ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​កែ​ទម្រង់​ការ​បោះឆ្នោត​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​​សង្គម​ស៊ីវិល

  • នៅ វណ្ណារិន

លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធាន​​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​បាន​បើក​សិក្ខាសាលា​ថ្នាក់​ជាតិ​មួយ​ដើម្បី​បង្ហាញ​ជូន​សាធារណ​ជន​អំពី​«សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត» ​និង​«សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នាត​ជ្រើស​តាំង​តំណាងរាស្រ្ត» ​ក្រោយ​ពី​ការ​ធ្វើ​វិសោធន​កម្ម​រួម​គ្នា​ជាច្រើន​ខែ​រួច​មក។​

យោង​តាម​កិច្ច​ព្រម​ព្រៀង​ក្រោយ​ពី​ភាព​ចម្រូង​ចម្រាស់​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ឯកភាព​ថា​ ​នឹង​ធ្វើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោតនៅ​កម្ពុជា។​ ​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​បានធ្វើឡើង​ដើម្បី​បង្ហាញ​ជូន​សាធារណ​ជនអំពី​លទ្ធផល​ដែល​ទទួល​បាន។​ ក៏​ប៉ុន្តែនៅ​ថ្ងៃ​ដដែល​នេះ​ដែរ ​ក្រុម​អង្គការ​សង្គម​ចំនួន​ធំ​ ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​នៅ​កម្ពុជា​មួយ​ រួមមាន​ Comfrel, Adhoc​ និង​អង្គការ​តម្លាភាព​កម្ពុជា​ជាដើម​បាន​ធ្វើ​ពហិការ​មិនចូល​រួម​សិក្ខា​សាលា​នេះ​ទេ​ដើម្បី​សម្តែង​សេចក្តី​មិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ថ្មីទាំង​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​សិក្ខាសាលាដែល​រៀប​ចំ​នៅ​ក្នុង​មន្ទីរ​រដ្ឋ​សភា​ជាតិ​ លោក​ គួយ ប៊ុនរឿន​ សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​សង្គ្រោះជាតិ​ បាន​មាន​ប្រសាសន៍​ថា ​សេចក្តី​ព្រាង​ច្បាប់​ពីរ​នេះ​បាន​ធ្វើឡើងស្រប​តាម​ការឯកភាព​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​របស់​គណបក្ស​ទាំង​ពីរ​នេះ​ដែល​មាន​អាសនៈនៅ​ក្នុង​រដ្ឋសភា។

«ច្បាប់​នេះ​មាន​អនុភាព​តម្រូវ​ឲ្យ​អង្គការ​រៀបចំ​ការ​បោះឆ្នោត​ រៀបចំ​ប្រព័ន្ធ​គ្រប់គ្រង​ ​រចនា​សម្ព័ន្ធ យន្តការ ​និង​នីតិវិធី​នៃ​ដំណើរ​ការ​បោះឆ្នោត​ ដោយ​អនុវត្ត​នូវ​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​អនុវត្តសមត្ថកិច្ច​របស់​ខ្លួន​ ដោយ​ឯករាជ្យ​ អព្យាក្រិត្យ​ ដើម្បី​ធានា​ឲ្យ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌»។

លោក​បា​នបន្ថែម​ថា៖ ​សេចក្តី​ស្នើ​ច្បាប់​ទាំង​ពីរ​នេះ​នឹង​បង្ការ​ការ​ជាប់​គាំង​ខាង​នយោបាយ​នា​ពេល​អនាគត​ និង​ធានា​ឲ្យ​មាន​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា។​

ជាមួយ​គ្នា​នេះ លោកស៊ិក ប៊ុនហុក​ សមាជិក​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពីគណបក្ស​ប្រជាជន​កម្ពុជាក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា​ ​ច្បាប់​ថ្មី​នេះអនុលោម​តាម​ច្បាប់ ​និង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោយបាយ។​

«ចំណុចទី​ពីរ​នៃ​មាត្រា​នេះ​ទៀត៖ ​បុគ្គល​គ្រប់​រូប​មាន​សិទ្ធិទទួល​បាន​នូវ​ការ​ការ​ពារ​ដោយ​ច្បាប់​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រៀក​ ឬ​ការ​ប៉ះ​ពាល់ ។ ​មាន​សិទ្ធិទទួល​បាន​នូវ​ការ​ការពារ​ដោយ​ច្បាប់ ​អញ្ចឹង​ហើយ​បាន​មាន​ច្បាប់​ហ្នឹង​យក​មក​ការពារ​នោះ​ ធ្វើ​តាម​អន្តរជាតិ»។​

