ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សាធារណរដ្ឋ​ចង់​ផ្អាក​ការងារ​ព្រឹទ្ធសភា តែ​មិន​ផ្អាក​សវនាការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល


អ្នកស្រី Amy Coney Barrett បេក្ខជន​ចៅក្រម​តុលាការ​កំពូល​ ដែល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Donald Trump បាន​តែងតាំង វិមាន​រដ្ឋសភា រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០។

សមាជិក​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​ចង់​ផ្អាក​ការងារ​ផ្នែក​ច្បាប់​របស់​ព្រឹទ្ធសភា​រហូត​ដល់​ថ្ងៃ​ទី ១៩ ខែ​តុលា ខាង​មុខ​នេះ ស្របពេល​ដែល​ជំងឺ​កូវីដ១៩ ឆ្លង​ដល់​សមាជិក​ព្រឹទ្ធសភា។

លោក Mitch McConnell មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​ថា សវនាការ​តែងតាំង​ចៅក្រម​តុលាការ​កំពូល​សម្រាប់​អ្នកស្រី Amy Coney Barrett នឹង​នៅតែ​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ច័ន្ទ ទី១២ ខែ​តុលា ខាង​មុខ​នេះ តាម​ការ​គ្រោង​ទុក​ដដែល ទោះបីជា​គណបក្ស​ប្រជាធិបតេយ្យ​យល់ព្រម​ផ្អាក​ការ​ប្រជុំ​ជា​ប្រចាំ​របស់​ព្រឹទ្ធសភា​ក៏ដោយ។

ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ស្របពេល​ដែល​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump និង​តំណាងរាស្ត្រ​ខាង​គណបក្ស​សាធារណរដ្ឋ​មួយ​ចំនួន​បាន​ឆ្លង​ជំងឺ​កូវីដ១៩។

លោក McConnell បាន​បញ្ជាក់​ដូច្នេះ​ថា៖ «គម្រោង​កាលវិភាគ​ប្រជុំ​របស់​ព្រឹទ្ធសភា​នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​តែងតាំង [អ្នកស្រី Barrett] ដែល​មាន​លក្ខណៈ​ហ្មត់ចត់ យុត្តិធម៌ និង​មាន​ការ​គាំទ្រ​ជា​ប្រវត្តិសាស្ត្រ​នេះ​ទេ»។

លោក​បាន​បន្ថែម​ថា៖ «ជា​ការពិត សមាជិក​គណបក្ស​សាធារណរដ្ឋ​ទាំង​អស់​នៃ​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា នឹង​ចូលរួម​នៅ​ក្នុង​សវនាការ​ដ៏​សំខាន់​នេះ»។

លោក Lindsey Graham ប្រធាន​គណៈកម្មាធិការ​តុលាការ​នៃ​ព្រឹទ្ធសភា បាន​បញ្ជាក់​ថា សមាជិក​ព្រឹទ្ធសភា​អាច​ចូលរួម​ក្នុង​សវនាការ​នេះ​តាម​អនឡាញ។

ប៉ុន្តែ លោក Chuck Schumer មេដឹកនាំ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៃ​ព្រឹទ្ធសភា បាន​និយាយ​ថា ប្រសិនបើ​វា​គ្រោះថ្នាក់​ខ្លាំង​សម្រាប់​សមាជិក​ព្រឹទ្ធសភា​ក្នុង​ការ​ធ្វើ​ការ នោះ​វា​ក៏​គ្រោះថ្នាក់​ខ្លាំង​ក្នុង​ការ​បើក​សវនាការ​តែងតាំង​អ្នកស្រី Barrett សម្រាប់​តំណែង​ចៅក្រម​តុលាការ​កំពូល​ផង​ដែរ។

លោក Schumer បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា សមាជិក​គណបក្ស​សាធារណរដ្ឋ «ប្រឹងប្រែង​ចង់​តែងតាំង​អ្នកស្រី​ចៅក្រម Barrett គ្រប់​មធ្យោបាយ​ទាំង​អស់​ដោយ​មិន​ខ្វល់​អំពី​ការ​គំរាមកំហែង​ចំពោះ​សុខភាព និង​សុវត្ថិភាព​របស់​សមាជិក​ព្រឹទ្ធសភា បុគ្គលិក និង​អ្នក​ដែល​ធ្វើ​ការ​នៅ​វិមាន​សភា​នោះ​ទេ»៕

XS
SM
MD
LG