ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.៖ ជនជាតិ​ប៉ាឡេស្ទីន​ជិត ៤៥០.០០០ នាក់​ត្រូវ​បង្ខំ​គេច​ចេញ​ពី​ទី​ក្រុង Rafah


ពលរដ្ឋប៉ាឡេស្ទីន​រុះរើស​តង់​និង​ប្រមូល​សម្ភារៈ​មុនពេល​ភៀសខ្លួន​ចេញពី​ទីក្រុង​ Rafah ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។
ពលរដ្ឋប៉ាឡេស្ទីន​រុះរើស​តង់​និង​ប្រមូល​សម្ភារៈ​មុនពេល​ភៀសខ្លួន​ចេញពី​ទីក្រុង​ Rafah ក្នុង​តំបន់​ហ្កាហ្សា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។

ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ខ្លួន​បាន​ប៉ាន់​ប្រមាណ​ថា មនុស្ស​ជិត ៤៥០.០០០ នាក់​ត្រូវបាន​ផ្លាស់ទី​ដោយ​បង្ខំ​ពី​ទីក្រុង Rafah នៅ​ភាគ​ខាងត្បូង​តំបន់​ហ្កាហ្សា (Gaza) នៅក្នុង​រយៈពេល​មួយ​សប្ដាហ៍​កន្លង​មក​នេះ នៅ​ចំពេល​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​រុល​ចូល​ក្នុង​តំបន់​នោះ។

ប្រជាជន​តំបន់​ហ្កាហ្សា​ជាង​ពាក់​កណ្ដាល​បាន​ជ្រកកោន​នៅក្នុង​ទីក្រុង Rafah ដោយ​ជនជាតិ​ប៉ាឡេស្ទីន​ជាច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ក្រោយពី​គេចចេញ​ពី​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់ (Hamas) នៅ​ផ្នែក​ផ្សេងៗ​នៃ​តំបន់​ហ្កាហ្សា។

ទីភ្នាក់ងារ​ជំនួយ​និង​កិច្ចការ​អង្គការ​សហប្រជាជាតិ​សម្រាប់​ជន​ភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​តំបន់​មជ្ឈិម​បូព៌ា (UNRWA) បាន​បញ្ជាក់​ថា៖ «មនុស្ស​ប្រឈម​នឹង​ភាព​ហេវហត់ ភាព​អត់ឃ្លាន និង​ការ​ភ័យខ្លាច​ជាប់​ជានិច្ច។ បទឈប់បាញ់​ជា​បន្ទាន់​គឺជា​ក្ដី​សង្ឃឹម​តែមួយ​គត់ [ដើម្បី​ដោះស្រាយ​បញ្ហា​នេះ]»។

សហរដ្ឋ​អាមេរិក អង្គការ​សហប្រជាជាតិ និង​ភាគី​ផ្សេងទៀត​បាន​អំពាវនាវ​ឱ្យ​អ៊ីស្រាអែល​បញ្ចៀស​ការ​លុកលុយ​ពេញ​ទំហឹង​ចូល​ក្នុង​ទីក្រុង Rafah ដោយ​បាន​ព្រមាន​ថា​គ្រោះ​មហន្តរាយ​មនុស្សធម៌​អាច​កើតឡើង។ ប៉ុន្តែ ថ្នាក់ដឹកនាំ​អ៊ីស្រាអែល​បាន​និយាយ​ថា ទីក្រុង Rafah គឺជា​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ចុងក្រោយ​បង្អស់​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស់ ហើយ​ការ​លុកលុយ​ចូល​ក្នុង​ទីក្រុង​នេះ​គឺ​ចាំបាច់​ដើម្បី​សម្រេច​នូវ​គោល​បំណង​នៃ​ការ​កម្ចាត់​ក្រុម​ហាម៉ាស់​ដែល​ជា​ការ​គំរាមកំហែង​នៅក្នុង​តំបន់​ហ្កាហ្សា។

គណៈកម្មាធិការ​អន្តរជាតិ​កាកបាទ​ក្រហម (ICRC) បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការ​បើក​ដំណើរការ​នូវ​មន្ទីរពេទ្យ​កណ្ដាល​វាល​ដែល​មាន​គ្រែ​ពេទ្យ ៦០ នៅ​ក្នុង​ទីក្រុង Rafah។

ជំនួយ​មនុស្សធម៌​នៅក្នុង​តំបន់​ហ្កាហ្សា​កំពុង​ថយចុះ​បន្តិចម្ដងៗ ដោយសារតែ​ច្រក​ព្រំដែន​ចម្បង​ពីរ​នៅ​ជិត​ទីក្រុង Rafah នៅ​បិទ​នៅឡើយ​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​បុគ្គលិក​ផ្ដល់​ជំនួយ​បាន​ប្រឹងប្រែង​យ៉ាង​លំបាក​ក្នុង​ការ​ចែកចាយ​គ្រឿង​ផ្គត់ផ្គង់​និង​ស្បៀង​អាហារ​នានា​ដែល​ខ្វះខាត​ឱ្យ​ជនជាតិ​ប៉ាឡេស្ទីន​ផ្លាស់ទី​ដោយ​បង្ខំ​រាប់​សែន​នាក់។

អ្នកនាំពាក្យ​រង​អង្គការ​សហប្រជាជាតិ​លោក Farhan Haq បាន​និយាយ​ក្នុង​អំឡុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​ចន្ទ​ថា ការ​ចែកចាយ​ជំនួយ​មនុស្សធម៌​នៅក្នុង​តំបន់​ហ្កាហ្សា​ត្រូវបាន​ជាប់គាំង៕

ព័ត៌មាន​ខ្លះ​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារ​សារព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG