ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហជីព​ដែល​ត្រូវបានកាត់​ទោស​ក្នុង​សំណុំ​រឿង​បាតុកម្ម​ផ្លូវ​វេងស្រេង​ ប្តឹង​ទៅ​ឧទ្ធរណ៍


រូបឯកសារ៖ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា និងក្រុម​ថ្នាក់ដឹកនាំ​សហជីព ថ្លែង​ទៅ​ក្រុម​កម្មករ​អំពី​ស្ថានភាព​ការងារ​ និង​ច្បាប់​ការងារនៅ​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/VOA)

ក្រុមមេដឹកនាំ​សហជីព​មួយ​ចំនួន​​ដែល​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​កាត់​ទោស​ឲ្យជាប់​ពន្ធនាគារ​២ឆ្នាំ​ និង​៦ខែ​ក្នុង​សំណុំ​រឿង​បាតុកម្ម​លើ​ផ្លូវ​វេងស្រេង​ ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​ ដើម្បី​ច្រាន​ចោល​ការ​កាត់ទោស​​ចំពោះ​បទលើ្មស​ដែល​ពួកគេ​អះអាង​ថា​ មិនបាន​ប្រព្រឹត្ត។

ក្រុម​មេដឹកនាំ​សហជីព​មួយចំនួន​ដែល​ត្រូវបាន​មេដឹកនាំ​កម្ពុជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ អះអាង​ថា​ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​បាតុកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ពួក​គេ​បានដាក់​ពាក្យ​ប្តឹង​ទៅសាលា​ឧទ្ធរណ៍​ ​និង​ខ្លះទៀត​បាន​ត្អូញត្អែរ​ពី​ចំណាត់​ការ​របស់​តុលាការ​ ដែល​បាន​កាត់​សេចក្តី​ក្នុង​សំណុំ​រឿង​ជាច្រើន​ផ្សេងទៀត​ ដោយ​មិន​ទៅ​តាម​នីតិវិធី​ត្រឹម​ត្រូវ។

លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ប្រាប់​ VOA​ ថា​ លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅសាលា​ឧទ្ធរណ៍​តាំង​ពីថ្ងៃ​ទី​១២ ខែ​ធ្នូ ហើយ​រំពឹង​ថា​ សាក្សី​មួយ​រូប​នឹង​ជួយ​លោក​ជម្រះ​ការ​សង្ស័យ​អំពី​តួនាទី​របស់​លោក​ក្នុង​បាតុកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង​នោះ។

«ឯកសារ​របស់​យើង​ត្រូវបាន​ទៅហើយ​ ហើយ​គេរៀបចំ​ធ្វើ​សវនាការ​ថ្ងៃ​ណា​ទេ។ ហើយ​ជាមួយ​គ្នា​នេះ​ដែរ​ គឺ​ដោយសារ​ថ្ងៃ​១២ហ្នឹង​ កាលពីថ្ងៃ​១២​ហ្នឹង​ គឺ​ខាង​សម្តេច​នាយក​ក៏បាន​ លោក​ថា​ នឹង​មាន​ឲ្យ​ដូច​ជា​លោក​សយ​ សុភាព​ ទៅធ្វើ​សាក្សី​អីហ្នឹង​ ឥឡូវ​នេះ​ គឺ​យើង​ស្វាគមន៍​មែនទែន​ ចំពោះ​លោក​សយ សុភាព​ ហ្នឹង។ ប៉ុន្តែ​ ខ្ញុំ​មិនដឹង​ថា​ តុលាការ​ គាត់​កោះហៅ​គាត់​ដែរ​ ឬ​ក៏អត់​ទេ​ បើសិន​ជា​កោះ​ហៅ​គាត់​ ខ្ញុំ​គិត​ថា​បាន​គាត់​ទៅ​ចូលរួម​ដែរ​ ក៏ល្អ​ដែរ​ ដោយសារ​តែ​នៅក្នុង​អំឡុង​ពេល​ដែល​កម្មករ​ធ្វើ​កូដកម្ម​នៅថ្ងៃ​ដែល​កើត​ហេតុ​ហ្នឹង​ គឺ​យើង​ខ្ញុំ​នៅ​ប្រជុំ​នៅ​សាលាក្រុង​ ហើយ​លោក​សយ​ សុភាព​ហ្នឹង​ គាត់​បាន​តេ​សួរ​ ព័ត៌មាន​ការងារ​មួយ​ចំនួន​យើង​ហ្នឹង​ ហើយ​គាត់​ដឹង​ថា​ ខ្ញុំ​ប្រជុំ​នៅ​ហ្នឹង​ដែរ​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ គឺ​ជាប់​ពាក់​ព័ន្ធ​គ្នាហ្នឹង»។

មេដឹកនាំ​សហជីព​រូបនេះ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ លោក​សយ សុភាព​ អគ្គនាយក​សារព័ត៌មាន​ដើម​អម្ពិល​ បាន​ឯកភាព​ជាមួយ​លោក​តាម​ការ​ឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ​ថា លោក​សយ សុភាព​ នឹង​ព្រម​ចូល​ខ្លួន​ទៅ​ផ្តល់​សក្ខីកម្ម​ ប្រសិន​បើ​តុលាការ​សាលា​ឧទ្ធរណ៍​កោះ​ហៅ។​ ​លោក​សយ សុភាព​ ធ្លាប់​បាន​ប្រាប់​ VOA ​ថា​ លោក​នឹង​ធ្វើ​តាម​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ដែល​ស្នើ​ឲ្យ​លោក​ធ្វើជា​សាក្សី​ដល់​លោក​អាត់​ ធន់​ និង​លោក​ប៉ាវ ស៊ីណា។

​កាលពីថ្ងៃ​ទី​១២​ ខែ​ធ្នូ​កន្លងទៅ​ ​លោក​ ​ហ៊ុន សែន​ បាន​ថ្លែង​ការពារ​ភាព​ស្អាតស្អំ​របស់​មេដឹកនាំ​ ​និង​អតីត​មេដឹកនាំ​សហជីព​ចំនួន​បីនាក់​ ដែល​លោក​ជឿ​ថា​ ​គ្មាន​គោលដៅ​ខាង​នយោ​បាយ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នោះ​ទេ​ ក្នុង​ហេតុការណ៍​បាតុកម្ម​លើ​កំណាត់ផ្លូវ​វេងស្រេង​នោះ។ ការ​ថ្លែង​របស់​លោក​ហ៊ុន សែន​ នាពេល​នោះ​ ធ្វើ​ឡើង​នៅ​ក្នុងពិធី​ជួបជុំ​ជាមួយ​កម្មករមួយ​នៅឯ​ខេត្តកំពង់​ស្ពឺ។

មេដឹកនាំ​ ​និង​អតីត​មេដឹកនាំ​សហជីព​ទាំង​បី​ដែល​លោក​ហ៊ុន សែន​ អះអាង​ថា​ គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​បាតុកម្ម​លើ​កំណាត់​ផ្លូវ​វេងស្រេង​ក្នុង​ទីក្រុង​ភ្នំពេញ​នោះ​ មាន​លោក​អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ប៉ាវ ស៊ីណា​ ​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ និង​លោក​ជា មុន្នី​ ​អតីត​ប្រធាន​សហជីព​សេរី​កម្មករ។ តែ​សម្រាប់​មេដឹកនាំ​សហជីព​បីនាក់​ផ្សេង​ទៀត​នោះ​ ​លោក​ ​ហ៊ុន សែន​ ​ថ្លែង​ថា​ ​លោក​មិន​ទទួល​ដឹង​ឮ​នោះ​ឡើយ។

ក្រុម​មេ​ដឹកនាំ​សហជីព​បីនាក់​ដែល​លោក​ហ៊ុន សែន​ មិន​បាន​ថ្លែង​ការពារ​នោះ​ មាន​លោក​រ៉ុង ឈុន​ អតីត​សមាជិក​មួយ​រូប​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.)​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ​ និង​បច្ចុប្បន្ន​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា ​អ្នកស្រី​យ៉ាង​ សោភ័ណ្ឌ​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ និង​អ្នក​ស្រី​ម៉ម ញឹម​ ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា។

លោក​ប៉ាវ​ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ មាន​ប្រសាសន៍ថា​ លោក​បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​កាត់​ទោស​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែលបាន​សម្រេច​ឲ្យ​លោក​ និង​មេដឹកនាំ​សហជីព​៥នាក់​ទៀត​ជាប់​ពន្ធនាគារ​២ឆ្នាំ​ ៦ខែ​ តែ​ទោស​ត្រូវ​ព្យួរ។

ក៏ប៉ុន្តែ​លោក​ថា​ លោក​នៅ​មាន​ការ​រកាំចិត្ត​ នឹង​ការ​កាត់​សេចក្តី​រឿងក្តី​មួយចំនួន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​លោក​ ក្រៅ​អំពី​សំណុំ​រឿង​ផ្លូវ​វេងស្រេង​នេះ។

ការ​កាត់​ក្តី​មិន​ត្រឹមត្រូវ​មួយ​ដែល​លោក​មិន​អាច​ទទួល​បាន​នោះ​ គឺ​នៅ​ឯខេត្ត​កំពង់​ស្ពឺ។​

