ក្រុមមេដឹកនាំសហជីព៦រូបដែលត្រូវបានតុលាការក្រុងភ្នំពេញកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និង៦ខែ បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកការស៊ើបអង្កេតឲ្យបានហ្មត់ចត់និងឯករាជ្យមួយដើម្បីរកឲ្យឃើញជនដែលបញ្ជាឲ្យមានការបង្រ្កាបយ៉ាងហិង្សាលើការតវ៉ារបស់កម្មករដែលទាមទារដំឡើងប្រាក់ឈ្នួលកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
លោក អាត់ ធត់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ប្រាប់ VOA កាលពីសប្តាហ៍មុនថា៖
«ចំពោះខ្ញុំផ្ទាល់ករណីនេះ គឺដូចអត់ទាន់ចប់ គឺយើងផ្ទាល់គឺគេកាត់ក្តីឲ្យមានទោស សូម្បីតែយើងអត់បានធ្វើ ហើយការស៊ើបអង្កេតផ្សេងទៀតរបស់រដ្ឋាភិបាល ខ្ញុំក៏អត់ទាន់ឃើញមានរបាយការណ៍អីច្បាស់លាស់ដែរ សូម្បីអង្គការ ILO ក៏ស្នើរដ្ឋាភិបាលហ្នឹងគឺបង្ហាញរបាយការណ៍ អំពីការបង្ក្រាបក្នុងអំឡុងពេលហ្នឹង ឬក៏បញ្ហាពាក់ព័ន្ធតាំងពីសម្លាប់ ជា វិជ្ជា ហ្នឹង ក៏គេនៅឲ្យ គេនៅតែត្រូវការស្នើឲ្យខាងរដ្ឋាភិបាលបង្ហាញទៅឲ្យគេដែរ»។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា ដែលមិនសប្បាយចិត្តនឹងការកាត់ទោសរបស់សាលាដំបូងរាជធានីភ្នំពេញចំពោះអ្វីដែលអ្នកស្រីអះអាងថាមិនត្រឹមត្រូវនោះ ក៏បានទាមទារឲ្យមានការស្រាវជ្រាវ ទៅលើការបង្ក្រាបក្រុមកម្មករកាលពីជិត៥ឆ្នាំមុននោះ។
«ធម្មតាខ្ញុំចង់មើលឃើញសង្គមមួយ ដែលសង្គមត្រឹមត្រូវ យុត្តិធម៌ ហើយសម្រាប់ខ្ញុំខ្លួនឯង ក៏ចង់បានយុត្តិធម៌ សម្រាប់កម្មករដទៃទៀត ក៏គាត់ចង់បានយុត្តិធម៌ដែរថា ការសម្រេចចិត្ត ឬក៏ការ...ខ្ញុំៗ ខ្ញុំស្នើសុំឲ្យមានការស៊ើបអង្កេតមួយឲ្យច្បាស់លាស់ មានការស៊ើបអង្កេតឯករាជ្យ ហើយមានគ្រប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួម មិនមែនមានសមាសភាពតែភាគីតែម្ខាងទេ។ បើមានសមាសភាពតែភាគីម្ខាង ខ្ញុំយល់ថា មិនមានភាពឯករាជ្យចំពោះពួកខ្ញុំទេ»។
ក្នុងព្រឹត្តិការណ៍តវ៉ាទាមទារដំឡើងប្រាក់ឈ្នួលក្នុងឧស្សាហកម្មកាត់ដេរកាលពីចុងឆ្នាំ២០១៣និងដើមឆ្នាំ២០១៤នោះ ក្រុមកម្មករបានចេញតវ៉ានៅលើកំណាត់ផ្លូវវេងស្រេង និងតំបន់ឧស្សាហកម្មផ្សេងទៀតនៅរាជធានីភ្នំពេញ។