ក្រុម​ការងារ​ទាំងពីរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាប់​ផ្តើមចរចា​គ្នា​អំពី​ការ​កែ​ទម្រង់​ការ​បោះឆ្នោតចាប់តាំង​ពី​ដើម​ខែ​ធ្នូ​មក។​

សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត មាន​៧​ជំពូក​និង​៦៦​មាត្រា។ ​ច្បាប់​នេះ​រួម​មាន​ការ​ដាក់​គ.ជ.ប.ឲ្យ​ជា​ស្ថាប័ន​ឯករាជ្យ ​ស្របតាម​ច្បាប់​វិសោធន​កម្ម​ថ្មី​របស់​រដ្ឋ​ធម្មនុញ្ញ​ និង​កំណត់​កញ្ចប់​ថវិកាដាច់​ដោយ​ឡែក។​ លើសពី​នេះ​ទៀត​ ​គណៈ​កម្មាធិការ​នេះ​មាន​សមាភាព​៩​រូប​ ដែល​ក្នុងនោះ​មាន​ ៤​រូប​ជ្រើស​តាំង​ដោយ​គណបក្ស​កាន់​អំណាច ​ដែល​មាន​អាសនៈ​នៅ​ក្នុង​សភា​ ៤​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើស​តាំង​ដោយ​បក្ស​នយោបាយ​ក្រៅរដ្ឋាភិបាល​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋ​សភា​ ហើយ​មួយ​រូប​ផ្សេង​ទៀត​ត្រូវ​ជ្រើស​រើស​ដោយ​មាន​ការ​ឯកភាព​ពី​គណបក្ស​ទាំង​អស់​ដែល​មាន​អាសនៈ​នៅ​ក្នុងរដ្ឋ​សភា។ ហើយ​ច្បាប់​ដដែល​នេះ​បាន​តម្រូវ​ឲ្យ​សមាជិក​នៃ​គណៈ​កម្មាធិការ​នេះ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។

ដោយ​ឡែក​ សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ផ្សេង​មួយ​ទៀត​ស្តីពី​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​មាន​១២​ជំពូក ​និង​១៧១​មាត្រា។​ ​សេចក្តី​ព្រាង​ច្បាប់​នេះបាន​បញ្ចូល​មាត្រា​មួយ​ចំនួន​ រួមមាន​ការ​បន្ថែម​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ពី​១២៣ដល់​ទៅ​១២៥​ ការ​បាត់បង់​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ​ធ្វើ​ពហិការ​មិន​ចូលរួម​សម័យ​ប្រជុំ​ដំបូង​ និង​មិន​ព្រម​ធ្វើ​សច្ចា​ប្រណិធាន​ចូល​កាន់​តំណែង​បន្ទាប់​ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​រួច។​

លើស​ពី​នេះ​ទៀត​ មាត្រា​ទី​៨៤​នៃ​ច្បាប់​នេះ​ហាក់​ដូច​ជាដាក់​កំហិត​ទៅ​លើ​ការ​បញ្ចេញ​មតិ​របស់​អង្គការក្រៅ​រដ្ឋាភិបាល​ ដោយ​ចែង​ថា៖​«អង្គការ​មិនមែន​រដ្ឋាភិបាល​ ឬ​សមាគម​ក្នុង​ស្រុក​ និង​សមាគម​ ឬ​អង្គការ​អន្តរជាតិ​ ដែល​បំពេញ​ការងារ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ ឬ​ជន​បរទេស​ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រិត្យឥត​លម្អៀង​នៅ​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ»។

មាត្រា​ដដែល​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ មិន​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ធ្វើ​សកម្មភាព​ ​រួមមាន៖​ការ​បញ្ចុះបញ្ចូល​ប្រជាជន​ឲ្យ​ដង្ហែ​ឃោសនា​ ផ្សព្វផ្សាយ​គោល​នយោបាយ​ ការ​ចូលរួម​ជា​សមាជិក​គណបក្ស​នយោបាយ​ ការ​ស្ទង់​មតិ​ក្នុង​គោល​បំណង​បម្រើ​គណបក្ស​នយោបាយ​ណា​មួយ​ ការ​សរសេរ ​ឬ​ផ្តល់​បទ​សម្ភាសន៍​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​គណបក្ស​នយោបាយ​ណា​មួយ។ ​អ្នក​ដែល ​ប្រព្រឹត្ត​ខុស​ទៅ​នឹង​មាត្រា​នេះ​អាច​ត្រូវ​ផាក​ពិន័យ​ពី​១០​ទៅ​២០​លាន​រៀល។​

