ជនភៀសខ្លួនដែលគេចចេញពីសង្គ្រាមអូសបន្លាយនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងកំពុងស្វែងរកទីជម្រកនៅក្នុងប្រទេសឥណ្ឌាដែលជាប្រទេសជិតខាងបានប្រាប់ VOA ថា ពួកគេភ័យខ្លាចថាអាចត្រូវគេចាប់ខ្លួននិងបញ្ជូនដោយបង្ខំត្រឡប់ទៅមីយ៉ាន់ម៉ាវិញ បន្ទាប់ពីរដ្ឋបាលរដ្ឋ Manipur នៃប្រទេសឥណ្ឌាបានចេញវិធានការកាលពីពេលថ្មីៗនេះក្នុងការចាប់ផ្តើមបញ្ជូនពួកគេត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
កាលពីថ្ងៃទី ២ ខែឧសភា អភិបាលរដ្ឋ Manipur លោក Nongthombam Biren Singh បានប្រកាសអំពីការបញ្ជូន «ជនអន្តោប្រវេសន៍ខុសច្បាប់» ចំនួន ៧៧ នាក់ ត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញនៅលើបណ្តាញសង្គមអនឡាញរបស់លោក ដោយលោកបានហៅការបញ្ជូនត្រឡប់ទៅវិញនេះថាជា «ដំណាក់កាលទីមួយ»។
លោក Biren Singh បានបញ្ជាក់នៅលើបណ្ដាញសង្គមអនឡាញម្ដងទៀតកាលពីថ្ងៃទី ៨ ខែឧសភាថា ដំណើរការនៃការបញ្ជូនត្រឡប់ទៅវិញនូវ «ជនអន្តោប្រវេសន៍ខុសច្បាប់» ប្រហែល ៥.៤០០ នាក់បន្ថែមទៀត «កំពុងធ្វើឡើង»។
ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCH) បានបញ្ជាក់ថា ជនភៀសខ្លួនជិត ៦០.០០០ នាក់ បានរត់គេចទៅកាន់ប្រទេសឥណ្ឌា តាំងពីពេលដែលយោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនិងបានដណ្ដើមអំណាចនៅឆ្នាំ ២០២១ មក។ រដ្ឋប្រហារនេះបានបណ្ដាលឱ្យមានសង្គ្រាមស៊ីវិលដែលបានផ្តាច់ផ្តិលជីវិតមនុស្សអស់រាប់ពាន់នាក់។
ជនភៀសខ្លួនទាំងនេះបានជ្រកកោននៅទូទាំងខេត្តចំនួន ៣ នៅភាគខាងកើតបំផុតនៃប្រទេសឥណ្ឌាជាប់នឹងព្រំដែនជាមួយនឹងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែអាជ្ញាធរនៅក្នុងរដ្ឋ Manipur បានចាត់វិធានការដ៏ខ្លាំងក្លាបំផុតដើម្បីបញ្ជូនពួកគេត្រឡប់ទៅវិញ។ មន្ត្រីនៅទីនោះបានបន្ទោសជនភៀសខ្លួនទាំងនោះថាបានជំរុញបន្ថែមនូវសន្ទុះនៃការប៉ះទង្គិចគ្នាដ៏ប្រល័យនៅក្នុងរដ្ឋនេះក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។
ឥណ្ឌាមិនទទួលស្គាល់ជនភៀសខ្លួនជាផ្លូវការទេ ហើយក៏មិនបានចុះហត្ថលេខាលើអនុសញ្ញាស្ដីពីជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិដែរ។
ជនភៀសខ្លួននៅក្នុងរដ្ឋ Manipur បាននិយាយថា ការបញ្ជូនជនភៀសខ្លួនត្រឡប់ទៅវិញកាលពីពេលថ្មីៗនេះបានធ្វើឱ្យពួកគេជ្រួលច្រាល់ក្នុងចិត្ត។ ជនភៀសខ្លួនខ្លះបានចាប់ផ្តើមផ្លាស់ទីទៅកន្លែងថ្មីដើម្បីគេចចេញពីការបញ្ជូនចេញ។
លោក Seithang Haokip ដែលជាជនភៀសខ្លួនមីយ៉ាន់ម៉ា បានប្រាប់ VOA តាមទូរស័ព្ទពីកន្លែងលាក់ខ្លួនដែលស្ថិតនៅចម្ងាយពីរបីគីឡូម៉ែត្រពីព្រំដែនថា៖ «នេះជារឿងដែលយើងខ្លាចបំផុត។ ហេតុនេះហើយបានជាយើងផ្លាស់ទីទៅកាន់ភូមិមួយទៀតនៅព្រំដែន ពីព្រោះយើងខ្លាចរដ្ឋបាលរដ្ឋ Manipur»។
លោក Seithang Haokip បានបញ្ជាក់ថា លោកបានឆ្លងព្រំដែនចូលក្នុងប្រទេសឥណ្ឌាដោយខុសច្បាប់កាលពី ២ ឆ្នាំ មុនពីរដ្ឋ Chin នៃប្រទេសមីយ៉ាន់ម៉ា។ កាលនៅមីយ៉ាន់ម៉ា លោកបានចូលរួមនៅក្នុងចលនាមិនស្តាប់បង្គាប់អាជ្ញាធរនៅទូទាំងប្រទេស ហើយបានជួយដឹកនាំកូដកម្មក្នុងមូលដ្ឋានប្រឆាំងនឹងរបបយោធា។
ក្រុមអ្នកស៊ើបអង្កេតអង្គការសហប្រជាជាតិបានចោទប្រកាន់របបយោធាមីយ៉ាន់ម៉ាថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលក្នុងនោះរួមមានទាំងការចាប់រំលោភការធ្វើទារុណកម្ម និងការសម្លាប់ទាំងជនស៊ីវិលនិងយុទ្ធជនក្រុមឧទ្ទាមនៅក្នុងមន្ទីរឃុំឃាំងផងដែរ។
ក្រុមអ្នកស៊ើបអង្កេតនេះបាននិយាយថា ការវាយប្រហារតាមអាកាសនិងដោយកាំភ្លើងធំមិនរើសមុខលើការតស៊ូប្រឆាំងនេះបានបំផ្លាញភូមិនានាទាំងស្រុង។ មនុស្សប្រហែល ២ លាន ៥ សែននាក់ បានផ្លាស់ទីដោយបង្ខំនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយសារការប្រយុទ្ធគ្នា។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
កាលពីខែមេសា របបយោធាមីយ៉ាន់ម៉ាក៏បានចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់កេណ្ឌទាហានដែលមានអាយុកាលរាប់ឆ្នាំមកហើយផងដែរ ដោយតម្រូវឱ្យបុរសទាំងអស់ដែលមានអាយុពី ១៨ ទៅ ៣៥ ឆ្នាំ ចូលបម្រើកងទ័ពយ៉ាងតិច ២ ឆ្នាំ ហើយហាមឃាត់បុរសទាំងអស់ដែលមានអាយុជាប់កាតព្វកិច្ចយោធានេះមិនឱ្យចាកចេញពីប្រទេស។
លោក Salai Dokhar អាយុ ៣១ ឆ្នាំ ដែលជាជនភៀសខ្លួនម្នាក់ទៀត បាននិយាយថា លោកអាចត្រូវគេបង្ខំឱ្យប្រយុទ្ធឱ្យពួកយោធាដែលលោកស្អប់ខ្ពើម និងអាចត្រូវគេបញ្ជាឱ្យសម្លាប់ជនរួមជាតិរបស់លោក ប្រសិនបើលោកត្រូវបានគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
ទោះបីជាមានសុវត្ថិភាពនៅក្នុងរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌាដែលស្ថិតនៅចម្ងាយជាង ២.០០០ គីឡូម៉ែត្រពីព្រំដែនក៏ដោយ ក៏លោកបាននិយាយថា លោកមានការភ័យខ្លាចកាន់តែខ្លាំងឡើងថាអាចត្រូវបានគេចាប់ខ្លួននិងបញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
ដោយសារសង្គ្រាមស៊ីវិលនៅមីយ៉ាន់ម៉ានៅតែមានសភាពខ្លាំងក្លា អង្គការសិទ្ធិមនុស្ស Human Rights Watch បានបញ្ជាក់ថា អាជ្ញាធរឥណ្ឌាគួរតែអនុញ្ញាតឱ្យជនភៀសខ្លួនបន្តស្នាក់នៅរហូតទាល់តែដល់ពេលដែលពួកគេមានអារម្មណ៍ថាពួកគេអាចវិលត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញដោយខ្លួនឯង។
អ្នកស្រី Meenakshi Ganguly អនុប្រធានប្រចាំតំបន់អាស៊ីនៃអង្គការ Human Rights Watch បានប្រាប់ VOA ថា៖ «ស្ថានភាពគឺគ្រោះថ្នាក់បំផុតសម្រាប់ជនស៊ីវិលនៅក្នុងផ្នែកជាច្រើននៃប្រទេសមីយ៉ាន់ម៉ា ដែលជម្លោះប្រដាប់អាវុធកំពុងបន្តកើតឡើង។ ជនស៊ីវិលជាច្រើនត្រូវបានបង្ខំឱ្យរត់គេចដើម្បីស្វែងរកសុវត្ថិភាពនៅក្នុងប្រទេសឥណ្ឌា»។
អ្នកស្រីបានបន្ថែមថា៖ «អាជ្ញាធរឥណ្ឌាគួរតែការពារសិទ្ធិរបស់ពួកគេ។ ទោះបីជាឥណ្ឌាមិនបានចុះហត្ថលេខាលើអនុសញ្ញាជនភៀសខ្លួនក៏ដោយ ក៏ឥណ្ឌានៅមានកាតព្វកិច្ចក្នុងការមិនបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញដែរ នៅពេលដែលមានហានិភ័យខ្លាំងក្លាចំពោះអាយុជីវិតនិងសេរីភាព [របស់ពួកគេ] បែបនេះ»។
ជនភៀសខ្លួនបាននិយាយថា ពួកគេជឿថា អាជ្ញាធរនៅក្នុងរដ្ឋ Manipur នៅពេលបច្ចុប្បន្ននេះកំពុងឃុំខ្លួនមនុស្សជាង ១០០ នាក់ មកពីមីយ៉ាន់ម៉ានៅក្នុងមណ្ឌលឃុំឃាំង ហើយពួកគេភ័យខ្លាចថានៅថ្ងៃណាមួយពួកគេអាចនឹងត្រូវគេបញ្ជូនត្រឡប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។
រដ្ឋបាលនិងអភិបាលរដ្ឋ Manipur មិនបានឆ្លើយតបចំពោះសំណើរបស់ VOA ដែលសុំសម្ភាសន៍ឬសុំឱ្យបញ្ចេញមតិនោះទេ។
ជនភៀសខ្លួននិងក្រុមសិទ្ធិមនុស្សបាននិយាយថា យុទ្ធនាការរបស់រដ្ឋនោះក្នុងការបញ្ជូនជនភៀសខ្លួនចេញគឺជារឿងនយោបាយ ដែលជំរុញឡើងដោយសារការស្វះស្វែងរបស់គណបក្សកាន់អំណាច Bharatiya Janata នៅក្នុងការរកសំឡេងឆ្នោតក្នុងការបោះឆ្នោតថ្នាក់ជាតិទូទាំងប្រទេសឥណ្ឌា ដែលបានចាប់ផ្តើមកាលពីខែមេសានិងបន្តរហូតដល់ខែមិថុនាខាងមុខ។
លោក Biren Singh ដែលជាសមាជិកម្នាក់របស់គណបក្ស Bharatiya Janata ដែលជាគណបក្សជាតិនិយមហិណ្ឌូ បានបន្ទោសជនភៀសខ្លួនទាំងនោះថាបានធ្វើឱ្យមានជម្លោះសហគមន៍កើតឡើងដែលបានហែកហួររដ្ឋ Manipur តាំងពីខែឧសភា ឆ្នាំ ២០២៣ មក ដោយបានធ្វើឱ្យមានការបែកបាក់រវាងជាតិសាសន៍ភាគច្រើន Meitei ដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ និងជាតិសាសន៍ភាគតិច Kuki ដែលភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។ ជាតិសាសន៍ Kuki ក៏ជាប់សែស្រឡាយជាមួយនឹងជាតិសាសន៍ Chin នៅភាគខាងលិចប្រទេសមីយ៉ាន់ម៉ាផងដែរ ដែលជាតិសាសន៍ Chin នេះគឺជាជនភៀសខ្លួនភាគច្រើននៅក្នុងរដ្ឋ Manipur៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន