ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump តែងតាំង​អ្នកស្រី Barrett ជា​ចៅក្រម​តុលាការ​កំពូល


ចៅក្រម Amy Coney Barrett ថ្លែង​សុន្ទរកថា បន្ទាប់​ពី​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាស​អំពី​បេក្ខភាព​របស់​អ្នកស្រី​សម្រាប់​តំណែង​ជា​ចៅក្រម​តុលាការ​កំពូល​ នៅ​សេតវិមាន ថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កាល​ពី​ថ្ងៃ​សៅរ៍​បាន​តែងតាំង​ចៅក្រម​អភិរក្ស​និយម​អ្នកស្រី Amy Coney Barrett ជា​ចៅក្រម​តុលាការ​កំពូល ដើម្បី​ជំនួស​តំណែង​របស់​ចៅក្រម​សេរី​និយម​អ្នកស្រី Ruth Bader Ginsburg ដែល​បាន​ស្លាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។

ការ​តែងតាំង​នេះ​អាច​ធ្វើ​ឲ្យ​លោក Trump មាន​ឱកាស​ធ្វើ​ឲ្យ​តុលាការ​កំពូល​មាន​ចៅក្រម​អភិរក្ស​និយម​ច្រើន​ជាង​ចៅក្រម​សេរី​និយម នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ។

លោក Trump បាន​ពណ៌នា​អំពី​អ្នកស្រី Barrett ថា​ជា «មនុស្ស​ម្នាក់​ដែល​មាន​គំនិត​ផ្នែក​ច្បាប់​ពោរពេញ​ដោយ​ទេពកោសល្យ​អស្ចារ្យ​ពី​ធម្មជាតិ» នៅ​ពេល​ដែល​លោក​ប្រកាស​អំពី​ការ​តែងតាំង​អ្នកស្រី​នៅ​សួន​ផ្កា​កុលាប​នៃ​សេតវិមាន។

លោក Trump បាន​បញ្ជាក់​ថា លោក​ជឿ​ថា ការ​អនុម័ត​របស់​ព្រឹទ្ធសភា​លើ​ការ​តែងតាំង​នេះ គួរតែ «ធ្វើ​ឡើង​ដោយ​គ្មាន​ភាព​ស្មុគស្មាញ និង​ជា​បន្ទាន់»។ លោក​បាន​ជំរុញ​សមាជិក​សភា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កុំ​ឲ្យ​វាយ​ប្រហារ​ជា​លក្ខណៈ​បុគ្គល និង​បែប​ប្រកាន់​បក្ស​ពួក​លើ​អ្នកស្រី Barrett។

លោក Trump បាន​បន្ថែម​ថា គណបក្ស​ប្រជាធិបតេយ្យ​នឹង​ប្រាកដ​ជា «លំបាក​ខ្លាំង» នៅ​ក្នុង​ការ​ច្រានចោល​បេក្ខភាព​ជា​ចៅក្រម​តុលាការ​កំពូល​របស់​អ្នកស្រី Barrett ដោយសារតែ​លក្ខណៈ​សម្បត្តិ​របស់​អ្នកស្រី។

ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា ភាគច្រើន​នៃ​ពលរដ្ឋ​អាមេរិកាំង ក៏ដូចជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ផង​ដែរ ចង់​ឲ្យ​ប្រធានាធិបតី​នៅ​អាណត្តិ​បន្ទាប់​ជា​អ្នក​តែងតាំង​ចៅក្រម​តុលាការ​កំពូល​នេះ។

នៅ​ពេល​ដែល VOA សួរ​អំពី​ចំណុច​នេះ លោក Trump បាន​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​គិត​ថា ពួកគេ​ស្គាល់​អ្នកស្រី Barrett នោះ​ទេ» និង​បាន​ទស្សន៍ទាយ​ថា៖ «ខ្ញុំ​គិត​ថា ការ​តែងតាំង​នេះ​នឹង​ជោគជ័យ​មុន​ការ​បោះឆ្នោត​មក​ដល់»។

ប្រសិនបើ​ការ​តែងតាំង​នេះ​ទទួល​បាន​ជោគជ័យ នោះ​អ្នកស្រី Barrett អាយុ ៤៨ ឆ្នាំ ដែល​មាន​កូន ៧ នាក់ នឹង​ក្លាយ​ជា​ចៅក្រម​តុលាការ​កំពូល​ជា​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​មាន​កូន​តូច​នៅ​សិក្សា​កម្រិត​មុន​ឧត្តមសិក្សានៅ​ឡើយ និង​ជា​ចៅក្រម​ក្មេង​ជាង​គេ​បំផុត​ក្នុង​ចំណោម​ចៅក្រម​ទាំង ៩ រូប​នៃ​តុលាការ​កំពូល៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG