ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានឱ្យដឹងថា ការផ្លាស់ទីដោយបង្ខំនៅជុំវិញពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់មួយក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំមុន ដោយសារតែជម្លោះ ការធ្វើទុក្ខបុកម្នេញ ការរំលោភសិទ្ធិមនុស្ស វិបត្តិអាកាសធាតុ និងព្រឹត្តិការណ៍គួរឱ្យបារម្ភដទៃទៀត។
នៅក្នុងរបាយការណ៍ Global Trends Report ឆ្នាំ ២០២៤ ទីភ្នាក់ងារ UNHCR បានឱ្យដឹងថា មនុស្ស ១១៧,៣ លាននាក់ត្រូវបានបង្ខំឱ្យផ្លាស់ទីនៅជុំវិញពិភពលោកនៅត្រឹមចុងឆ្នាំ ២០២៣។ មនុស្សប្រមាណ ៦៨ លាននាក់ទៀតត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះរបស់ពួកគេដោយសារជម្លោះ ហើយនៅបន្តភៀសខ្លួននៅក្នុងប្រទេសរបស់ខ្លួន។ មនុស្ស ៣១ លាននាក់ផ្សេងទៀតគឺជាជនភៀសខ្លួន ខណៈរាប់សិបលាននាក់ទៀតគឺជាជនសុំសិទ្ធិជ្រកកោន ជនមាតុភូមិនិវត្តន៍ ឬជនដែលគ្មានប្រទេសច្បាស់លាស់។
របាយការណ៍នេះដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែមិថុនាកន្លងទៅនេះ បានបង្ហាញថា ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យផ្លាស់ទីនៅបន្តកើនឡើងនៅឆ្នាំនេះ ដោយតួលេខបច្ចុប្បន្នមានចំនួន ១២០ លាននាក់។
ប្រធានទីភ្នាក់ងារ UNHCR លោក Filippo Grandi បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសកាលពីថ្ងៃទី ១០ ខែមិថុនានៅមុនការចេញផ្សាយរបាយការណ៍នេះថា៖ «គួរឱ្យសោកស្តាយ នេះគឺជាឆ្នាំទី ១២ ជាប់ៗគ្នាដែលតួលេខនេះបានកើនឡើង។ ជម្លោះនៅតែជាមូលហេតុធំនៃការផ្លាស់ទីនេះ»។
លោក Grandi បានបន្ថែមថា ទីភ្នាក់ងារ UNHCR «បានប្រកាសស្ថានភាពអាសន្ន ៤៣ ដង ក្នុងប្រទេសចំនួន ២៩» ក្នុងឆ្នាំ ២០២៣។ តួលេខនេះនៅមុន ២ ទៅ ៣ ឆ្នាំមុន ធ្លាប់ជាមធ្យមត្រឹមតែ ៨ ដងឬច្រើនបំផុត ១០ ដងប៉ុណ្ណោះក្នុងមួយឆ្នាំ»។
លោក Grandi បានសម្តែងការសោកស្តាយអំពីការផ្លាស់ប្តូររបៀបធ្វើសង្គ្រាម ដោយលោកបានកត់សម្គាល់ថា ភាគីសង្គ្រាមស្ទើរតែគ្រប់កន្លែងនៅពេលសព្វថ្ងៃនេះ «មិនគោរពច្បាប់សង្គ្រាម ច្បាប់មនុស្សធម៌អន្តរជាតិ ហើយជាញឹកញាប់មានគោលបំណងជាក់លាក់ក្នុងការប្រព្រឹត្តិអំពើភេរវកម្មលើមនុស្សនិងបង្កការភ័យខ្លាចដល់មនុស្ស»។
លោកបានថ្លែងថា៖ «នេះហើយជាមូលហេតុខ្លាំងបំផុតដែលជំរុញឱ្យមានការផ្លាស់ទីកាន់តែច្រើនជាងពេលណាៗទាំងអស់»។
របាយការណ៍នេះបានលើកឡើងអំពីជម្លោះនៅក្នុងប្រទេសស៊ូដង់ថាជាកត្តាសំខាន់ដែលជំរុញឱ្យមានការកើនឡើងនៃការផ្លាស់ទីដោយបង្ខំនាពេលបច្ចុប្បន្ននេះ។ នៅត្រឹមចុងឆ្នាំ ២០២៣ ពលរដ្ឋស៊ូដង់សរុប ១០,៨ លាននាក់ត្រូវបានផ្លាស់ទីចេញពីផ្ទះរបស់ពួកគេ គឺកើនឡើង ៣ ដងពីចំនួនមុនពេលសង្គ្រាមបានចាប់ផ្តើមកាលពីខែមេសាឆ្នាំនោះ។ ពលរដ្ឋស៊ូដង់ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងប្រមាណ ៩,១ លាននាក់គឺបានផ្លាស់ទីនៅក្នុងប្រទេស ចំណែកឯពលរដ្ឋស៊ូដង់ ១,៧ លាននាក់ទៀតគឺជាជនភៀសខ្លួន។
វិបត្តិផ្សេងទៀតដែលបានបង្កមានការកើនឡើងនៃការផ្លាស់ទីដោយបង្ខំថ្មីៗគឺជម្លោះនៅតំបន់ហ្កាហ្សា (Gaza) មីយ៉ាន់ម៉ា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ទីភ្នាក់ងារជំនួយនិងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់មជ្ឈិមបូព៌ា (UNRWA) បានប៉ាន់ប្រមាណថាមនុស្សរហូតដល់ ១,៧ លាននាក់ឬជាង ៧៥% នៃពលរដ្ឋសរុបត្រូវបានផ្លាស់ទីនៅក្នុងតំបន់ហ្កាហ្សា ដោយអ្នកខ្លះត្រូវបានបង្ខំឱ្យផ្លាស់ទីជាច្រើនដង»។
របាយការណ៍នេះបានឱ្យដឹងថា មនុស្សជាង ១,៣ លាននាក់ត្រូវបានបង្ខំឱ្យផ្លាស់ទីនៅក្នុងមីយ៉ាន់ម៉ានៅឆ្នាំ ២០២៣ «ដោយសារការរីករាលដាលនៃអំពើហិង្សាក្រោយពួកយោធាបានចូលកាន់អំណាចកាលពីខែកុម្ភៈឆ្នាំ ២០២១» និងថា ការលេចឡើងជាថ្មីនៃការប្រយុទ្ធគ្នានៅភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបានធ្វើឱ្យមនុស្ស ៣,៨ លាននាក់ត្រូវបង្ខំចាកចេញពីផ្ទះសម្បែង ដែលពួកគេទាំងនោះ «គឺជាជនផ្លាស់ទីថ្មីៗនៅក្នុងប្រទេស» នៅក្នុងអំឡុងឆ្នាំនោះ។
របាយការណ៍របស់អង្គការសហប្រជាជាតិនេះក៏បានលើកឡើងផងដែរអំពីអ្វីដែលរបាយការណ៍នេះហៅថាជាជម្លោះគ្មានទីបញ្ចប់ដែលនៅបន្តធ្វើឱ្យមនុស្សផ្លាស់ទីនៅក្នុងប្រទេសមួយចំនួនដូចជាអាហ្វហ្គានីស្ថាន ស៊ីរី យេម៉ែន សូម៉ាលី វេណេស៊ុយអេឡា និងនីការ៉ាហ្គាជាដើម៕
ប្រែសម្រួលដោយអ្នកនាង ស្រេង លក្ខិណា
វេទិកាបញ្ចេញមតិ