ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​សម្រេច​លើ​ការ​តែងតាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Barrett ឈាន​ដល់​ថ្ងៃ​បញ្ចប់


បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett ផ្តល់​សក្ខីកម្ម​ក្នុង​ថ្ងៃ​ទី​៣​នៃ​​សវនាការ​នៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២០ ​ដើម្បី​សម្រេច​ពី​បេក្ខភាព​របស់​អ្នកស្រី។
បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett ផ្តល់​សក្ខីកម្ម​ក្នុង​ថ្ងៃ​ទី​៣​នៃ​​សវនាការ​នៅ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​កាល​​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២០ ​ដើម្បី​សម្រេច​ពី​បេក្ខភាព​របស់​អ្នកស្រី។

សមាជិក​នៃ​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក គ្រោង​បើក​សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ដើម្បី​ស្ដាប់​សក្ខីកម្ម​ពី​សាក្សី ដែល​គាំទ្រ​និង​ប្រឆាំង​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Amy Coney Barrett ដែល​លោក​ប្រធានាធិបតី Donald Trump បាន​តែងតាំង នៅ​ពេល​ដែល​គណៈកម្មាធិការ​នេះ​បញ្ចប់​សវនាការ​សម្រេច​លើ​បេក្ខភាព​របស់​អ្នកស្រី។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រើ​ក្បួន​ច្បាប់​របស់​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ពន្យារពេល​មួយ​សប្ដាហ៍​លើ​ការ​បោះឆ្នោត​សម្រេច​ចុងក្រោយ​លើ​ការ​តែងតាំង​អ្នកស្រី Barrett ទៅ​ថ្ងៃ​ទី ២២ ខែ​តុលា​ខាង​មុខ។ ការ​បោះឆ្នោត​ពេញអង្គ​របស់​ព្រឹទ្ធសភា​អំពី​រឿង​នេះ​អាច​ធ្វើ​ឡើង​នៅ​ត្រឹម​ចុង​ខែ​នេះ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចោទ​សួរ​លើ​អ្នកស្រី Barrett ម្ដង​ទៀត​អំពី​ករណី​ធានា​រ៉ាប់រង​សុខភាព​ជាតិ​ដែល​តុលាការ​កំពូល​នឹង​ដោះស្រាយ​នៅ​ពេល​ឆាប់ៗ​នេះ។

អ្នកស្រី Barrett បាន​បញ្ជាក់​ឡើង​វិញ​ថា អ្នកស្រី​មិន​មាន​គំនិត​ថា​នឹង​ត្រូវតែ​ប្រឆាំង​នឹង​ច្បាប់​ធានា​រ៉ាប់រង​សុខភាព​ក្នុង​សម័យ​រដ្ឋបាល​លោក​ប្រធានាធិបតី Barack Obama ដែល​ប្រឈម​នឹង​ការ​ប្តឹង​ផ្តល់​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​ទី១០ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ។

នៅ​ក្នុង​សវនការ​ចោទសួរ​កន្លង​មក អ្នកស្រី Barrett បាន​និយាយ​ថា អ្នកស្រី​នឹង​មិន​បណ្ដោយ​ឲ្យ​ទស្សន:​ផ្ទាល់​ខ្លួន និង​ជំនឿ​សាសនា​របស់​អ្នកស្រី កំណត់​អំពី​វិធី​ដែល​អ្នកស្រី​នឹង​សម្រេច​លើ​រឿង​ក្ដី​ណា​មួយ​នោះ​ទេ៕

XS
SM
MD
LG