ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​បន្ត​ទៅ​មុខ​ទោះបី​មាន​ការ​រិះគន់


កម្មករ​សំណង់​​នៅ​​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​«​តើ​សន្លឹក​ឆ្នោត​ខ្ញុំ​នៅ​ឯ​ណា‍» ​មើល​ទៅ​​បាតុកម្ម​​ដោយ​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៣។
កម្មករ​សំណង់​​នៅ​​ក្រោម​បដា​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ថា​«​តើ​សន្លឹក​ឆ្នោត​ខ្ញុំ​នៅ​ឯ​ណា‍» ​មើល​ទៅ​​បាតុកម្ម​​ដោយ​គណបក្ស​សង្គ្រោះជាតិ​​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា​ ឆ្នាំ​២០១៣។

ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​មួយ​ចំនួន​មាន​ការ​យល់​ដឹង​តិច​តួច​អំពី​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មីសម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ក៏​ប៉ុន្តែ​ពួក​គេ​យល់​ថា​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ។

​កាល​ពី​ថ្ងៃ​ច័ន្ទ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ក្រោម​ការ​ធ្វើ​ពហិការ​របស់​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដើម្បី​ប​ង្ហាញ​ជូន​សាធារណជន​អំពី​«សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​ និង​ «សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នាត​ជ្រើស​តាំង​តំណាងរាស្រ្ត» ​ក្រោយ​ពី​ការធ្វើ​វិសោធន​កម្ម​រួម​គ្នា​ជាច្រើន​ខែ​រួចមក។

​ក្រុម​ប្រជាពល​រដ្ឋ​ដែល​ត្រូវ​បាន​ជួប​សម្ភាសន៍​បានបញ្ជាក់​ថា ​ពួក​គេ​ផ្ចង់​អារម្មណ៍​ទៅ​លើ​មុខ​របរ​របស់​ពួក​គេ​ច្រើន​ជាង​ការ​តាម​ដាន​លើការ​សម្រេច​របស់​គណបក្ស​នយោបាយ​ទាំង​ពីរ​ដែល​ធ្លាប់​មាន​ភាព​ចម្រូង​ចម្រាស់​នយោបាយ​នឹង​គ្នា​នោះ។

អ្នក​ស្រី ​អ៊ុច រស្មី ​គឺជា​អ្នក​លក់​គ្រឿងអលង្ការ​និង​ដូរ​លុយ​ម្នាក់​នៅ​ផ្សារ​បឹង​កេងកង។ ​ស្រ្តី​អាយុ​៣៦​ឆ្នាំ​រូបនេះ​ពោល​ថាអ្នក​ស្រី​មិន​បាន​តាម​ដាន​និង​ស្វែង​យល់​ពី​សារៈ​សំខាន់​នៃ​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ខាង​លើ​នោះ​ទេ។

«វា​ចំណេញ​ប្រទេសជាតិ​ដែរ​ ក៏ប៉ុន្តែ​ខ្ញុំ​មិន​សូវ​តាមដាន​ទេ​ព្រោះ​វល់​រក​ស៊ី»។

អង្គុយ​នៅ​ក្បែរ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ​បញ្ញាសាស្ដ្រ​ លោក​សួន សុវឌ្ឍនា​ និស្សិតឆ្នាំទី៣​ផ្នែក​អក្សរសាស្រ្ត​អង់គ្លេសក៏​បាន​ឲ្យ​ដឹង​ដូច​គ្នា​ដែរ​ថា​ លោក​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់​លោក​ច្រើន​ជា​ង​ការ​តាម​ដាន​លើ​ការ​បង្កើត​ច្បាប់​ថ្មី​ទាំង​នេះ។​ តែ​ទោះ​ជា​ដូច្នេះ​ក្តី​លោក​សួន សុវឌ្ឍនា​ យល់​ថា​នេះ​ជា​ជំហាន​វិជ្ជមាន​មួយ​ក្រោយ​ពី​គណបក្ស​ទាំង​ពីរ​ដែល​ធ្លាប់​មាន​អរិយភាព​នយោបាយ​នឹង​គ្នា​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​បាន​ព្រម​ព្រៀង​ធ្វើ​ការ​ជាមួយ​គ្នា។​

