ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះរវាងឥណ្ឌានិងប៉ាគីស្ថានបណ្តាលឲ្យឧស្សាហកម្មផ្លែឈើនៅតំបន់ Kashmir​ ខាត​បង់​យ៉ាង​ខ្លាំង


រូបឯកសារ៖ បុរសរស់នៅតំបន់កាស្មៀម្នាក់លីបាវធ្យូង ខណៈពេលមានព្រិលធ្លាក់នៅក្រុង Srinagar ក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ បុរសរស់នៅតំបន់កាស្មៀម្នាក់លីបាវធ្យូង ខណៈពេលមានព្រិលធ្លាក់នៅក្រុង Srinagar ក្នុងតំបន់កាស្មៀគ្រប់គ្រងដោយឥណ្ឌា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

ខណៈ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​ស្វាគមន៍​ឆ្នាំថ្មី​ជាមួយ​នឹង​ការ​ជូនពរ​ឲ្យ​មាន​សន្តិភាព​និង​វិបុលភាព​ មនុស្ស​ជាច្រើន​ដែល​រស់​នៅ​តាម​តំបន់​មាន​ជម្លោះ​នៅ​តំបន់​អាស៊ីខាង ត្បូង​គិតថា​តំបន់ Kashmir កំពុង​ប្រឈម​នឹង​ឆ្នាំ​ដ៏​លំបាក​មួយ។ ភាពតានតឹង​រវាង​ប្រទេស​ឥណ្ឌា​និង​ប្រទេស​ប៉ាគីស្ថាន​ដែល​សុទ្ធ​តែ​មាន​អាវុធ​នុយក្លេអ៊ែរ​ដូចគ្នា​នោះ​ នឹង​ប៉ះពាល់​ដល់​កសិករ​ដាំ​ផ្លែឈើ​នៅក្នុង​តំបន់​យ៉ាងធ្ងន់ធ្ងរ។

ខណៈ​ផ្លែប៉ោម​ទុំ​រលួយ​ពេញ​ដើម លោក Khwaja Maqsood Qadir ដែល​ជា​ម្ចាស់​ចំការ​មាន​អារម្មណ៍​សោកសៅ​ចំពោះ​ការខាត​ទាំង​ពេលវេលា​ និង​លុយកាក់​ដែល​លោក​បាន​ចំណាយ​ទៅ​លើ​ចំការ​នេះ។ នៅ​ឆ្នាំ​នេះ​លោក​ប្រឹងប្រែង​ថែទាំ​ចំការ​យ៉ាង​ល្អ​បំផុត ដោយ​រំពឹង​ថា​នឹង​បាន​ផល​ច្រើន​ជាង​រាល់​ឆ្នាំ។ ឈ្មួញ​ទិញ​ផ្លែឈើ​ជាច្រើន​នាក់​បាន​ទាក់ទង​ម៉ៅ​ទិញ​ផ្លែឈើ​ទាំង​ចំការ​ពី​លោក​ដូច​សព្វដង។

ជាអកុសល​សម្រាប់​លោក​ ស្ថានភាព​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​បាន​ធា្លក់​ចុះ​កាន់​តែ​ដុន​ដាប​ នៅមុន​ពេល​លោក​ចុះ​កិច្ចព្រមព្រៀង​លក់​ផ្លែឈើ​ឲ្យ​ឈ្មួញ។ ពួកឈ្មួញ​បាន​ចាក ចេញ​ដោយ​សារ​ខ្លាច​ការ​បាញ់​គ្នា‍»។

លោក Khwaja Maqsood Qadir ដែល​ជា​ម្ចាស់​ចំការ​បាន​និយាយ​ថា៖ «ខ្ញុំ​ប្រាប់​ពួកគេ​ថា​ខ្ញុំ​ម៉ៅ​លក់​តម្លៃ​៧០០០ដុល្លារ។ ពួកឈ្មួញ​ដូចជា​ចាប់អារម្មណ៍​នឹង​តម្លៃ​នេះ។ ខណៈ​យើង​កំពុង​ចរចា​គ្នា​រឿង​តម្លៃ​ ការ​បាញ់​គ្នា​បាន​ចាប់ផ្តើម។ ពួកឈ្មួញ ថា​ក្នុង​ស្ថានភាព​ដូចនេះ​ ពួកគេ​មិន​អាច​បេះ​ផ្លែប៉ោម​ទាំងអស់​បាន​ទេ។ ការ​បាញ់​គ្នា​កាន់​តែខ្លាំង​ឡើង​ធ្វើ​ឲ្យ​ពួកគេ​ខ្លាច​ និង​បាន​រត់​ចេញ​ទៅ​សូម្បី​តែ​តែ​មួយពែង​ក៏​មិន​ហាន​នៅ​ផឹក​ផង»។

ការបាញ់​គ្នា​បាន​កើតឡើង​នៅ​ទូទាំង​តំបន់​ដែល​គេ​ស្គាល់​ថា​ជា​ខ្សែបន្ទាត់​ត្រួតពិនិត្យ​ព្រំដែន​រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន​នៅក្នុង​តំបន់ Kashmir បាន​ក្លាយ​ជា​រឿង​ធម្មតា។
កាល​ពី​ឆ្នាំមុន​ភាគី​ទាំងពីរ​បាន​បាញ់​ដាក់​គ្នា​ទៅវិញ​ទៅមក​រាប់ពាន់​ដង​ ដោយ​បាន សម្លាប់​មនុស្ស​រាប់រយ​នាក់។

ដោយសារ​តែ​មាន​ចំនួន​ពលរដ្ឋ​ច្រើន​ជាង​នៅ​ខាង​ព្រំដែន​ប៉ាគីស្ថាន​ ធ្វើ​ឲ្យ​ជនស៊ីវិល​ច្រើន​រងគ្រោះ​ថ្នាក់​នៅ​ទីនោះ​។ ពលរដ្ឋ​រាប់ពាន់នាក់​នៅក្នុង​តំបន់​នេះ​ពឹង​ផ្អែក​លើ​ប្រាក់ ចំណូល​ពី​ចំការ​ប៉ោម។ ពួកគេ​មាន​សង្ឃឹម​ច្រើន​ពី​ចំការ​ មុន​ពេល​មាន​ភាពតានតឹង។

លោក Tariq Saeed មក​ពី​នាយកដ្ឋាន​កសិកម្ម​បាន​និយាយ​ថា៖«កាល​ឆ្នាំ​មុន​រដូវ​រងារ​មាន​រយៈពេល​យូរ​ ដែល​អំណោយផល​ខ្លាំង​ដល់​ដើមប៉ោម ដូច្នេះ​ឆ្នាំ​នេះ​ទន្និផល​ផ្លែឈើ​គ្រប់មុខ​មាន​ការ​កើនឡើង។ ជា​ធម្មតា​យើង​ប្រមូលផល ផ្លែប៉ោម​បាន​ចន្លោះ​ពី២០ពាន់តោន​ទៅ២៥ពាន់តោន​ពី​តំបន់​នេះ។ ឆ្នាំ​នេះ​យើង​រំពឹង​ថា​នឹង​អាច​ប្រមូលផល​បាន​ដល់​ទៅ​ជាង៤០ពាន់តោន»។

ការ​បេះ​ផ្លែប៉ោម​និង​ការវេចខ្ចប់​ត្រូវ​ប្រើ​ពេល​រាប់​ខែ។ គេត្រូវ​ការ​ពេល​ជា​ច្រើន​ខែ​ដើម្បី​បេះ​ផ្លែប៉ោម​ដែល​ទុំ​មុន​ក្រោយ​គ្នា។ ហើយ​ត្រូវការ​មួយ​ខែ​ទៀត​ដើម្បី​វេចខ្ចប់​ដាក់​ក្នុង​ប្រអប់​ និង​មួយ​ខែ​ទៀត​ដើម្បី​ដឹក​វា​ទៅ​លក់​នៅ​តាម​ផ្សារ​បោះ​ដុំ។ ការងារ​ទាំងអស់​នេះ​មិន​អាច​ធ្វើ​បាន​ក្នុង​ស្ថានភាព​បាញ់​គ្នា​ជា​ប្រចាំ​ដូច្នេះ​ទេ។

ទោះបី​ជា​ម្ចាស់​ចំការ​ខ្លះ​អាច​បេះ​ផ្លែប៉ោម​នៅ​រដូវ​នេះ​ក៏ដោយ​ ក៏ពួកគេ​នៅតែ​ខាតបង់​នៅ​ពេល​លក់​ចេញ។ លោក Zakir Naqvi ជា​អ្នកស្រុក​រស់នៅ​ក្នុង​តំបន់​បាន​និយាយ​ថា៖ «ខណៈ​ពួកឈ្មួញ​ដឹក​ផ្លែប៉ោម​ពី​ចំការ​នៅ​តាម​ផ្លូវ​ពេលយប់​ ភាគី​ឥណ្ឌា​បាន​ចាប់ផ្តើម បាញ់។ ពួកឈ្មួញ​បាន​ចាក់​ចោល​ផ្លែប៉ោម​ទាំងអស់​នៅ​លើ​ថ្នល់​ និង​បាន​រត់​ទៅ​ពួន​នៅ​ក្រោម​ស្ពាន‍»។

តំបន់​នេះ​ល្បី​ខាង​ផ្លែឈើ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ ដោយសារ​តែ​មិន​អាច​បេះ​ផ្លែប៉ោម​បាន សូម្បី​តែ​ទីផ្សារ​ក្នុង​តំបន់​ក៏​នាំចូល​ផ្លែឈើ​គ្រប់មុខ​ពី​ខាងក្រៅ​ដែរ៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG