ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​ស្នើ​ឲ្យ​មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​កាត់​ទោស​ដាក់​ភ័ស្តុតាង​ប្តឹង​ទាស់​នៅ​សាលា​ឧទ្ធរណ៍


រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយពីលោកបានចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខេត្តកណ្តាល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និយាយជាមួយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រោយពីលោកបានចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នៅខេត្តកណ្តាល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។

បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​​បាន​កាត់​ទោស​ក្រុម​មេ​ដឹកនាំ​ និង​អតីត​មេ​ដឹកនាំ​សហជីព​៦​រូប​ឲ្យ​ជាប់​ពន្ធនាគារ​​២​ឆ្នាំ​ និង​៦​ខែ​ក្នុង​ម្នាក់ៗ​នោះ​ លោក​​ហ៊ុន សែន​ បាន​​ប្រកាស​ការពារ​មេ​ដឹក​នាំ​សហជីព​បីរូប​ ហើយ​ច្រាន​ចោល​មេ​ដឹកនាំ​សហជីព​បី​រូប​ផ្សេង​ទៀត។

ក្រោយ​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​ក្រុម​មេដឹកនាំ​សហជីព​ចំនួន​៦​នាក់​ ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​ម្នាក់ៗ​ពីរ​ឆ្នាំ​ ​និង​ប្រាំមួយ​ខែ​ពាក់ព័ន្ធ​នឹង​បាតុកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង​កាលពី​ចុង​ឆ្នាំ​២០១៣​ ​និង​ដើម​ឆ្នាំ​២០១៤​កន្លង​ទៅ​នោះ​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​នៅថ្ងៃពុធ​នេះ​ បាន​ថ្លែង​ការពារ​ភាព​ស្អាតស្អំ​របស់​មេដឹកនាំ​ ​និង​អតីត​មេដឹកនាំ​សហជីព​ចំនួន​បីនាក់​ ដែល​លោក​ជឿ​ថា​ ​គ្មាន​គោលដៅ​ខាងនយោ​បាយ​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ។​

មេដឹកនាំ​ ​និង​អតីត​មេដឹកនាំ​សហជីព​ទាំង​បី​ដែល​លោកហ៊ុន សែន​ អះអាង​ថា​ គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ មាន​លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង​លោក​ជា មុន្នី​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ។ តែ​សម្រាប់​មេដឹកនាំ​សហជីព​បីនាក់​ផ្សេង​ទៀត​នោះ​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​លោក​មិន​ទទួល​ដឹង​ឮ​នោះ​ឡើយ។​

ថ្លែង​នៅ​ក្នុង​ពិធី​ជួបជុំ​កម្មករ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​ហ៊ុន សែន​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​អាច​ហ៊ាន​អះអាង​ ដោយសារ​ខ្ញុំ​តាម​ដាន​រឿង​នេះ។​ មាន​មនុស្ស​បីនាក់​ មិន​ពាក់ព័ន្ធ​ទេៗ​ ទីមួយ​អាត់ ធន់​ ទីពីរ​ប៉ាវ ស៊ីណា​ ទីបី​ ជា មុន្នី។ ​ខ្ញុំ​មាន​ភ័ស្តុតាង​ថា បី​នាក់​នេះ​មិន​ពាក់ព័ន្ធ​ទេ»។

ទោះបី​លោក​អះអាង​ថា​ បុគ្គល​ទាំងបី​នាក់​នេះ​គ្មាន​ការ​ពាក់ព័ន្ធ​នឹង​បាតុកម្មដែល​លោក​ចាត់​ទុក​ថា​ មាន​ចរឹត​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ក្តី​ ​លោក​ហ៊ុន សែន​ បាន​ស្នើ​ឲ្យ​ក្រុម​មេដឹកនាំ​សហជីព​ទាំង​បី​នាក់​នេះត្រូវ​រក​ភ័ស្តុតាង​ផ្តល់​ឲ្យ​សាលា​ឧទ្ធរណ៍​ ដើម្បី​ឲ្យ​តុលាការ​ជាន់​ខ្ពស់​នេះ​ បញ្ជាក់​ថា ពួក​អ្នក​ទាំង​បី​នេះ​ពិត​ជា​គ្មាន​ទោស។​

«ប៉ុន្តែ​ខ្ញុំ​ស្នើ​ឲ្យ​អ្នក​ទាំង​ឡាយ​ ទាំងអាត់ ធន់ ទាំង​ជា មុន្នី​ និង​ទាំង​ប៉ាវ ស៊ីណា​ អាច​រក​នូវ​ភ័ស្តុតាង​អី ​ដើម្បី​បញ្ជាក់អំពី​ការណ៍​ដែល​មិន​ជាប់​ពាក់​ព័ន្ធ​របស់​ខ្លួន​ ប៉ុន្តែ​ក្នុង​ឋានៈ​ជា​អ្នក​គ្រប់​គ្រង​ទៅ​លើបញ្ហា​សន្តិសុខ​ជាតិ​ ហើយ​ខ្ញុំ​មិន​ចង់​ឲ្យអ្នក​ទាំង​នេះជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​នយោបាយ​មួយ​ដ៏សំាញ៉ាំ​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ផ្តួល​រំលំ។​ អ្នក​ទាំងនេះ​អត់​បាន​ចូល​ពាក់​ព័ន្ធ​តាំង​ពី​ដើម​ទីៗ។ ​ប៉ុន្តែ​អ្នក​ដទៃ​ទៀត​ ខ្ញុំ​អត់​ដឹង​ទេ»។​

លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)
លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ថ្លែង​ជាមួយ​អ្នក​កាសែត​អំពី​បរិយាកាស​ការងារ​នៅ​ក្នុង​ប្រទេសនៅ​ក្នុងពិធីជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ខែ​ឧសភា ឆ្នាំ​២០១៨​ នៅក្នុង​ទីក្រុង​ភ្នំពេញ​។ (ហ៊ុល​ រស្មី​/VOA)

លោក​ហ៊ុន សែន​ ​ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្សរ៍​មក​ហើយ​នោះ​ បាន​បញ្ចេញ​ឈ្មោះ​បុគ្គល​ពីររូប​ ដែល​លោក​ជឿ​ថា​ អាច​ជា​សាក្សី​សម្រាប់​ក្តី​របស់​មេដឹកនាំ​ និង​អតីត​មេដឹកនាំ​សហជីព​ទាំង​បី​នាក់ ដែល​មាន​លោក​កែវ រ៉េមី​ ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​លោក​សយ​ សុភាព​ អគ្គនាយក​សារ​ព័ត៌មាន​ដើម​អម្ពិល។​

ក្នុង​ព្រឹត្តិការណ៍​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​កាល​ពី​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤​នោះ​ ក្រុម​កម្មករ​បាន​ចេញ​តវ៉ា​នៅ​លើ​កំណាត់​ផ្លូវ​វេងស្រេង​ និង​តំបន់​ឧស្សាហកម្ម​ផ្សេង​ទៀត​នៅ​រាជធានី​ភ្នំពេញ។​

កងទ័ព​ពិសេស​នៃ​កង​ពល​៩១១​ ដែល​ជា​អង្គភាព​ជំនិត​របស់​លោក​ហ៊ុន សែន​ បាន​ធ្វើ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​បាតុករ​នៅ​ថ្ងៃ​ទី២​ ​ខែ​មករា ឆ្នាំ​២០១៤។

មួយ​ថ្ងៃ​ក្រោយ​មក​ គឺ​ថ្ងៃ​ទី៣​ ខែមករា ឆ្នាំ២០១៤​ មាន​មនុស្ស​បួន​នាក់​បាន​ស្លាប់​ និង​ម្នាក់​បាត់​ខ្លួន ​ហើយ​របួស​ជាច្រើន​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នោះ​ ដោយ​ក្នុង​ថ្ងៃ​នោះ​មាន​ការ​បាញ់​រះ​ពី​ក្រុម​សមត្ថ​កិច្ច​នៅ​តំបន់​សួន​ឧស្សាហកម្ម​កាត់ដេរ​ កាណាឌីយ៉ា​ ​ក្នុង​រាជធានី​ភ្នំពេញ​ ​លើ​កំណាត់​ផ្លូវ​វេង​ស្រេង​នោះ។​

មាន​ការ​ចាប់​ខ្លួន​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​២៣​នាក់​ផ្សេង​ទៀត​ក្នុង​ព្រឹត្តិ​ការណ៍​តវ៉ា​លើ​ផ្លូវ​វេងស្រេង​ និង​នៅ​ត្រង់​តំបន់​រោងចក្រ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ៤ ​មក​ផ្តន្ទាទោស​ផង​ដែរ​ តែ​ពួក​ទាំង​២៣​នាក់​នេះ​ ក្រោយ​មក​បាន​ទទួល​សេរីភាព​វិញ​ បន្ទាប់​ពី​មាន​ការ​ថ្កោល​ទោស​ជា​អន្តរជាតិ​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ធំៗ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ច្រើន​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ។ ​គណបក្ស​សង្គ្រោះ​ជាតិក៏​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ក្នុង​គ្រា​នោះ​ដែរ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេដឹកនាំ​សហជីព​មួយ​ចំនួន។​

លោក​អាត់ ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា បញ្ជាក់​ថា​ លោក​នឹង​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ។ ចំពោះ​ភ័ស្តុតាង​បន្ថែម​នោះ​ លោក​មាន​ប្រសាសន៍​ថា៖​

«ភ័ស្តុតាង​ ដែល​យើង​មាន​ពេល​នោះ​ គឺ​យើងតុលាការ​ក៏​បាន​ហៅ​យើង​សួរ​ យើង​បាន​ឆ្លើយ​នៅ​ហ្នុង​មួយ​សារ​ ហើយ​យើង​កំពុង​តែ​ពិនិត្យ​មើល​ដែរ​ ព្រោះ​វា​យូរ​ បួន​ ប្រាំ​ឆ្នាំ​ហើយ​ ដឹង​ថា​ កំណត់​ហេតុ​ប្រជុំនៅសាលា​ក្រុង​ថ្ងៃ​ហ្នុង​មាន មាន​បាន​ដាក់​យើង​ ហើយ​ខាង​នគរបាល​រាជធានី​ភ្នំពេញ​ហ្នឹង​ អ្នក​ណា​ខ្លះ​ដែល​នៅ​ហ្នឹង​ ដែល​យើង​បានប្រជុំ​ហ្នឹង​ យើង​អត់ទាន់​ដឹង​ច្បាស់​ទេ​ ប៉ុន្តែ​យើង​នឹង​ព្យាយាម​រក​ភ័ស្តុតាង​ ហើយ​ចំពោះ​លោក​សយ​ សុភាព​ ដែល​គាត់​ដឹង​រឿង​ហ្នឹង​ដែរ​ អា​ហ្នឹង​ វា​ជា​ភ័ស្តុតាង​មួយ​ដែរ»។​

រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)
រូបឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​ ថ្លែង​មក​កាន់​ក្រុមអ្នកសារព័ត៌មាន នៅឯសន្និសីទ​ទំនាក់​ទំនង​វិជ្ជាជីវៈ​នៅ​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​ ២៧​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា​/ VOA)

