សហភាពអឺរ៉ុបបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធារបស់ខ្លួននៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្កាហ្សា (Gaza)។
សេចក្ដីថ្លែងការណ៍របស់ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុបលោក Josep Borrell បានកត់សម្គាល់អំពីសិទ្ធិរបស់អ៊ីស្រាអែលនៅក្នុងការការពារខ្លួន ប៉ុន្តែថាអ៊ីស្រាអែលត្រូវតែធ្វើតាមច្បាប់អន្តរជាតិនិងការពារជនស៊ីវិល។
លោក Borrell ក៏បានអំពាវនាវផងដែរឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់ដែលខ្លួនដាក់ឃុំនៅក្នុងតំបន់ហ្កាហ្សាដោយគ្មានលក្ខខណ្ឌ។
យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃពុធនេះថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារតាមអាកាសលើគោលដៅប្រហែល ៨០ កន្លែងនៅទូទាំងតំបន់ហ្កាហ្សាក្នុងអំឡុងពេលមួយថ្ងៃកន្លងមកនេះ ចំណែកឯកងទ័ពជើងគោកវិញបានប្រយុទ្ធនៅភាគខាងកើតនៃទីក្រុង Rafah។
កងទ័ពអ៊ីស្រាអែលក៏បានប្រយុទ្ធផងដែរនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ជាច្រើននៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងពេល ៤ ខែក្រោយមកបន្ទាប់ពីយោធាអ៊ីស្រាអែលបាននិយាយថាខ្លួនបានកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់នៅក្នុងតំបន់នោះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយកាលពីថ្ងៃអង្គារថា លោកមានក្ដី «រន្ធត់» ចំពោះសកម្មភាពកាន់តែកើនឡើងរបស់កងទ័ពអ៊ីស្រាអែលនៅក្នុងនិងជុំវិញទីក្រុង Rafah ខណៈពេលដែលជនជាតិប៉ាឡេស្ទីនជិត ៤៥០.០០០ នាក់បានផ្លាស់ទីដោយបង្ខំចេញពីតំបន់នោះនៅក្នុងពេលមួយសប្ដាហ៍កន្លងមកនេះ។
នៅក្នុងរយៈពេលមួយសប្ដាហ៍កន្លងមក យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារដោយគ្រាប់ផ្លោងនិងប្រតិបត្តិការផ្សេងទៀតនៅក្នុងទីក្រុង Rafah ហើយស្របពេលនោះដែរបញ្ជាឱ្យប្រជាជនជម្លៀសចេញពីផ្នែកនានានៃទីក្រុងនេះ។ អ៊ីស្រាអែលថាខ្លួនកំពុងធ្វើប្រតិបត្តិការមានកម្រិតដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាស់នៅតាមបណ្ដោយព្រំដែនរបស់តំបន់ហ្កាហ្សាជាប់នឹងប្រទេសអេហ្ស៊ីប៕
អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Margaret Besheer រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។
វេទិកាបញ្ចេញមតិ