​សម្រាប់​រូប​លោក​មាត្រា​១៣៨​ដែល​ចែង​ពី​ការ​ដក​អាសនៈ​សភា​គឺ​ជា​គន្លឹះ​ល្អសម្រាប់​ចៀសវាង​ភាព​ជាប់​គាំង​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។
«បើ​ធ្វើ​អញ្ចឹង​ វា​ម្យ៉ាង​ដែរ​ព្រោះ​អី​បើ​គាត់​មាន​កៅអី​នៅ​ក្នុង​សភា​ហើយ​ ដល់​ពេល​គាត់​អត់​ចូល​មក​អញ្ចឹង​សភា​អត់មាន​អ្នកធ្វើការ​ ដូច្នេះ​យើង​អាច​ទុក​កៅអី​នេះ​ជា​មោឃៈ​បាន»។​

លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធានមក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធានមក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ផ្សេង​មួយ​ទៀត​ស្តី​ពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​មាន​១២​ជំពូក​និង​១៧១​មាត្រា។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​បានបញ្ចូល​មាត្រា​មួយ​ចំនួន​រួម​មាន​ ការ​បន្ថែម​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ពី​១២៣ដល់ទៅ១២៥។​ ការ​បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ប្រសិន​បើ​គណបក្ស​នយោបាយ​ណាមួយ​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​និង​មិន​ព្រម​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់តំណែង​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​រួច។

​លើសពីនេះទៀត​ មាត្រា​ទី​៨៤​នៃ​ច្បាប់​នេះ​ ហាក់​ដូច​ជាដាក់​កំហិត​ទៅ​លើ​ការបញ្ចេញ​មតិ​របស់​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដោយចែង​ថា៖​ «​អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ក្នុងស្រុក​ និង​សមាគម​ ឬ​អង្គការ​អន្តរជាតិ​ដែល​បំពេញ​ការងារ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ឬ​ជនបរទេស​ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រិត​ឥតលម្អៀង​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ»។​ នៅ​ក្នុង​មាត្រា​ដដែល​ក៏​បាន​បញ្ចាក់​ផងដែរ​មិន​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​រួមមាន​៖​ការបញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ដង្ហែរ​ការឃោសនា​ ផ្សព្វផ្សាយ​គោលនយោបាយ​ ការចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​ ការស្ទង់​មតិ​ក្នុង​គោលបំណង​បម្រើ​បក្សនយោបាយ​ណា​មួយ​ ការសរសេរ​ឬ​ផ្តល់​បទសម្ភាស​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​បក្ស​នយោបាយ​ណា​មួយ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ខុស​នឹង​មាត្រា​នេះ​អាច​ត្រូវផាកពិន័យ​ពី​១០​ទៅ​២០​លាន​រៀល។ ​

​សេចក្តី​ព្រាង​ច្បាប់​ដដែល​បាន​បន្ថយ​ចំនួន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​ចំនួន​២១​ថ្ងៃ​វិញ។

ដោយ​ឡែក​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោតមាន​៧​ជំពូក​នឹង​៦៦មាត្រា។ ច្បាប់​នេះ​រួម​មាន​ការ​ដាក់​គ.ជ.ប​ឲ្យ​ជា​ស្ថាប័ន​ឯករាជ្យ ​ស្រប​តាម​ច្បាប់​វិសោធនកម្ម​ថ្មី​របស់​រដ្ឋធម្មនុញ្ញ​ និង​កំណត់​កញ្ចប់​ថវិកា​ដាច់​ដោយ​ឡែក១។​ លើស​ពី​នេះ​ទៀត​សមាសភាព​គណៈកម្មាធិការ​នេះ​មាន​ចំនួន​៩រូប​ ដែល​ក្នុងនោះ​មាន​៤រូប​ជ្រើស​តាំង​ដោយ​បក្ស​កាន់អំណាច​៤រូប​ផ្សេងទៀត​ត្រូវ​ជ្រើស​តាំង​ដោយ​បក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា​តែ​មិន​កាន់​អំណាច​ ហើយ​មួយ​រូប​ផ្សេង​ទៀត​ត្រូវជ្រើសរើស​ដោយ​មាន​ការ​ឯកភាព​ពី​គណបក្ស​ទាំងអស់​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋសភា។ ហើយ​ច្បាប់​ដដែល​នេះ​បាន​តម្រូវ​ឲ្យ​សមាជិក​នៃ​គណៈ​កម្មាធិការ​នេះ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

​លោក​គង់ ជឿន​ អ្នក​រត់​រ៉ឺម៉ក​កង់​បី​កំពុង​អង្គុយ​ចាំ​ម៉ូយ។​ គាត់​និយាយ​ថា​សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរបាន​ផ្តល់​ផល​ចំណេញ​ច្រើន​ដល់​គណ​បក្ស​កាន់​អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដោយ​សារ​តែ​សេចក្តី​ព្រាង​ច្បាប់មួយ​ក្នុ​ង​ចំណោម​នោះ​បាន​ហាម​ប្រាម​សង្គម​ស៊ីវិលមិន​ឲ្យ​ធ្វើ​ការ​តស៊ូ​មតិ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត​និង​បាន​ដាក់​គំនាប​ដល់​បក្ស​នយោបាយ​មិន​ឲ្យ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​ដំបូង។​

«តាម​ខ្ញុំ​មើល​វា​គណបក្ស​កាន់អំណាច​ចំណេញ​នយោបាយ​ខ្លាំង​ហើយ។​ គេ​បង្កើតច្បាប់ថ្មី​ដែល​មិន​ធ្លាប់​មាន​ដោយ​បំបិទ​សិទ្ធិ​អង្គការ​ជាច្រើន​មិន​ឲ្យ​អើពើ​រឿង​ប្រទេស​ជាតិ»។

កាល​ពី​សប្តាហ៍​មុន ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា​ បាន​ធ្វើ​ការរិះគន់​ចំៗ​លើ​សេចក្តី​ព្រាងច្បាប់​ថ្មី​នេះ​អាច​មាន​ផល​អាក្រក់​និង​បំបិទ​សិទ្ធិ​រិះគន់​របស់​អង្គការ​ទាំង​នេះ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​នា​ពេល​ខាងមុខ។ ​បន្ថែម​ពី​នោះ​ទៀត​សេចក្តី​ព្រាង​ច្បាប់​មិន​បាន​ចែង​អំពី​សិទ្ធិ​នយោបាយ​របស់​ស្ត្រី​នោះ​ទេ។​

​ថ្លែង​ពី​ទី​ក្រុង​ហ្សឺណែវ ​ប្រទេស​ស្វីស ​អ្នក​រាយការណ៍​ពិសេសរបស់​អង្គការ​សហ​ប្រជាជាតិ​សម្រាប់សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​លោក​ Surya P. Subedi​ ​បាន​លើក​ពីសេចក្តី​ព្រួយ​បារម្ភរបស់​លោក​ចំពោះ សេចក្តី​ព្រាង​ច្បាប់​ទាំង​ពីរ​ដោយ​លោក​សង្កត់​ធ្ងន់​ថា​គណបក្ស​នយោបាយ​មិន​ត្រូវ​ចរចា​គ្នា​ដោយ​ប្រាសចាក​ពី​ច្បាប់​ជាតិ​និង​អន្តរជាតិ​នោះ​ទេ។

​លោក​សោក​ស្តាយ​ដែល​សេចក្តី​ព្រាង​ច្បាប់​ត្រូវ​ចែក​ជូន​ភាគី​ដែល​ចាប់​អារម្មណ៍​និង​សង្គម​ស៊ីវិល​យឺត​ពេល។​

​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ឈឹម ផលវរុណ​ បាន​ច្រាន​ចោល​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​រាយការណ៍​ពិសេសរបស់​អង្គការសហ​ប្រជាជាតិ​ដោយ​និយាយ​ថា​ មាន​តែ​តំណាងរាស្រ្ត​កម្ពុជា​ទេ​ដែល​មាន​សិទ្ធិ​សម្រេច​ក្នុង​ការ​ដក​ឬ​ដាក់​មាត្រា​ណា​១។

​«អ្នក​សំណូមពរ​នៅ​ក្រៅ​សង្វៀន​ ចាត់ទុក​ស្មើ​នឹង​សូន្យ។ កុំ​និយាយ​ត្រឹម​តែ​ សូរិយ៉ា ស៊ូប៊ែឌី ​ទោះ​បី​ជា​ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ក៏​គ្មាន​សិទ្ធិ​អី​មក​បញ្ជា​ឲ្យ​ប្រទេស​ដ​ទៃ​ទៀត​ធ្វើ​ច្បាប់​តាម​ឆន្ទៈ​របស់​ខ្លួន​ទេ»។

ដោយ​ឡែក​លោក​ យ៉ែម បុញ្ញឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ VOA ជា​ខេមរភាសា​ថា​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ដាក់​ជូន​រដ្ឋសភា​រួច​ហើយ​ដើម្បី​ពិនិត្យ​មើល។​ ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​និង​យក​មក​ពិនិត្យ​ នា​ថ្ងៃ​ព្រហសប្បតិ៍​ខាងមុខ​នេះ​មុន​ពេល​បញ្ជូន​ទៅ​កាន់​គណៈកម្មាធិការ​របស់​រដ្ឋសភា​ជាតិ​ពិនិត្យ​លើ​អត្ថន័យ​នៃ​ច្បាប់​នេះ​បន្ត​ទៀត៕

XS
SM
MD
LG