ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចេញពីកម្ពុជាទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន បន្ទាប់ពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២ ដែលកំពុងស្ថិតក្នុងដៃក្រុមប្រឹក្សាធម្មនុញ្ញ នឹងត្រូវបញ្ជូនចូលព្រះបរមរាជវាំងក្នុងពេលឆាប់ៗ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយយល់ថា ការយាងចេញទៅពិនិត្យព្រះរាជសុខភាពមុនកាលកំណត់ និងមុនវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាស ត្រូវបញ្ជូនចូលព្រះបរមរាជវាំងនេះអាចដោយសារថា ព្រះមហាក្សត្រមានព្រះរាជបំណងមិនចង់ឡាយព្រះហត្ថលេខា។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជាលើកឡើងថា ការយាងចាកចេញរបស់ព្រះមហាក្សត្រទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន មុនពេលវិសោធនកម្មច្បាប់គណបក្សនយោបាយ បញ្ជូនចូលព្រះរាជវាំងជាលើកទី២នេះ អាចជាចេតនាគេចវេស មិនចង់ឡាយព្រះហស្ថលេខាលើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយដ៏ចម្រូងចម្រាស។
ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី បានយាងចេញពីប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យកន្លងទៅ មុនពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច បញ្ជូនចូលព្រះបរមរាជវាំងដើម្បីឲ្យព្រះមហាក្សត្រឡាយព្រះហត្ថលេខា ដាក់ឲ្យប្រើក្នុងពេលឆាប់ៗ។ ការយាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ មិនត្រូវបានបញ្ជាក់ថា ព្រះអង្គនឹងយាងត្រឡប់មកវិញនាពេលណានោះទេ។
លោក មាស នី អ្នកសិក្សាពីការអភិវឌ្ឍសង្គម និងជាអ្នកវិភាគនយោបាយប្រាប់ VOA ថា ការយាងចេញទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រតែងធ្វើឡើងជារៀងរាល់៦ខែម្តង។ លោកបន្ថែមថា សម្រាប់ការយាងចេញនាពេលនេះ កើតឡើងមុនពេលកំណត់ បន្ទាប់ពីព្រះអង្គទើបតែយាងទៅកាលពីខែមិនា និងកើតឡើងមុនពេលដែលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនឹងត្រូវបញ្ជូនចូលព្រះបរមរាជវាំងនាពេលឆាប់ៗខាងមុខ ដូច្នេះលោកថា ការយាងចេញរបស់ព្រះអង្គ អាចជាព្រះរាជបំណងផ្ទាល់របស់ព្រះអង្គដើម្បីគេចចេញពីការឡាយព្រះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។
លោក មាស នី មានប្រសាសន៍ថា៖
«បើសិនជាច្បាប់នេះអនុវត្តទៅនៅក្នុងកាលៈទេសៈដែលតុលាការរបស់យើងនៅក្នុងស្ថានភាពដូចរាល់ថ្ងៃនេះ វានឹងបង្កឲ្យប៉ះពាល់ដល់ការផ្សះផ្សារជាតិ ហើយនិងការមានឯកភាពជាតិ ហើយដែលយើងមើលក្នុងរដ្ឋធម្មនុញ្ញ ព្រះមហាក្សត្រមានតួនាទីមួយក្នុងការរក្សាឲ្យមានឯកភាពជាតិ។ អញ្ចឹងយើងមិនដឹងថា ព្រះអង្គឈ្វេងយល់លើច្បាប់នេះយ៉ាងណាទេ ប៉ុន្តែបើសិនជាច្បាប់នេះអនុវត្តទៅ វានឹងអាចឲ្យព្រះអង្គចុះហត្ថលេខាទៅលើហ្នឹង វានឹងអាចមានទំនាស់ជាមួយនឹងរដ្ឋធម្មនុញ្ញ»។
ស្រដៀងគ្នានេះដែរ លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត និងជាអ្នកវិភាគនយោបាយឯករាជ្យ លើកឡើងថា ការយាងចេញទៅពិនិត្យព្រះរាជសុខភាពជាលើកទី២ មុននឹងវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបញ្ជូនចូលព្រះបរមរាជវាំង អាចជាព្រះរាជបំណងរបស់ព្រះអង្គដែលមិនចង់ឡាយព្រះហត្ថលេខាលើសេចក្តីព្រាងច្បាប់នោះ។ ទោះជាយ៉ាងណា លោកថា ការយាងចេញរបស់ព្រះអង្គមិនមានឥទ្ធិពលណាមួយ លើការសម្រេចដាក់ឲ្យប្រើប្រាស់ច្បាប់ស្តីពីគណបក្សនយោបាយនោះទេ ដោយលោកថា ប្រមុខរដ្ឋស្តីទីដែលជាប្រធានព្រឹទ្ធសភា នឹងចុះហត្ថលេខាជំនួសដាក់ឲ្យប្រើប្រាស់បានដដែល។
លោក អ៊ូ វីរៈ បញ្ជាក់ថា៖
«មានតែស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញទេដែលមានតួនាទី។ បើសិនជាស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញយើងអត់ទុកចិត្ត យើងកុំព្យាយាមបង្កើតស្ថាប័នមួយទៀត ដូចជារុញឲ្យរាជបល្ល័ង្កមានអំណាចអីអញ្ចឹង គឺមិនត្រឹមត្រូវទេ។ បើសិនជាយើងគិតថា ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចបំពេញតួនាទីហ្នឹងបាន យើងគួរតែជំរុញឲ្យមានកំណែទម្រង់ក្រុមប្រឹក្សាធម្មនុញ្ញវិញ ហ្នឹងទើបជាដំណោះស្រាយជាប្រព័ន្ធ ហើយបានប្រយោជន៍យូរអង្វែង»។
ព្រះមហាក្សត្រកាលពីខែមីនា ទើបតែយាងចេញទៅពិនិត្យព្រះរាជសុខភាពមុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលស្នើដោយក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច ជាលើកទី១ ត្រូវបានបញ្ជូនចូលព្រះបរមរាជវាំង។ ការបញ្ជូនចូលព្រះបរមរាជវាំងពេលអវត្តមានព្រះមហាក្សត្រនាពេលនោះ ត្រូវបានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជាចុះហត្ថលេខាជំនួស និងប្រកាសឲ្យប្រើប្រាស់ជាប្រញាប់ មុនពេលដែលព្រះមហាក្សត្រយាងត្រឡប់មកកម្ពុជាវិញ។
ចំណែកការយាងចេញរបស់ព្រះមហាក្សត្រជាលើកទីពីរ មុនពេលវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយត្រូវបញ្ជូនចូលព្រះបរមរាជវាំងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងដាក់ញត្តិថ្វាយព្រះមហាក្សត្រព្រះតម្រិះ ចំពោះការឡាយព្រះហត្ថលេខាលើសេចក្តីព្រាងច្បាប់ស្តីពីគណបក្សនយោបាយ ដែលក្រុមតំណាងរាស្រ្តទាំងនោះអះអាងថា វិសោធនកម្មច្បាប់នេះធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញ និងអាចគំរាមដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
VOA មិនអាចទាក់ទងសុំការអធិប្បាយពីលោក អ៊ុំ ដារ៉ាវុធ អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំងបានទេ រហូតដល់ល្ងាចថ្ងៃចន្ទនេះ។
ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញដើម្បីពិនិត្យ និងសម្រេចលើធម្មនុញ្ញភាពនៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ នៅព្រឹកថ្ងៃអង្គារនេះ មុននឹងបញ្ជូនច្បាប់ដ៏ចម្រូងចម្រាសនេះទៅថ្វាយព្រះមហាក្សត្រឡាយព្រះហស្ថលេខាចូលជាធរមាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញចេញនៅថ្ងៃចន្ទ។
តាមវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយជាលើកទី២នេះបានកំណត់ថា គ្រប់គណបក្សនយោបាយទាំងអស់នឹងត្រូវរំលាយចោល ប្រសិនបើមានទំនាក់ទំនងជាមួយបុគ្គលដែលជាប់ពាក់ព័ន្ធនឹងបទល្មើសមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
ការបង្កើត និងការអនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយទំាងពីរលើកយ៉ាងតក់ក្រហល់ដូចនេះ ត្រូវបានគេមើលឃើញថា ជាចេតនាផ្តាច់លោក សម រង្ស៊ី ចេញពីនយោបាយកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំងដើម្បីគេចចេញពីការដាក់ទោសដោយតុលាការកម្ពុជាក្នុងសំណុំរឿងជាច្រើន។
ខណៈកំពុងរស់នៅប្រទេសបារាំងលោក សម រង្ស៊ី តែងបង្ហោះសារជាសំណេរ ជារូបភាព និងជាវីដេអូ រិះគន់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ព្រមទាំងឃោសនាឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិជាដើម ធ្វើឲ្យមានការមិនពេញចិត្តពីសំណាក់លោក ហ៊ុន សែន និងអ្នកគាំទ្រមួយចំនួនរបស់គណបក្សកាន់អំណាច៕