរូអភិវឌ្ឍន៍មួយដែលរឹងប៉ឹង និងមានចីរភាព ដែលផ្ដល់ប្រយោជន៍រយៈពេលវែងដល់សុខុមាលភាពរបស់កុមារ សេដ្ឋកិច្ច និងភាពរួបរួមនៅក្នុងសង្គម»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