ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​លើក​ឡើង​ពី​ការ​ប្តេជ្ញា​ផ្ទាល់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​បើ​ទោះ​បី​ជា​មាន​បញ្ហា​ប្រឈម​ក៏​ដោយ


លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ នៅ​ក្នុង​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែង​ក្នុង​កិច្ចប្រជុំ​អាស៊ាន-អាមេរិក ​នៅ​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ នៅ​ក្នុង​ក្រុង​វៀងច័ន្ទន៍ ប្រទេស​ឡាវ កាលពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦។

ក្នុង​ខណៈ​ពេល​ដែល​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បញ្ចប់​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី​ក្នុង​នាម​លោក​ជា​ប្រធានាធិបតី​នោះ​ លោក​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ចំណង​មិត្តភាព​របស់​លោក​ជាមួយ​នឹង​តំបន់​នេះ​ ដែល​លោក​បាន​ចាត់​ទុក​ថា​ជា​តំបន់​ដ៏​សំខាន់​មួយ​សម្រាប់​គោល​នយោបាយ​ការបរទេស​របស់​លោក។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ចុង​ក្រោយ​មួយ​មុន​នឹង​លោក​ចាក​ចេញ​ពី​ប្រទេស​ឡាវ លោក​បាន​ថ្លែង​ថា​ លោក​មាន​មោទនភាព​ដែល​លោក​គឺ​ជា​ប្រធានាធិបតី​ដំបូង​របស់​សហរដ្ឋអាមេរិក​ដែល​បាន​ជួប​ជាមួយ​នឹង​មេដឹកនាំ​ទាំង១០​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ឬ​ហៅ​កាត់​ថា​ អាស៊ាន​នោះ​ ហើយ​លោក​បាន​ថ្លែង​ទៀត​ថា​ បន្ទាប់​ពី​លោក​ចប់​អាណត្តិ​របស់​លោក​នៅ​ខែ​មករា​ លោក​សង្ឃឹម​ថា​ អ្នក​ដែល​បន្ត​តំណែង​ពី​លោក​នឹង​បន្ត​ចាត់​ទុក​តំបន់​នេះ​ជា​តំបន់​អាទិភាព​មួយ។​

លោក​បាន​ថ្លែង​ថា៖ «ក្តី​សង្ឃឹម​និង​ការ​រំពឹង​ទុក​របស់​ខ្ញុំ​គឺ​ថា​ អ្នក​ដែល​បន្ត​តំណែង​ពី​ខ្ញុំ​នឹង​បន្ត​ចូលរួម​ក្នុង​តំបន់​នេះ​ ពី​ព្រោះ​ថា​ មាន​រឿង​ជា​ច្រើន​ដែល​កំពុង​កើត​ឡើង​នៅ​ទី​នេះ។​ អាស៊ាន​មាន​ប្រទេស​ដែល​រីក​លូតលាស់​ខ្លាំង។​ អាស៊ាន​មាន​ប្រជាពលរដ្ឋ​ដែល​មាន​សក្តានុពល​ខ្លាំង​ក្លា​និង​ក្មេង​បំផុត​នៅ​លើ​ពិភពលោក។​ តំបន់​អាស៊ី​អាគ្នេយ៍​គឺ​ជា​តំបន់​ដែល​សំខាន់​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​ ហើយ​ក៏​ជា​កន្លែង​ដែល​អាច​បង្កើត​ការងារ​នៅ​សហរដ្ឋអាមេរិក​បាន​ ដោយ​អាមេរិក​អាច​លក់​ផលិតផល​នៅ​ក្នុង​ទីផ្សារ​នេះ​បាន‍»។​

ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​បង្អស់​ទៅ​កាន់​តំបន់​អាស៊ី​របស់​លោក​អូបាម៉ា​បញ្ចប់​ទៅ​ដោយ​ភាព​វិជ្ជមាន​ ក្រោយ​មាន​ភាព​រកាំ​រកូក​នៅ​គ្រា​ចាប់​ផ្តើម៕​

XS
SM
MD
LG