ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី Barrett បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​រឿង​ក្ដី​សំខាន់ៗ​របស់​តុលាការ​កំពូល


បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អ្នកស្រី Judge Amy Coney ថ្លែង​ក្នុង​អំឡុងពេល​នៃ​សវនាការ​តែងតាំង​នៅ​ថ្ងៃ​ទី​២ របស់​អ្នកស្រី​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ព្រឹទ្ធសភា នៅ​វិមាន​រដ្ឋសភា។

បេក្ខជន​ចៅក្រម​តុលាការ​កំពូល​សហរដ្ឋអាមេរិក​អ្នកស្រី Amy Coney Barrett កាល​ពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយ​ចំនួន​របស់​សមាជិក​ព្រឹទ្ធសភា​ទាក់ទិន​នឹង​វិធី​ដែល​អ្នកស្រី​សម្រេច​លើ​ជម្លោះ​ផ្លូវ​ច្បាប់​នានា ដែល​អ្នកស្រី​អាច​នឹង​ជួប​ប្រទះ ប្រសិនបើ​អ្នកស្រី​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​ឲ្យ​កាន់​តំណែង​ចៅក្រម​តុលាការ​កំពូល​នេះ។

ប៉ុន្តែ​អ្នកស្រី Barrett បាន​និយាយ​ថា អ្នកស្រី​នឹង​មិន​បណ្ដោយ​ឲ្យ​ទស្សន:​ផ្ទាល់​ខ្លួន និង​ជំនឿ​សាសនា​របស់​អ្នកស្រី កំណត់​អំពី​វិធី​ដែល​អ្នកស្រី​នឹង​សម្រេច​លើ​រឿង​ក្ដី​ណា​មួយ​នោះ​ទេ។

«ខ្ញុំ​គ្មាន​របៀបវារ:​ទេ។ ខ្ញុំ​នឹង​ធ្វើ​តាម​ច្បាប់»។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកស្រី Barrett នៅ​ក្នុង​អំឡុង​ពេល​ដែល​គណ:កម្មាធិការ​តុលាការ​របស់​ព្រឹទ្ធសភា​បើក​សវនាការ​ចោទ​សួរ​នៅ​ថ្ងៃ​ទី ២ លើ​បេក្ខភាព​របស់​អ្នកស្រី​ដែល​តែងតាំង​ដោយ​លោក​ប្រធានាធិបតី Donald Trump។

តប​ទៅ​នឹង​សំណួរ​របស់​សមាជិក​ព្រឹទ្ធសភា ២ រូប ខាង​គណបក្ស​សាធារណរដ្ឋ គឺ​លោក Lindsey Graham និង​លោក Chuck Grassley និង​សមាជិក​ព្រឹទ្ធសភា ២ រូប​ទៀត​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​អ្នកស្រី Dianne Feinstein និង​លោក Patrick Leahy អ្នកស្រី Barrett បាន​បដិសេធ​មិន​ឆ្លើយ​អំពី​វិធី​ដែល​អ្នកស្រី​អាច​សម្រេច​ទាក់ទិន​នឹង​ការ​សម្រេច​របស់​តុលាការ​កំពូល​ឆ្នាំ ១៩៧៣ ដែល​ចាត់ទុក​ការ​រំលូត​កូន​ថា​ជា​រឿង​ស្រប​ច្បាប់ សិទ្ធិ​កាន់កាប់​កាំភ្លើង​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាតិ​ស្ដីពី​ការ​ធានា​រ៉ាប់រង​សុខភាព។

អ្នកស្រី​ក៏​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ផង​ដែរ ថា​តើ​អ្នកស្រី​នឹង​ដក​ខ្លួន​ចេញ​ពី​ការ​សម្រេច​លើ​ជម្លោះ​ផ្លូវ​ច្បាប់​ណា​មួយ​ដែល​អាច​កើត​ចេញ​ពី​ការ​បោះឆ្នោត​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ឬ​ក៏​អត់ ក្នុង​ករណី​ដែល​អ្នកស្រី​ត្រូវ​ព្រឹទ្ធសភា​អនុម័ត​ឲ្យ​កាន់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​នេះ​ភ្លាមៗ។

ប្រសិនបើ​ត្រូវ​បាន​ព្រឹទ្ធសភា​អនុម័ត​លើ​ការ​តែងតាំង​នេះ អ្នកស្រី Barrett នឹង​ត្រូវ​ជំនួស​តំណែង​អ្នកស្រី​ចៅក្រម Ruth Bader Ginsburg ដែល​បាន​ស្លាប់​កាល​ពី​ខែ​មុន​ក្នុង​អាយុ ៨៧ ឆ្នាំ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG