ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍៖ ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​អាច​នឹង​បង្កើន​​ភាព​អត់ឃ្លាន​ក្នុងពិភព​លោក​ទ្វេ​ដង


អ្នក​ភូមិ​ប្រមូល​យក​ជំនួយ​ស្បៀង​អាហារ​ដែល​ទម្លាក់​ពី​យន្តហោះ នៅ​ក្នុង​តំបន់ Ayod ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

របាយការណ៍​ថ្មី​មួយ​បាន​ព្រមាន​ថា មនុស្សជាង​ ២៥០​ លាន​ នាក់​នៅទូទាំង​ពិភពលោក​អាច​ជួប​ប្រទះ​នឹង​ភាព​អត់​ឃ្លាន​រ៉ាំរ៉ៃ ដោយ​សារ​តែ​ផល​ប៉ះពាល់​ពី​​ការ​រាត​ត្បាត​ជា​សាកល​​នៃ​ជំងឺ​កូវីដ១៩។

មុនពេល​នៃ​ការ​រាត​ត្បាត​ជា​សាកលនៃ​ជំងឺ​កូវីដ១៩ របាយការណ៍​ស្ដី​ពីវិបត្តិ​ស្បៀងអាហារសាកល​ឆ្នាំ ២០២០ បាន​ឲ្យ​ដឹង​ថា​ មនុស្ស​ចំនួន ១៣៥ លាន​នាក់​ជុំវិញ​ពិភព​លោកកំពុងរង​ទុក្ខ​ដោយ​សារ​ភាព​អត់​ឃ្លាន។ ប៉ុន្តែ​ក្រុម​អ្នក​និពន្ធ​របាយការណ៍​នេះ​បាន​ព្រមាន​ថា រោគ​រាត​ត្បាត​ជា​សាកលនេះ​នឹង​ធ្វើ​ឲ្យ​ចំនួន​អ្នក​អត់ឃ្លាន​កើន​ឡើង​ទ្វេ​ដងនៅ​ដំណាច់​ឆ្នាំ​នេះ បើសិនជា​មិន​មាន​ការ​ចាត់​វិធានការឲ្យបាន​រហ័ស​ និងសកម្ម​ណា​មួយ​នោះ​ទេ។​

របាយការណ៍​នេះ​បាន​ដក​ស្រង់​ពី​ប្រភព​នានា​ថា ភាព​អន់​ឃ្លាន​សាកល​កើត​ឡើង​ដោយ​សារ​ជម្លោះ ការ​ប្រែប្រួល​អាកាសធាតុ និង​វិបត្តិសេដ្ឋកិច្ច។ របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា អាហ្វ្រិក​គឺ​ជា​ទ្វីប​ដែល​រង​ផល​ប៉ះ​ពាល់​អាក្រក់​បំផុត​នៅ​ក្នុង​ពិភពលោក និង​តា​មពី​ក្រោយ​ដោយ​ទ្វីបអាស៊ី និង​អាមេរិក​ឡាទីន។ របាយការណ៍​នេះ​ក៏​បាន​បន្ថែម​ថា ភាគ​ច្រើន​នៃ​ប្រជាជន​ដែល​រងគ្រោះដោយ​សារ​កង្វះ​ស្បៀង ប្រហែល​ ៧៧ ភាគរយ គឺ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ជម្លោះ។

ប្រធាន​សេដ្ឋវិទូ​ប្រចាំ​កម្មវិធី​ស្បៀង​អាហារ​ពិភពលោក លោក Arif Husain បាន​ប្រាប់​ VOA ថា ប្រជាជន​នៅ​ក្នុងប្រទេស​មួយ​ចំនួន​ ដូច​ជា​ប្រទេស​យេម៉ែន សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ អាហ្វហ្គានីស្ថាន ស៊ីរី និង​ស៊ូដង់ខាងត្បូង ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់​បំផុត។

