ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គមស៊ីវិល​ជាង​៣០​សម្តែង​ការ​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​និង​សុខុមាលភាព​កុមារ​ក្នុង​ពេល​វិបត្តិ​កូវីដ១៩


រូបឯកសារ៖ សិស្ស​​​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «​សាលា​បឋម​សិក្សា​យឺនចាស់​»​ កំពុង​លេង​ល្បែង​កំសាន្ត​បែប​កុមារ​ ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី​​​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ សិស្ស​​​​ជនជាតិ​ដើម​ភាគ​តិច​នៃ​សាលា​សហគមន៍​ឈ្មោះ​ថា​ «​សាលា​បឋម​សិក្សា​យឺនចាស់​»​ កំពុង​លេង​ល្បែង​កំសាន្ត​បែប​កុមារ​ ក្នុង​ភូមិយឺន​ ឃុំកក់​ ស្រុក​បរកែវ​ ខេត្ត​រតនគិរី​​​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​ ៣៣​ នៅ​ក្នុង​ប្រទេសកម្ពុជា បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ​ចំពោះ​សុវត្ថិភាព​និងសុខុមាលភាព​កុមារ​ ដែល​ជា​ក្រុម​ងាយ​រងគ្រោះ​មួយ​ ក្នុង​ពេល​មាន​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​១៩។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​របស់​អង្គការ​ទាំង​នេះ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ ​ទី​ ៨ ​ខែ​ឧសភា។​

អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​លើក​ឡើង​ថា​ ដោយ​បច្ចុប្បន្ន​មាន​ការ​រំលោភបំពាន​តាម​រូបភាព​ផ្សេងៗ​តាម​បណ្តាញ​អ៊ីនធើណិត កុមារ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ចំពោះ​សុវត្ថិភាព​របស់​ពួកគេ ​នៅ​ពេល​ដែល​កុមារ​ទាំង​នេះ ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​គ្មាន​ការការពារ​ត្រឹមត្រូវ សម្រាប់​ការ​សិក្សា​ពី​ផ្ទះ​រៀងៗ​ខ្លួន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្រោយ​ពី​សាលារៀន​បិទ​ទ្វារ។​

ក្នុង​ពេល​មាន​វិបត្តិ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ សិស្សានុសិស្ស​និង​គ្រូត្រូវ​តម្រូវ​ឲ្យ​រៀន​ និង​បង្រៀន​ពី​ចម្ងាយ​ ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក។​

ក្រៅ​ពី​បង្ហាញ​ការ​គាំទ្រ​ចំពោះ​វិធានការ​របស់​ក្រសួង​អប់រំ​ពេល​មាន​វិបត្តិកូវីដ១៩នេះ​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សម្ព័ន្ធ​សិទ្ធិ​កុមារ​ ដែល​ជា​សម្ព័ន្ធអង្គការ​ជាតិ​ និង​អន្តរជាតិទាំង​នេះ ​បាន​និយាយ​ថា សុខុមាលភាព​កុមារ​ក៏​ប្រឈម​នឹង​ហានិភ័យ​ទាំង​ក្នុង​ និង​ក្រោយ​ពេល​មាន​វិបត្តិ​សុខភាព​សាធារណៈ​ជា​សកល​នេះ​ដែរ ដោយ​សារ​ពួកគេ​ ត្រូវ​ចំណាយ​ពេល​ច្រើន​ម៉ោង​ក្នុង​ការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិកត្រូនិក​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្នែក​និង​សុខភាព​ផ្លូវចិត្ត​កុមារ។​

កុមារ​ជាង​ ៥៣០​ នាក់ និង​ឪពុកម្តាយ​អាណាព្យាបាល​ជាង ​៣៧០​ នាក់ ត្រូវ​បាន​ពិគ្រោះយោបល់​ចំពោះ​ការ​ព្រួយបារម្ភ​ទាំង​នេះ។ នេះ​បើយោង​តាម​សេចក្តីថ្លែង​ការណ៍​រួមរបស់​អង្គការ​សង្គមស៊ីវិល​ទាំង​នេះ៕

XS
SM
MD
LG