ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ​​នឹង​ស្តាប់​ការ​បកស្រាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អំពី​ធម្មនុញ្ញភាព​ច្បាប់​អង្គការ​


សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ទទូច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​នេះ។
សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ទទូច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​នេះ។

សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ទទូច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​សមាគម​និង​អង្គការ​នេះ។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ប្រឆាំង​ បន្ទាប់​ពី​ស្ថាប័ន​អង្គ​នីតិបញ្ញតិ​កំពូលនេះ​ បាន​ទទួល​ការ​បកស្រាយ​ពី​មន្ត្រី​តំណាង​ឲ្យ​រដ្ឋាភិបាល​ ដែលបាន​ការពារ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នេះ។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

ជំនួប​រវាង​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ដោយ​លោក​សុន ឆ័យ​ និង​មន្ត្រី​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹងផ្តោត​ទៅ​លើ​ការ​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់ដ៏​ចម្រូង​ចម្រាស់ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋ​សភាជាតិ​ និង​ព្រឹទ្ធ​សភា។​

លោក​ ព្រហ្ម​ ញាណ​វិចិត្រ​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ មាន​ប្រសាសន៍​ប្រាប់​វីអូអេ​ថា​ លោក​ប៉ុល លឹម​ រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ​ ដែល​ជា​តំណាង​ឲ្យ​រដ្ឋាភិបាល​ បាន​ចូល​ទៅ​ការពារ​សេចក្ដី​ព្រាងច្បាប់​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ តែ​លោក​មិន​អាច​បញ្ជាក់​លម្អិត​ពី​ការ​ប្រជុំ​នេះ​ឡើយ​ ហើយ​ថា​ តើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​មាន​ការ​កែប្រែ​ ឬ​យ៉ាងណា​នោះ ​នឹង​ត្រូវ​បញ្ជាក់​នៅ​ក្រោយការ​ប្រជុំ​ជាមួយ​អ្នក​តំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ស្អែក​នេះ។​

«អញ្ចឹង​បាន​អ្វីៗ​ចាំ​ប្រជុំ​នៅ​ថ្ងៃ​ស្អែក​សិន។​ ​ការ​ប្រជុំ​ពេញ​អង្គ​ថ្ងៃ​ស្អែក​បាន​យើង​យក​បញ្ហា​ទៅ​ដាក់​ដើម្បី​ជជែក​គ្នា​ទៀត»។​

កាល​ពី​ចុង​ខែ​កក្កដា​ ក្រុម​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិបាន​ដាក់​ញ្ញត្តិ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ស្នើ​សុំ​ឲ្យ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ពី​ព្រោះ​ពួក​គេ​យល់​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈរឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​ក្នុង​ការ​ចងក្រង​ បង្កើត​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​ ពួក​គេ​អះ​អាង​ថា​ មាត្រា​មួយ​ចំនួននៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ត្រូវ​បាន​សរសេរ​ឡើង​ដោយមិន​គោរពទៅ​តាម​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ទេ។​

នៅ​ក្នុង​ញ្ញត្តិនោះ​ ពួក​គេ​បាន​ដកស្រង់​មាត្រា​៦​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះដែល​បាន​កំណត់​ថា៖ ​«សមាគម​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួងមហាផ្ទៃ»។​ ​ពួក​បាន​ហៅ​ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជីនៅ​ក្រសួង​ដែល​ស្ថិត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​ថា​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ«មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»​ និង​ជា​ការ​រើស​អើង​ប្រឆាំង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ឆ្ងាយ​ពីរាជធានី។ ​ការ​តម្រូវ​បែប​នេះ​នាំ​ឲ្យ​ប៉ះពាល់​«ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»​ ដោយ​សារ​វា​មាន​វិសមភាព​រវាង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ ឬ​នៅ​ជិត​រាជ​ធានី​ភ្នំពេញ​ និងប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ឆ្ងាយដោយ​មក​ពី​«ស្ថានភាព»​ខុស​គ្នា​នេះ។​

នៅ​គ្រានោះ​ដែរ​ សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ទទូច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដោយ​អះអាង​ថា​ វា​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

លោក​សុន ឆ័យ​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ​លោក​និង​តំណាង​រាស្រ្ត​ពីរ​រូប​ផ្សេង​ទៀត​ នឹង​ចូល​ទៅ​ពន្យល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​អំពី​អធម្មនុញ្ញ​ភាព​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ តែ​លោក​ក៏​មិន​អាច​បញ្ជាក់​បាន​ដែរ​ថា​ តើក្រុម​ប្រឹក្សា​ធម្មនុញ្ញនឹងពិចារណា​សំណើ​របស់ក្រុម​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ជំទាស់​នេះ​ឬ​យ៉ាង​ណា​ទេ។​