ថ្លែង​ទៅ​កាន់​អង្គសិក្ខាសាលា​នា​ពេល​នោះ​តាម​រយៈ​អ្នក​បកប្រែ​ផ្ទាល់​ខ្លួន​ ​លោក​ Jean-Francois​ Cautain​ ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​របស់​លោក​ និង​អង្គការ​សង្គម​ស៊ីវិល​ចំពោះ​សេចក្តី​ស្នើ​ច្បាប់​នេះ​ ជា​ពិសេស​មាត្រា​ទី​៨៤​របស់​ច្បាប់​បោះ​ឆ្នោត​នេះ ​ព្រោះ​វា​ផ្ទុយ​ពីមាត្រា​ទី​៤១​នៃ​ច្បាប់​ធម្មនុញ្ញ​របស់​សហ​ភាព​អឺរ៉ុប​ និង​កតិកា​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​សិទ្ធិ​នយោយបាយ​ដែល​ប្រទេស​កម្ពុជា​ជា​ហត្ថលេខី។​

«សំណួរជាក់​លាក់​របស់​ខ្ញុំ​គឺ​ថា​ តើ​ក្រុម​ការងារ​ទាំង​ពីរ​អាច​យក​មក​ពិចារណា​បាន​ទេ​ទាក់ទង​នឹង​ការ​ព្រួយ​បារម្ភ​របស់​សង្គម​ស៊ីវិល​ទាក់ទង​នឹង​មាត្រា​ទី​៨៤​នេះ?»​

កាលពី​សប្តាហ៍​មុន ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ដែល​ឃ្លាំ​មើល​កិច្ចការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ បាន​ធ្វើ​ការរិះគន់​ចំៗ​ថា​ សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​អាច​មាន​ផល​អាក្រក់​និង​បំបិទ​សិទ្ធិ​រិះគន់​របស់​អង្គការ​ទាំង​នេះ​នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោតនា​ពេល​ខាង​មុខ។​

​លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​គណៈ​កម្មាធិការ​ដើម្បី​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធ៌ម​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ Comfrel​ មាន​ប្រសាសន៍​ថា ​អង្គ​ការ​របស់​លោក​និង​សម្ព័ន្ធ​កំណែ​ទម្រង់ការ​បោះឆ្នោត​ ដែល​ហៅ​កាត់​ថា​ (ERA)​ និង​អង្គការ​ផ្សេងៗ​ទៀត​ជិត​៦០​អង្គការ​ បាន​ទាមទារ​ឲ្យ​មាន​ការ​ជជែក​គ្នា​ឲ្យ​បាន​ផុសផុល​ និង​ស្នើ​សុំឲ្យ​គណបក្ស​ទាំង​ពីរ​នេះ​លុប​ចោល​មាត្រា​ទី​៨៤​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ។​

«យើង​ទាមទារ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​មួយ​ឲ្យ​បាន​ត្រឹមត្រូវ​ទៅ​លើ​ច្បាប់​ពីរ​នេះ​ និង​សូម​ឲ្យ​គាត់​ដក​មាត្រា​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការ​បិទ​សិទ្ធិ​នយោ​បាយ​របស់​អង្គការ​សង្គមស៊ីវិល​ចេញ​ពី​ច្បាប់​បោះ​ឆ្នោត​ហ្នឹង​ ដែល​បិទ​សិទ្ធិ​យើង​ឲ្យ​ក្លាយ​ទៅ​បទ​ល្មើស។ វា​មិន​ត្រឹមត្រូវ​ទេ ​ព្រោះ​អី​ វា​ខុស​នឹង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ»។​

គួរ​បញ្ជាក់​ផង​ដែរ ​គណបក្ស​កាន់អំណាច​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ចុង​ខែ​កក្កដា​ឆ្នាំ​កន្លង​ទៅ​ដើម្បី​ធ្វើ​ការ​កែ​ទម្រង់​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា ​បន្ទាប់​ពី​មាន​ការ​ជាប់​គាំង​ខាង​នយោបាយ​ជិត​មួយឆ្នាំ​ ​ក្រោយពីការ​បោះឆ្នោត​នា​ខែ​កក្កដា​២០១៣​មក។​ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​ពី​ភាព​មិន​ប្រកតី​នៅ​ក្នុង​ស្ថាប័ន​គ.ជ.ប. និង​ភាព​មិន​ប្រក្រតី​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ជា​ច្រើន៕

XS
SM
MD
LG