លោក Arif Husain បាន​ថ្លែង​ដូច្នេះ​ថា៖

«បើ​សិន​ជា​យើង​មិនចែក​ស្បៀង​អាហារ​ដល់​ពួក​គេ​ទេ ជីវិត​របស់​ពួក​គេ​នឹង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។ ដូច្នេះ​បើ​យើង​មិន​ផ្ដល់​ស្បៀង​អាហារ​ដល់​ពួក​គេ​ទេ ពួក​គេ​នឹង​ដាច់​ពោះស្លាប់។ ជារៀង​រាល់​ថ្ងៃ ជា​ធម្មតា​មាន​មនុស្ស​ប្រហែល ២ សែន ១ ម៉ឺន នាក់​បាត់បង់​ជីវិត​ដោយ​សារ​ភាព​អត់​ឃ្លាន។ តួលេខ​នេះមិន​រាប់​បញ្ចូល​ពេល​ដែល​មាន​ជំងឺកូវីដ១៩​ទេ។ កុមារ​ស្លាប់ជា​រៀង​រាល់ ១០ វិនាទីម្ដង ពីព្រោះ​កង្វះ​អាហារូបត្ថម្ភ»។​

លោក Husain ថ្លែង​ថា ​វិធានការ​លឿន​បំផុត​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ជួយ​ដល់​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង​នោះ និង​ប្រទេស​ផ្សេងៗ​ទៀត​ដែល​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​ថ្នាក់។ លោកបន្ថែម​ថា ពាណិជ្ជកម្ម និង​សង្វាក់​នៃ​ការ​ផ្គត់ផ្គង់​ត្រូវ​តែ​ដំណើរការ​ឡើង​វិញ ហើយ​ចំណី​អាហារ និង​ការ​ផ្គង់ផ្គង់​ចាំបាច់​ផ្សេង​ទៀត​ត្រូវ​តែ​រៀប​ចំ​ឡើង​វិញ។ លោកលើក​ឡើង​ថា ទីភ្នាក់​ងារ​ផ្ដល់​ជំនួយ​ទាំង​ឡាយអាច​ និង​ត្រូវ​តែ​ជួយ​ដល់​រដ្ឋាភិបាលណា​ ដែល​មាន​សំណាញ់​សុវត្ថិភាព និងផែនការ​ការពារ ដើម្បី​បង្កើន​ចំនួន​កម្មវីធី [ស្បៀង​អាហារ] ទាំង​នោះ។

លោក Husain ថ្លែង​ក្នុង​សម្ដី​ដើម​ថា៖ «យើង​មិន​គួរ​បំភ្លេច​វិស័យ​កសិកម្ម​នោះ​ទេ។ យើង​មាន​ការ​ស្តុក​ទុក​គ្រប់គ្រាន់​ឥឡូវ​នេះ ប៉ុន្តែ​បើ​សិន​ជា​សង្វាក់​ផលិតកម្ម​លែង​ដំណើរ​ការ ហើយ​គ្រាប់​ពូជ និងជី និង​របស់​ផ្សេងៗ​ទៀត​មិន​ទៅ​ដល់​ដៃ​កសិករ ឬ​កសិករមិន​អាច​ធ្វើ​ដំណើរ​ទៅ​ស្រែ​ចម្ការ​របស់​ពួក​គេ តើនឹង​មាន​អ្វី​កើត​ឡើង​នៅ​ឆ្នាំ​ក្រោយ។ ឆ្នាំ​ក្រោយ​ យើង​នឹង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង ហើយ​នេះ​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​គេច​ឲ្យ​ផុត»។

ទីភ្នាក់ងារ​ផ្ដល់​ជំនួយ​របស់​អង្គការ​សហប្រជាជាតិបាន​ព្យាករណ៍​ថា​ ពួក​គេ​ត្រូវ​ការ​ប្រាក់​ចន្លោះ​ពី ១០​ ទៅ ១២ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ ដើម្បី​ទប់​ទល់​នឹងង​វិបត្តិ​ស្បៀង​អាហារ ដែល​បាន​រំពឹង​ទុក។ ប៉ុន្តែ​ ពួក​គេ​និយាយ​ថា ពួកគេ​ត្រូវ​ការ ១.៩០០ លាន​ដុល្លារ​ជា​បន្ទាន់ ដើម្បី​ធានា​ថា​ ស្បៀងអាហារត្រូវ​បានចែក​ជូន​ដល់​ប្រជាជន​ក្នុង​ពេល​បី​ខែ​ខាង​មុខ ជា​ពិសេស​អ្នក​ដែល​ជាប់​នៅ​ក្នុង​សង្គ្រាម៕

ប្រែសម្រួល​ដោយ​លោក សឿន វឌ្ឍនា

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG