នៅចន្លោះពីពេលចាប់ផ្តើមសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧០ និងការបញ្ចប់អំពើប្រទុស្តរាយក្នុងរយៈពេល៣០ឆ្នាំក្រោយមក បា្រសាទនានាដែលមានអាយុកាល១.០០០ឆ្នាំ និងកន្លែងប្រវត្តិសាស្រ្តដទៃទៀតត្រូវបានគេលួចប្លន់ស្ទើរតែទាំងស្រុង។ មានករណីមួយនៅដើមទសវត្សរ៍១៩៧០ មានទាហានរដ្ឋាភិបាលបានប្រើឧទ្ធម្ភាគចក្រយោធាដឹកវត្ថុបុរាណពីប្រាសាទបន្ទាយឆ្មារដែលបានសាងសង់តាំងពីសតវត្សរ៍ទី១២ និងស្ថិតនៅភាគពាយ័ព្យប្រទេស។
នៅកន្លែងដដែលនេះក្នុងឆ្នាំ១៩៩៨ មានឧត្តមសេនីយ៍យោធាជាច្រើនបានចំណាយពេលកន្លះខែដើម្បីរុះរើប្រាសាទនិងដឹកជញ្ជូនយកចេញអស់៣០តោន។ មានតែរថយន្តយោធាចំនួនមួយក្នុងចំណោម៦ដែលបានដឹកវត្ថុបុរាណទាំងនេះត្រូវគេស្ទាក់ចាប់បានហើយយកវត្ថុបុរាណទាំងនោះមកវិញ។ វត្ថុបុរាណដទៃទៀតបានបាត់បង់អស់ហើយទំនងត្រូវគេលក់នៅទីផ្សារងងឹត។
អស់រយៈពេលជាច្រើនឆ្នាំ ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថាការលួចប្លន់ដ៏ព្រហើនហើយអត់អៀនខ្មាស់និងមានការចាត់តាំងត្រឹមត្រូវដូចនេះគឺជាករណីលើកលែងមួយចំនួនទេ ហើយថាការលួចប្លន់បេតិកភណ្ឌកម្ពុជាភាគច្រើនត្រូវបានប្រព្រឹត្តនៅកម្រិតថ្នាក់ក្រោមដោយពលរដ្ឋមូលដ្ឋានលួចរូបបដិមា រូបចម្លាក់ និងស្នាដៃសិល្បៈធ្វើពីថ្មដទៃទៀត ដោយកញ្ឆក់កណ្តៀត។
ប៉ុន្តែការសិក្សាថ្មី មួយដែលរៀបចំឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Glasgow ក្នុងប្រទេសអេកូស (ស្កុតលែន) បង្ហាញថាការពិតមិនមែនដូច្នេះទេ។ លោកស្រីតេស ដេវីសគឺជាមេធាវីនិងជាបុរាណវិទូនិងជាសមាជិកម្នាក់នៃក្រុមសិក្សាស្រាវជ្រាវនោះដែលក្នុងនោះ មានអ្នកឯកទេសខាងឧក្រិដ្ឋកម្មវិទ្យាផងដែរ។
លោកស្រីបានបញ្ជាក់ថា៖ «ការលួចនិងជួញដូរវត្ថុបុរាណកម្ពុជាដោយមានការចាត់តាំងនេះមានភ្ជាប់យ៉ាងជិតដិតទៅនឹងសង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជានិងក្រុមឧក្រិដ្ឋជនដែលមានការចាត់តាំងនៅក្នុងប្រទេសនេះ។ ការលួចឆក់ប្លន់នេះបានចាប់ផ្តើមដោយសារប្រទេសមានសង្គ្រាម ប៉ុន្តែវាបន្តហួសពីពេលនោះទៀត ហើយតាមពិតទៅវាគឺជាប្រតិបត្តិការដ៏ស្មុគស្មាញមួយ។ វាជាប្រតិបត្តិការដែលមានការរៀបចំត្រឹមត្រូវដែលនាំយកវត្ថុបុរាណដោយផ្ទាល់ពីទីតាំងលួចប្លន់នៅក្នុងប្រទេសទៅដល់អ្នកប្រមូលទិញ សារៈមន្ទីរ និងកន្លែងលក់ដេញថ្លៃកំពូលបំផុតនៅក្នុងពិភពលោក»។
លោកស្រីដេវីស និយាយថាជាញឹកញយគឺក្រុមយោធាថៃនិងកម្ពុជាមានជាប់ពាក់ព័ន្ធនឹងការលួចប្លន់ទាំងនេះ ក៏ដូចជាបទឧក្រិដ្ឋដែលមានការរៀបចំត្រឹមត្រូវ។ រីឯពលរដ្ឋមូលដ្ឋានជារឿយៗត្រូវគេបង្ខំឱ្យធ្វើជាកម្មករប៉ុណ្ណោះ។
អ្នកស្រាវជ្រាវនិយាយថានៅចុងបណ្តាញក្នុងប្រទេសថៃគឺអ្នកទិញលក់ដែលមានមូលដ្ឋាននៅទីក្រុងបាងកកដែលធ្វើការលុបលាងជម្រះនូវទំនាក់ទំនងរវាងពួកឧក្រិដ្ឋជននិងអ្នកប្រមូលទិញនិងសារៈមន្ទីរ។
ការសិក្សារបស់សាកលវិទ្យាល័យ Glasgow គឺជាផ្នែកដ៏សំខាន់មួយនៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិដើម្បីធ្វើឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងពីរបៀបដែលទីផ្សារវត្ថុបុរាណដែលត្រូវគេលួចដំណើរការយ៉ាងដូចម្តេច។ វាគឺជាការសិក្សាទីមួយដែលបង្ហាញថាតើវត្ថុបុរាណបានធ្វើដំណើរយ៉ាងណាពីកន្លែងប្រាសាទបុរាណទៅ ដល់ដៃអ្នកប្រមូលទិញស្នាដៃវត្ថុបុរាណយ៉ាងណា។
បើទោះបីជាមានការមិនសប្បាយចិត្តនឹងការបំផ្លាញបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ប៉ុន្តែក៏មានជោគជ័យម្តងម្កាលដែរ។ កាលពីដើមខែមិថុនា ប្រទេសកម្ពុជាស្វាគមន៍ការវិលត្រឡប់មកវិញនូវរូបបដិមាដែលមានទំហំប៉ុនមនុស្សចំនួនបីដែលត្រូវបានលួចយកក្នុងទសវត្សរ៍១៩៧០ពីប្រាសាទកោះកេរដែលមិនមានការប៉ះពាល់អស់រយៈពេលជាង១០០០ឆ្នាំ។ បដិមារពីរផ្សេងទៀតនៅក្នុងក្រុមនោះត្រូវបានសារៈមន្ទីរ Metropolitan ដែលនៅក្រុងញូវយ៉កប្រគល់មកឱ្យកម្ពុជាវិញកាលពីឆ្នាំមុន។
នៅក្នុងបន្ទប់រៀបចំនៅឯសារៈមន្ទីរជាតិក្នុងទីក្រុងភ្នំពេញ អ្នកឯកទេសកំពុងធ្វើការដើម្បីរៀបចំដាក់រូបបដិមាទាំង៥សម្រាប់ដាក់បង្ហាញនៅចុងឆ្នាំនេះ។
លោកគង់ វីរៈ ប្រធានសារៈមន្ទីរ និយាយថាអាជ្ញាធរកំពុងតែចាត់វិធានការថ្មីដើម្បីការពារវត្ថុបុរាណសំខាន់ៗខាងផ្នែកវប្បធម៌មិនឱ្យមានការលួចទៀត។ ក្នុងនោះរួមមានការចងក្រងឯកសាររាល់វត្ថុទាំងអស់នៅក្នុងសារៈមន្ទីរ និងកន្លែងមិន ទាន់មានការការពារនានាក្នុងនោះវត្ថុបុរាណទាំងឡាយដែលពលរដ្ឋគោរពបូជា។
លោកគង់ វីរៈបានបន្ថែមថា៖
«ប៉ុន្តែក្នុងករណីដែលវត្ថុបុរាណទាំងនោះត្រូវពលរដ្ឋមូលដ្ឋានគោរពបូជាគឺយើងទុកនៅទីនោះ ប៉ុន្តែយើងធ្វើក្រដាសស្នាមពិសេសមួយដែលបញ្ជាក់ថាអ្នកភូមិឬសហគមន៍ដែលគ្រប់គ្រងវត្ថុទាំងនោះនិងអាជ្ញាធរខេត្ត ស្រុក ត្រូវចូលរួមចុះ ហត្ថលេខារួមលើឯកសារនោះថាពួកគេត្រូវតែការពារកុំឱ្យគេលួចវត្ថុទាំងនោះ។ បើមិនដូច្នេះទេយើងនឹងផ្ទេរទៅរក្សាទុកនៅ ក្នុងសារៈមន្ទីរខេត្ត»។
តម្លៃដ៏ធំដែលវត្ថុបុរាណទាំងនោះមាន បានន័យថាសារៈមន្ទីរនិងទីប្រាសាទបុរាណជារឿយៗក្លាយទៅជាជនរងគ្រោះដំបូងគេក្នុងពេលសង្គ្រាម ដូចជាករណី ប្រទេសអ៊ីរ៉ាក់ អេហ្ស៊ីព និងស៊ីរី បានជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ក្នុងករណីខ្លះ លុយដែលបានមកពីនោះត្រូវចំណាយលើការទិញអាវុធ ដែលជំរុញឱ្យមានសង្គ្រាមកាន់តែយូរនិងបន្តទុក្ខវេទនារបស់ពលរដ្ឋស៊ីវិល។
លោកស្រីតេស ដេវីស និយាយថាការពិតដែលបានបញ្ជាក់នេះគួរតែអាចដាស់ស្មារតីពិភពលោកទាំងមូលឱ្យមើលលើរូបភាពធំ ដែលបង្ហាញថាការលួចឆក់ប្លន់ និងការជួញដូរវត្ថុបុរាណគឺជាញឹកញាប់ប្រព្រឹត្តដោយក្រុមប្រដាប់អាវុធនិងឧក្រិដ្ឋជនដែលមានការចាត់តាំង។
លោកស្រីបន្ថែមថា៖ «ហើយការភ្ជាប់នេះគួរតែជាសញ្ញាអាសន្នសម្រាប់ពិភពលោកនាពេលបច្ចុប្បន្ននេះ ដោយសារតែយើងឃើញរឿងដដែលនេះកើតឡើងវិញនៅពេលសព្វថ្ងៃនេះនៅប្រទេសអេហ្ស៊ីព ស៊ីរី និងអ៊ីរ៉ាក់ ហើយដោយមានផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត គឺមិនមែនសម្រាប់ប្រទេសទាំងនោះ ទេប៉ុន្តែក៏សម្រាប់សេដ្ឋកិច្ចពិភពលោកនិងសន្តិសុខពិភពលោកដែរ។ លុយដែលអ្នកប្រមូលទិញវត្ថុបុរាណនៅបុរីញូវយ៉ក ចំណាយលើវត្ថុបុរាណមកពីជុំវិញពិភពលោកនឹងចូលទៅក្នុងហោប៉ៅមនុស្សអាក្រក់ខ្លះ ហើយខ្ញុំគិតថាពិភពនៃអ្នកចូលចិត្តស្នាដៃសិល្បៈត្រូវតែបង្កើនវិធានការនិងទទួលស្គាល់ពីតួនាទីរបស់ពួកគេក្នុងការបង្កឱ្យមានអ្វីដែលកើតមានឡើងនៅក្នុងប្រទេសទាំងនោះ»។
នៅក្នុងករណីប្រទេសកម្ពុជា ការលួចប្លន់ដ៏អាក្រក់បំផុតបានបញ្ឈប់ហើយនាពេលបច្ចុប្បន្ននេះ មួយផ្នែកដោយសារតែមិនមាននៅអ្វីសេសសល់សម្រាប់លួចទៀតទេ។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះនឹងមានទីកន្លែងផ្សេងទៀតដែលគេរកឃើញ ហើយវាទំនងជានឹងមានគ្រោះថ្នាក់ដែរ។ លោកស្រីដេវីសថ្លែងថាមធ្យោបាយដ៏ល្អដើម្បីការពារការដ្ឋានប្រាសាទបុរាណ គឺត្រូវកាត់បន្ថយការចង់បានហើយករណីមួយផ្នែកនោះគឺតម្រូវឱ្យយកអ្នកដែលធ្វើការជួញដូរទាំងនេះមកកាត់ទោស៕
ប្រែសម្រួលដោយ ម៉ែន គឹមសេង