ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​អូបាម៉ា​ថ្លែងថា ​ពួក​ភេរវជន​នឹង​មិនអាច​យក​ឈ្នះ​ស.រ.អា​ជា​ដាច់​ខាត


​ប្រធានាធិបតីអាមេរិក​លោកបារ៉ាក់ ​អូបាម៉ា​ថ្លែងថា ​ពួក​ភេរវជន​នឹង​មិនអាច​យក​ឈ្នះ​ស.រ.អា​ជា​ដាច់​ខាត។

«កាល​ពី​១៥​ឆ្នាំ​មុន ថ្ងៃ​មួយ​ក្នុង​ខែ​កញ្ញាដែល​បាន​ចាប់​ផ្តើម​ដូច​ថ្ងៃ​ធម្មតា បាន​ក្លា​យជា​ថ្ងៃ​មួយ​ដែល​មាន​សភា​ព​ខ្មៅ​ងងឹត​ជា​ទីបំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​យើង» នេះ​ជាសម្តី​របស់​លោក​ប្រធានាធិបតីស.រ.អា បារ៉ាក់ អូបាម៉ា នៅ​ក្នុង​សុន្ទរកថា​ប្រចាំ​សប្តាហ៍​របស់​លោក​នៅថ្ងៃ​សៅរ៍​នេះ។

ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ជា​ថ្ងៃ​ខួប​ទី១៥​នៃ​ការ​វាយ​ប្រហារ​ថ្ងៃ​ទី ១១​កញ្ញា​មក​លើ​ស.រ.អា នៅ​ក្នុង​ទីក្រុងញូវ​យក នៅ​តំបន់​ជន​បទ​មួយ​ក្នុង​រដ្ឋ​ Pennsylvania ​និង​នៅ​មន្ទីរ​បញ្ចកោណ។ លោក​ប្រធានាធិបតី​បាន​ថ្លែង​ថា «ជីវិត​មនុស្ស​៣.០០០​នាក់​បាន​បាត់​បង់»​នៅ​ថ្ងៃ​ទី​១១​ កញ្ញា។ ពួក​គេ​មក​ពី​គ្រប់​ជាន់​ថ្នាក់ គ្រប់​ជាតិសាសន៍ និង គ្រប់​ជំនឿ​សាសនា​ជុំវិញ​ស.រ.អា ​និង​ពិភពលោក។ លោក​អូបាម៉ា​បាន​ថ្លែងថា​ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ ក្នុង​អំឡុង​ពេល​១៥​ឆ្នាំ​កន្លង​ទៅ​នេះ។ ប៉ុន្តែ​វា​ក៏​ជា​ការ​សំខាន់​ចាំ​បាច់​ផង​ដែរ ដែល​យើង​ត្រូវ​ចង​ចាំអំពី​អ្វី​ដែលមិន​មាន​ការ​ផ្លាស់​ប្តូរ​គឺ សេចក្តី​ថ្លៃ​ថ្នូរដែល​តំណាង​ឲ្យ​ពល​រដ្ឋ​អាមេរិកាំង។

នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ លោក​ប្រធានាធិបតី​និង​ធ្វើ​ការ​ស្មឹង​ស្មាតមួយ​នៅ​សេតវិមាន។ បន្ទាប់​ពី​នោះ​មក លោក​នឹងថ្លែ​ង​សុន្ទរកថា​នៅ​ក្នុងពិធីមួយ​នៅ​មន្ទី​ Pentagon ​ដើម្បី​រំឮក​ដល់​វិញ្ញាណក្ខន្ធ​របស់​អ្នក​ដែល​បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​មួយ​គ្រឿង​ដែល​ពួក​ភេរវករ​ចាប់​ជំរិត​បាន​ហោះ​ទៅ​បុក​អាគារ​មន្ទីរបញ្ចកោណ៕

XS
SM
MD
LG