បេក្ខជនប្រធានាធិបតីសរអានៃគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវឲ្យអាមេរិកចាត់ទុកការកម្ចាត់មេដឹកនាំក្រុមរដ្ឋឥស្លាម Abu Bakr al-Baghdadi ជាអាទិភាព ដូចដែលអាមេរិកបានសម្លាប់មេដឹកនាំក្រុម អាល់កៃដា Osama Bin Laden កាលពីឆ្នាំ២០១១ នៅក្នុងប្រទេសប៉ាគីស្ថាន។
លោកស្រី Clinton បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងទីក្រុង New York ថា៖«ការកម្ចាត់ al-Baghdadi ត្រូវការកិច្ចខិតខំប្រឹងប្រែងខ្លាំង។ ប៉ុន្តែខ្ញុំជឿថាការធ្វើបែបនេះនឹងផ្ញើសារដ៏លាន់ឮកងរំពងមួយដែលគ្មាននរណាអាចវាយប្រហារលើសហរដ្ឋអាមេរិកហើយអាចរួចខ្លួននោះទេ»។
អតីតរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះបានស្តីបន្ទោសគូប្រជែងរបស់លោកស្រីគឺលោក Donald Trump នៃគណបក្សសាធារណរដ្ឋ ដែលបានឆ្លើយនឹងសំណួរអំពីបញ្ហាការពារ និងបញ្ហាសន្តិសុខជាតិ នៅឯវេទិកាដែលត្រូវបានចាក់ផ្សាយនៅទូទាំងប្រទេសកាលពីល្ងាចថ្ងៃពុធ។ លោកស្រី Clinton បានថ្លែងថា លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យមួយរូប ស្វែងរកជ័យជម្នះក្នុងការដណ្តើមតំណែងប្រធានាធិបតីនោះថា បានបរាជ័យជាថ្មីម្តងទៀត ហើយបានបង្ហាញថា អាកប្បកិរិយារបស់លោកមិនសាកសមធ្វើជាអ្នកដឹកនាំប្រទេសនោះទេ»។
លោកស្រី Clinton បានថ្លែងថា៖ «លោក Trump បាននិយាយមើលងាយមេបញ្ជាការរបស់អាមេរិក»។ ហើយលោកស្រីបានហៅការថ្លែងអះអាងរបស់លោកដែលថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថាសាកសមជាមេដឹកនាំជាងលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ានោះ ថាជារឿងគួរឲ្យហួសចិត្ត មិនស្នេហាជាតិ ហើយថាគឺជាការប្រមាថមួយដល់ប្រទេសជាតិ»៕