«យើង​មិន​ដឹង​វា​នឹង​មាន​លទ្ធផល​យ៉ាង​ណា​ទេ​ ប៉ុន្តែ​គ្រាន់​ថា​ វា​មាន​ចង្អុល​បង្ហាញ​ច្បាស់​លាស់​អំពី​មាត្រា​ណា​ដែល​ប៉ះពាល់ ហើយ​វា​ប៉ះពាល់​បែប​ម៉េច​ ហើយ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ចាំបាច់ត្រូវ​តែឆ្លើយ​បំភ្លឺ​ដែរ។​ បើ​ថា​ មិន​ប៉ះពាល់​ទេ​នោះ តើ​ហេតុ​អ្វី?»​

អ្នក​ស្រី​រស់ សុភាព​ នាយិកា​អង្គការ​យេនឌ័រ​ និង​ការ​អភិវឌ្ឍ​ដើម្បី​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ មេដឹកនាំអង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០​បាន​ដាក់​លិខិត​ទៅ​អង្គ​ព្រះ​មហាក្សត្រ​កាល​ពី​សប្តាហ៍​មុន​ ស្នើ​សុំ​ចូល​គាល់​ទូល​ពី​ក្តី​បារម្ភ​របស់​សង្គម​ស៊ីវិល​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ។​ អ្នក​ស្រី​បញ្ជាក់​ថា​ ការ​អំពាវនាវ​ទៅ​ដល់​អង្គ​ព្រះ​មហាក្សត្រ​នេះ​ ជា​ជម្រើសចុង​ក្រោយ​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ឲ្យ​មាន​ការ​កែ​សម្រួល​សេចក្តី​ព្រាង​ច្បាប់​ ដែល​អ្នក​ស្រី​ហៅ​ថា​ មាន​លក្ខណៈ​រឹតត្បិត​ខ្លាំង​លើ​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។​

«ទោះ​បី​យ៉ាងណា​ក៏​ដោយ​ យើង​នៅ​មើល​ទៅ​លទ្ធភាព​មួយទៀត​ គឺ​ព្រះ​មហាក្សត្រ។​ យើង​ចង់​ឲ្យ​ព្រះ​មហា​ក្សត្រ​ហ្នឹង​អាច​ធ្វើ​ការ​ពិចារណា​ដែរ​ ចំពោះ​តម្រូវ​ការ​របស់​រាស្ត្រ​ ព្រោះ​ព្រះ​អង្គ​ធ្វើ​ការ​បម្រើ​រាស្រ្ត។​ អញ្ចឹង​តំណាង​ថា​ រាស្រ្ត​ចង់​បាន​ យើង​ចង់​ឲ្យ​ព្រះ​អង្គ​ហ្នឹង​អាច​ពិចារណា»។​

ដោយ​ឡែក កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ លោក​សក់ សេដ្ឋា​ រដ្ឋលេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ និង​លោក​អេង ឆៃអ៊ាង ​អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​នៅ​រដ្ឋសភា​ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ​ក្រុម​ការងារ​នៃ​គណបក្ស​នយោបាយ​ទាំង​ពីរ​នឹង​ធ្វើ​វិសោធន​កម្ម​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ នៅ​ក្រោយ​ពេល​សេចក្តី​ព្រាង​ច្បាប់​បាន​ក្លាយ​ជា​ច្បាប់​ ហើយប្រសិន​ជា​មាន​ការ​ប៉ះ​ពាល់​សិទ្ធិ​ នៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ត។ ​ពួក​គេ​ថ្លែងថា ​នីតិ​វិធី​នៃ​ការ​ធ្វើ​ច្បាប់​នេះ​ ​នឹង​បន្ត​ទៅ​មុខ​ទៀត​ នៅគ្រា​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​កំពុង​ពិនិត្យ​មើល​ធម្មនុញ្ញភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​អាយុ​កាល​៤​ឆ្នាំ​នេះ។​

ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ ខណៈ​ដែល​សហគមន៍​អន្តរជាតិ ​រួមមាន​អង្គការ​សហ​ប្រជាជាតិ​ ​សហ​រដ្ឋ​អាមេរិក​ និង​សភា​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ និង​កែ​សម្រួល​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឬ​ក៏ស្នើ​ឲ្យ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល​តែ​ម្តង​ ​ដោយ​សារ​តែវារឹត​ត្បិត​សិទ្ធិ​សេរីភាព៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG