ប្រធានមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរគឺលោកមឿង សុន ដែលរស់នៅនិរទេសខ្លួននៅក្រៅប្រទេសកម្ពុជារយៈពេលជិត៦ឆ្នាំ បានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅព្រឹកថ្ងៃច័ន្ទនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានដែលរង់ចាំនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក មឿង សុន បានប្រាប់ឲ្យដឹងថា ការងារបឋមរបស់លោកគឺរៀបចំមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរឡើងវិញ ដើម្បីរួមចំណែកក្នុងការថែរក្សាវប្បធម៌ខ្មែរបន្តទៀត ហើយលោកនៅតែបន្តរិះគន់ចំពោះអ្វីដែលមិនល្អ ប៉ុន្តែដោយប្តូររូបភាពជាការសន្ទនា និងខ្សឹបប្រាប់វិញ។
«ខ្ញុំនៅតែបន្តការងារផ្នែកទ្រទ្រង់វប្បធម៌ អរិយធម៌ ហើយកាន់តែខិតខំធ្វើឲ្យបានល្អជាងមុនទៀត ពីព្រោះដើម្បីការពារវប្បធម៌ខ្មែរបន្តទៀត។ យើង និងរៀបចំមូលនិធិទ្រទ្រងអរិយធម៌ខ្មែរឡើងវិញ ដើម្បីដំណើរការទៅមុខទៀត ហើយធ្វើឲ្យបានល្អ ឲ្យមានសមត្ថភាព និងឲ្យមានប្រសិទ្ធភាព»។
កាលពីខែកក្កដាឆ្នាំ២០០៩ តុលាការកម្ពុជាបានកាត់ទោសប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរនេះកំបាំងមុខ ដោយសម្រេចទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន៤លានរៀល ដោយចោទថា លោកបានផ្សព្វផ្សាយព័ត៌មានមិនពិត និងរិះគន់អាជ្ញាធរអប្សរាអំពីរឿងបើកឲ្យក្រុមហ៊ុនឯកជនស៊ូជីនដាក់អំពូលភ្លើងលម្អប្រាសាទអង្គរវត្តថា ជាការធ្វើឲ្យប៉ះពាល់ដល់ថ្មប្រាសាទ។
លោក មឿង សុន ដែលមានសញ្ជាតិបារាំងដើមកំណើតខ្មែរ បានរស់នៅនិរទេសខ្លួននៅប្រទេសថៃ និងបារាំងចាប់ពីពេលនោះមក។ នៅប្រទេសថៃ លោកចូលរួមចំណែកឧបត្ថម្ភដល់ការបង្រៀនអក្សរសាស្រ្តខ្មែរដល់អ្នកដែលរស់នៅតំបន់ជាប់ព្រំដែន។
លោក មឿង សុន ត្រូវបានព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម សីហមុន្នី ព្រះរាជទានលើកលែងទោសកាលពីដើមខែនេះ ក្រោមការស្នើសុំពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្រោយពេលដែលលោកបានស្កាត់ជួបលោកនាយករដ្ឋមន្រ្តី ពេលដែលលោកធ្វើទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី និងជួបពលករខ្មែរនៅទីនោះនាខែកន្លងទៅ។
លោកបានប្រាប់អ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃច័ន្ទថា អន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមិនមានការដោះដូរអ្វីនោះទេ។ តែវាគឺជាការជួយដោយស្មោះពីនាយករដ្ឋមន្ត្រីខ្មែររូបនេះ ក្រោយពីគណបក្សនយោបាយធំៗទាំងពីរនៅកម្ពុជាទម្លាយការជាប់គាំងនយោបាយ និងបង្កើតវប្បធម៌សន្ទនាគ្នា។
«អត់មានទេ សម្តេចអត់មានលក្ខខណ្ឌ អត់មាននិយាយនយោបាយអីទេ។ គ្រាន់តែខ្ញុំធ្លាប់ស្គាល់សម្តេច លោកឃើញខ្ញុំភ្លាម លោកហៅយើងឲ្យចូលមាតុប្រទេសវិញ ហើយរៀបរាប់ប្រាប់អ្នកមុខអ្នកការថា លោកបានធ្លាប់ស្គាល់ខ្ញុំតាំងពីពេលទៅចរចានៅទីក្រុងប៉ារីស។ ហ្នឹងគឺជាផ្នែកមួយសំខាន់គឺមនោសញ្ចេតនារបស់សម្តេច»។
គួរបញ្ជាក់ផងដែរថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិបានស្រុះស្រួលនយោបាយនឹងគ្នា ហើយបង្កើតវប្បធម៌សន្ទនានិងបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួមគ្នាមួយ។
សកម្មជននយោបាយ និងដីធ្លីមួយចំនួនត្រូវបានដោះលែង និងលើកលែងទោស ក្រោយពីការត្រូវរ៉ូវគ្នានេះ៕