​«ពាក់​ព័ន្ធ​ទៅនឹង​សំណុំ​រឿង​នៅ​ខេត្ត​កំពង់​ស្ពឺ​ ដែល​ត្រូវបាន​គេ​កាត់​កំបាំងមុខ​ដែរ​ សូម្បី​ដីកា​កោះ​ អញ្ជើញ​ខ្ញុំ​ ឬក៏​អញ្ជើញ​មេធាវី​ខ្ញុំ​ ក៏​អត់​ដែរ​ ហើយ​ត្រូវបាន​កាត់​កំបាំង​មុខ​ទាំង​អស់​។ រីឯ​ករណី​សំណុំ​រឿង​នៅ​ព្រែក​ទា​ ផ្សារ​ព្រៃ​ទា​ ករណី​រោងចក្រ​ [Ocean] ហ្នឹង​ ក៏​ត្រូវបាន​ ក៏​ត្រូវបាន​គេ​កាត់​កំបាំងមុខ​ ទាំង​ដែល​ខ្ញុំ​ មិន​ដែល​បាន​ទទួល​ដីកា​ សូម្បី​តែ​ម្តង​ តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ​ មិន​ដែល​ឃើញ​ថា​ មាន​ដីកា​កោះ​អី​ទាំង​អស់​ ​ហើយ​បែរ​ជា​មក​កាត់​កំបាំង​មុខ​ឲ្យ​ខ្ញុំ​ជាប់​ទោស​ ជាប់​អី ទាំង​អយុត្តិធម៌​តែ​ម្តង​បាទ»។

ចំណែក​ លោក​រ៉ុង ឈុន​ ​ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​មិន​ទទួល​បានការ​ធានា​ពី​លោក​ហ៊ុន សែន​ ចំពោះ​តួនាទី​លោក​ក្នុង​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​នោះ​ បាន​ឲ្យដឹង​ថា ​លោក​មិនទាន់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ។

ក៏ប៉ុន្តែលោក​ថា​ លោក​នឹង​ដាក់​ពាក្យ​បណ្តឹង​ឆាប់ៗ​នេះ ហើយ​រំពឹង​ថា​ យុត្តិធម៌​នឹង​កើតមាន​ ប្រសិន​បើ​តុលាការ​សម្រេច​សេចក្តី​ដោយ​មិនលុះ​ក្នុង​ឥទ្ធិពល​នយោបាយ​ ព្រោះ​លោក​មិន​មាន​ចំណែក​ណាមួយ​នៅក្នុង​ហេតុការណ៍​បាតុកម្ម​លើ​ផ្លូវ​វេងស្រេង​នោះ​ទេ។

«តុលាការ​ធ្វើ​ការ​វិនិច្ឆ័យ​ទៅតាម​ ហៅថា​វិជ្ជាជីវៈ​ ពេល​ហ្នឹង​ យើង​នឹង​ទទួលបាន​នូវ​យុត្តិធម៌ ហើយ​បើសិន​ជា​អត់​មាន​ឥទ្ធិពល​នយោបាយ​អី​មក​ឡូក​ឡំ​ជាមួយ»។

អ្នកស្រី​ ​យ៉ាង សោភ័ណ្ឌ​ ​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​ ថ្លែង​ថា​ យុត្តិធម៌​នឹង​ពិបាក​កើត​មាន​ឡើង​ចំពោះអ្នកស្រី​ បើទោះបី​អ្នកស្រីបាន​ដាក់​ពាក្យ​ប្តឹង​ទាស់​សាលក្រម​សាលា​ដំបូង​រាជធានីភ្នំពេញ​ ដែល​មិនត្រឹម​កាត់​ទោស​ឲ្យ​ក្រុម​សហជីព​ជាប់​ពន្ធនាគារ​នោះ​ទេ​ តែ​ថែមទាំង​បញ្ជា​ឲ្យ​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ​ចំនួន​ពីរនាក់​ក្នុង​ទឹកប្រាក់​សរុប​ ៣៥​លានរៀល ឬ (ប្រមាណ​ជា​ជាង​៨០០០​ដុល្លារ)។

«ខ្ញុំ​ អ្វីដែល​ខ្ញុំ​មើល​ឃើញ​ ឃើញថា​ តុលាការ​ហ្នឹង​ គាត់​ធ្វើ​ការងារ​មិន​ទៅ​តាម​វិជ្ជាជីវៈ​គាត់​ទេ​ ចង់​និយាយ​អ៊ីចឹង។ គាត់​ធ្វើការ​កន្លងមក​ វា​ទៅ អ្នក​ តាម​បែប​បទ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​នយោបាយ​ ឬក៏​អ្នក​ដឹកនាំ​ ឬក៏អ្នក​មាន​អំណាច​ ឬក៏​អ្នកមាន​លុយ​អីចឹង​ គេ​មាន​ឥទ្ធិពល​ជាង​ពួក​ខ្ញុំ​ទៅ​ទៀត​ ខ្ញុំចង់​និយាយ​អ៊ីចឹង»។

ក្រុម​មេដឹកនាំ​សហជីព​ទាំង​ប្រាំ​មួយ​នាក់​ ដែល​តុលាការ​ក្រុងភ្នំពេញ​ បាន​កាត់ទោស​ ជុំវិញ​ហេតុ​ការណ៍​ហិង្សា​លើ​ផ្លូវ​វេងស្រេង​នោះ​ ក៏នៅ​ត្រូវបាន​យាយី​ ដោយ​បណ្តឹង​ជាច្រើន​ផ្សេង​ទៀត​ ដែល​មិន​ទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ។

​VOA ​បាន​ព្យាយាម​សុំការ​អធិប្បាយ​ពី​លោក​ទូច​ ថារិទ្ធ អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​ អំពី​ការទទួល​ពាក្យ​បណ្តឹង​របស់​ក្រុម​មេដឹកនាំ​សហជីព​បីនាក់​ដែល​ទទួល​បានការ​ធានា​ពី​លោក​ហ៊ុន សែន​ ថា​មិនមាន​ការ​ជាប់ពាក់​ព័ន្ធ​នឹង​បាតុកម្ម​នៅ​ផ្លូវ​វេងស្រេង​ និង​ពាក្យ​បណ្តឹង​របស់​មេដឹកនាំ​សហជីព​បីនាក់​ផ្សេង​ទៀត​ តែ​លោក​ថា​ មិន​ទាន់​មាន​ព័ត៌មាន​នៅ​ឡើយ។

បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់ឈ្នួល​ក្នុង​ឧស្សាហកម្ម​កាត់ដេរដែល​ផ្ទុះឡើង​លើ​ផ្លូវ​វេង ស្រេង​ និងក្នុង​ទីតាំង​រោងចក្រ​ជាច្រើន​ទៀត​នៅ​រាជធានីភ្នំពេញ​ ​នៅ​ចុងឆ្នាំ​២០១៣​ និង​ដើមឆ្នាំ​២០១៤​ និង​ដែលបាន​កា្លយ​ជា​ហិង្សា​ បាន​បង្កឲ្យ​មនុស្ស​ស្លាប់​បួននាក់​ រងរបួស​ និង​ចាប់​ខ្លួន​ជាច្រើននាក់​ទៀត។ អ្នក​តវ៉ា​មា្នក់​ផ្សេង​ទៀត​ ក៏បាន​បាត់​ខ្លួន​ផងដែរ​ ក្រោយ​បាតុកម្ម​ដ៏​ហិង្សា​នោះ។

ការ​សើរើ​សំណុំ​រឿង​បាតុកម្ម​ផ្លូវ​វេងស្រេង​របស់​ក្រុម​មេដឹកនាំ​សហជីព​ទាំង​ប្រាំមួយ​នាក់​នេះ​ឡើង​វិញ​នោះ​ កើត​មាន​ឡើង​ នៅ​ចំ​ពេល​ដែល​សហភាព​អឺរ៉ុប​បាន​ព្រមាន​ដក​ការ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ប្រសិន​រដ្ឋាភិបាល​ប្រទេស​នេះ​មិន​ព្រម​កែប្រែ​ដំណើរការ​ប្រជាធិបតេយ្យ​ឲ្យ​បាន ​ដូច​មុន​ពេល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ការ​គាំទ្រ​ជាង​៤០​ភាគរយ។

ប្រសិន​បើ​កម្ពុជា​មិន​អាច​ធានា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​របស់​សហគមន៍​អឺរ៉ុប​នោះ​ទេ​ នោះ​កម្ពុជា​នឹង​ខាត​បង់​ប្រាក់​ពន្ធ​ចំនួន​ប្រមាណ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ សម្រាប់​ឧស្សាកម្ម​កាត់ដេរ​របស់​ខ្លួន​ ដែល​បាន​ផ្តល់​ការងារ​ដល់​កម្មករ​ ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី ​ចំនួន​ជាង​៧០​ម៉ឺន​នាក់។​ ​នេះបើ​តាម​ការ​អះអាង​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ​នា​ពេល​កន្លង​មក៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG