ក្រុមប្រឹក្សាធម្មនុញ្ញប្រកាសកាលពីថ្ងៃអង្គារថា វិសោធនកម្មច្បាប់គណបក្សនយោបាយ ដែលអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភាក្នុងអំឡុងខែកក្កដានេះ ស្របនឹងរដ្ឋធម្មនុញ្ញ។ គណបក្សប្រឆាំង និងសង្គមស៊ីវិលយល់ថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជាការសម្រេចដែលហាក់មានចរិតនយោបាយ ផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា និងច្បាប់អន្តរជាតិ។
គណបក្សប្រឆាំង និងអ្នកឃ្លាំមើលស្ថានការណ៍សង្គមនៅថ្ងៃពុធនេះបានលើកឡើងថា ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយជាលើកទីពីរស្នើដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច«ស្របនឹងរដ្ឋធម្មនុញ្ញ»នោះគឺជាការសម្រេចដែលបម្រើដល់ប្រយោជន៍នយោបាយ និងប្រាសចាកពីខ្លឹមសាររដ្ឋធម្មនុញ្ញ។
ក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃអង្គារ បានចេញសេចក្តីសម្រេចមួយបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់គណបក្សនយោបាយដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យនោះ ស្ថាប័ននីតិបញ្ញតិ្តកំពូលនេះបានឯកភាពទាំងស្រុងលើទម្រង់ និងគតិច្បាប់ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ និងបានប្រកាសទទួលស្គាល់វិសោធនកម្មលើកទីពីរនេះថា «ស្របនឹងរដ្ឋធម្មនុញ្ញ»។
សេចក្តីសម្រេច ចុះថ្ងៃទី២៥ ខែកក្កដា ដែលមានចំនួន៥ទំព័រ និងចុះហត្ថលេខាដោយលោក អ៊ឹម ឈុនលឹម អតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានសរសេរក្នុងន័យដើមថា៖
សេចក្តីសម្រេចនេះ «ជាសេចក្តីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអនុភាពអនុវត្តទៅលើអំណាចទាំងអស់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច»។
កាលពីថ្ងៃទី១០ ខែកក្កដា រដ្ឋសភាដែលមានតែតំណាងរាស្រ្តគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាឯកច្ឆ័ន្ទ ដោយមិនមានវត្តមានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង។ មួយសប្តាហ៍ក្រោយពីរដ្ឋសភាអនុម័តវិសោធនកម្មនេះ ព្រឹទ្ធសភាក៏ទទួលយកការអនុម័តរបស់រដ្ឋសភា ខណៈដែលក្រុមសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងធ្វើពហិការមិនចូលរួមកិច្ចប្រជុំ។
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ក្រុមប្រឹក្សាធម្មនុញ្ញមានសមាជិកជាច្រើនមកពីគណបក្សប្រជាជនកម្ពុជា ដូច្នេះការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញនឹងមិនមានអ្វីខុសប្លែកពីការអនុម័តរបស់ក្រុមតំណាងរាស្រ្តរដ្ឋសភា និងសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាចនោះទេ។ លោកពន្យល់ថា គណបក្សប្រឆាំងបន្តចាត់ទុកថា ក្រុមតំណាងរាស្រ្ត និងសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច បានធ្វើការសម្រេចចិត្តផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
លោកបញ្ជាក់ថា៖
«យើងធ្លាប់មានការតវ៉ាច្រើនករណីជាមួយនឹងក្រុមប្រឹក្សាធម្មនុញ្ញ ប៉ុន្តែយើងដឹងហើយ។ ខ្ញុំជឿថា បុគ្គលនយោបាយហ្នឹងវាខ្លាំងជាងគោលការណ៍។ បើសិនណាជាក្រុមប្រឹក្សាយករដ្ឋធម្មនុញ្ញទៅពិនិត្យឲ្យត្រឹមត្រូវ ប្រហែលជាមិនមានលទ្ធផលបែបនោះទេ។ ដូច្នេះខ្ញុំគ្រាន់តែសង្ឃឹមថា ការងារសម្រាប់ប្រទេសជាតិយើងពេលអនាគតហ្នឹង គឺចាំបាច់ត្រូវពង្រឹងស្ថាប័នជាតិហ្នឹងឲ្យធ្វើការដោយឯករាជ្យ»។
