ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វីរុស​កូរ៉ូណា​គំរាម​កំហែង​ខ្លាំង​ដល់​កុមារ ដោយ​ធ្វើ​ឲ្យ​ពួកគេ​ក្លាយជា​ក្មេងកំព្រារងការ​រំលោភបំពាន និង​ការកេងប្រវ័ញ្ច


រូបឯកសារ៖ កុមារទទួលថ្នាំប្រឆាំងជំងឺគ្រុនស្វិតដៃជើងនៅសាលារៀនមួយ ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបឯកសារ៖ កុមារទទួលថ្នាំប្រឆាំងជំងឺគ្រុនស្វិតដៃជើងនៅសាលារៀនមួយ ក្នុងក្រុង Lahore ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា កុមារ​អាច​ក្លាយជា​ជនរងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​ជំងឺ​កូវីដ១៩ បើទោះបីជា​ជាក់ស្តែង​ជំងឺ​នេះ ភាគច្រើន​ប៉ះពាល់​ខ្លាំង​ដល់​មនុស្ស​វ័យចំណាស់​ក៏ដោយ។

គេ​ប៉ាន់​ប្រមាណ​ថា មាន​កុមារ​ចំនួន ១ ពាន់ ៥ រយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​កំពុង​បាត់បង់​ការ​សិក្សា។ ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ នេះ កំពុង​ជះឥទ្ធិពល​អាក្រក់​ផ្សេងៗ​ទៀត​លើ​មនុស្ស​វ័យក្មេង ដោយ​វា​ធ្វើ​ឲ្យ​កុមារ​រាប់សែន​នាក់​ត្រូវ​ក្លាយជា​ក្មេងកំព្រា។

អ្នកស្រី Jo Becker នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «កុមារ​កាន់តែ​ច្រើន​ឡើងៗ បាន​បាត់បង់​ឪពុក​ម្តាយ។ យើង​ធ្លាប់​បាន​ឆ្លងកាត់​វិបត្តិ​នានា ដូចជា​វិបត្តិ​ជំងឺ​អ៊ីបូឡា និង​ការរាតត្បាត​នៃ​ជំងឺ​អេសដ៍​នៅ​ក្នុង​តំបន់​ភាគ​ខាងត្បូង​វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​ជា​ដើម ហើយ​យើង​បាន​ឃើញ​ថា នៅ​ពេល​កុមារ​ក្លាយជា​ក្មេងកំព្រា ពួកគេ​កាន់តែ​ងាយ​រងគ្រោះ​ដោយ​ការជួញដូរ​ផ្លូវភេទ ពលកម្ម​កុមារ និង​ត្រូវ​បាន​គេ​កេងចំណេញ​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត»។

របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ព្រមាន​ថា មនុស្ស​ចំនួន ២០០ លាន​នាក់ អាច​នឹង​បាត់បង់​ការងារ​ដោយសារតែ​ជំងឺ​កូវីដ​១៩ នេះ។

អ្នកស្រី Jo Becker បាន​ថ្លែង​បន្ត​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ពេល​ដែល​ឪពុកម្តាយ​បាត់បង់​ការងារ ជាពិសេស​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ជាញឹកញាប់​យើង​ឃើញ​កុមារ​កាន់តែ​ច្រើន​ឡើងៗ ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើការ​ដើម្បី​ជួយ​គ្រួសារ ហើយ​នោះ​គឺ​គ្រាន់តែ​អាច​បំពេញ​សេចក្តី​ត្រូវការ​ជា​មូលដ្ឋាន​របស់​ពួកគេ​ប៉ុណ្ណោះ។ ស្របគ្នា​នេះ​ដែរ ក៏​នឹង​មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ការ​ឆាប់​រៀបការ និង​អាពាហិពិពាហ៍​កុមារ ដោយ​ក្មេងស្រីៗ មាន​អារម្មណ៍​ថា​ទទួល​សម្ពាធ​ឲ្យ​ឆាប់​រៀបការ​ដើម្បី​ចេញ​ពី​ផ្ទះ និង​ដើម្បី​បន្ថយ​សម្ពាធ​ដែល​មាន​ទៅ​លើ​ឪពុកម្តាយ​របស់​ពួកគេ»។

អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត រង​ប៉ះពាល់​មុន​គេ។ អង្គការ​សប្បុរសធម៌​ជាច្រើន​បាន​រាយការណ៍​ថា កុមារ​ដែល​រស់នៅ​តាមដងផ្លូវ កំពុងតែ​ជួប​ការលំបាក​យ៉ាងខ្លាំង​ក្នុងការ​ស្វែងរក​ម្ហូប​អាហារ​បរិភោគ និង​ទីជម្រក នៅក្នុង​ពេល​មាន​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នេះ។

នៅក្នុង​បណ្តា​ប្រទេស​អ្នកមាន កុមារ​ក្រីក្រ​លែង​បាន​ទទួល​អាហារ​ថ្ងៃត្រង់​នៅ​តាម​សាលារៀន​ទៀត​ហើយ ដែល​ភាគច្រើន នោះ​គឺជា​អាហារ​ដ៏​សំខាន់​មួយ​របស់​ពួកគេ​សម្រាប់​មួយ​ថ្ងៃៗ។

Raylyn Riviera ជា​សិស្ស​វ័យ ១៧ ឆ្នាំ​ម្នាក់ ដែល​ស្ថិត​ក្នុង​ចំណោម​មនុស្ស​រាប់​សិប​នាក់ ដែល​តម្រង់​ជួរ​ចាំ​ទទួល​អាហារ​ឥត​គិត​ថ្លៃ​នៅ​ខាង​ក្រៅ​វិទ្យាល័យ​ញូវយ៉ក កាលពី​ពេល​ថ្មីៗ​នេះ។

Raylyn Riviera បាន​ថ្លែង​ក្នុង​សម្តី​ដើម​ថា៖ «ឥឡូវ​នេះ​មាន​ការពិបាក​បន្តិច ដោយសារ​ថា យើង​មិន​ធ្វើការ​អ្វី ដើម្បី​ទទួល​បាន​អាហារ​នោះ​ទេ។ ដូច្នេះ យើង​ត្រូវ​តែ​ធ្វើ​អ្វីៗ​ទៅ​តាម​ហ្នឹង​ឯង»។

នៅ​ប្រទេស​ផ្សេង​ទៀត ដូចជា​ប្រទេស​រុស្សី សកម្មជន​នៅក្នុង​ប្រទេស​នោះ រាយការណ៍​ថា ដោយសារ​ការ​អនុវត្ត​វិធានការ​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន អំពើ​ហិង្សា​ក្នុង​គ្រួសារ​មាន​ការ​កើនឡើង។ អ្នកស្រី Jo Becker ថ្លែង​ថា រឿង​នេះ កើត​មាន​ឡើង​នៅក្នុង​ប្រទេស​ជាច្រើន។

អ្នកស្រី Becker ថ្លែង​បន្ថែម​ក្នុង​សម្តី​ដើម​ថា៖ «នៅ​ពេល​ឪពុកម្តាយ​មាន​ការព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ពួកគេ អំពី​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ អំពី​ការងារ ហើយ​នឹង​ការកើនឡើង​នូវ​ភាព​តានតឹង​ផ្លូវចិត្ត​ដោយសារតែ​សមាជិក​គ្រួសារ​ត្រូវ​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​រហូត​គ្រប់ពេល​វេលា​នោះ ហានិភ័យ​នៃ​អំពើ​ហិង្សា គឺ​ពិត​ជា​កើន​ឡើង»។

រីឯ​ការព្រួយ​បារម្ភ​ផ្សេង​ទៀត​នោះ មាន​ដូចជា​ថា កុមារ នឹង​ខកខាន​មិន​បាន​ទទួល​ការចាក់ថ្នាំ​បង្ការ​រោគ​សំខាន់ៗ ពីព្រោះ​ប្រព័ន្ធ​សុខាភិបាល​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩។

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watchកំពុង​អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា​ឲ្យ​ចាត់ទុក​កុមារ​ថា​ជា​រឿង​សំខាន់​នៅ​ក្នុង​គោលនយោបាយ​របស់​ពួកគេ​ក្នុងការ​ទប់ស្កាត់​ការរាតត្បាត​នៃ​វីរុស​កូរ៉ូណា ដោយ​ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​ឡើង​ដើម្បី​ពង្រីក​លទ្ធភាព​ផ្ដល់​ការអប់រំ និង​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ដល់​គ្រួសារ​ដែល​ងាយ​រងគ្រោះ៕

ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់

XS
SM
MD
LG