ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ពេទ្យ​កុមារ​ជប៉ុន​ថា ម៉ាស់​អាច​មាន​គ្រោះថ្នាក់​សម្រាប់​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ


រូបឯកសារ៖ ពលរដ្ឋជប៉ុនដើរកាត់ដងផ្លូវមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ ពលរដ្ឋជប៉ុនដើរកាត់ដងផ្លូវមួយ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។

ក្មេង​អាយុ​ក្រោម ២ ឆ្នាំ មិន​គួរ​ពាក់​ម៉ាស់​ទេ ដោយសារតែ​វា​អាច​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ដក​ដង្ហើម និង​បង្កើន​ហានិភ័យ​នៃ​ការ​ថប់​ដង្ហើម។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សមាគម​ពេទ្យ​កុមារ​ជប៉ុន។

សមាគម​នេះ​បាន​ធ្វើ​ការ​អំពាវនាវ​ជា​បន្ទាន់​មួយ​អំពី​រឿង​នេះ​ទៅ​កាន់​ឪពុក​ម្ដាយ​នានា ស្រប​ពេល​ដែល​ប្រទេស​ជប៉ុន​បាន​បើក​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Shinzo Abe បាន​ដក​ឋានៈ​ស្ថានភាព​អាសន្ន​ចេញ​ពី​ទីក្រុង​តូក្យូ និង​តំបន់​ដែល​នៅ​សេសសល់​ចំនួន ៤ ទៀត កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ បន្ទាប់ពី​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ធ្លាក់​ចុះ​នៅ​ទូទាំង​ប្រទេស​ជប៉ុន។ ប៉ុន្តែ លោក​បាន​ព្រមាន​ថា ឋានៈ​ស្ថានភាព​អាសន្ន​នេះ​អាច​ដាក់​ឡើង​វិញ ប្រសិនបើ​វីរុស​នេះ​ចាប់ផ្ដើម​ឆ្លង​រាលដាល​ម្ដង​ទៀត។

ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​ឆ្លង​រាលដាល​វីរុស​នេះ អ្នក​ជំនាញ​ខាង​ផ្នែក​សុខភាព​នានា​នៅ​លើ​ពិភពលោក​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ពាក់​ម៉ាស់ នៅ​ពេល​ណា​ដែល​មាន​ការ​លំបាក​នៅ​ក្នុង​ការ​រក្សា​គម្លាត​ពី​គ្នា​នៅ​ក្នុង​សង្គម ស្រប​ពេល​ដែល​ប្រទេស​នានា​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹត​បន្ដឹង​ដោយសារ​វីរុស​កូរ៉ូណា។

ប៉ុន្តែ សមាគម​ពេទ្យ​កុមារ​ជប៉ុន​បាន​រំឭក​ដល់​ឪពុក​ម្ដាយ​នានា​ថា ម៉ាស់​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ។

សមាគម​នេះ​បញ្ជាក់​ថា៖ «ម៉ាស់​អាច​ធ្វើ​ឲ្យ​ពិបាក​ដក​ដង្ហើម ដោយសារតែ​ក្មេង​តូចៗ ​មាន​រន្ធ​ដក​ដង្ហើម​តូច​ចង្អៀត» ដែល​ធ្វើ​ឲ្យ​បង្កើន​សម្ពាធ​ដល់​បេះដូង​របស់​ក្មេង​តូចៗ​ទាំង​នោះ។

សមាគម​នេះ​បន្ថែម​ថា៖ «សូម​ឈប់​ប្រើ​ម៉ាស់​សម្រាប់​ក្មេង​អាយុ​ក្រោម ២ ឆ្នាំ»៕

XS
SM
MD
LG