លោក សុន ឆ័យ បន្ថែមថា ដោយសារវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនោះនឹងត្រូវចូលជាធរមានក្នុងពេលឆាប់ៗ គណបក្សសង្គ្រោះជាតិកាលពីថ្ងៃអង្គារ បានប្រគល់ភារកិច្ចឲ្យគណបក្សរបស់ខ្លួននៅតាមរាជធានី-ខេត្ត ផ្លាស់ប្តូរស្លាកគណបក្សដែលមានរូបលោក សម រង្ស៊ី និងលោក កឹម សុខា ចាប់ដៃគ្នា ហើយឲ្យធ្វើកិច្ចការនេះចប់នៅដំណាច់ខែសីហាខាងមុខ។
កាលពីថ្ងៃពុធសប្តាហ៍មុន ក្រុមអង្គការសង្គមស៊ីវិលចំនួន១៩ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍មួយភ្ជាប់នឹងការវិភាគមាត្រានីមួយៗនៃសេចក្តីព្រាងច្បាប់វិសោធនកម្មស្តីពីគណបក្សនយោបាយនោះ។ ពួកគេបានសម្ដែងការព្រួយបារម្ភថា វិសោធនកម្មនេះនឹងរឹតបន្តឹងយ៉ាងអយុត្តិធម៌បន្ថែមទៀតលើសេរីភាពជួបជុំ និងសេរីភាពបញ្ចេញមតិ ហើយវាផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់អន្តរជាតិមួយចំនួន។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) ដែលជាអង្គការមួយក្នុងចំណោមអង្គការ១៩ ដែលបានចូលរួមចេញសេចក្តីថ្លែងការណ៍ដែរនោះ លើកឡើងថា ស្ថាប័នច្បាប់កំពូលដែលបានសម្រេចថា ច្បាប់ដែលមានភាពចម្រូងចម្រាសមួយនេះស្របតាមរដ្ឋធម្មនុញ្ញ គឺជាស្ថាប័នដែលមានចរិតលក្ខណៈនយោបាយ ដោយសារសមាជិកភាគច្រើនមកពីគណបក្សកាន់អំណាច។
លោកបញ្ជាក់ថា៖
«សម្រាប់សង្គមស៊ីវិល យើងនៅតែយល់ឃើញថា វាជាការរឹតត្បិតសិទ្ធិសេរីភាព។ វាមិនត្រឹមតែប៉ះពាល់អ្នកនយោបាយមួយរូបទេ ប៉ុន្តែវាបានជះឥទ្ធិពលរឹតសិទ្ធិនយោបាយរបស់ទណ្ឌិតអីផ្សេងៗ សិទ្ធិសេរីភាពក្នុងការបង្កើតគណបក្សនយោបាយ ការប្រកួតប្រជែងក្នុងរបបប្រជាធិបតេយ្យសេរី ពហុបក្ស។ ដូច្នេះ បើក្រឡេកទៅមើលពីគោលការណ៍រដ្ឋធម្មនុញ្ញគឺថា វាដើរចេញឆ្ងាយពីអាហ្នឹង»។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក អ៊ុត ឈន អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញបានទេ។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានប្រាប់ VOA ថា រដ្ឋសភាទើបតែបញ្ជូនវិសោធនកម្មច្បាប់នេះទៅរដ្ឋាភិបាល ដើម្បីស្នើទៅព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើប្រាស់ជាការប្រញាប់ បន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញបានបញ្ជូនមករដ្ឋសភាវិញកាលពីថ្ងៃអង្គារម្សិលមិញ។
លោកមានប្រសាសន៍ថា៖
«បញ្ជូនមកពីម្សិល ហើយខាងរដ្ឋសភាបានបញ្ជូនទៅរាជរដ្ឋាភិបាលដើម្បីរាជរដ្ឋាភិបាលធ្វើលិខិតស្នើទៅប្រមុខរដ្ឋ ដើម្បីប្រកាសឲ្យប្រើ»។
ការស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទីមួយ កាលពីខែកុម្ភៈកន្លងទៅ បានកំណត់ថា មេដឹកនាំគណបក្សនយោបាយត្រូវតែជាជនគ្មានទោសពៃរ៍។ វិសោធនកម្មនាពេលនោះធ្វើឲ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធដឹកនាំរបស់គណបក្សជំទាស់ និងបង្ខំឲ្យលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លាលែងពីតំណែងជាប្រធានគណបក្សជំទាស់។ សហគមន៍អន្តរជាតិបានរិះគន់ខ្លាំងៗថា វិសោធនកម្មនោះមានគោលដៅបញ្ចប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រីឯការស្នើវិសោធនកម្មលើកទី២នេះបានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
ការស្នើ និងការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទំាងពីរធ្វើយ៉ាងតក់ក្រហល់ទៅតាមការបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចនេះត្រូវបានគេមើលឃើញថា ជាចេតនាផ្តាច់លោក សម រង្ស៊ី ចេញពីការចូលរួមសកម្មភាពនយោបាយនៅកម្ពុជា និងគណបក្សសង្គ្រោះជាតិ។ អតីតមេដឹកនាំគណបក្សប្រឆាំងនេះក៏កំពុងរស់នៅដោយនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសដោយតុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន៕