កងទ័ពពិសេសនៃកងពល៩១១ ដែលជាអង្គភាពជំនិតរបស់លោក ហ៊ុន សែន បានធ្វើការបង្ក្រាបយ៉ាងហិង្សាលើក្រុមបាតុករនៅថ្ងៃទី ២ ខែ មករា ឆ្នាំ ២០១៤។
មួយថ្ងៃក្រោយមក គឺថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០១៤ មានមនុស្សបួននាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ហើយរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មនោះ ដោយក្នុងថ្ងៃនោះមានការបាញ់រះពីក្រុមសមត្ថកិច្ចនៅតំបន់សួនឧស្សាហកម្មកាត់ដេរ កាណាឌីយ៉ា ក្នុងរាជធានីភ្នំពេញ លើកំណាត់ផ្លូវវេងស្រេងនោះ។
មានការចាប់ខ្លួនក្រុមសកម្មជនសិទ្ធិមនុស្ស២៣នាក់ផ្សេងទៀតក្នុងព្រឹត្តិការណ៍តវ៉ាលើផ្លូវវេងស្រេង និងនៅត្រង់តំបន់រោងចក្រស្ថិតនៅតាមផ្លូវជាតិលេខ៤ មកផ្តន្ទាទោសផងដែរ តែពួកគេទាំង២៣នាក់នោះ ក្រោយមកបានទទួលសេរីភាពវិញ បន្ទាប់ពីមានការថ្កោលទោសជាអន្តរជាតិពីក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិធំៗ និងស្ថាប័នពាក់ព័ន្ធជាច្រើនដែលធ្វើការក្នុងវិស័យការងារ។ គណបក្សសង្គ្រោះជាតិក៏បានចូលរួមធ្វើបាតុកម្មក្នុងគ្រានោះដែរ។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំសហជីពមួយចំនួន។
លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ដែលរងការវាយដំក្នុងព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សានោះអះអាងថា ការស៊ើបអង្កេតថ្មីមួយទៅលើព្រឹត្តិការណ៍បង្រ្កាបនេះគឺជារឿងចាំបាច់។
«រឿងនេះ មិនមែនជារឿងករណីរបួសស្នាមបន្តិចបន្តួចទេ គឺជារឿងដែលប៉ុនប៉ងវាយសម្លាប់ចោលតែម្តង។ អីចឹង គួរតែអង្កេតឲ្យបានច្បាស់លាស់ ដើម្បីដាក់ទោសទណ្ឌអ្នកដែលប្រព្រឹត្តអំពើហិង្សាមកលើពួកខ្ញុំហ្នឹង អ្វីដែលខ្ញុំមើលឃើញ អីចឹងហើយបានខ្ញុំលើកឡើងថា ឥឡូវនេះ យើងមានជំងឺជាប់ខ្លួន ដោយសាររងការវាយប្រហារ ជំងឺផ្លូវចិត្ត បាក់ ខូចផ្លូវចិត្តហ្នឹងទៀត តើអ្នកណាជាអ្នកសង អីចឹងគួរតែ ដាក់ទោសទណ្ឌអ្នកដែលធ្វើឲ្យយើងខូចសុខភាព ធ្វើឲ្យយើងមានរបួសស្នាម ឈឺរហូតទល់ឥឡូវ ដាក់ទោសទណ្ឌអ្នកហ្នឹង»។
ប៉ុន្តែនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ការស៊ើបអង្កេតណាមួយបន្ថែមទៀតទៅក្នុងហេតុការណ៍បង្រ្កាបដ៏ហិង្សានោះ គឺអាស្រ័យលើស្ថាប័នតុលាការ។
«អ្វីដែលចង់ជម្រាបជូនក្មួយថា សំណុំរឿងនេះ ស្ថិតនៅក្នុងស្ថាប័នរបស់តុលាការ តុលាការលោកបានព័ត៌មានទាំងអស់ពីសមត្ថកិច្ច ទាំងរូបភាពផង ទាំងវត្ថុតាង នានាផង ដូច្នេះរាល់សេចក្តីសម្រេចរបស់តុលាការ ចាត់ទុកជាសេចក្តីសម្រេច ដែលប្រកបដោយឆន្ទានុសិទ្ធិរបស់តុលាការ ហើយក្រសួងមហាផ្ទៃនឹងអនុវត្តតាមតុលាការប្រសិនបើមានការបង្គាប់ណែនាំណាមួយឲ្យធ្វើការស៊ើបអង្កេតបន្ត»។
មន្ត្រីអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា បើសិនជាចង់បន្តសើរើរកខុសនិងត្រូវក្នុងហេតុការណ៍នេះ ក្រុមមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ត្រូវតែចេញមកតទល់ជាមួយស្ថាប័នយុត្តិធម៌របស់ប្រទេស។
«រឿងដែលពិតដែលប្រាកដ អ្នកដែលទទួលខុសត្រូវគឺ ភាគច្រើនអ្នកណាដែលមានឈ្មោះនៅក្នុងហ្នឹង មាន ហូ វណ្ណ មាន មូរ សុខហួរ អីណោះ អ្នកបញ្ជាពីក្រោយណោះ អ៊ីចុះ អ្នកដែលបញ្ជាពីក្រោយអ្នកបញ្ជាចេញពីទីលានប្រជាធិបតេយ្យតើ! អ្នកបញ្ជាទៅណ៎ា! ដើម្បីឲ្យប្រើប្រាស់អំពើហិង្សា ផ្តួលរំលំអី វាមិនមែនជាបាតុកម្មដើម្បីទាមទារប្រាក់ខែឯណា? គឺជាកុប្បកម្មផ្តួលរំលំ រដ្ឋាភិបាល ដែលស្រប ចេញពីការបោះឆ្នោត ហើយអ្នកបញ្ជា បញ្ជាការដ្ឋានធំ គឺទីលានប្រជាធិបតេយ្យ។ ហើយអ្នកដែលអនុវត្តបញ្ជា មានតំណាងរាស្ត្របក្សប្រឆាំង មូរ សុខហួរ ហូ វណ្ណ យកនំបុ័ងទៅពីយប់តាំង រឿងអីថ្នាក់ដឹកនំបុ័ងតាំងពីម៉ោង១២យប់អ្វី? មិនជាការដឹកនាំកម្លាំងអីផ្តួលរំលំ។ បើចង់ ឥឡូវចង់ទៅឆ្ងាយទៀត កាន់តែឆ្ងាយតើ! មានពិបាកអី?...បើចង់ឆ្ងាយទៀត ហៅហូ វណ្ណ ហើយមូរ សុខហួរចូលក្រចកសេះទៅ»។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មិនទាន់មានការឆ្លើយតបទៅនឹងសំណួររបស់ VOAដែលបានផ្ញើទៅទូរស័ព្ទដៃរបស់លោកនៅថ្ងៃ ពុធ នេះទេ។ VOA ក៏មិនទាន់ទទួលបានការឆ្លើយតបពីអ្នកស្រី មូរ សុខហួរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយចោលកាលពីឆ្នាំ ២០១៧។
ក្នុងករណីការបង្ក្រាបយ៉ាងហិង្សាមកលើក្រុមអ្នកតវ៉ាលើកំណាត់ផ្លូវវេងស្រេងនៅក្នុងរាជធានី ភ្នំពេញ ដែលបាននាំឲ្យក្រុមមេដឹកនាំសហជីព៦រូបរងការកាត់ទោសនោះ ក្រុមអង្គការសង្គមស៊ីវិល ដែលជាសហជីព ចលនា និងសមាគមអន្តរជាតិចំនួន៩៥ បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី ២៤ ខែ ធ្នូ កន្លងទៅនេះ ថ្កោលទោសការផ្ដន្ទាទោសក្រុមមេដឹកនាំសហជីពទាំង៦នាក់របស់កម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានសរសេរក្នុងប្រកាសរបស់ពួកគេថា ទោះបីជាការផ្តន្ទាទោសមិនតម្រូវឲ្យជាប់ពន្ធនាគារក៏ដោយ តែទោះជាយ៉ាងណា ថ្នាក់ដឹកនាំសហជីពទាំងនោះ នឹងប្រឈមនឹងការជាប់ឃុំក្នុងពន្ធនាគារប្រសិនបើក្នុងរយៈពេល៥ឆ្នាំ (ដែលជារយៈពេលសាកល្បង) អ្នកទាំងនោះ ទទួលនូវការចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌថ្មីណាមួយនៃច្បាប់កម្ពុជា។ ការព្យួរទោសដែលមានរយៈពេលតាមច្បាប់៥ឆ្នាំនេះ គឺជារយៈពលមួយដែលគាប់ជួនទៅនឹងការបោះឆ្នោតថ្នាក់ជាតិនាអាណត្តិឆ្នាំ២០២៣។
ក្រុមអង្គការសង្គមស៊ីវិលទាំងទាំង៩៥បានឲ្យដឹងថា អ្នកទាំង៦នាក់ រួមមានលោក អាត់ ធន់ លោក ជា មុនី អ្នកស្រី យ៉ាង សោភ័ណ្ឌ លោក ប៉ាវ ស៊ីណា លោក រ៉ុង ឈុន និងអ្នកស្រី ម៉ម ញឹម នឹងត្រូវបានគេចាប់ឃុំខ្លួនក្នុងពន្ធនាគារ ប្រសិនបើអ្នកទាំង៦នាក់នេះ ហ៊ានធ្វើសកម្មភាពតវ៉ាក្នុងរយៈពេល៥ឆ្នាំខាងមុខ។
ក្រុមអង្គការសង្គមស៊ីវិលទាំង៩៥ដដែលនោះបានសរសេរក្នុងសេចក្តីប្រកាសរបស់ខ្លួនថា៖
«ការចោទប្រកាន់ និងការព្យួរទោសប្រឆាំងនឹងមេដឹកនាំសហជីព សំខាន់ៗ ដូចជាត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាល ទប់ស្កាត់រាល់ការធ្វើការតវ៉ារបស់សហជីព ក្នុងរយៈពេល៥ឆ្នាំបន្ទាប់ទៀត។ នៅក្នុងរូបភាពនេះការវិនិច្ឆ័យអាចត្រូវបានមើលឃើញថាជាសកម្មភាពលេងសើចរបស់រដ្ឋាភិបាលកម្ពុជាដើម្បីផ្គាប់ចិត្តសហគមន៍អន្តរជាតិ ជាពិសេសសហភាពអឺរ៉ុប ដែលបានផ្តើមការពិនិត្យឡើងវិញលើប្រព័ន្ធអនុគ្រោះពន្ធ គ្រប់មុខទំនិញទាំងអស់លើកលែងតែសព្វាវុធ ដោយផ្អែកលើករណីដែលរដ្ឋាភិបាលមិនអនុវត្តកាតព្វកិច្ចសិទ្ធិមនុស្សដែលបានចែងក្នុងកិច្ចព្រមព្រៀង»។
កាលពីថ្ងៃទី ១១ ខែ ធ្នូ សាលាដំបូងរាជធានីភ្នំពេញមិនត្រឹមតែកាត់ទោស ឲ្យក្រុមមេដឹកនាំ និងអតីតមេដឹកនាំសហជីព៦នាក់នោះឲ្យជាប់ពន្ធនាគារ ហើយទោសត្រូវព្យួរនោះទេ តុលាការក៏បានតម្រូវឲ្យពួកគេបង់ប្រាក់ប្រមាណ៣៥លានរៀល (ឬប្រហែលជា៨៦០០ដុល្លារអាមេរិក) ទៅដល់ជនរងគ្រោះពីរនាក់ដែលជាដើមបណ្តឹងរដ្ឋប្បវេណីផងដែរ៕