ចំណែក​លោក​ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ បាន​ថ្លែង​ថា៖​

​«ភ័ស្តុតាង​ហ្នឹង​វាមិន​មាន​អី​ក្រៅពី​ក្រុម​គ្រួសារ​ និង​មិត្ត​រួម​ការងារ​ទេ​ ដែល​គាត់​ដឹង​ថា​ ​ ក្នុង​អំឡុង​ពេល​នៃ​ការ​កើត​ហេតុ​ហ្នឹង​ ខ្ញុំ​នៅ​ឯ​ណា?​ ហើយ​ខ្ញុំ​ធ្វើ​អី?​ ហើយ​បន្ទាប់​មក​ មុន​កើត​ហេតុ​ហ្នឹង​ ប៉ុន្មាន​ថ្ងៃ​ហ្នឹង តើ​ខ្ញុំ​មាន​កម្មវិធី​ចូលរួម​ប្រជុំ​នៅ​ស្ថាប័ន​ណា​ខ្លះ។ អា​ហ្នឹង​យើង​មាន​ ហើយ​បើ​ថា​ ​ឲ្យ​ភ័ស្តុតាង​លើស​ពី​ហ្នឹងគឺ​អត់​មាន​ទេ ​បាទ»។

VOA​ ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ជា មុន្នី​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃ​ពុធ​នេះ។​ ​លោក​ជា មុន្នី ក៏​រង​ការ​ប្តឹង​ផ្តល់​ដោយសហជីព​មួយ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​ផង​ដែរ​ ចំពោះ​ការ​អធិប្បាយ​របស់​លោក​ជាមួយ​បណ្តាញ​ព័ត៌មាន​ទាក់​ទិន​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។

កាលពី​ថ្ងៃ​អង្គារ​ម្សិញមិញ​នេះ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​មិន​ត្រឹមតែ​កាត់​ទោស​ ឲ្យ​ក្រុម​មេ​ដឹកនាំ ​និង​អតីត​មេដឹកនាំ​សហជីព​៦​នាក់​នោះ​ឲ្យ​ជាប់​ពន្ធនាគារ​ ហើយ​ទោស​ត្រូវព្យួរ​នោះ​ទេ​ តុលាការ​ក៏​បាន​តម្រូវ​ឲ្យពួក​គេ​បង់​ប្រាក់​ប្រមាណ​ ១២៥០​ដុល្លារ​ និង​៣០​លាន​រៀល​ផ្សេង​ទៀត​ ទៅ​ដល់​ជន​រង​គ្រោះ​ពីរ​នាក់​ឈ្មោះ​ ​ជា​ សុផានី​ និង​ទឹម វុទ្ធី។​

ក្រុម​មេ​ដឹកនាំ​សហជីព​បីនាក់​ដែល​លោក​ហ៊ុន សែន​ មិន​បាន​ថ្លែង​ការពារ​នោះ​ មាន​លោក​រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ និង​បច្ចុប្បន្នជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ និង​អ្នក​ស្រី​ម៉ម ញឹម​ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា។​

លោករ៉ុង ឈុន​ ​ដែល​ត្រៀម​ប្តឹង​ទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​ បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​អំពី​ការណ៍​ដែល​មេ​ដឹកនាំ​កម្ពុជា​រូប​នេះ​ថា​ លោក​មាន​សាក្សីជួយ​ដល់​មេដឹកនាំ​សហជីព​បី​នាក់​នោះ។​

​លោក​មាន​ប្រសាសន៍​ថា៖​

«យើង​មាន​ការ​ភ្ញាក់​ផ្អើល​មែនទែន​ ហើយ​មាន​ន័យ​ថា​ តុលាការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ដែល​ធ្វើ​សវនាការ​នៅ​ថ្ងៃ​៧​ ហើយ​ប្រកាស​លទ្ធផល​ថ្ងៃ​១១​នេះ​ មាន​ន័យ​ថា​អត់មាន​ដឹង​សំណុំ​រឿង​ អត់​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​អី​ទាំង​អស់​ ស្រាប់​តែ​លោក​នាយក​រដ្ឋមន្ត្រី​គាត់​ដឹង​រឿង​ហ្នឹង​ថា​ មិន​មាន​ពាក់​ព័ន្ធជុំវិញ​បញ្ហា​ទាំង​អស់​នេះ​ បាទ»។​

ក្រុម​មេ​ដឹកនាំ​សហជីព​ដែល​ VOA ​បាន​សម្ភាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ មានមន្ទិល​អំពី​បំណង​ពិត​ប្រាកដ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ចំពោះ​ការ​ប្រកាសរបស់​លោក​ថា​ នឹង​ការពារ​តែបុគ្គល​បីនាក់ ​ហើយ​មិន​ធានា​ដល់​បុគ្គល​បីនាក់​ផ្សេង​ទៀត​នោះ។​

ក៏​ប៉ុន្តែ​លោក​ ​អំ សំអាត​ ​ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​(Licadho) ​យល់​ថា​ ការ​សម្រេច​ចិត្ត​របស់​សាលា​ឧទ្ធរណ៍​ទៅលើ​រឿង​ក្តី​នេះ​ អាចនឹងរង​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ បើ​សិន​ជា​មាន​បុគ្គល​តែបី​នាក់​បាន​រួច​ខ្លួន​ ចំណែក​បុគ្គល​បីនាក់​ផ្សេង​ទៀត​មិន​ទទួល​បាន​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់​នោះ។

«បើ​សិន​ជា​អង្គហេតុ​ដែល​កើត​ឡើង​ហ្នឹង​ វា​តែ​មួយ​ ហើយ​លំនាំ​សាច់​រឿងសំណុំ​រឿង​តែមួយ​ទេ ​បើ​សិន​ជា​ថ្ងៃ​ក្រោយ​ទៅ​ តុលាការ​គាត់​ដោះស្រាយ​យ៉ាង​ម៉េច​ឧទាហរណ៍​ថា​ បីនាក់​ដែល​មាន​សាក្សីទៅ ​គាត់​អាចរួច​ពី​ការ​ចោទ​ប្រកាន់​ ឬ​ក៏​មាន​ស្ថានភាព​ស្រាល​ជាង​បី​នាក់​ទៀត​ ខ្ញុំ​គិត​ថា​ អា​ហ្នឹង​វា​អាច​មាន​ការ​រិះគន់​ផ្សេងៗ​ទៀតទាក់​ទង​ថា​ ដោយសារ​សហជីពបី​ទៀត​នោះ​ គាត់​មាននិន្នាការ​អី​ទៅ​រក​គណបក្ស​នយោបាយ ​ទៅ​រក​អី។​ អ៊ីចឹង​ទៅ​គេ​ចោទ​ប្រកាន់​ ហើយ​នឹង​មាន​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ​បន្ត​ទៀត​ទេ»។

រូបឯកសារ៖ លោក ជា មុនី្ន ចូលរួមកម្មវិធី​វិទ្យុ​«វេទិកា​អាស៊ាន‍» (Hello VOA) ក្នុងរាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)
រូបឯកសារ៖ លោក ជា មុនី្ន ចូលរួមកម្មវិធី​វិទ្យុ​«វេទិកា​អាស៊ាន‍» (Hello VOA) ក្នុងរាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ព្រហ្បតិ៍​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៥។ (លឹម សុធី/VOA)

ការ​សើរើ​រឿង​ក្តី​ និង​ការ​បើក​សវនាការ​ ដែល​ឈាន​ដល់​ការប្រកាស​សាលក្រម​ដល់​ក្រុម​មេ​ដឹកនាំ ​និង​អតីត​មេ​ដឹកនាំ​សហជីព​ទាំង​៦​នាក់នោះ ក៏ត្រូវ​រង​ការ​រិះ​គន់​ថា​ បាន​ធ្វើឡើង​ភ្លាមៗ​ បន្ទាប់​ពី​មាន​ការ​ប្រកាស​ផ្ទួនៗ​របស់​លោក​ហ៊ុន​ សែន ឲ្យ​ក្រសួង​ការងារ​ និង​ក្រសួងយុត្តិធម៌សហ​ការ​ពន្លឿន​ការ​ដោះស្រាយ​សំណុំ​រឿង​ក្តី​របស់​ក្រុម​ថ្នាក់​ដឹកនាំ​សហជីព​ ដែល​ត្រូវ​បាន​គេ​ប្តឹង​នៅ​តុលាការ។​

លោក​ហ៊ុន សែន ​បាន​ប្រកាសនៅ​ថ្ងៃ​ពុធ​នេះ​ដែរ​ថា​ ​លោក​មិន​បាន​សុំឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់ក្រុម​មេ​ដឹកនាំ​សហជីព​ដែល​ត្រូវ​គេប្តឹង​នៅតុលាការ​ទេ​ ហើយ​ថា​ លោក​គ្រាន់តែ​ស្នើ​ឲ្យ​ពន្លឿន​ការ​ជម្រះ​ក្តីណា​ ដែល​អាច​ធ្វើ​ទៅ​បាន​តែ​ប៉ុណ្ណោះ។​ ​លោក​ថា​ រឿងក្តី​ណា​ដែល​មិន​អាច​ជម្រះ​បាន​នោះ​ គឺ​អាស្រ័យ​លើ​សិទ្ធិ​អំណាច​របស់​តុលាការ។​

VOA ​បាន​សួរ​លោក​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ តាម​សារ​ទូរស័ព្ទ​ថា​ តើ​ការ​កាត់​ក្តី​ពី​ម្សិលមិញ​នោះ​បាន​រង​ឥទ្ធិពល​ណា​មួយ​ពី​អំណាច​នីតិ​ប្រតិបត្តិដែរ​ឬ​យ៉ាង​ណា?​ អ្នក​នាំពាក្យ​រូបនេះបាន​សរសេរ​ឆ្លើយ​តបក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖​

«តុលាការ​បាន​បើក​សវនាការ ​និង​បាន​ប្រកាស​សាលក្រម​រួច​ហើយ​កាលពី​ម្សិលមិញ។ ​បើ​មិន​សុខ​ចិត្ត​នឹង​សាល​ក្រម​នេះ​ មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍»។

VOA​ ​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​កែវ រ៉េមី​ ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ តែ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

លោក​សយ សុភាព​ អគ្គនាយក​សារ​ព័ត៌មាន​ដើម​អម្ពិល​ ប្រាប់​ VOA ​ថា ​លោក​នឹង​ធ្វើ​ទៅ​តាម​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។

«បាទ​ព្រឹក​មិញ​ ខ្ញុំ​ស្តាប់​ប្រសាសន៍​របស់សម្តេច​នាយក​រដ្ឋមន្ត្រី​ ហើយ​ខ្ញុំ​នឹង​គោរព​តាម​ការ​ណែនាំ​ និង​អនុវត្ត​នូវ​អ្វី​ដែល​ជា​អនុសាសន៍​របស់​សម្តេច។​ ខ្ញុំ​នឹង​ទៅ​ធ្វើ​ជា​សាក្សី​ឲ្យ​ ​នៅ​ពេល​ដែល​លោក​អាត់​ ធន់​ និង​លោក​ប៉ាវ​ ស៊ីណា​ លោកដាក់​ពាក្យ​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍»។​

ការ​សើរើ​ក្តីក្តាំ​របស់​ក្រុម​មេ​ដឹកនាំ​សហជីព​ឡើង​វិញ​នេះ​កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ប្រសិន​រដ្ឋាភិបាល​ប្រទេស​នេះមិន​ព្រម​កែប្រែ​ដំណើរ​ការប្រជាធិបតេយ្យឲ្យ​បាន ​ដូច​មុន​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ។​

ប្រសិន​បើ​កម្ពុជា​មិន​អាច​ធានា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ​ នោះ​កម្ពុជា​នឹង​ខាត​បង់​ប្រាក់​ពន្ធ​ចំនួន​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ឧស្សាកម្ម​កាត់ដេរ​របស់​ខ្លួន​ ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ ​ដែល​ភាគ​ច្រើន​ជាស្រ្តី ​ចំនួន​ជាង​៧០​ម៉ឺន​នាក់។​ ​នេះបើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នាពេល​កន្លង​មក​នោះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG