លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីស.រ.អា.ខាងគណបក្សប្រជាធិបតេយ្យ ដែលមិនស្រួលខ្លួន បានចាកចេញជាបន្ទាន់ពីពិធីមួយក្នុងបូរីញូវយ៉ក កាលពីថ្ងៃអាទិត្យដើម្បីរំឭកខួបឆ្នាំទី១៥នៃការវាយប្រហារភេរវកម្មកាលពីឆ្នាំ២០០១ ក៏ប៉ុន្តែនៅពេលបន្ទាប់មកក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រីបាននិយាយថា លោកស្រី«បានស្រួលខ្លួនជាងមុនហើយ»។
ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រីបាននិយាយថា លោកស្រី«រងកម្តៅខ្លាំង»នៅក្នុងពិធីនៅឯ Ground Zero ដែលជាកន្លែងដែលកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១ ពួកភេរវជនអាល់កៃដា (al-Qaida) បានបើកយន្តហោះប្រតិកម្មដឹកអ្នកដំណើរពីរគ្រឿងហោះបុកទម្លាយអាគារភ្លោះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកនាំឱ្យអាគារទាំងពីរនេះបាក់រលំនិងនាំឱ្យមនុស្សជិត៣ពាន់នាក់បាត់បង់ជីវិត។
អ្នកនាំពាក្យម្នាក់របស់ក្រុមអ្នកឃោសនាបោះឆ្នោតជូនលោកស្រីបាននិយាយថាលោកស្រី Clinton បានចូលរួមក្នុងពិធីនេះចំនួន៩០នាទី«ដើម្បីសម្តែងការគោរពរបស់លោកស្រី និងរាក់ទាក់ជាមួយគ្រួសារនៃក្រុមជនដែលបានស្លាប់។ ក៏ប៉ុន្តែនៅពេលលោកស្រីត្រូវកម្តៅថ្ងៃខ្លាំង ពួកអ្នកការពារសន្តិសុខលោកស្រីបានដឹកបេក្ខជនអាយុ៦៨ឆ្នាំនេះទៅកាន់ផ្ទះអាផាតមិន របស់អ្នកស្រី Chelsea ជាកូនស្រីរបស់លោកស្រីនៅក្នុងបូរីញូវយ៉ក។
ពីរបីម៉ោងបន្ទាប់មក លោកស្រី Clinton បានចាកចេញពីផ្ទះកូនស្រីលោកស្រីហើយបានចាប់ឱបកុមារម្នាក់និងបានគ្រវីដៃទៅពួកអ្នកឈរនៅជិតទីនោះ ហើយបន្ទាប់មកលោកស្រីបានចេញដំណើរតាមក្បួនរថយន្តលោកស្រី។
នៅពេលលោកស្រីចាកចេញពីទីនោះ លោកស្រី Clinton បានមានប្រសាសន៍ថា «ខ្ញុំមានអារម្មណ៍ល្អអស្ចារ្យ នេះជាថ្ងៃល្អមួយនៅ New York»។
កាលពីពេលមុននេះ នៅក្នុងវីដេអូមួយផ្សព្វផ្សាយតាម Twitter បានបង្ហាញឱ្យឃើញលោកស្រី Clinton ដែលជាអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា.បានចំពប់ជើងនៅឯចិញ្ចើមថ្នល់មួយ នៅពេលលោកស្រីចាកចេញពីពិធីរំឭកការវាយប្រហារភេរវកម្ម៩កញ្ញា ដោយលោកស្រីទន់ជង្គង់ហើយពួកសហការីបានជួយលោកស្រីឱ្យចូលក្នុងឡានវ៉ែនមួយគ្រឿង។ នៅពេលដែលលោកស្រីឋិតក្នុងពិធីនោះ ធាតុអាកាសក្តៅឧណ្ហៗហើយមានសំណើមផងដែរ៕